បរិស្ថាន | ព័ត៌មានជាតិ | សង្គម
លោកស្រី ពេជ្រ សុធារី | ១៦ តុលា ២០២០ |ម៉ោង ១៨:៥៨
VOD

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ (Royal du Cambodge)
ព្រះមហាក្សត្រ រំជួលព្រះរាជហឬទ័យជាខ្លាំង និងចូលរួមរំលែកទុក្ខលំបាកជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាលឱ្យមានការបាត់បង់ជីវិត និងទ្រព្យសម្បត្តិជាច្រើន។
នៅក្នុងព្រះរាជសាររបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៦ ខែតុលានេះ មានព្រះរាជបន្ទូលថា ព្រះអង្គរំជួលព្រះហឬទ័យជាខ្លាំង ក្រោយពីទទួលបានដំណឹងថា មានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន បានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្តាលឱ្យមានការបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ។
ព្រះរាជសារបន្តថា៖ ««ខ្ញុំសូមចូលរួមរំលែកទុក្ខលំបាកបងប្អូនប្រជារាស្ត្រនៅទូទាំងប្រទេស[…] ខ្ញុំសូមជូនពរដល់បងប្អូន កូនចៅប្រជារាស្ត្រកម្ពុជាទាំងអស់ បានរួចផុតពីគ្រោះមហន្តរាយធម្មជាតិខាងលើនេះ និងសូមមេត្តាការពារ និងថែរក្សាសុខភាពឱ្យបានល្អ កុំឱ្យមានជំងឺឈឺថ្កាត់ផ្សេងៗ»។
ក្នុងព្រះរាជសារ ព្រះមហាក្សត្រ បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានចាត់វិធានការជួយដោះស្រាយ និងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះទៅកាន់ទីតាំងសុវត្ថិភាពនានាបានទាន់ពេលវេលា។
បើតាមព្រះរាជសារ ព្រះមហាក្សត្រ ក៏បានព្រះរាជទានព្រះរាជអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះតាមរយៈ រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោកចៅហ្វាវាំង គង់ សំអល់ ជាបន្តបន្ទាប់ផងដែរ។
ព្រះកុរណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០៦ ខែតុលា ដើម្បីគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៦ ខែតុលា ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកើតដល់ជាង ៥៣០០គ្រួសារ ស្មើនឹងជាង ២១ម៉ឺននាក់ និងផ្ទះជាង ៥ម៉ឺនខ្នង ខណៈមនុស្សស្លាប់បានកើនដល់១៨នាក់ និងប៉ះពាល់ដំណាំស្រូវនិងដំណាំរួមផ្សំផ្សេងៗជាច្រើនម៉ឺនហិកតា រួមនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។