ជម្លោះព្រំដែន | ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ២៧ សីហា ២០២០ | ម៉ោង ១៦:០២
VOD

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីស្នងការនគរបាលខេត្តកណ្ដាល បានចុះពិនិត្យតាមបណ្ដោយព្រំដែនស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល ដោយឃើញតង់មួយចំនួនដែលទាហានវៀតណាមសាងសង់នៅតំបន់ភាគីកម្ពុជា-វៀតណាមមិនទាន់ឯកភាពគ្នា។ (ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province)
អាជ្ញាធរខេត្តកណ្ដាល ទាមទារឱ្យយោធាវៀតណាមរុះរើសំណង់រឹងចេញពីតំបន់មិនទាន់ឯកភាពគ្នា ស្ថិតនៅភូមិភូវី ឃុំកូឡូក ស្រុកទិនចូវ ខេត្តអាងយ៉ាង ទល់នឹងភូមិ-ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល ក្រោយពីពួកគេបានរុះរើតង់ចាស់ ហើយប្តូរមកសាងសង់តង់ថ្មីដែលជាជម្រករឹងមាំជាងមុន។
កាលពីថ្ងៃម្សិលមិញ ស្នងការនគរបាលខេត្តកណ្ដាល បានលើកឡើងក្នុងលិខិតដាក់ជូនអភិបាលខេត្តកណ្តាលថា នៅថ្ងៃទី២៥ ខែសីហា កម្លាំងការពារព្រំដែនកម្ពុជា បានចុះទៅត្រួតពិនិត្យទីតាំងតង់់ចាស់របស់យោធាការពារព្រំដែនវៀតណាម នៅតំបន់មិនទាន់ឯកភាពគ្នានៃប្រទេសទាំងពីរ ហើយក៏បានជួបភាគីវៀតណាមកំពុងសាងសង់តង់ថ្មី(ជាជម្រករឹងមាំ)។
ស្នងការដ្ឋានបន្តថា តង់ថ្មីដែលយោធាវៀតណាមសាងសង់នោះធ្វើពីឈើសសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រគុណ៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនដែលកម្ពុជាគ្រប់គ្រងបច្ចុប្បន្នចម្ងាយប្រមាណ១២០ម៉ែត្រ។
ស្នងការដ្ឋានបានបន្តទៀតថា បើទោះជាកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនក្អមសំណនិងកម្លាំងយោធាការពារព្រំដែនកង៦០១ បានស្នើឱ្យយោធាវៀតណាមបញ្ឈប់សកម្មភាពសាងសង់នោះជាច្រើនសារក៏ដោយ ប៉ុន្តែភាគីវៀតណាមមិនព្រមបញ្ឈប់ឡើយ ដោយថា ការសាងសង់ប៉ុស្តិ៍យាមរឹងមាំថ្មីឬជម្រករឹងមាំថ្មីនេះ គឺធ្វើតាមបញ្ជាថ្នាក់លើរបស់ខ្លួន។
បើតាមស្នងការដ្ឋាននគរបាលខេត្តកណ្តាល ភាគីវៀតណាមមានគម្រោងសាងសង់សំណង់រឹងមាំនេះចំនួន៤គោលដៅលើ១០គោលដៅចាស់ដែលមានស្រាប់។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជានៅតែស្នើសុំឱ្យភាគីវៀតណាមឈប់សាងសង់សំណង់រឹងមាំនៅកន្លែងផ្សេងទៀតនិងឱ្យរុះរើសំណងសង់ថ្មីនោះចេញវិញ បើទោះបីសំណង់ដែលសង់នៅលើទឹកដីវៀតណាមក៏ដោយ។
លោកថា៖ «វិធានការយើងនៅតែប្រកាន់ជំហរ សុំកុំឱ្យសាងសង់និងសុំឱ្យរុះរើ។ ទី២ សុំឱ្យគោរពគ្នាទៅវិញទៅមកក្នុងនាមប្រទេសជាប់និងជិតខាង ក្នុងនាមមិត្តភាព រក្សាសន្តិភាពសហប្រតិបត្តិការល្អ និងធ្វើកិច្ចការឱ្យបានល្អ។ ទី៣ យើងប្រកាន់គោលការណ៍ច្បាប់ នយោបាយការទូតអ៊ីចឹង យើងមិនឱ្យគេធ្វើអ្វីស្រេចតែចិត្តទេ ឃើញស្រាប់ហើយ ទៅពិនិត្យឃើញជាក់ស្ដែងភ្លាមៗ»។
ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយ។
លោកថា៖ «ខ្ញុំមិនទាន់បានឃើញទេ! ឆ្លើយអត់កើត! ទាក់ទងខាងស្នងការខេត្តទៅ»។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ នៅថ្ងៃនេះ បានចេញសេចក្ដីថ្លែងការណ៍មួយដោយចាត់ទុកសកម្មភាពរបស់យោធាវៀតណាមថាកំពុងបំពានមកលើប្រទេសកម្ពុជា និងបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាប្តឹងករណីនេះទៅភាគីទីបីនិងសហប្រធានកិច្ចព្រមព្រៀងទីក្រុងបា៉រីស ដើម្បីការពារបូរណភាពទឹកដីកម្ពុជាឱ្យមានប្រសិទ្ធភាព។
សេចក្ដីថ្លែងការណ៍៖ «ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ នៅតែជំរុញរដ្ឋាភិបាល [កម្ពុជា] ឱ្យប្រឹងប្រែងបង្ហាញជំហរបម្រើប្រយោជន៍ខ្មែរខ្លះ ដោយហ៊ានធ្វើលិខិតជូនដំណឹងអំពីការឈ្លានពានរបស់វៀតណាមនេះ ទៅកាន់សហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលធានានូវបូរណភាពទឹកដីកម្ពុជា អង្គការសហប្រជាជាតិដែលធានាឱ្យរដ្ឋនីមួយៗគោរពដែនអធិបតេយ្យគ្នា និងសមាគមអាស៊ាន [ASEAN] ដែលតម្រូវឱ្យរដ្ឋសមាជិកគោរពឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិនៃរដ្ឋសមាជិកអាស៊ានទាំងអស់»។
ទោះជាយ៉ាងណា ភាគីវៀតណាមនៅមិនទាន់មានការបញ្ជាក់ណាមួយជុំវិញការសាងសង់សំណង់រឹងមាំនៅតំបន់មិនទាន់ឯកភាពនេះនៅឡើយ។
កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរខេត្តកណ្តាលធ្លាប់បានគូសបញ្ជាក់ថា ភាគីវៀតណាមបានបោះតង់ចំនួន៣១ទីតាំងជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅស្រុកចំនួន២ក្នុងខេត្តកណ្តាល ក្រោមហេតុផលដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ចំណែកគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា ក៏បានបញ្ជាក់កាលពីថ្ងៃទី១១ ខែមិថុនាដែរថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩មក ភាគីវៀតណាមបានបោះតង់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ទាំងតំបន់មិនទាន់ឯកភាពនិងតំបន់ឯកភាពគ្នារួច មានចំនួន២៥៦ទីតាំង៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។