ប៉ូលិស​ឃុំ​ត្រពាំងផ្លុង​លុប​គម្រោង​សួរនាំ​តំណាង​ពលរដ្ឋ​៦​នាក់ ក្រោយ​អ្នកភូមិ​ជាង​២០​នាក់ លើក​គ្នា​ទៅ​ជួប​ដល់​មុខ​ប៉ុស្តិ៍

ដោយ ជាតិ ចំណាន
2020-07-18
RFA

ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំងផ្លុង លុបចោល​គម្រោង​សួរនាំ​តំណាង​ពលរដ្ឋ​៦​នាក់ នៅ​ថ្ងៃ​ទី​១៨ កក្កដា ក្រោយ​ពេល អ្នកភូមិ​ជាង​២០​នាក់ បាន​លើកគ្នា​ទៅ​តវ៉ា​នៅមុខ​ប៉ុស្តិ៍​។ អ្នកភូមិ​អះអាង​ថា ប៉ូលិស​កោះហៅ​តំណាង​ពួកគេ ព្រោះ​ចង់​គំរាមកំហែង ឱ្យ​ឈប់​ទៅ​ធ្វើ​ស្រែ ក្បែរ​ព្រំដែន​វៀតណាម។

តំណាង​ពលរដ្ឋ​ម្នាក់ ក្នុងចំណោម​៦​នាក់ ដែល​រង​ការ​កោះហៅ គឺ លោកស្រី ហាក់ ម៉ៃហ៊រ ប្រាប់​ថា ប៉ូលិស បាន​ប្រាប់​ឱ្យ​អ្នកភូមិ និង​តំណាង​ពលរដ្ឋ​ទាំងអស់ នាំគ្នា​ត្រលប់​មក​ផ្ទះ​វិញ ហើយ​លុបចោល​ការ​កោះហៅ​នោះ ដោយ​មិន​បញ្ជាក់​មូលហេតុ​។ ការលុបចោល​នេះ គឺ​ក្រោយ​ពេល អ្នកភូមិ​ជាង​២០​នាក់ ដែល​មាន​ជម្លោះដីធ្លី​នៅ​ក្បែរ​ព្រំដែន នាំ​គ្នា​ទៅ​ឃ្លាំមើល ការសាកសួរ​តំណាង​របស់​ខ្លួន នៅ​ប៉ុស្តិ៍​ប៉ូលិស។

លោកស្រី ហាក់ ម៉ៃហ៊រ ពេញចិត្ត​ចំពោះ​ការ​លុប​ចោល ការ​សួរ​នាំ ព្រោះ​ចាត់ទុកថា ជា​ការ​បំភិតបំភ័យ និង​គំរាម​ឱ្យ​បញ្ឈប់​ការ​ដាំ​ដំណាំ និង​ធ្វើស្រែ នៅ​ក្បែរ​ព្រំដែន ដែល​ទាហាន​វៀតណាម បាន​ចូល​មក​បណ្ដេញ​ពលរដ្ឋ កាលពី​ថ្ងៃ​ទី​១៣ កក្កដា៖ «ពួក​ខ្ញុំ​នៅ​អង្គុយ​ចាំ​តាំងពី​ម៉ោង​៨ ដល់​ម៉ោង​៩​កន្លះ គាត់​(​ប៉ូលិស​)​អត់​មាន​ធ្វើការ​។ គាត់​ដេញ​ឱ្យ​ពួក​ខ្ញុំ​ទៅ ផ្ទះ​វិញ​ទៅ និយាយ​អ្វី​ក៏​មិនកើត​ដែរ​។ ក្នុង​ចិត្តគំនិត​របស់​ពួកគាត់​ហ្នឹង បែប​ជា​ចង់​ហៅ​ម្នាក់ ឬ​ពីរ​នាក់​ហ្នឹង មក​គាបសង្កត់​ហ្មង​។ គេ​អត់​ប្រាប់​អ្វី​ទេ តែ​ថា បើ​ថ្ងៃ​ហ្នឹង​កោះហៅ ពួក​ប្រជាជន​ទាំងអស់គ្នា​ហ្នឹងហើយ អត់​មាន​សួរនាំ​អ្វី ថ្ងៃក្រោយ​មិនបាច់​ហៅ​អ្វី​ទៀត​ទេ ព្រោះ​ពួក​ខ្ញុំ​អត់ (​ក្រ​)​ខ្លាំង​ណាស់ កំពុងតែ​ដើរ​រក ដូច​ថា គេ​ជួល​គេ​អ្វី ស៊ីឈ្នួល (​ធ្វើ​កសិកម្ម​)​ចិញ្ចឹមជីវិត ហើយ​គេ​ក៏​អត់​មាន​ឆ្លើយ​អត់​មាន​អ្វី គេ​ដើរចូល​ទៅ​ក្នុង​សំងំ​បាត់​ទៅ»។

ទោះជា​យ៉ាងណា អ្នកភូមិ​ត្រពាំង​ផ្លុង អះអាង​ថា ពួកគេ​នៅតែ​ចង់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ដោះស្រាយ​បញ្ហា​ក្រុម​ទាហាន​វៀតណាម ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ តែងតែ​ចូល​មក រារាំង​កសិករ​មិន​ឱ្យ​បង្កបង្កើនផល​លើ​ដី របស់​អ្នកភូមិ នៅ​ក្បែរ​ព្រំដែន ចំណុច​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក​។​

នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​ផ្លុង លោក ហ៊ិន ឆែប បាន​ចេញ​លិខិត​កោះហៅ​ពលរដ្ឋ​ចំនួន​៦​នាក់ កាលពី​ថ្ងៃ​ទី​១៦ មិថុនា ឱ្យ​ចូល​បំភ្លឺ​រឿង​ផ្ទាល់ខ្លួន នៅ​ថ្ងៃ​ទី​១៨ កក្កដា​។ ការ​កោះហៅ​នេះ ក្រោយពេល​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ បាន​ចេញ​ប្រកាស​ចោទ​ពលរដ្ឋ​ខ្លះ​ថា បាន​ទន្ទ្រាន​កាន់កាប់​ដី​ក្បែរ​ព្រំដែន ដោយ​ខុសច្បាប់ ដោយ​បោះ​បង្គោល​កំណត់​ព្រំដី លើ​សំណល់​ដី ក្បែរ​តំបន់​ព្រំដែន​។ ទន្ទឹម​នឹង​ការ​ចេញ​ប្រកាស​នេះ អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ បាន​ពង្រាយ​ប៉ូលិស​ខ្មែរ យាមកាម​នៅ​តំបន់​ដីស្រែ​ក្បែរ​ព្រំដែន​នោះ និង​គំរាម​ចាប់​អ្នកភូមិ បើ​ហ៊ាន​បន្ត​ចូល​ទៅ​ដាំ​ដំណាំ ឬ ហ៊ាន​ចូល​ទៅ​ប្រមូល​ផល​ដំឡូង​មី​លើ​ដី​នោះ។

វិវាទ​នេះ កើតឡើង​ដោយសារតែ​ពលរដ្ឋ អះអាង​ថា ទាហាន​វៀតណាម​ច្រើន​នាក់ បាន​កាន់​កាំភ្លើង​វែង ខ្នោះដៃ និង​ដំបង​ឆក់ ចូល​មក​ដក​បង្គោល​ព្រំ​ដីស្រែ ចម្ការ​របស់​ពលរដ្ឋ​នៅ​ក្បែរ​ព្រំដែន​គ្រវាត់​ចោល នៅ​ចំណុច​ភូមិ​ត្រពាំង​ផ្លុង និង​បណ្ដេញ​ពលរដ្ឋ​ខ្មែរ ចេញពី​តំបន់​នោះ។

ជុំវិញ​ករណី​កោះហៅ តំណាង​ពលរដ្ឋ​៦​នាក់​ទៅ​បំភ្លឺ​រឿង​ផ្ទាល់ខ្លួន​នេះ អាស៊ីសេរី គ្មាន​ប្រភព​សុំ​ការ​បញ្ជាក់​ពី​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​ផ្លុង លោក ហ៊ិន ឆែប ទេ នៅ​ថ្ងៃទី​១៨ កក្កដា​។ ប៉ុន្តែ​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក បែន រ័ត្ន ធ្លាប់​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៣ កក្កដា ថា តំបន់​ព្រំដែន នៅ​ភូមិ​ត្រពាំង​ផ្លុង មិន​ទាន់​មាន​ការ​ឯកភាព​ព្រំដែន​នៅឡើយ​ទេ។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន យល់ថា អាជ្ញាធរ​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ ឱ្យ​បាន​ច្បាស់ ករណី​ទាហាន​វៀតណាម រារាំង​អ្នកភូមិ​ត្រពាំង​ផ្លុង មិន​ឱ្យ​ធ្វើស្រែ ម្ដង​ជា​ពីរ​ដង​នេះ​។ អ្នកឃ្លាំមើល​ព្រំដែន​រូប​នេះ ជំរុញ​ឱ្យ​អាជ្ញាធរ ចុះ​មក​ជជែក​ជាមួយ​ពលរដ្ឋ​ឱ្យ​ច្បាស់ ជាជាង​ការ​ចេញ​លិខិត​កោះហៅ ដែល​ពលរដ្ឋ​ចាត់ទុកថា ជា​ការ​គំរាមកំហែង៖ «វា​អត់​មាន​អ្វី មានការ​លំបាក​ទេ នៅ​ពេល​ដែល​អាជ្ញាធរ​យើង​សម្របសម្រួល ហើយ​ផ្ដល់​ដំណោះស្រាយ​ឱ្យ​គាត់​ទៅ ចប់​ហើយ»។

អ្នកភូមិ​ត្រពាំង​ផ្លុង ព្រួយបារម្ភ​ថា បើ​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ បន្ត​ហាមឃាត់​ពួកគេ​មិន​ឱ្យ​ទៅ​ប្រមូល​ផល​លើ​ដី​ចម្ការ​ក្បែរ​ព្រំដែន​ទៀត នឹង​បណ្ដាល​ឱ្យ​ដំឡូង​មី​របស់​ពួកគេ​រលួយ​អស់​មិន​ខាន។ អ្នកភូមិ​កំពុង​ប្រមូល​គ្នា ធ្វើ​ញត្តិ ឡើង​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាមទារ​ឱ្យ​ដោះស្រាយ​ករណី​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ប៉ូលិស​ឃុំ​ត្រពាំងផ្លុង​លុប​គម្រោង​សួរនាំ​តំណាង​ពលរដ្ឋ​៦​នាក់ ក្រោយ​អ្នកភូមិ​ជាង​២០​នាក់ លើក​គ្នា​ទៅ​ជួប​ដល់​មុខ​ប៉ុស្តិ៍"

  1. Anonymous says:

    Vietcong is taking control Cambodia 80% right now. look every one HUN NAL is doing every thing for Vietcong . HUN NAL was a KBOTH CHEATH indeed every Cambodian should know all about him right now. this evil monster said he was the one recue this poor nation from POL POT in face this evil monster was the killer hidden in POL POT regime . of cause this animal was the genocide leader since he was in POL POT regime . 2020 this evil will be end no one Cambodian will trust him to be the leader as always . 2020 the group of AH KBOTH CHEATH will be finish