តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ម៉ម មុនីរតន៍ |០២ ឧសភា ២០២០ | ម៉ោង ៨:៥៦ ល្ងាច
VOD

បុរសឈ្មោះ អន ទិត្យ លើគ្រែនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ក្រោយពេលខាងពន្ធនាគារខេត្តបញ្ជូនមកសង្រ្គោះបន្ទាន់ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)
សាច់ញាតិបុរសម្នាក់ដែលស្លាប់ក្នុងអំឡុងពេលឃុំខ្លួននៅពន្ធនាគារខេត្តបាត់ដំបង អះអាងថានឹងដាក់បណ្តឹងប្រឆាំងមន្រ្តីតុលាការ និងពន្ធនាគារខេត្តនេះ ពីបទធ្វើទារុណកម្មបណ្ដាលឱ្យក្មួយប្រុសខ្លួនស្លាប់។
អ្នកស្រី យន គីម ដែលអះអាងថាជាម្ដាយមីងរបស់សពឈ្មោះ អន ទិត្យ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ប្រាប់វីអូឌីនៅថ្ងៃទី០២ ខែឧសភា ថា ក្រុមគ្រួសារអ្នកស្រីកំពុងរៀបចំដាក់ពាក្យបណ្ដឹងឆាប់ៗនេះហើយ ប្ដឹងទាំងមន្ត្រីតុលាការ និងមន្ត្រីពន្ធនាគារខេត្ត។ អ្នកស្រីចោទប្រកាន់ថា មន្រ្តីទាំងនោះបានឃុបឃិតគ្នាធ្វើទារុណកម្មរហូតដល់ជនរងគ្រោះត្រូវស្លាប់នៅក្នុងពន្ធនាគារ។ អ្នកស្រី យន គីម បានអះអាងថា សពឈ្មោះ អន ទិត្យ ត្រូវរងអំពើហិង្សាមានស្លាកស្នាមជាំ និងដាច់រលាត់ជាច្រើនកន្លែង ដូចជា ដៃទាំងសង្ខាង និងត្រង់កញ្ចឹងកត្រូវបាក់ទន់ជ្រាយអស់ ជាដើម។

អ្នកស្រីបន្តថា៖ «ខ្ញុំធានាថាបានធ្វើទារុណកម្ម ពីព្រោះអីមកដល់ហ្នឹងភ្លាម អត់មានដឹងខ្លួនទេ គ្រាន់តែពេទ្យដាក់ថ្នាំឱ្យ វាដឹងខ្លួនអីខ្លះហ្នឹង វាមិនខុសអីពីមនុស្សដូចធ្លាប់ត្រូវគេដកទាញធ្មេញគ្រឹបៗ រួចខាំធ្មេញហើយទៅវិញបាត់។ ហើយស្នាមជាំពេញត្រង់ក ហើយបាក់ក ព្រោះអីខ្ញុំថា វ៉ៃត្រង់កហ្នឹងហើយបានទៅជាអញ្ចឹង ហើយបញ្ជូនមកតែម្ដង»។
អ្នកស្រី គីម បាននិយាយទៀតថា ឈ្មោះ អន ទិត្យ មិនមែនជាអ្នកដែលប្រព្រឹត្តល្មើសធ្ងន់ធ្ងរអ្វីឡើយ ហើយថា សំណុំរឿងនេះគួរត្រូវបានរួចខ្លួន និងផុតការចោទប្រកាន់ ក្រោយដោះស្រាយបញ្ចប់សំណងរដ្ឋប្បវេណីរួចរាល់តាមផ្លូវតុលាការ។ ប៉ុន្តែ យន គីម អះអាងថា មន្ត្រីតុលាការមិនបានដោះស្រាយទេ ក្រោយទទួលលុយចំនួន ៧០០ដុល្លារអាមេរិកជាមួយដើមបណ្ដឹងរួច។
អ្នកស្រីបន្តថា៖ «ខ្ញុំចង់ប្ដឹងតុលាការ ហើយនិងមន្ទីរឃុំឃាំង ពីព្រោះអីក្មួយខ្ញុំវាអយុត្តិធម៌ពេក។គាត់អត់បានប្រព្រឹត្តបទល្មើសអីសោះ»។
តាមសាច់ញាតិលោក អន ទិត្យ បុរសនេះបានស្លាប់កាលពីថ្ងៃទី៣០ ខែមេសា ក្រោយពីត្រូវបានពន្ធនាគារបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែមេសា។ អ្នកស្រី គីម បាននិយាយថា ក្រុមវេជ្ជបណ្ឌិតបានអះអាងប្រាប់ថា មិនអាចសង្គ្រោះបានទេ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេក។
អ្នកស្រី គីម បានឱ្យដឹងថា ក្មួយប្រុសរបស់គាត់មានអាយុ ៣៨ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែមេសា។ មូលហេតុនៃការចាប់ខ្លួននេះ ត្រូវបានអ្នកស្រី យន គីម បញ្ជាក់ថា ដោយសារឈ្មោះ អន ទិត្យ មានជំងឺវិកលចរិតរើឡើង រួចហើយបានចូលទៅក្នុងរថយន្តប្រភេទកាមរីបាឡែន របស់ឈ្មោះ អាង សារ៉ាត់ ដែលឈប់ចតចោលដើម្បីចុះបត់ជើងតូច។
អ្នកស្រីបានបន្ថែមថា ឈ្មោះ ទិត្យ ដែលមិនចេះបើករថយន្តផង បានបើករថយន្តដែលម៉ាស៊ីនកំពុងតែដំណើរការនៅឡើយ រួចហើយទៅបុកនឹងជញ្ជាំងផ្ទះអ្នកភូមិនៅក្បែរកន្លែងកើតហេតុ។ ប៉ុន្តែ ការប៉ះទង្គិចនេះត្រូវបានអ្នកស្រី យន គីម អះអាងថា មិនបណ្ដាលឱ្យរថយន្តខូចខាតខ្លាំងនោះទេ។ បើតាមអ្នកស្រី គីម ដោយសារសពឈ្មោះ អន ទិត្យ ក្រីក្រ និងជាកម្មករសំណង់នៅស្រុកថៃ ហើយពុំមានលទ្ធផលផង អ្នកស្រីព្រមចេញថ្លៃសងជំនួស ទៅតាមការទាមទាររបស់លោក អាង សារ៉ាត់ ជាម្ចាស់រថយន្ត ចំនួន ៥០០ដុល្លារ។
បើទោះជាបែបណា រឿងក្ដីនេះ ត្រូវបានគេបញ្ជូនទៅតុលាការ ក្រោយសាច់ញាតិអ្នកបង្កព្យាយាមទាក់ទងទៅម្ចាស់ឡានជាច្រើនដងតាមទូរសព្ទដើម្បីសងសំណងមិនបាន។ នៅក្នុងដំណាក់កាលនៃការឃុំខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការកងរាជអាវុធហត្ថ អ្នកស្រី គីម និយាយថា ក្មួយរបស់អ្នកស្រី គឺមានសុខភាពមាំទាំជាធម្មតា។
លោក អន ទិត្យ បានវិលត្រឡប់ពីប្រទេសថៃកាលពីថ្ងៃទី១៧ ខែមេសា ដើម្បីបើកថ្នាំវិកលចរិតទៅតាមទម្លាប់ ៣ខែម្ដង។ លិខិតមួយច្បាប់របស់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចុះកាលបរិច្ឆេទកាលពីថ្ងៃទី២៤ ខែមេសា ដែលវីអូឌីទទួលបាន បញ្ជាក់ថា ឈ្មោះ អន ទិត្យ នេះ ពិតជាមនុស្សមានរោគវិកលចរិតមែន។
សាច់ញាតិរបស់ជនរងគ្រោះរូបនេះ បានលើកឡើងទៀតថា ទាំងតុលាការ និងមន្ត្រីពន្ធនាគារខេត្តបាត់ដំបង មិនគួរធ្វើទារុណកម្មលើជនសង្ស័យដែលវិកលចរិតរហូតស្លាប់បែបនេះឡើយ។
យ៉ាងនេះក្ដី កាលពីចុងខែមេសា ពន្ធនាគារខេត្តបាត់ដំបង បានចេញលិខិតបំភ្លឺដោយចាត់ទុកថា ឈ្មោះ អន ទិត្យ នេះបានបង្កភាពស្មុគស្មាញ និងរំខានជាប់ជានិច្ច អំឡុងពេលឃុំខ្លួននៅក្នុងពន្ធនាគារ។ លិខិតដដែល បន្តថា ជនសង្ស័យបានយកចានឆ្នាំងមកបោកក្បាលខ្លួនឯង និងបោកក្បាលទៅនឹងចម្រឹងទ្វារ ហើយផ្ទប់ទៅនឹងជញ្ជាំងនៃមន្ទីរឃុំឃាំង។ លិខិតបំភ្លឺដដែល បញ្ជាក់ទៀតថា របួសស្នាមដែលមាននៅលើដងខ្លួនរបស់សាកសព គឺជាការប្រព្រឹត្តដោយខ្លួនឯងប៉ុណ្ណោះ។
ប្រធានពន្ធនាគារខេត្តបាត់ដំបង លោក សំអុល ធារិទ្ធ ព្យាយាមបដិសេធមិនឆ្លើយតបចំពោះការចោទប្រកាន់នេះ ដោយតម្រូវឱ្យអ្នកយកព័ត៌មានវីអូឌីបំពេញបែបបទតាមបែបរដ្ឋបាលជាមុនសិន។
លោកបាននិយាយថា៖ «ធ្វើម៉េចខ្ញុំដឹងថា បងនៅខាងវិទ្យុមួយហ្នឹង។ បងត្រូវចូលតាមការងាររដ្ឋបាល។ ហើយអ្នកដែលឆ្លើយបំភ្លឺ គឺខាងអគ្គនាយកដ្ឋានពន្ធនាគារមាន»។
លោក អន ទិត្យ ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការខេត្តបាត់ដំបង លោក អ៊ី សុវណ្ណ ចេញដីកាឱ្យឃុំខ្លួន កាលពីថ្ងៃទី២១ ខែមេសា។ ក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ តុលាការចោទប្រកាន់ជនសង្ស័យពីបទហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង យល់ឃើញថា ស្លាកស្នាមដែលមានលើសាកសពនេះ វាមានចំណុចមួយចំនួនដែលគួរតែមានការស៊ើបអង្កេតឡើងវិញ។ លោកបន្តថា ការទាមទារស្វែងរកយុត្តិធម៌របស់សាច់ញាតិនេះ វាជាមធ្យោបាយមួយល្អ ដើម្បីឱ្យប្រាកដថា តើការស្លាប់នេះកើតឡើងពីមូលហេតុអ្វីឱ្យប្រាកដ។
លោកបន្ថែមថា៖ «យើងមើលទៅទិដ្ឋភាពទៅលើជនជាប់ចោទហ្នឹង បានន័យថា វាឆាប់ក្នុងការដែលស្លាប់ហ្នឹង។ ហើយមុខរបួសដែលមាន យើងមើលឃើញថា វាមានចំណុចសង្ស័យ»។
មាត្រា ៨១ នៃច្បាប់ស្ដីពីពន្ធនាគារ ចែងថា ការធ្វើទារុណកម្ម អំពើឃោរឃៅ និងរាល់ទម្រង់ផ្សេងទៀតនៃការរំលោភបំពានដែលប្រព្រឹត្តទៅលើជនជាប់ឃុំ ត្រូវផ្ដន្ទាទោសដោយយោងទៅតាមព្រហ្មទណ្ឌ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។