ដោយ ខែ សុណង
2020-07-18
RFA

ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី។ Photo: RFA
ព្រះមហាក្សត្រ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងសមាជិកចំនួន ១១រូប នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយសម្រាប់អាណត្តិថ្មី។
ព្រះរាជក្រឹត្យ ចុះថ្ងៃទី១៤ កក្កដា ត្រាស់បង្គាប់ឲ្យ សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយក្នុងអាណត្តិចាស់ ចំនួន៩រូប បន្តអាណត្តិដដែល។ អ្នកទាំងនោះ មានដូចជា ឧបនាយករដ្ឋមន្ត្រី អ្នកស្រី ម៉ែន សំអន ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី និងលោក ឱម យ៉ិនទៀង ដែលបច្ចុប្បន្នជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាដើម។ ចំណែកសមាជិកថ្មី២ រូបទៀតទើបនឹងជ្រើសតាំងថ្មីនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ គឺលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជ្រើសតាំងចេញពីរដ្ឋាភិបាល និងលោក តាំង ស៊ុនឡាយ ជ្រើសតាំងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ជាស្ថាប័នប្រឆាំងអំពើពុករលួយបង្កើតឡើងដោយព្រះរាជក្រឹត្យមានតួនាទីពិគ្រោះយោបល់ និងផ្ដល់អនុសាសន៍លើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។
សមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ សម្រាប់រយៈពេល ៥ឆ្នាំ។ សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយត្រូវបានកំណត់ថា ប្រធានមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី អនុប្រធាន មានឋានៈស្មើទេសរដ្ឋមន្ត្រី ហើយសមាជិក មានឋានៈស្មើរដ្ឋមន្ត្រី។ អង្គការតម្លាភាពអន្តរជាតិកាលពីខែមករា កន្លងទៅ ចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩។
សន្ទស្សន៍នេះចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញផ្នែកធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី០(សូន្យ) ទៅ១០០(មួយរយ) ដែល០ពិន្ទុមានន័យថាពុករលួយខ្លាំង ហើយ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។
លទ្ធផលនៃសន្ទស្សន៍ក្នុងឆ្នាំនេះបង្ហាញថា ប្រទេសកម្ពុជាទទួលបាន២០ពិន្ទុ លើពិន្ទុអតិបរមា ១០០ គឺជាពិន្ទុដដែលធៀបនឹងឆ្នាំមុន។
កម្ពុជាឈរនៅចំណាត់ថ្នាក់ទី១៦២ ក្នុងចំណោមប្រទេស និងដែនដីសរុបចំនួន ១៨០ ដែលត្រូវបានដាក់បញ្ចូលក្នុងការវាយតម្លៃ។
នៅកម្រិតតំបន់ ប្រទេសកម្ពុជាបន្តស្ថិតក្នុងចំណោមប្រទេសមានពិន្ទុទាបជាងគេទី៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិច នៅលើតែប្រទេសអាហ្វហ្គានីស្ថាន និងកូរ៉េខាងជើងតែប៉ុណ្ណោះ ហើយក៏ជាប្រទេសមានពិន្ទុទាបជាងគេបំផុតក្នុងតំបន់អាស៊ានផងដែរ៕
អត្ថបទដែលទាក់ទង
- គណៈរដ្ឋមន្ត្រីអនុម័តសេចក្ដីព្រាងច្បាប់ប្រឆាំងអំពើលាងលុយកខ្វក់ក្រោយអឺរ៉ុបដាក់បញ្ចូលក្នុងបញ្ជីខ្មៅ
- “អឺរ៉ុបដាក់កម្ពុជាក្នុងបញ្ជីខ្មៅលាងលុយកខ្វក់ឆ្លុះបញ្ចាំងឱ្យឃើញនូវការបាត់បង់ថវិកាជាតិច្រើន ដោយមន្ត្រីពុករលួយ”
- ជនបរទេសជិត២ពាន់នាក់ កំពុងជាប់ពន្ធនាគារនៅកម្ពុជា
- ពលរដ្ឋជាង១ពាន់នាក់ហើយចូលរួមផ្ដល់ស្នាមមេដៃក្នុងយុទ្ធនាការបញ្ចប់និទ្ទណ្ឌភាព ដើម្បីយុត្តិធម៌នៅកម្ពុជា
- តុលាការកំពូលបង្វិលរឿងលោក រ៉ាត់ រត្នមុនី ឱ្យឧទ្ធរណ៍ជម្រះឡើងវិញ និងឱ្យស៊ើបអង្កេតបន្ថែមសំណុំរឿងអតីតអ្នកយកព័ត៌មានអាស៊ីសេរី
- តុលាការកំពូលបន្តរក្សាបទចោទលើសមាជិកបក្សប្រឆាំងលោក គង់ ម៉ាស់
- មន្រ្តីសង្គមស៊ីវិល មន្ទិលពីការចោទប្រកាន់ស្រាល លើចៅក្រមដែលបើកឡានដេញបុកគេស្លាប់
- អ្នកការពារសិទ្ធិមនុស្សជំរុញឲ្យចោទប្រកាន់ចៅក្រម គង់ ខេមរា ពីបទមនុស្សឃាតដោយចេតនា
- យុត្តិធម៌សម្រាប់អ្នកកាសែតលោកឃឹម សំបូរ និងកូនប្រុស ១២ឆ្នាំ ក្រោយឃាតកម្ម
- អាមេរិកអំពាវនាវជាថ្មីដល់អាជ្ញាធរកម្ពុជាស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី ឱ្យបានពេញលេញ និងតម្លាភាព
So funny ‘ just created more corrupted people in this department ‘
I did not have any interesting to this king at all nothing he have done for this nation.