កម្ពុជា សង្គម
26/08/2020 – 08:39
ដោយ៖ វណ្ណ សុគន្ធា
RFI

នៅព្រឹកនៅថ្ងៃពុធនេះ សាលាឧទ្ធរណ៍បានបើកសវនាការជំនុំជម្រុះបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់សហមេធាវីលោក រ៉ុង ឈុន។ ប៉ុន្តែសាលាឧទ្ធរណ៍បានច្រានចោលបណ្តឹងរបស់សហមេធាវីដោយបង្គាប់ឱ្យរក្សាការឃុំខ្លួនលោករ៉ុង ឈុន នៅក្នុងពន្ធនាគារដដែល។ ស្របដែលលោករ៉ុង ឈុន ត្រូវបន្តឃុំខ្លួននេះ សហព័ន្ធសហជីពអន្តរជាតិ (ITUC) ឯណោះវិញបានចាប់ផ្តើមធ្វើយុទ្ធនាការតាមអនឡាញ ដើម្បីទាមទារឱ្យមានការដោះលែងលោករ៉ុង ឈុន ឱ្យមានសេរីភាពឡើងវិញ។
សវនាការរបស់លោករ៉ុង ឈុន នៅសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃពុធនេះ ធ្វើឡើងជាពីរវគ្គ ដោយសារចៅក្រមបានបំបែកជាពីរសំណុំរឿងតាមបណ្តឹងពីររបស់សហមេធាវីរបស់លោករ៉ុង ឈុន។ បណ្តឹងទី១ គឺបណ្តឹងប្រឆាំងនឹងដីកាឃុំខ្លួន និងបណ្តឹងទី២ គឺបណ្តឹងប្រឆាំងនឹងដីកាមិនព្រមដោះលែងលោករ៉ុង ឈុន របស់សាលាដំបូងរាជធានីភ្នំពេញ។ ប៉ុន្តែបណ្តឹងទាំងពីរនេះ ត្រូវបានចៅក្រមសាលាឧទ្ធរណ៍ច្រានចោលទាំងពីរតែម្តង បានន័យថា លោករ៉ុង ឈុនត្រូវបានបន្តឃុំខ្លួននៅក្នុងពន្ធនាគារ។
លោកជួង ជូងី សហមេធាវីម្នាក់របស់លោក រ៉ុង ឈុន បានអះអាងថា សាលាឧទ្ធរណ៍បានសម្រេចដូច្នេះដោយសំអាងថា លោករ៉ុង ឈុន បានជាប់ចោទពីបទញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ដូចនេះហើយ ដើម្បីបញ្ចប់ និងបង្ការបទល្មើសកើតឡើងជាថ្មីទើបចៅក្រមសម្រេចបន្តឃុំខ្លួនលោក រ៉ុង ឈុន។ ម្យ៉ាងវិញទៀត ការបន្តឃុំខ្លួនលោករ៉ុង ឈុន ក៏បង្កភាពស្រួលដល់ការអនុវត្តនីតិវិធីរបស់តុលាការផងដែរ។ នេះ គឺជាហេតុផលបន្ថែមរបស់ចៅក្រមសាលាឧទ្ធរណ៍។ ប៉ុន្តែសម្រាប់លោកមេធាវី ជួង ជូងី វិញ ការសម្រេចបែបនេះ គឺមិនត្រឹមត្រូវ ហើយប៉ះពាល់ដល់សិទ្ធិរបស់លោករ៉ុង ឈុនថែមទៀត។ លោកគូសបញ្ជាក់ថា លោក រ៉ុង ឈុន នឹងប្តឹងសាទុក្ខបន្តទៅតុលាការកំពូលនាពេលខាងមុខនេះ។
លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្តដា បន្ទាប់ពីរូបលោកបានធ្វើអត្ថាធិប្បាយពីបញ្ហាព្រំដែនកម្ពុជា-វៀតណាមនៅក្នុងខេត្តត្បូងឃ្មុំ។ ក្រោយការចាប់ខ្លួន អ្នកគាំទ្ររូបលោកមួយចំនួនបានចេញធ្វើការតវ៉ាទាមទារឱ្យដោះលែងរូបលោក។ មិនតែប៉ុណ្ណោះ អង្គការសង្គមស៊ីវិលជាច្រើននៅក្នុងស្រុក និងអង្គការអន្តរជាតិធំៗមួយចំនួនផងក៏បានចេញសេចក្តីថ្លែងការណ៍ និងផ្ញើលិខិតមកកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីស្នើសុំឱ្យដោះលែងលោក រ៉ុង ឈុន។
ដោយឡែក ចំពោះសហព័ន្ធសហជីពអន្តរជាតិ (ITUC) បន្ថែមពីលើការសរសេរលិខិតមកកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនេះ សហព័ន្ធសហជីពអន្តរជាតិនេះក៏បានធ្វើយុទ្ធនាការតាមអនឡាញ ដើម្បីទាមទារឱ្យលោកដោះលែងលោក រ៉ុង ឈុន ផងដែរ។ ជាយុទ្ធនាការដែលតម្រូវឱ្យអ្នកគាំទ្រឱ្យដោះលែងលោក រ៉ុង ឈុន ចូលសរសេរឈ្មោះ អាសយដ្ឋានអ៊ីមែល ក៏ដូចជាឈ្មោះប្រទេសរបស់ខ្លួនតាមរយៈវេបសាយ www.labourstartcampaigns.net៕