កម្មករ​​រោង​ចក្រ​​សឺ​ពី​យ៉ា​ មិន​​ចូល​​ធ្វើ​ការ​​ក្រោយ​​បើក​ប្រាក់​​ឈ្នួល​​មិន​​គ្រប់

ការងារ | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ២៦ សីហា ២០២០ | ម៉ោង ១៣:៣៩
VOD

ទិដ្ឋភាពនៅពីមុខខ្លោងទ្វារចូលរោងចក្រ សឺពីយ៉ា ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។ (ឃុត សុគន្ធ)

ទិដ្ឋភាពនៅពីមុខខ្លោងទ្វារចូលរោងចក្រ សឺពីយ៉ា ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។ (ឃុត សុគន្ធ)


​កម្មករ​-កម្មការិនី​ជាង២០០នាក់ បម្រើការ​ងារ​នៅ​រោងចក្រ សឺ​ពី​យ៉ា (SEPIA​) ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មិនព្រម​ចូល​បំពេញការងារ​វិញ​ទេ ក្រោយពី​ពួក​គេ​ទទួល​ប្រាក់ឈ្នួល​មិន​គ្រប់​ចំនួននិង​គ្មាន​ការ​ទូទាត់ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ។

កម្មករ​ទាំងនោះបាន​នាំគ្នា​តវ៉ា​ជាបន្តបន្ទាប់តាំងពី​ថ្ងៃទី១២ ខែសីហា ក្រោយពី​ភាគី​រោងចក្រ​បើកប្រាក់​ឈ្នួល​ឱ្យ​ពួក​គេ​យឺតយ៉ាវ ក្រោម​ហេតុផល​ថា មាន​វិបត្តិ​ហិរញ្ញវត្ថុដោយសារ​គ្មាន​អ្នកបញ្ជា​ទិញ។

កម្មករ​ផ្នែក​វាយ​ឡេវ លោក អៀន រតនា ប្រាប់​វី​អូ​ឌី​ថា ភាគី​រោងចក្រ​នៅ​ជំពាក់ប្រាក់​ព្យួរការងារ​កម្មករ១ខែ​កន្លះ​អំឡុង​ខែមេសានិង​ពាក់កណ្តាល​ខែឧសភា​ ប្រាក់ឈ្នួល​ពាក់កណ្តាល​ខែ​កក្កដានិង​ខែសីហា​ ប្រាក់ដំណាច់​ឆ្នាំ និង​ប្រាក់៥ភាគរយ។

កម្មករ​រូប​នេះបន្ត​ថា ក្រោយ​កម្មករ​តវ៉ា ថៅកែ​រោងចក្រ​បាន​បើកប្រាក់​ឱ្យ​កម្មករកាលពី​ថ្ងៃម្សិលមិញ ប៉ុន្តែ​បើក​តែ​ប្រាក់ឈ្នួល​ពាក់កណ្តាល​ខែកក្កដា​ប៉ុណ្ណោះ ដែល​បណ្តាល​ឱ្យ​កម្មករ​មិន​សប្បាយចិត្តនិង​បន្ត​មិនព្រម​ចូល​ធ្វើការងារ។

លោក​បន្ថែម​ថា៖ «បើ​ថា​ថៅកែ​អត់មាន​លទ្ធភាព អត់មាន​លុយ​ដោះស្រាយ​ជូន​កម្មករ​ទេ សុំ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ចាត់វិធានការ​បញ្ចប់រឿង​ក្តី​ហ្នឹង​តែម្តង​ទៅ ព្រោះ​គាត់​អត់មាន​អី​ច្បាស់លាស់​ជាមួយ​កម្មករ​ផង ធ្វើ​ឱ្យ​កម្មករ​បាត់​ទំនុកចិត្ត។ កម្មករ​គាត់​ជួប​ផល​លំបាក​ច្រើនណាស់ ផ្ទះ​ជួល​អត់​លុយ​បង់​ឱ្យ​គេ អ្នកខ្លះ​អត់​លុយ​បង់​ធនាគារ និង​សំខាន់​បំផុត​ការចាយវាយ​ប្រចាំថ្ងៃ គឺ​អត់​លុយ​ចាយ​តែម្តង»។

វី​អូ​ឌី មិនទាន់​អាច​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណីនេះពី​ប្រធាន​រដ្ឋបាល​រោងចក្រ សឺ​ពី​យ៉ា លោក គង់ សម្បត្តិ បាន​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃពុធ​នេះ។

ប៉ុន្តែលោក​បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី១២ ខែសីហា​ថា មូលហេតុ​ដែល​ភាគី​រោងចក្រ​បើកប្រាក់​ឈ្នួល​ឱ្យ​កម្មករ​យឺតយ៉ាវ ដោយសារ​រោងចក្រ​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ ពោល​គឺ​គ្មាន​អ្នកបញ្ជា​ទិញ​ថ្មី ខណៈ​អ្នកបញ្ជា​ទិញ​មួយចំនួន​មិនទាន់​សង​លុយ​ត្រឡប់ក្រោយពី​ទទួល​បាន​ទំនិញ។

ប្រធាន​រដ្ឋបាល​រោងចក្រ​រូប​នេះបាន​សុំ​ឱ្យកម្មករ​​មានការ​យោគយល់​ចំពោះ​ការ​បើកប្រាក់​ឈ្នួល​យឺតយ៉ាវ​នេះ ដោយ​លោក​ថា រោងចក្រ​នឹង​ខិតខំ​កៀរគរ​ថវិកាដើម្បី​យក​មក​ដោះស្រាយ​ជូន​កម្មករ​ទៅតាម​លទ្ធភាព។

អគ្គលេខាធិការ​រង​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​បាតុកម្ម​គ្រប់មុខ​សញ្ញា ​នៃ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក វង្ស សុវណ្ណ ដែល​ចុះ​សម្របសម្រួល​ដោះស្រាយ​ករណីនេះ ប្រាប់​ថា កំពុងរវល់​ប្រជុំ។

បើ​តាម​ភាគី​រោងចក្រ បច្ចុប្បន្ន រោងចក្រ​នេះមានកម្ម​ករ​សរុប២៧០នាក់និង​ជា​រោងចក្រ​ទទួល​ដេរ​សម្លៀកបំពាក់​បន្ត​ពី​ក្រុមហ៊ុន​ផ្សេង​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles