ក្រុម​​កម្មករ​​នៅ​​ខេត្ត​កណ្តាល​​បន្ត​​ដេក​​យាម​​មុខ​​រោង​ចក្រ​​ពីរ​ ខណៈ​​អាជ្ញាធរ​​សន្យា​​ពន្លឿន​​ដោះ​ស្រាយ​​បញ្ចប់​​

ការងារ | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ |  ២០ កក្កដា ២០២០ | ម៉ោង ១៦:៥១
VOD

តង់ខាងមុខរោងចក្រ Dignity ក្នុងសង្កាត់ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលកម្មកររោងចក្រយាមពេលថ្ងៃ និងសម្រាកនៅពេលយប់។ (ហ៊ុន សិរីវឌ្ឍន៍/ ០១ ឧសភា ២០២០)

តង់ខាងមុខរោងចក្រ Dignity ក្នុងសង្កាត់ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលកម្មកររោងចក្រយាមពេលថ្ងៃ និងសម្រាកនៅពេលយប់។ (ហ៊ុន សិរីវឌ្ឍន៍/ ០១ ឧសភា ២០២០)


កម្មករ​-កម្មការិនី​របស់​រោងចក្រ ឌី​កនើ​ធី នី​តធើរ លីមីត​ធី​ត (Dignity Knitter Limited​) និង​រោងចក្រ អ៊ី​ខូ​បេស (ECO BASE​) នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល បន្ត​ដាក់វេនគ្នា​ដេក​យាម​មុខ​រោងចក្រ ដើម្បី​រង់ចាំ​ដំណោះស្រាយ ខណៈ​ថ្នាក់ដឹកនាំ​ខេត្ត​មួយ​នេះសន្យា​ពន្លឿនការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​រោងចក្រ​ទាំងពីរ​នោះ​ឱ្យ​បាន​ឆាប់។

កាលពី​ថ្ងៃទី១៣ ខែ​កក្កដា កម្មករ​-កម្មការិនី​ជាង ៥០០នាក់​របស់​រោងចក្រ ឌី​កនើ​ធី នី​តធើរ លីមីត​ធី​ត និង​រោងចក្រ អ៊ី​ខូ​បេស ស្ថិតនៅសង្កាត់​សិត្បូ បាន​នាំគ្នា​ហែ​ក្បួន​ទៅ​សាលាដំបូង​ខេត្តកណ្តាល និង​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​អន្តរាគមន៍​ជួយ​ដោះស្រាយ​វិវាទ​ការងារ បន្ទាប់ពី​វិវាទ​ការងារ​នោះអូស​បន្លាយ​ជិត ៧ខែ ​គ្មាន​ដំណោះស្រាយ។

ប៉ុន្តែ ការ​ដើរ​ហែក្បួន​របស់​ក្រុម​កម្មករ​នោះត្រូវ​បាន​អាជ្ញាធរ​រារាំង​ត្រង់​សួនច្បារ​មាត់ទន្លេ​ក្រុង​តាខ្មៅ ហើយ​អភិបាលខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ បាន​ចុះទៅ​សម្របសម្រួល និង​ សន្យា​ពន្លឿនការ​ដោះស្រាយ​ បញ្ចប់​វិវាទការងារជូន​កម្មករ។

លោក ភិន សុភា ដែល​អះអាង​ថា ជា​តំណាង​កម្មករ​នៅ​រោងចក្រ ឌី​កនើ​ធី នី​តធើរ លីមីត​ធី​ត និង​រោងចក្រ អ៊ី​ខូ​បេស ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា តាំងពី​ទី១៣ ខែ​កក្កដា ​ដែល​អភិបាលខេត្ត​ទទួល​ញត្តិ និង​សន្យា​ពន្លឿន​ការដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជូន​កម្មករ​នោះ គឺ​រហូតមកដល់​ពេលនេះ ក្រុម​កម្មករមិនទាន់​ទទួល​បាន​ដំណោះស្រាយ​នៅឡើយ​ទេ ហើយ​កម្មករ​នៅតែ​បន្ត​ដាក់វេនគ្នា​ដេក​យាម​មុខ​រោងចក្រ​ទាំងយប់​ទាំង​ថ្ងៃ​ដដែល។

លោក​បន្ថែម​ថា៖ «ទាំង​បងប្អូន​កម្មករ និង​ខ្ញុំ​ វា​ហាក់បីដូចជា​លែង​មានទំនុក​ចិត្ត ឬជំនឿ​ចិត្ត​ហើយ ព្រោះ​ករណី​សន្យា​ដោះស្រាយ​ហ្នឹង​វា​ច្រើនដង​ពេក។ អ៊ីចឹង ការសន្យា​ហ្នឹង​មិនមែន​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​ទេ វា​ទៅជា​ការសន្យា​ហ្នឹងឱ្យ​ពួក​ខ្ញុំ​អស់ជំនឿ​ទៅវិញ»។

តំណាង​កម្មករ​រូប​នេះ​បន្ថែម​ថា ក្រុម​កម្មករ​កំពុងតែ​នាំគ្នា​ផ្តិត​មេដៃ​ធ្វើញត្តិ​ថ្មី​ដាក់​ទៅ​ខុ​ទ្ទកាល័​យនាយក​រដ្ឋមន្ត្រី ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ជួយ​ដោះស្រាយ។ លោក​ថា បញ្ហា​ជាប់​គាំង​ដែល​មិន​អាច​ដោះស្រាយ​បាន​នោះ គឺ​កម្មករ​មិន​អាច​លក់​ឡាយឡុង​ទ្រព្យសម្បត្តិ​របស់​រោងចក្រ​បាន ដោយសារ​មាន​ក្រុមហ៊ុន​ផ្សេង​មួយទៀត​ដែល​ថៅកែ​ជំពាក់​លុយ បាន​ប្តឹង​ទៅ​តុលាការ​សុំ​រក្សា​កា​រពារ​ទ្រព្យសម្បត្តិ​ទាំងនោះ​ដែរ។

អភិបាលខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ ប្រាប់​វី​អូ​ឌី​ថា អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ដំណើរការ​ដោះស្រាយ​បញ្ហា​នេះ​តាម​នីតិវិធី។ លោក​បញ្ជាក់​ថា ឥលូវនេះ តុលាការ​បាន​លុបចោល​ដីកា​រក្សា​ការពារ​ក្រុមហ៊ុន​ផ្សេង​រួចហើយ ដើម្បី​ទុកទ្រព្យ​សម្បត្តិ​របស់​រោងចក្រ​ឱ្យ​កម្មករ​លក់​ឡាយឡុង​ទូទាត់​សំណង​តាម​កិច្ច​ព្រមព្រៀង​រវាង​តំណាង​ថៅកែ តំណាង​កម្មករ និង​តំណាង​ក្រសួងការងារ​ពេល​កន្លងមក។

លោក គង់ សោភ័ណ្ឌ ប្រាប់​ថា៖ «យើង​បាន​លុប​ដីកា​រក្សា​ការពារ​ហ្នឹងហើយ​ [ដីកា​រក្សា​ការពារ​របស់​ក្រុមហ៊ុន​ផ្សេង​]។ អ៊ីចឹង​ដំណោះស្រាយ​វា​វិវត្ត​បាន​ល្អ​ប្រសើរ​ហើយ ហើយ​យើង​កំពុង​ទៅ​ដោះស្រាយ​តាម​នីតិវិធី​ផ្លូវច្បាប់ ដើម្បី​យើង​រក្សាទុក​នូវ​ទ្រព្យសម្បត្តិ​របស់​និយោជក​ទាំង​ហ្នឹង​រក្សា​ការពារ​ទុក​ឱ្យកម្មករ​វិញ»។

កម្មការិនី​ម្នាក់ អ្នកស្រី ហេង ស្រីម៉ៅ បម្រើការ​ងារ​នៅ​រោងចក្រ ឌី​កនើ​ធី នី​តធើរ រយៈពេល ១៤ឆ្នាំ​មក​ហើយ​នោះ និយាយ​ថា វិវាទ​ការងារ​ដែល​បាន​អូសបន្លាយ​ជាង​កន្លះ​ឆ្នាំ​មកនេះ បាន​ធ្វើ​ឱ្យ​អ្នកស្រី និង​កម្មករ​ផ្សេងទៀត​ជួប​ការ​លំបាក​ជាច្រើន ដូចជា ជួប​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ គ្មាន​ការងារ​ថ្មី​ធ្វើ និង​ជំពាក់បំណុល​គេ​ជាដើម។

កម្មការិនី​រូប​នេះលើកឡើង​ថា ដោយសារតែ​ខ្វះខាត​ថវិកា អ្នកស្រី​ត្រូវ​បាន​ម្ចាស់​បន្ទប់​ជួ​ល​ព្រមាន​ដេញ​អ្នកស្រី​ចេញពី​បន្ទប់​ជួល​ជាច្រើន​លើក​ច្រើន​សារ ក្រោយពី​អ្នកស្រី​គ្មាន​លុយ​បង់ថ្លៃ​បន្ទប់។

អ្នកស្រី​បន្ថែម​ថា៖  «ខាង​ម្ចាស់​បន្ទប់​ជួល​គេ​ថា ប្រសិនបើ​ខ្ញុំ​នៅតែ​គ្មាន​លុយ​បង់​ឱ្យ​គេ​ទេ គេ​ឱ្យ​ខ្ញុំ​ចេញពីផ្ទះ​គេ ព្រោះ​គេ​ថា គេ​គ្មាន​សមត្ថភាព​បង់ថ្លៃ​ទឹក​ភ្លើង​ជំនួស​ខ្ញុំ​ទៀត​ទេ»។

មន្រ្តី​ផ្នែក​ច្បាប់ និង​ដោះស្រាយ​វិវាទ​នៅ​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ លោក ស៊ាង យ៉ូ​ត បានឱ្យ​ដឹង​ថា រោងចក្រ​ទាំងពីរ​នេះមានកម្ម​ករ​សរុប ១,២២៣នាក់ និង​សំណង​ដែល​ថៅកែ​ជំពាក់​កម្មករ​សរុប​ជាង ១លាន ១៦ម៉ឺន​ដុល្លារ។

មន្ត្រី​សហជីព​រូប​នេះលើកឡើង​ថា ការ​លក់​ឡាយឡុង​សម្ភារ​របស់​រោងចក្រ អាច​ដោះស្រាយ​សំណង​ជូន​កម្មករ​បាន​គ្រប់ ប្រសិនបើ​ការ​លក់​នោះមានការ​ដេញថ្លៃ​ត្រឹមត្រូវ និង​មាន​តម្លាភាព។

បើ​តាម​លោក ស៊ាង យ៉ូ​ត ដើម្បី​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជូន​កម្មករ​ឱ្យ​បាន​ឆាប់ និង​ដើម្បី​កុំឱ្យ​កម្មករ​រងទុក្ខ​លំបាក​យូរ គឺ​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ប្រាក់​បុរេប្រទាន​ដោះស្រាយ​ជូន​កម្មករ​មុន​សិន ហើយ​រដ្ឋាភិបាល​ដោះស្រាយ​ជាមួយ​ភាគី​ថៅកែ​តាម​ក្រោយ។

វី​អូ​ឌី​មិន​អាច​សុំ​ឆ្លើយតប​ពី​តំណាង​ភាគី​ថៅកែ​តែមួយ​នៃ​រោងចក្រ​ទាំងពីរ​នេះ​បានទេ​ពាក់ព័ន្ធ​ករណីនេះ ខណៈ​ប្រធាន​រដ្ឋ​បាលរោងចក្រ លោក ឡៅ ហ៊ត ប្រាប់​ថា លោក​បាន​លាឈប់​ពី​រោងចក្រ​នេះ​ជាច្រើន​ខែ​ហើយ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles