លោក ហ៊ុន សែន ​ប្រាប់​ឱ្យ​លោក វ៉ា គឹមហុង ជួប​ពលរដ្ឋ​បាត់​ដី​នៅ​ខេត្ត​ត្បូង​ឃ្មុំ

ដោយ ហេង រស្មី
2020-08-25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង (ឆ្វេង) និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន។

ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង (ឆ្វេង) និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន។ RFA


ក្រោយពី​ពលរដ្ឋ ​និង​យុវជន​រិះគន់ រដ្ឋាភិបាល​បោះ​បង្គោល​ព្រំដែន​មាន​ភាព​មិន​ប្រក្រតី​ច្រើន ​លោក ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​បញ្ជា​ឱ្យ ​ប្រធាន​គណៈកម្មការ​ព្រំដែន​ លោក​ វ៉ា គឹមហុង​ ចុះ​ជួប​ពលរដ្ឋ​ដោយ​ផ្ទាល់​ នៅ​ខេត្ត​ត្បូងឃ្មុំ ​ដែល​អះអាង​ថា​ បាត់​ដី​ស្រែ​ចម្ការ​កេរ​ឪពុក​ម្ដាយ​របស់​ខ្លួន​។ ​អ្នក​ឃ្លាំ​មើល​ព្រំដែន ​គាំទ្រ​សកម្មភាព​នេះ ​តែ​ស្នើ​ឱ្យ​លោក​ ហ៊ុន សែន​ ចាត់​លោក​ វ៉ា គឹមហុង ​ចុះ​ចួប​ពលរដ្ឋ​គ្រប់​ទី​កន្លែង ​ដើម្បី​ពិនិត្យ​មើល​ ភាព​មិន​ប្រក្រតី​ការ​នៃ​ការ​បោះ​បង្គោល​ព្រំដែន​ឡើង​វិញ​ តាំង​ពី​ឆ្នាំ២០០៦ រហូត​បច្ចុប្បន្ន។

​នេះ​ជា​លើក​ទី១ ហើយ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​បញ្ជា​លោក វ៉ា គឹមហុង ឱ្យ​ចុះ​ចួប​ពលរដ្ឋ​ជាង ១០៥គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​អ្នក​ស្រុក​នៅ​ទី​នោះ​អះអាង​ថា បាត់​ដី​ស្រែ​កេរ​ដូនតា ​ចំនួន ​៦០ហិកតារ ក្រោយពី​រដ្ឋាភិបាល​កំណត់​បង្គោល​ព្រំដែន ​ជាមួយ​ភាគី​វៀតណាម។លោក ​ហ៊ុន សែន ថ្លែង​បែបនេះ​ ក្នុង​កិច្ច​ប្រជុំ​របស់​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​សីហា​នេះ។ ទោះ​យ៉ាង​ណា​លោក​នាយក​រដ្ឋមន្ត្រី មិន​បាន​កំណត់​ថ្ងៃ​បរិច្ឆេទ​ឱ្យ លោក ​វ៉ា គឹមហុង ចុះ​ជួប​ពលរដ្ឋ​នៅ​ទី​នោះ​ពេល​ណា​ទេ។

ជា​មួយ​គ្នា​នេះ ​ក្រុម​ពលរដ្ឋ​រស់​នៅ​ភូមិ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ លោក លុយ ឈុយ សាទរ​ចំពោះ​ចំណាត់​ការ​នេះ ​និង​ស្នើ​ឱ្យ​រដ្ឋាភិបាល ប្រគល់​ដី​ទំហំ ៦០ហិកតារ ​ជូន​ពលរដ្ឋ ១០៦​គ្រួសារ​មក​វិញ ​ព្រោះ​ដី​នៅ​តំបន់​នោះ ជា​ដី​កេរ​ដូនតា​របស់​ពួកគេ ដែល​អាស្រ័យផល​ តាំង​ពី​បុរាណ​កាល​មក​ តែ​ត្រូវ​បាន​យោធា​វៀតណាម​ហាម​ឃាត់​មិន​ឱ្យ​កាន់​កាប់​។ ​លោក​ថា​ កន្លង​ទៅ​ពលរដ្ឋ​ជាង ១០០​គ្រួសារ​ បាន​ផ្ដិត​មេដៃ ​ដាក់​ញត្តិ ​ជូន​ក្រសួង​ដែនដី ​និង​ក្រសួង​មហាផ្ទៃ​ ដើម្បី​ឱ្យ​ស្ថាប័ន​ទាំង​នេះ ​ដោះ​ស្រាយ​បញ្ហា​នេះ ​ក៏ប៉ុន្តែ​គ្មាន​លទ្ធផល​ ជា​ច្រើន​ឆ្នាំ​មក​ហើយ៖ «ខ្ញុំ​ត្រេក​អរ​ណាស់ ​បាន​សម្ដេច​ធ្វើ​ក្រវាត់​ព្រំដែន​រួច​ ដី​សេស​សល់​សម្ដេច​គិតគូរ ​ឱ្យ​ប្រជា​ពលរដ្ឋ គឺ​ខ្ញុំ​អរគុណ​ណាស់។ ខ្ញុំ​គ្មាន​ត្រៀម​អី​ទេ ​បើ​ចួប​គាត់ លោក វ៉ា គឹមហុងសុំ​គាត់ ​ធ្វើ​ដំណាំ​ដាំដុះ ​អំណោយ​ផល​វិញ»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​ពិសេស ​ព្រំដែន ​លោក វ៉ា គឹមហុង ​ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ ​តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​ គ្មាន​អ្នក​ទទួល ​នៅ​ថ្ងៃ​ទី២៥ សីហា។

ចំណែក​ក្រុម​អ្នក​ឃ្លាំ​មើល​ព្រំដែន​ លើក​ទឹក​ចិត្ត​ឱ្យ ​លោក វ៉ា គឹមហុង ​ទទួល​យក​ក្តី​កង្វល់​របស់​ពលរដ្ឋ​ដែល​រងគ្រោះ ​មក​ដោះ​ស្រាយ ចៀសវាង​កុំ​អនុវត្ត​តាម​ការ​ចង់​បាន​របស់​ភាគី​វៀតណាម។ ពួកគេ​អះអាង​ថា​ លោក​ វ៉ា គឹមហុង និង​លោក ហ៊ុន សែន គឺ​ជា​អ្នក​ទទួលខុសត្រូវ​នៃ​អធិបតេយ្យ​ជាតិ ​ត្រូវតែ​ដោះ​ស្រាយ ​បញ្ហា​ព្រំដែន​ ផ្អែក​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ​ឆ្នាំ១៩៩១ រដ្ឋ​ធម្មនុញ្ញ​មាត្រា ២ និង​មាត្រា ៥៥ និង​ច្បាប់​អន្តរជាតិ។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​លោក ម៉ែន ណាត បារម្ភ​ថា លោក វ៉ា គឹមហុង​ឥតុ ក្រោយពី​ចុះ​ទៅ​តំបន់​នោះ ​អាច​នឹង​និយាយ​ភូតភរ​បន្ថែម​ទៀត​ ផ្អែក​តាម​បំណង​របស់​លោក​ ហ៊ុន សែន។ លោក​ផ្ដាំ​ទៅ​លោក ​វ៉ា គឹមហុង​ថា ពេល​ត្រឡប់​មក​វិញ​ កុំ​និយាយ​ថា រដ្ឋាភិបាល​បោះ​បង្គោល​ព្រំដែន​ត្រឹមត្រូវ​ឱ្យ​សោះ ដោយ​លោក​អះអាង​ថា ការ​កំណត់​ខណ្ឌសីមា​នៅ​តំបន់​នោះ ​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ ដោយសារ​រដ្ឋាភិបាល​ផ្អែក​តាម​ សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ ឆ្នាំ១៩៨៥ ផ្ទុយពី ​បង្គោល​ព្រំដែន​ចំនួន ១២៤​បង្គោល​ដែល​បន្សល់​សម័យ​បារាំង​ នៃ​អនុសញ្ញា​កូសាំងស៊ីន ​ឆ្នាំ១៨៧៣៖ «យើង​លើក​ទឹក​ចិត្ត​ឱ្យ​ដើរ​គ្រប់​បង្គោល ​និង​សួរ​ពលរដ្ឋ​គ្រប់​ទី​កន្លែង ​នៅ​ជាប់​ព្រំដែន​ហ្នឹង​ ពី​ភាព​មិន​ប្រក្រតី​ហ្នឹង​ ហើយ​ការ​បក​ស្រាយ​នានា ​របស់​លោក​ វ៉ា គឹមហុង ដែល​នឹង​កើត​ឡើង​បន្ទាប់ពី​ចុះ​ទៅ​មើល​ព្រំដែន​ គាត់​នឹង​និយាយ​តាម​បំណង ​របស់​លោក​ ហ៊ុន សែន ​ហើយ​គាត់​នឹង​និយាយ​ ភូតភរ​ពលរដ្ឋ​ មិន​នៅ​ជិត​ព្រំដែន​ថា ​ជា​ការ​បោះបង្គោល​ព្រំដែន​ត្រឹមត្រូវ​ទៀត។​ ដូច្នេះ​យើង​ច្រាន​ចោល​ ការ​បកស្រាយ​ទាំង​ឡាយ​ណា​ ដែល​នឹង​កើត​ឡើង ​ក្រោយ​ពី វ៉ា គឹមហុង​ទៅ»

​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក អ៊ុំ សំអាន ប្រាប់​ឱ្យ​លោក វ៉ា គឹមហុង ត្រូវ​ដោះ​ស្រាយ​បញ្ហា​ជូន ​ពលរដ្ឋ​នៅ​តំបន់​នោះ​ដោយ​យុត្តិធម៌ ​បើ​ពុំ​ដូច្នោះ​ទេ​ វត្តមាន​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​រូប​នេះ គ្រាន់តែ​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ​ មាន​ន័យ​ថា​ លោក​ វ៉ា ​គឹមហុង​ និង​រដ្ឋាភិបាល ​បាន​ការពារ​ផល​ប្រយោជន៍ ​បរទេស​ឈ្លានពាន​។ ​លោក​បន្ថែម​ថា​ លោក​ ហ៊ុន ​សែន​ គួរតែ​សើរើ ​ការ​បោះ​បង្គោល​ឡើង​វិញ ​ព្រោះ​តំបន់​ដែល​លោក ​រ៉ុង ឈុន​ចុះ​ទៅ​ពិនិត្យ​ មាន​ការ​បោះ​បង្គោល ​ព្រំដែន​លយ​ចូល​ដី​ខ្មែរ​ កន្លះ​គីឡូ​ម៉ែត្រ៖ «លោក វ៉ា គឹមហុង ទៅ ​កុំ​និយាយ​គំរាម​កំហែង​ពលរដ្ឋ​បន្ថែម​ទៀត ​ត្រូវតែ​ដោះស្រាយ​ ដី​ពលរដ្ឋ​ ៦០ហិកតារ​ ទៅ​ឱ្យ​ពលរដ្ឋ​ធ្វើ​ស្រែ​ចម្ការ​ទៅ។ ទី៣ បើ​ទៅ​ហ្នឹង ​ពិនិត្យ​ឃើញ​ថា​ ការ​បោះ​បង្គោល​មាន​ភាព​មិន​ប្រក្រតី ​ត្រូវ​តែ​សើរើ ​ការ​បោះ​បង្គោល​ហ្នឹង​ឡើង​វិញ​ បោះ​បង្គោល​ហ្នឹង​ ឱ្យ​ស្រប​តាម​អ្វី​ដែល​ជា​ដី ​ដែល​ជា​មរតក ​របស់​ដូនតា​យើង​ខ្មែរ​យើង​ ដែល​បារាំង​ បន្សល់​ទុក​ឱ្យ»

​អនុ​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ​លោក ​មាន ​ព្រហ្មមុនី ​ចង់​ឃើញ ​លោក​ វ៉ា គឹមហុង ​ចុះ​ជួប​ពលរដ្ឋ​រស់​នៅ​តាម​ព្រំដែន​គ្រប់​ទី​កន្លែង ​ពុំ​មែន​តែ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទេ​។ លោក​ថា ​រលក​នយោបាយ​សព្វថ្ងៃ ​ពលរដ្ឋ​ហាក់​ខ្លាច​ញញើត​ មិន​ហ៊ាន​ប្ដឹង​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​បញ្ហា​ព្រំដែន​នោះ​ទេ ​ ព្រោះ​រដ្ឋាភិបាល ​បាន​ចាប់ខ្លួន​ និង​គំរាម​អ្នក​រិះគន់​រឿង​ព្រំដែន ​ ធ្វើ​ឱ្យ​ពួកគេ​ភ័យ​ខ្លាច​មិន​ហ៊ាន​បញ្ចេញមតិ៖ «ចាំ​មើល​ស្ថានភាព​ជាក់​ស្ដែង ​តែ​បើ​ដោះ​ឱ្យ​ដី​ពលរដ្ឋ​ បាន​ធ្វើ​ស្រែ​វិញ ​អា​ហ្នឹង​យើង​គាំទ្រ​ ព្រោះ​គាត់​ជា​ម្ចាស់​ប្រទេស ​និង​គាត់​ជា​ម្ចាស់​ទឹក​ម្ចាស់ដី ​នៅ​ទី​ហ្នឹង​ ធ្លាប់​អាស្រ័យ​ផល​ ព្រោះ​ដី​មិន​អាច​បំបាត់​ភស្តុតាង ​ដក​ហូត​ទៅ​ទី​ណា​បាន​ទេ ​សំខាន់​ប្រវត្តិ​កាន់​កាប់​ ជាក់​ស្ដែង​មក​ តែ​គាត់​កាន់​កាប់​ អាស្រ័យផល​កន្លង​មក​ ពី​ដូន​ពី​តា ​ត​ពី​ឪពុក​ម្ដាយ​ ដី​កម្មសិទ្ធិ​របស់​គាត់​ អា​ហ្នឹង​អាស្រ័យ​ផល​ស្រប​ច្បាប់​​ ត្រូវ​ផ្តល់​កម្ម​សិទ្ធិ​ឱ្យ​គាត់​ អា​ហ្នឹង​រដ្ឋ​ជា​អ្នក​ផ្តល់ ​មិន​មែន​បន្ទោស​ពលរដ្ឋ​ទេ»

កាល​ពី​ដើម​ខែសីហា ​កន្លង​ទៅ ​អាជ្ញាធរ​នៃ​របប​ក្រុង​ភ្នំពេញ បាន​ចាប់ខ្លួន ​សមាជិក​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​លោក ​រ៉ុង ឈុន និង​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ​លោក​ សួង សុភ័ណ្ឌ ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បញ្ហា​ព្រំដែន បន្ទាប់​ពី​ពួក​គេ​ចុះ​ពិនិត្យ​ភូមិ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ និង​អះអាង​ថា បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ដូច​គ្នា​ថា ការ​បោះ​បង្គោល​ព្រំដែន​លេខ​១១៤ ដល់​១១៩ ចូល​ដី​ខ្មែរ កន្លះ​គីឡូ​ម៉ែត្រ និង​មាន​ករណី​ទាហាន​វៀតណាម​មួយ​ក្រុម​ ពាក់​ឯក​សណ្ឋាន​យោធា​កាន់​កាំភ្លើង ​ចូល​ឈ្លាន​ពាន​កម្ពុជា ដោយ​រុញ​ច្រាន និង​បណ្ដេញ​អ្នក​ភូមិ​ត្រពាំង​ផ្លុង មិន​ឲ្យ​ធ្វើ​ស្រែ លើ​ដី​កេរ្តិ៍​ឪពុក​ម្ដាយ នៅ​ជាប់​តំបន់​ព្រំដែន។ ក្រៅ​ពី​នេះ​ ក៏​បន្ថែម​ការ​ចាប់​ខ្លួន ​ចំណែក​យុវជន និង​យុវតី ២នាក់ នៃ​ក្រុម​ចលនា​ខ្មែរ​ថាវរៈ ក្រោយ​ពី​ពួក​គេ​តវ៉ា ​ឱ្យ​ដោះ​លែង​លោក រ៉ុងឈុន។

​ក្រុម​អ្នក​ឃ្លាំ​មើល​ព្រំដែន​អំពាវនាវ​ឱ្យ ​លោក​ វ៉ា គឹមហុង ​ចុះ​ទៅ​ព្រំដែន​ ធ្វើ​ឱ្យ​ត្រឹមត្រូវ​ តាម​នីតិវិធី​ច្បាប់ ​ចៀសវាង​និយាយ​ ដោះសា​យក​រួចខ្លួន ​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់​តែ​លែង​ទុក​ចិត្ត​របស់​រដ្ឋាភិបាល ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ​ប្រាប់​ឱ្យ​លោក វ៉ា គឹមហុង ជួប​ពលរដ្ឋ​បាត់​ដី​នៅ​ខេត្ត​ត្បូង​ឃ្មុំ"

  1. so socheath says:

    អ្នករាយការណ៍សិទ្ធិមនុស្ស វាយតម្លៃខ្ពស់ជាវិជ្ជមាន អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាសិទ្ធិមនុស្ស និងកត្តារួមផ្សំមួយចំនួន
    (ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាគ្នាតាមរយៈវីដេអូជាមួយ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិកម្ពុជា, លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានវាយតម្លៃជាវិជ្ជមាន និងកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលដែលបង្ហាញដោយ គ.ស.ម.ក និងអន្តរក្រសួងទៅលើប្រធានបទនីមួយៗ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស វិធានការឆ្លើយតបនឹងជំងឺកូវីដ-១៩ សេរីភាពនៃការបញ្ចេញមតិ ក៏ដូជាការត្រួតពិនិត្យលើលិខិតបទដ្ឋានគតិយុត្ត និងវឌ្ឍនភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ផងដែរ។
    បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចជំនួបរវាងលោកស្រី រ៉ូណា ស្មីត រវាងមេសិទ្ធិមនុស្សកម្ពុជា និងអន្តរក្រសួងតាមរយៈប្រព័ន្ធវីដេអូ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត ក៏បានលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងជាមួយនឹងលទ្ធផលជាវិជ្ជមាននេះជាបន្តទៀត។ ទន្ទឹមនឹងនេះ លោកស្រី រ៉ូណា ស្មីត ក៏បានបង្ហាញពីក្ដីកង្វល់ និងផ្តល់ជាអនុសាសន៍មួយចំនួនផងដែរ ដែលសុទ្ធតែជាអ្វីដែលរដ្ឋាភិបាលបាន និងកំពុងអនុវត្ត ដូចខាងក្រោម៖
    * ការទប់ស្កាត់នូវការផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជំងឺកូវីដ-១៩
    * ការរៀបចំ និងការធ្វើវិសោធនកម្មច្បាប់មួយចំនួន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងស្របតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ មានដូចជា ក្រមព្រហ្មទណ្ឌ ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ និងសេចក្ដីព្រាងច្បាប់ស្ដីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្ស ជាតិជាដើម។
    លោកស្រីក៏បានបញ្ជាក់ផងដែរថា លោកស្រីរីកវាយនឹងចូលរួមផ្តល់យោបល់លើការរៀបចំ និងវិសោធនកម្មច្បាប់ សេចក្ដីព្រាងច្បាប់ទាំងនោះ។
    ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក៏បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកផ្តល់នូវព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយតាមប្រធានបទដែល លោកស្រី រ៉ូណា ស្មីត បានលើកឡើងដូចខាងក្រោម៖
    ទី១៖ ការងាសិទ្ធិមនុស្ស និងយន្តការនៃការស៊ើបអង្កេតដោះស្រាយ ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស៖ គ.ស.ម.ក. បានធ្វើបទបង្ហាញជូន លោកស្រី រ៉ូណា ស៊ុត នូវវឌ្ឍនភាពនៃការងាររបាយការណ៍សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ ដូចខាងក្រោម៖
    * ឯកសារគោលរួមសម្រាប់របាយការណ៍នីមួយៗ (Commes Core Document) ក្រុមការងារបានធ្វើបច្ចុប្បន្នភាព និងបញ្ចប់រួចហើយ ដោយរង់ចាំការពិនិត្យសម្រេចចុងក្រោយពីអន្តរក្រសួងពាក់ព័ន្ធរួចនឹងបញ្ជូនទៅ អ.ស.ប តែម្តង។
    * របាយការណ៍សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៖ បានដាក់ជូនគណៈកម្មាធិការសិទ្ធិមនុស្ស អ.ស.ប នៅខែមេសា ឆ្នាំ២០១៩ ហើយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងដឹកក្រុមការងារអន្តរក្រសួង ទៅការពាររបាយការណ៍នេះ នៅចំពោះមុខគណៈកម្មាធិការសិទ្ធិមនុស្ស អ.ស.ប នៅខែមីនា ឆ្នាំ២០២១។
    * របាយការណ៍សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌៖ បានបញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីបញ្ជូនបន្តទៅ អ.ស.ប. កាលពីខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។
    * របាយការណ៍ស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ បានបញ្ជូនទៅ អ.ស.ប ឆ្នាំ២០១៧ និងបានទៅការពារ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
    * របាយការណ៍ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ៖ ក្រុមការងារផ្ទៃក្នុង បានបញ្ចប់នូវសេចក្ដីព្រាងដំបូង និងត្រៀមដាក់ ពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធ។
    * របាយការណ៍ពិនិត្យជាសកលតាមកាលកំណត់ UPR បានធ្វើការផ្សព្វផ្សាយអនុសាសន៍ ដែលបានទទួលយកដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្ត និងគ្រោងរៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យការអនុវត្តអនុសាសន៍ទាំងនោះក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយស្ថានភាពកូវីដ-១៩ធូរស្រាល។
    * ចំពោះរបាយការណ៍សិទ្ធិមនុស្ស ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នដទៃទៀត គ.ស.ម.ក. បានធ្វើការទាក់ទង និងសម្របសម្រួលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នទាំងនោះ ដើម្បីបញ្ចប់ឱ្យបានទាន់ពេល។
    គ.ស.ម.ក. តែងចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវជាប្រចាំ និងត្រួតពិនិត្យករណីរំលោភសិទ្ធិមនុស្សនៅតាមពន្ធនាគារ មណ្ឌលអប់រំកែប្រែ កន្លែងឃុំឃាំង និងមណ្ឌលស្តារនីតិសម្បទា ដោយសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច និងអង្គការសង្គមស៊ីវិល ដើម្បីជំរុញឱ្យមានការដោះស្រាយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។
    គ.ស.ម.ក. ក៏បានបង្ហាញនូវលទ្ធផលនៃការដោះស្រាយប្រកបដោយភាពជោគជ័យនៃករណីរលោភសិទ្ធិមនុស្សមួយចំនួន ជាឧទាហរណ៍ជាក់ស្តែង នៅដើមឆ្នាំ២០២០នេះ ជនដៃដល់ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីទទួលខុសត្រូវតាមផ្លូវច្បាប់។
    ពាក់ព័ន្ធនឹងយន្តការនៃការទទួល និងដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋ គណៈកម្មាធិការសិទ្ធិមនុស្ស មានក្រុមការងារចុះស៊ើបអង្កេតផ្ទាល់ដល់ទីកន្លែង ហើយក៏មានការចូលរួមផងដែរពីក្រុមអ្នកច្បាប់ និងមេធាវីស្ម័គ្រចិត្ត ដើម្បីផ្តល់ជំនួយផ្នែកច្បាប់ដល់ពលរដ្ឋ រួមមាន ការប្រឹក្សាច្បាប់ ការសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ និងការការពារក្ដីនៅសវនាការ។
    ទី២៖ វិធានការឆ្លើយតបនឹងជំងឺកូវីដ-១៩៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹង ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញជាវិធានការបង្ការ និងទប់ស្កាត់ការចម្លងដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់បង្ការជាសាធារណៈ ការគ្រប់គ្រង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដោយមិនគិតពីជាតិសាសន៍ សាសនា និងនិន្នាការនយោបាយឡើយ និងយកចិត្តទុកដាក់ខ្ពស់ចំពោះជនក្រីក្រ និងជនងាយរងគ្រោះ។ សិទ្ធិរស់រានមានជីវិតត្រូវបានផ្តល់ជាអាទិភាព សិទ្ធិទទួលបានព័ត៌មាន តាមរយៈនៃការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋ ហើយវាជរដ្ឋាភិបាលបានបញ្ចេញនូវកញ្ចប់ថវិកាជូនប្រជាពលរដ្ឋក្រីក្រដែលទទួលរងផលប៉ះពាល់ពីឥទ្ធិពលកូវីដ-១៩ ដែលជាការធានា ដល់សិទ្ធិផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។
    ទី៣៖ សេរីភាពនៃការបញ្ចេញមតិ ការជួបជុំ និងសមាគម៖ កម្ពុជាគោរពនូវសេរីភាព នៃការបញ្ចេញមតិ និងមិនមានការរឹតដ្បិតសិទ្ធិសេរីភាព នៃការបញ្ចេញមតិ និងការជួបជុំទេ មានតែវិធានការច្បាប់ចំពោះអ្នកដែលបញ្ចេញមតិ និងជួបជុំដោយបំពានច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់តែប៉ុណ្ណោះ។
    សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានក្រុមការងារបច្ចេកទេសបានបញ្ចប់រួចរាល់ហើយ នឹងដាក់ជូនគណៈរដ្ឋមន្ត្រីអនុម័តក្នុងពេលឆាប់ៗនេះ។
    ពាក់ព័ន្ធនឹងលំហរសង្គមស៊ីវិល រាជរដ្ឋាភិបាលបានបង្កើតក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើរ និងសំណូមពរ របស់អង្គការសង្គមស៊ីវិល។ រាជរដ្ឋាភិបាលបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលកើតឡើងជាយថាហេតុ។ យន្តការក្រុមការងារ របស់រាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីសម្របសម្រួលដោះស្រាយសំណើរ និងសំណូមពររបស់អង្គការសង្គម ស៊ីវិល ហើយក្រសួងមហាផ្ទៃ បានពិនិត្យឃើញជារួមថាការធ្វើសកម្មភាពរបស់អង្គការសង្គមស៊ីវិល នៅតាមមូលដ្ឋានមានភាពល្អប្រសើរ ជាធម្មតាដោយ មិនមានការរឹតដ្បិតឡើយ។
    ក្រុមការងារក៏បាននឹងកំពុងធ្វើការពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល អំពីការធ្វើវិសោធនកម្មច្បាប់ស្ដីពី ការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។
    និងទី៤៖ ការត្រួតពិនិត្យលើលិខិតបទដ្ឋានគតិយុត្ត និងវឌ្ឍនភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌៖ ក្រសួងយុត្តិធម៌ កំពុងធ្វើការត្រួតពិនិត្យឡើងវិញ នូវបទដ្ឋានគតិយុត្តដែលកំពុងអនុវត្ត និងរៀបចំបទដ្ឋានគតិយុត្តថ្មីមួយចំនួន ដែលមានសារៈសំខាន់ក្នុងវិស័យយុត្តិធម៌ ដើម្បីឱ្យស្របតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ និងឆ្លើយតបតាមបរិបទសង្គមរបស់កម្ពុជា និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
    ក្រសួងយុត្តិធម៌ ក៏បានបង្ហាញនូវយន្តការនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ក្នុងគោលដៅបង្កើនប្រសិទ្ធភាព នៃសេវាយុត្តិធម៌ បង្កើនសមត្ថភាពរបស់តុលាការ ក្នុងការដោះស្រាយសំណុំរឿងក្ដី បានឆាប់រហ័យ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ និងរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារផងដែរ៕