បរិស្ថាន | ព័ត៌មានជាតិ | សន្តិសុខ
លោក សូរ្យ ជ័យឧត្ដម | ១៦ តុលា ២០២០ |ម៉ោង ១០:៤៥
VOD

លំនៅឋានពលរដ្ឋដែលកំពុងតែជន់លិចដោយជំនន់ទឹកភ្លៀង ស្ថិតឃុំ កាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តស្ទឹងត្រែង Stung Treng Provincial Administration)
របាយការណ៍របស់អាជ្ញាធរគ្រោះមហន្តរាយ ឱ្យដឹងថា ចំនួនមនុស្សស្លាប់ពាក់ព័ន្ធនឹងទឹកជំនន់នៅកម្ពុជា បានកើនឡើងដល់១៨នាក់ហើយគិតត្រឹមថ្ងៃនេះ។
របាយការណ៍ចេញដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ចេញនៅព្រឹកនេះ បង្ហាញថា មនុស្ស១៨នាក់ ក្នុងនោះមានក្មេង៨នាក់ផងដែរ បានស្លាប់ពាក់ព័ន្ធនឹងទឹកជំនន់នៅចន្លោះថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១៦ ខែតុលានេះ នៅតាមបណ្ដាខេត្តចំនួន៦នៅទូទាំងប្រទេស។
តួលេខរបស់ គ.ជ.គ.ម. បានឱ្យដឹងទៀតថា ប្រជាពលរដ្ឋដល់ទៅជាង៥ម៉ឺន៣ពាន់គ្រួសារ (៥៣ ១៦៩) ឬស្មើនឹងជាង២១ម៉ឺននាក់ បានរងផលប៉ះពាល់ពីទឹកជំនន់ ហើយបានប៉ះពាល់ដល់ផ្ទះសម្បែងពលរដ្ឋដល់ទៅ៥១ ១៣៣ខ្នងនៅទូទាំងប្រទេស។
របាយការណ៍ គ.ជ.គ.ម. បង្ហាញផងដែរថា ស្រូវទំហំដល់ទៅជិត១៤ម៉ឺនហិកតា ត្រូវទឹកជន់លិច ក្នុងនោះស្រូវស្រែទំហំ៧ ២៣១ហិកតា បានខូចខាត ខណៈទឹកជំនន់ក៏បានជន់លិចដំណាំរួមផ្សំផ្សេងទៀតដល់ទៅជិត៧ម៉ឺនហិកតា។
ទន្ទឹមគ្នានេះ ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវជាតិ ផ្លូវកៅស៊ូក្នុងខេត្ត ផ្លូវលំជនបទ និងផ្លូវក្រួសក្រហមដល់ទៅជិត២ពាន់គីឡូម៉ែត្រនៅទូទាំងប្រទេស បានរងផលប៉ះពាល់កើតចេញពីទឹកជំនន់។
ប្រទេសកម្ពុជាបានទទួលរងទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់អស់រយៈពេលជិត១០ថ្ងៃមកហើយ ដែលបណ្ដាលឱ្យខេត្ត-រាជធានីចំនួន១៩នៅទូទាំងប្រទេស រងទឹកជំនន់ ខណៈប្រទេសកម្ពុជានឹងបន្តទទួលរងទឹកភ្លៀងធ្លាក់បន្តទៀតនៅចុងសប្ដាហ៍នេះ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។