បរិស្ថាន | ព័ត៌មានជាតិ | អភិបាលកិច្ច
លោក ញឹម សុខន | ១៦ តុលា ២០២០ |ម៉ោង ១៦:៣២
VOD

នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ លោក ហ៊ុន សែន ទៅពិនិត្យមើលស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់អ្នករងគ្រោះដោយទឹកជំនន់នៅរាជធានីភ្នំពេញថា ការជន់លិចលំនៅដ្ឋានរបស់ពួកគេនាប៉ុន្មានថ្ងៃមកនេះ មិនមែនមកពីលុបបឹងដូចអ្នករិះគន់នោះទេ។
ការថ្លែងរបស់នាយករដ្ឋមន្ត្រី ធ្វើឡើងកាលពីយប់មិញ ក្នុងពិធីចុះជួបអ្នករងគ្រោះដោយទឹកជំនន់នៅខណ្ឌដង្កោ ដែលត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
លោក ហ៊ុន សែន ថ្លែងថា ការជន់លិចនៅភ្នំពេញ គឺបណ្ដាលមកពីព្រែកនិងបឹងមួយចំនួនដែលជាប្រព័ន្ធរំដោះទឹក មិនអាចទ្រទ្រង់ទៅនឹងកម្រិតទឹកភ្លៀង ទើបធ្វើឱ្យមានការជន់លិច។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្លះលើកឡើងអំពីបញ្ហាលុបបឹងបានជាវាមានជំនន់ ប៉ុន្តែខ្ញុំចង់សួរទៅអាអ្នកនិយាយអ៊ីចឹង នៅប្រទេសជប៉ុនឆ្នាំទៅនេះ ជំនន់ទឹកភ្លៀងសម្លាប់ប្រជាជនជប៉ុនអស់យ៉ាងច្រើន ប្រទេសនៅអឺរ៉ុបទីក្រុងធំៗមួយចំនួនជំនន់ទឹកភ្លៀងក៏បានលិចលង់»។
លោក ហ៊ុន សែន ថ្លែងទៀតថា លោកមិនចង់ឆ្លើយតបទៅនឹងអ្នករិះគន់ទាំងនោះទេ តែថា ការលើកឡើងនេះ គ្រាន់តែចង់ប្រាប់ទៅពលរដ្ឋថា បញ្ហាវាកើតឡើងពីគ្រោះធម្មជាតិ។
យ៉ាងណាលោកថា ជំនន់ឆ្នាំនេះជាភ័ព្វសំណាង បើធៀបនឹងគ្រោះធម្មជាតិកាលពីឆ្នាំ២០០០ ដោយថា ជំនន់ឆ្នាំនេះ ទឹកក្នុងទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ មានកម្ពស់ទឹកទាប ធ្វើឱ្យចរន្តទឹកហូរធ្លាក់ចូលទៅទន្លេលឿន។
មនុស្សជាង៥ពាន់នាក់រស់នៅក្នុងខណ្ឌដង្កោ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព គិតត្រឹមព្រឹកថ្ងៃសុក្រនេះ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច សរសេរនៅលើគណនីហ្វេសប៊ុកគាត់កាលពីថ្ងៃអាទិត្យកន្លងមកនេះថា «សូមកុំលុបបឹងបន្តទៅទៀត បើមិនបានបង្កើតថ្មី ត្រូវស្ដារប្រឡាយ ស្ទឹង អូរ ដៃទន្លេឱ្យបានជ្រៅ»។
លោកបណ្ឌិត សុខ ទូច សរសេរថា៖ «អាណាចក្រអង្គរដ៏ល្បីល្បាញ ត្រូវបានពិភពលោកទទួលស្គាល់ថា មានសេដ្ឋកិច្ចរុងរឿងដោយសារវិស័យមួយ គឺកសិកម្ម ដែលក្នុងនោះការរៀបចំប្រព័ន្ធធារាសាស្ត្រ ដោយការជីកបារាយណ៍ធំៗស្ដុកទឹក សម្រាប់បម្រើវិស័យកសិកម្ម»។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលមិនកាន់អំណាច បាននិយាយលើគេហទំព័រហ្វេសប៊ុករបស់ខ្លួនដែរថា មានរឿងជាច្រើនត្រូវការការជជែកដេញដោលអំពីគោលនយោបាយ ស្វែងរកដំណោះស្រាយសមស្របដើម្បីបម្រើប្រជាពលរដ្ឋ។
គណបក្សនេះនិយាយថា៖ «បញ្ហាលុបបឹងធម្មជាតិនៅទីប្រជុំជន ការបំផ្លាញព្រៃឈើនៅតំបន់ទីជម្រាល ការរៀបចំប្រព័ន្ធលូទឹកនៅទីក្រុងធំៗ ការគ្រប់គ្រងទំនប់ស្តុកទឹកធំៗ ការចាត់ចែងប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ»។
អ្នកជំនាញកសិកម្ម លោកបណ្ឌិត យ៉ង សាំងកុមារ ដែលបច្ចុប្បន្នជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សនេះ មានប្រសាសន៍បន្ថែមថា ការធ្វើនយោបាយត្រូវកាត់បន្ថយជម្លោះ ហើយរួមគ្នាដោះស្រាយបញ្ហាដើម្បីពលរដ្ឋនិងសង្គម។ ប៉ុន្តែលោកថា បច្ចុប្បន្ន អ្នកនយោបាយប្រើពេលច្រើនចោទប្រកាន់គ្នាទៅវិញទៅមកជាលក្ខណៈបុគ្គល ជំរុញឱ្យមានការលាបពណ៌គ្នាក្នុងសង្គម។
លោកថា បញ្ហានេះហាក់ធ្វើឱ្យពលរដ្ឋភ្លេចដេញដោលអ្នកនយោបាយដែលខ្លួនគាំទ្រ ឱ្យធានាផលប្រយោជន៍របស់ពួកគេ។
លោក យ៉ង សាំងកុមារ គូសបញ្ជាក់ថា វាមានសារៈសំខាន់ បើប្រជាពលរដ្ឋចេះដាក់សម្ពាធទៅអ្នកនយោបាយឱ្យវិលមកប្រកួតគ្នាដោយគំនិតបង្កើតគោលនយោបាយគ្រប់គ្រងទឹកប្រកបដោយការទទួលខុសត្រូវ ដែលលោកថា កសិករនឹងមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែ រីឯអ្នករស់នៅទីក្រុងនឹងគេចផុតពីការជន់លិច។
លោក យ៉ង សាំងកុមារ ប្រាប់ថា៖ «ចំពេលកាលៈទេសៈដែលកម្ពុជាកំពុងប្រឈមនឹងទឹកជំនន់ ប្រឈមនឹងរងគ្រោះនូវការលិចលង់អ៊ីចឹង ជារឿងមួយដែលយើងចង់ទាញអារម្មណ៍ប្រជាពលរដ្ឋ ដែលគាំទ្រអ្នកនយោបាយ ឱ្យងាកមកមើលអ្នកនយោបាយដែលប្រកួតប្រជែងដោយគំនិត។ ឧទាហរណ៍ យើងដោះស្រាយបញ្ហាសំរាមនៅទីក្រុងយ៉ាងម៉េច ដោះស្រាយបញ្ហាទឹកនៅទីក្រុងយ៉ាងម៉េច? ជំនន់ក្នុងទីក្រុងយ៉ាងម៉េច? ទឹកលិចទីក្រុងយ៉ាងម៉េច? ដោះស្រាយបញ្ហាទឹកជំនន់នៅជនបទយ៉ាងម៉េច?»។
យ៉ាងណា មេដឹកនាំកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់តាមរយៈចេញបញ្ជាទៅអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធឱ្យសហការគ្នាជួយសង្គ្រោះអ្នកដែលរងគ្រោះដោយទឹកជំនន់ ដោយមិនត្រូវឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយលង់ទឹកនិងអត់បាយស្លាប់ដោយសារតែគ្រោះធម្មជាតិនេះទេ រាល់ការជម្លៀសប្រជាជននៅតំបន់ដែលមានគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព ត្រូវផ្ដល់នូវការថែទាំសុខភាព ផ្ដល់អាហារ ថ្នាំពេទ្យឱ្យបានគ្រប់គ្រាន់។
អ្នកនិពន្ធសៀវភៅ «ថ្ងៃចុងក្រោយនៃមហាមេគង្គ» និងជានាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលស្ទីមសាន់ (Stimson) លោក ប្រេន អេឡឺ (Brian Eyler) និយាយតាមរយៈអ៊ីម៉ែលថា ប្រទេសកម្ពុជាបានធ្វើការងារជាច្រើន ដែលបង្កើននូវផលប៉ះពាល់ពីទឹកជំនន់ទាំងនេះដល់ទីក្រុង និងសហគមន៍។
ប៉ុន្តែលោក ប្រេន អេឡឺ ប្រាប់ថា៖ «តំបន់ដីសើមជាច្រើននៅជុំវិញរាជធានីភ្នំពេញ ត្រូវបានចាក់បំពេញសម្រាប់ការអភិវឌ្ឍអចលនទ្រព្យនិងសួនឧស្សាហកម្ម ដែលតំបន់ដីសើមទាំងនោះបានដើរតួនាទីការពារយ៉ាងសំខាន់ក្នុងការបញ្ឈប់ទឹកជំនន់ពីការចូលទីក្រុង។ តែឥលូវកន្លែងទាំងនោះត្រូវលុបបាត់ ហើយទឹកគ្មានកន្លែងហូរទៅ ដែលបណ្តាលឱ្យវាចូលទៅក្នុងផ្ទះរបស់មនុស្ស ហើយជន់លិចនៅតាមដងផ្លូវ បង្កើតជាភាពរញ៉េរញ៉ៃនិងការខូចខាត»។
លោក ប្រេន អេឡឺ (Brian Eyler) ផ្តល់ជាអនុសាសន៍ថា ដើម្បីកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា ជាពិសេសពីទឹកជំនន់ ត្រូវមានភាពឆ្លាតវៃក្នុងការប្រើប្រាស់តំបន់ដីសើមទាំងនេះជាយន្តការការពារ បើមិនដូច្នេះទេ ទឹកជំនន់នៅទីក្រុងភ្នំពេញនឹងកាន់តែអាក្រក់ទៅៗ ទោះបីមិនមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ។
បន្ថែមពីនេះ លោកថា ប្រទេសនេះក៏បានបាត់បង់នូវដីព្រៃដែលមិនគួរឱ្យជឿក្នុងរយៈពេលបីទសវត្សចុងក្រោយនេះ។ ព្រៃឈើក៏ដើរតួជាអ្នកការពារប្រឆាំងនឹងទឹកជំនន់ផងដែរ ហើយបើគ្មានព្រៃឈើ ទឹកជំនន់កើនកាន់តែខ្លាំងនោះ ទឹកទន្លេនឹងកើនឡើងយ៉ាងឆាប់រហ័សជាងពេលមុនៗ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
a modern technologies in this 21st century started from HUN SEN . this great leader at first he start to filling up all natural lake around the capital then he gone to filling up the seaside the last un believable action is he trying to fill up the Mekong river right in front of royal palace . now we Cambodian knew that CHINA who used to influent in Cambodia internal that make just about three million Cambodian life disappeared from the world just repeating the same job as their left over slaved to fill up the ocean for their investment