សង្គម​ស៊ីវិល​ស្នើសុំ​រដ្ឋាភិបាល​ឱ្យ​ទទួល​យក​អនុសាសន៍​របស់​ពួក​គេ ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​អង្គការ សមាគម

អាស៊ីសេរី
2020-08-25
RFA

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នៅ​ថ្ងៃ​ទី២៥ សីហា​នេះ​បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពន្លឿន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមរដ្ឋាភិបាល ព្រម​ទាំង​ស្នើសុំ​ឲ្យ​ទទួល​យក​អនុសាសន៍​របស់​ពួក​គេ​ដាក់​បញ្ចូល​ក្នុង​ការ​កែប្រែ​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ។ ស្ថានទូត​អាមេរិក និង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក៏​ប្រកាស​ជំហរ គាំទ្រ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ហើយ​ថ្លែង​ថា លំហ​សេរីភាព​នៃ​ការ​អនុវត្ត​ការងារ​របស់​សង្គម​ស៊ីវិល​នៅ​កម្ពុជា គឺ​ជា​កត្តា​បង្ហាញ​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្រុម​សង្គម​ស៊ីវិល​បាន​អះអាង​ថា មាន​មាត្រា​ចំនួន១៤ ដែល​បាន​ដាក់​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​កែប្រែ  ដើម្បី​ធានា​ថា សង្គម​ស៊ីវិល​អាច​បំពេញ​ការងារ​របស់​ពួក​គេ ដោយ​មិន​មាន​ការ​គំរាមកំហែង និង​មិន​មាន​ការ​គាប​សង្កត់។ ក្នុង​ចំណុច​ទាំង១៤ នេះ មាន​ចំណុច​ខ្លះ​ដែល​និយាយ​អំពី​ផល​លំបាក​ក្នុង​ការ​ស្នើ​ចុះ​បញ្ជី ដើម្បី​បាន​ភាព​ស្រប​ច្បាប់​របស់​សង្គម​ស៊ីវិល ការ​ដាក់​របាយការណ៍​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្វ័យភាព​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ជូន​ដំណឹង​អំពី​ការ​ផ្លាស់​ប្ដូរ​រចនាសម្ព័ន្ធ​ផ្ទៃក្នុង​របស់​អង្គការ​ស៊ីវិល​ជា​ដើម។

អាស៊ី​សេរី​មិន​អាច​ទាក់ទង រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អ្នក​សម្រប​សម្រួល​កិច្ច​ប្រជុំ​កែប្រែ​ច្បាប់​នេះ លោក ប៊ុន ហុន ដើម្បី​បំភ្លឺ​ការ​ឆ្លើយ​តប​ទៅ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ទេ នៅ​ថ្ងៃ​ទី ២៥ សីហា​នេះ។

អ្នក​សម្រប​សម្រួល​ និង​អង្កេត នៃ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស ប្រាប់​អាស៊ី​សេរី​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ចប់​កិច្ច​ពិភាក្សា​កែប្រែ​ច្បាប់​ស្ដីពី​សមាគម​ជាមួយ​ក្រុម​ការងារ​របស់​ក្រសួង​មហាផ្ទៃ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​ដែល​កិច្ច​ពិភាក្សា​នេះ​បាន​ធ្វើ​ឡើង​ចំនួន៦ ដង​រួច​មក​ហើយ។ លោក​បន្ត​ថា សិក្ខា​សាលា​ថ្ងៃ​នេះ គឺ​បង្ហាញ​អំពី​ការ​ប្រឈម​របស់​សង្គម​ស៊ីវិល ប្រសិន​បើ​អនុសាសន៍​របស់​ពួក​គេ​មិន​ត្រូវ​រដ្ឋាភិបាល​ទទួល​យក​ទៅ​កែប្រែ​នោះ​ទេ។ លោក​អះអាង​ថា រហូត​ដល់​ពេល​នេះ​ខាង​សង្គម​ស៊ីវិល​នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ​ទេ ពី​ក្រុម​ការងារ​របស់​ក្រសួង​មហាផ្ទៃ​ចំពោះ​សំណើ​ឲ្យ​មាន​ការ​កែប្រែ​ចំណុច​ទាំង១៤ នេះ ហេតុ​នេះ​ក្រុម​សង្គម​ស៊ីវិល​អំពាវនាវ​ដល់​រដ្ឋាភិបាល​ពន្លឿន ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឲ្យ​បាន​លឿន ហើយ​ទទួល​យក​អនុសាសន៍​របស់​សង្គម​ស៊ីវិល ដើម្បី​ធានា​ថា សង្គម​ស៊ីវិល​អាច​ក្លាយ​ជា​ដៃគូ​អភិវឌ្ឍ​ជាមួយ​រដ្ឋាភិបាល ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ទប់​ស្កាត់​អំពើ​ពុក​រលួយ និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សង្គម​ស៊ីវិល​ស្នើសុំ​រដ្ឋាភិបាល​ឱ្យ​ទទួល​យក​អនុសាសន៍​របស់​ពួក​គេ ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​អង្គការ សមាគម"

  1. so socheath says:

    អ្នករាយការណ៍សិទ្ធិមនុស្ស វាយតម្លៃខ្ពស់ជាវិជ្ជមាន អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាសិទ្ធិមនុស្ស និងកត្តារួមផ្សំមួយចំនួន
    (ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាគ្នាតាមរយៈវីដេអូជាមួយ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិកម្ពុជា, លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានវាយតម្លៃជាវិជ្ជមាន និងកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលដែលបង្ហាញដោយ គ.ស.ម.ក និងអន្តរក្រសួងទៅលើប្រធានបទនីមួយៗ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស វិធានការឆ្លើយតបនឹងជំងឺកូវីដ-១៩ សេរីភាពនៃការបញ្ចេញមតិ ក៏ដូជាការត្រួតពិនិត្យលើលិខិតបទដ្ឋានគតិយុត្ត និងវឌ្ឍនភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ផងដែរ។
    បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចជំនួបរវាងលោកស្រី រ៉ូណា ស្មីត រវាងមេសិទ្ធិមនុស្សកម្ពុជា និងអន្តរក្រសួងតាមរយៈប្រព័ន្ធវីដេអូ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត ក៏បានលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងជាមួយនឹងលទ្ធផលជាវិជ្ជមាននេះជាបន្តទៀត។ ទន្ទឹមនឹងនេះ លោកស្រី រ៉ូណា ស្មីត ក៏បានបង្ហាញពីក្ដីកង្វល់ និងផ្តល់ជាអនុសាសន៍មួយចំនួនផងដែរ ដែលសុទ្ធតែជាអ្វីដែលរដ្ឋាភិបាលបាន និងកំពុងអនុវត្ត ដូចខាងក្រោម៖
    * ការទប់ស្កាត់នូវការផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជំងឺកូវីដ-១៩
    * ការរៀបចំ និងការធ្វើវិសោធនកម្មច្បាប់មួយចំនួន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងស្របតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ មានដូចជា ក្រមព្រហ្មទណ្ឌ ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ និងសេចក្ដីព្រាងច្បាប់ស្ដីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្ស ជាតិជាដើម។
    លោកស្រីក៏បានបញ្ជាក់ផងដែរថា លោកស្រីរីកវាយនឹងចូលរួមផ្តល់យោបល់លើការរៀបចំ និងវិសោធនកម្មច្បាប់ សេចក្ដីព្រាងច្បាប់ទាំងនោះ។
    ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក៏បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកផ្តល់នូវព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយតាមប្រធានបទដែល លោកស្រី រ៉ូណា ស្មីត បានលើកឡើងដូចខាងក្រោម៖
    ទី១៖ ការងាសិទ្ធិមនុស្ស និងយន្តការនៃការស៊ើបអង្កេតដោះស្រាយ ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស៖ គ.ស.ម.ក. បានធ្វើបទបង្ហាញជូន លោកស្រី រ៉ូណា ស៊ុត នូវវឌ្ឍនភាពនៃការងាររបាយការណ៍សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ ដូចខាងក្រោម៖
    * ឯកសារគោលរួមសម្រាប់របាយការណ៍នីមួយៗ (Commes Core Document) ក្រុមការងារបានធ្វើបច្ចុប្បន្នភាព និងបញ្ចប់រួចហើយ ដោយរង់ចាំការពិនិត្យសម្រេចចុងក្រោយពីអន្តរក្រសួងពាក់ព័ន្ធរួចនឹងបញ្ជូនទៅ អ.ស.ប តែម្តង។
    * របាយការណ៍សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៖ បានដាក់ជូនគណៈកម្មាធិការសិទ្ធិមនុស្ស អ.ស.ប នៅខែមេសា ឆ្នាំ២០១៩ ហើយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងដឹកក្រុមការងារអន្តរក្រសួង ទៅការពាររបាយការណ៍នេះ នៅចំពោះមុខគណៈកម្មាធិការសិទ្ធិមនុស្ស អ.ស.ប នៅខែមីនា ឆ្នាំ២០២១។
    * របាយការណ៍សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌៖ បានបញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីបញ្ជូនបន្តទៅ អ.ស.ប. កាលពីខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។
    * របាយការណ៍ស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ បានបញ្ជូនទៅ អ.ស.ប ឆ្នាំ២០១៧ និងបានទៅការពារ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
    * របាយការណ៍ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ៖ ក្រុមការងារផ្ទៃក្នុង បានបញ្ចប់នូវសេចក្ដីព្រាងដំបូង និងត្រៀមដាក់ ពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធ។
    * របាយការណ៍ពិនិត្យជាសកលតាមកាលកំណត់ UPR បានធ្វើការផ្សព្វផ្សាយអនុសាសន៍ ដែលបានទទួលយកដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្ត និងគ្រោងរៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យការអនុវត្តអនុសាសន៍ទាំងនោះក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយស្ថានភាពកូវីដ-១៩ធូរស្រាល។
    * ចំពោះរបាយការណ៍សិទ្ធិមនុស្ស ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នដទៃទៀត គ.ស.ម.ក. បានធ្វើការទាក់ទង និងសម្របសម្រួលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នទាំងនោះ ដើម្បីបញ្ចប់ឱ្យបានទាន់ពេល។
    គ.ស.ម.ក. តែងចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវជាប្រចាំ និងត្រួតពិនិត្យករណីរំលោភសិទ្ធិមនុស្សនៅតាមពន្ធនាគារ មណ្ឌលអប់រំកែប្រែ កន្លែងឃុំឃាំង និងមណ្ឌលស្តារនីតិសម្បទា ដោយសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច និងអង្គការសង្គមស៊ីវិល ដើម្បីជំរុញឱ្យមានការដោះស្រាយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។
    គ.ស.ម.ក. ក៏បានបង្ហាញនូវលទ្ធផលនៃការដោះស្រាយប្រកបដោយភាពជោគជ័យនៃករណីរលោភសិទ្ធិមនុស្សមួយចំនួន ជាឧទាហរណ៍ជាក់ស្តែង នៅដើមឆ្នាំ២០២០នេះ ជនដៃដល់ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីទទួលខុសត្រូវតាមផ្លូវច្បាប់។
    ពាក់ព័ន្ធនឹងយន្តការនៃការទទួល និងដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋ គណៈកម្មាធិការសិទ្ធិមនុស្ស មានក្រុមការងារចុះស៊ើបអង្កេតផ្ទាល់ដល់ទីកន្លែង ហើយក៏មានការចូលរួមផងដែរពីក្រុមអ្នកច្បាប់ និងមេធាវីស្ម័គ្រចិត្ត ដើម្បីផ្តល់ជំនួយផ្នែកច្បាប់ដល់ពលរដ្ឋ រួមមាន ការប្រឹក្សាច្បាប់ ការសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ និងការការពារក្ដីនៅសវនាការ។
    ទី២៖ វិធានការឆ្លើយតបនឹងជំងឺកូវីដ-១៩៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹង ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញជាវិធានការបង្ការ និងទប់ស្កាត់ការចម្លងដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់បង្ការជាសាធារណៈ ការគ្រប់គ្រង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដោយមិនគិតពីជាតិសាសន៍ សាសនា និងនិន្នាការនយោបាយឡើយ និងយកចិត្តទុកដាក់ខ្ពស់ចំពោះជនក្រីក្រ និងជនងាយរងគ្រោះ។ សិទ្ធិរស់រានមានជីវិតត្រូវបានផ្តល់ជាអាទិភាព សិទ្ធិទទួលបានព័ត៌មាន តាមរយៈនៃការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋ ហើយវាជរដ្ឋាភិបាលបានបញ្ចេញនូវកញ្ចប់ថវិកាជូនប្រជាពលរដ្ឋក្រីក្រដែលទទួលរងផលប៉ះពាល់ពីឥទ្ធិពលកូវីដ-១៩ ដែលជាការធានា ដល់សិទ្ធិផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។
    ទី៣៖ សេរីភាពនៃការបញ្ចេញមតិ ការជួបជុំ និងសមាគម៖ កម្ពុជាគោរពនូវសេរីភាព នៃការបញ្ចេញមតិ និងមិនមានការរឹតដ្បិតសិទ្ធិសេរីភាព នៃការបញ្ចេញមតិ និងការជួបជុំទេ មានតែវិធានការច្បាប់ចំពោះអ្នកដែលបញ្ចេញមតិ និងជួបជុំដោយបំពានច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់តែប៉ុណ្ណោះ។
    សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានក្រុមការងារបច្ចេកទេសបានបញ្ចប់រួចរាល់ហើយ នឹងដាក់ជូនគណៈរដ្ឋមន្ត្រីអនុម័តក្នុងពេលឆាប់ៗនេះ។
    ពាក់ព័ន្ធនឹងលំហរសង្គមស៊ីវិល រាជរដ្ឋាភិបាលបានបង្កើតក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើរ និងសំណូមពរ របស់អង្គការសង្គមស៊ីវិល។ រាជរដ្ឋាភិបាលបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលកើតឡើងជាយថាហេតុ។ យន្តការក្រុមការងារ របស់រាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីសម្របសម្រួលដោះស្រាយសំណើរ និងសំណូមពររបស់អង្គការសង្គម ស៊ីវិល ហើយក្រសួងមហាផ្ទៃ បានពិនិត្យឃើញជារួមថាការធ្វើសកម្មភាពរបស់អង្គការសង្គមស៊ីវិល នៅតាមមូលដ្ឋានមានភាពល្អប្រសើរ ជាធម្មតាដោយ មិនមានការរឹតដ្បិតឡើយ។
    ក្រុមការងារក៏បាននឹងកំពុងធ្វើការពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល អំពីការធ្វើវិសោធនកម្មច្បាប់ស្ដីពី ការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។
    និងទី៤៖ ការត្រួតពិនិត្យលើលិខិតបទដ្ឋានគតិយុត្ត និងវឌ្ឍនភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌៖ ក្រសួងយុត្តិធម៌ កំពុងធ្វើការត្រួតពិនិត្យឡើងវិញ នូវបទដ្ឋានគតិយុត្តដែលកំពុងអនុវត្ត និងរៀបចំបទដ្ឋានគតិយុត្តថ្មីមួយចំនួន ដែលមានសារៈសំខាន់ក្នុងវិស័យយុត្តិធម៌ ដើម្បីឱ្យស្របតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ និងឆ្លើយតបតាមបរិបទសង្គមរបស់កម្ពុជា និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
    ក្រសួងយុត្តិធម៌ ក៏បានបង្ហាញនូវយន្តការនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ក្នុងគោលដៅបង្កើនប្រសិទ្ធភាព នៃសេវាយុត្តិធម៌ បង្កើនសមត្ថភាពរបស់តុលាការ ក្នុងការដោះស្រាយសំណុំរឿងក្ដី បានឆាប់រហ័យ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ និងរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារផងដែរ៕