ដោយ ខែ សុណង
2020-10-18
RFA

រូបភាពអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅប្រទេសជប៉ុន ប្រមាណ ៣០០នាក់ នាំគ្នាធ្វើបាតុកម្ម នៅទីក្រុងតូក្យូ (TOKYO) កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

រូប៖ ហ្វេសប៊ុកលោក ហៃ វណ្ណា
សកម្មជនបក្សសង្គ្រោះជាតិអះអាងថា ពួកគេគ្រោងជួបជុំគ្នាធ្វើបាតុកម្មនៅតាមបណ្ដាប្រទេសនានា មួយចំនួន ដើម្បីប្រឆាំងវត្តមានចិននៅកម្ពុជា។ គម្រោងនេះគឺស្របពេលដែលសង្គមស៊ីវិល ក៏យកថ្ងៃទី២៣ ខែតុលា នេះ ជួបជុំរំលឹកខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីទាមទារឲ្យមេដឹកនាំរបបក្រុងភ្នំពេញ និងអ្នកនយោបាយវិលមកគោរពកិច្ចព្រមព្រៀងនេះឡើងវិញ។
សកម្មជនបក្សសង្គ្រោះជាតិគ្រោងបាតុកម្មប្រឆាំងវត្តមានចិននៅកម្ពុជា ស្របពេលដែលសង្គមស៊ីវិល យកថ្ងៃទី២៣ ខែតុលានេះ ជួបជុំរំលឹកខួប ២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ។
ប្រធានចលនាគណបក្សសង្គ្រោះជាតិប្រចាំប្រទេសជប៉ុន លោក ហៃ វណ្ណា មានប្រសាសន៍ថា ក្រុមបាតុករនឹងទៅជួបជុំតវ៉ាមុខស្ថានទូតចិនប្រចាំនៅប្រទេសជប៉ុន នៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះដើម្បីបង្ហាញពីការមិនពេញចិត្ត និងប្រឆាំងដាច់ខាតចំពោះវត្តមានចិននៅកម្ពុជា ដែលគេសង្ស័យថា កំពុងប្រើឥទ្ធិពលរបស់ខ្លួនគ្របដណ្ដប់មកលើដែនអធិបតេយ្យរបស់ខ្មែរ នឹងយកកម្ពុជាជាចំណាប់ខ្មាំងរបស់ខ្លួន។ លោកថា ជាពិសេស ក្នុងកាលៈទេសៈបច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជាកំពុងមានភាពលម្អៀងទៅរកមហាអំណាចចិន ដែលនាំហានិភ័យដល់សន្តិសុខតំបន់៖ «យើងត្រូវមើលឡើងវិញនៅអត្ថន័យនៅក្នុងសន្ធិសញ្ញាទីក្រុងប៉ារីស គឺចែងថាឲ្យកម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យចិនក៏ជាសាក្សីដែរ អ៊ីចឹងចិនត្រូវតែគោរពអ្វីដែលខ្លួនបានអះអាងថាខ្លួនជាហត្ថលេខីមួយក្នុងហ្នឹង ហើយកំពុងយកបញ្ហានេះទៅជាន់ឈ្លី ទៅជ្រៀតជ្រែកបញ្ហាផ្ទៃក្នុង ជាពិសេសផ្នែកនយោបាយនិងលទ្ធិប្រជាធិបតេយ្យហ្នឹងគឺចិន ចង់បញ្ចូលឥទ្ធិពលកុម្មុយនិស្តរបស់ខ្លួនក្នុងប្រទេសកម្ពុជា»។
ការលើកឡើងនេះ បន្ទាប់ពីអ្នកវិភាគ និងសាធារណជនមើលឃើញថា ចិនកំពុងបង្កើនឥទ្ធិពលអំណាចរបស់ខ្លួនមកលើប្រទេសកម្ពុជា តាមរយៈជំនួយឥតសំណង បង្កើនការវិនិយោគក្នុងប្រទេសកម្ពុជា និងពង្រឹងទំនាក់ទំនងរវាងមេដឹកនាំប្រទេសកុម្មុយនិស្តមួយនេះជាមួយមេដឹកនាំកម្ពុជា។
រីឯក្រុមហ៊ុនរបស់ចិនដែលមកបោះទុនរកស៊ីនៅកម្ពុជាវិញ ខ្លះបង្កើតទំនាស់រ៉ាំរ៉ៃជាមួយពលរដ្ឋមូលដ្ឋាន ខ្លះទៀតរងការចោទប្រកាន់រឿងបំផ្លាញបរិស្ថាន និងមួយចំនួនកំពុងជាប់សង្ស័យពីរឿងអនុវត្តគម្រោងការណ៍សម្ងាត់ឱ្យយោធាចិន។ ជាឧទាហរណ៍ ក្រុមហ៊ុន យូឌីជី (UDG) កំពុងស្ថាបនាវាលយន្តហោះខ្នាតធំ និងកំពង់ផែទឹកជ្រៅនៅក្នុងខេត្តកោះកុង ដែលត្រូវបានក្រុមអ្នកជំនាញផ្នែកសន្តិសុខវាយតម្លៃថា ជាទីតាំងដែលយន្តហោះ និងនាវាចម្បាំងរបស់ចិនអាចចូលចតបាន។
គឺទីតាំងរបស់ក្រុមហ៊ុនយូឌីជី និងមូលដ្ឋានទ័ពជើងទឹករាមនេះហើយ ដែលក្រុមអ្នកជំនាញសន្តិសុខអន្តរជាតិ ព្រួយបារម្ភថា អាចជាទីតាំងឈរជើងរបស់យោធាចិននៅកម្ពុជា។
ក្នុងគម្រោងវិនិយោគនៅកម្ពុជានេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មក្រុមហ៊ុនចិនមួយឈ្មោះ យូ ឌីជី (UDG) ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សក្នុងគម្រោងវិនិយោគរបស់ខ្លួន ក្រោមច្បាប់ ក្លូបល មែកនីតស្គី អ៊ែកធ៍ (Global Magnitsky)។ ក្រសួងរតនាគារអាមេរិកថា ចិន បានប្រើប្រាស់គម្រោងរបស់ក្រុមហ៊ុននេះនៅកម្ពុជា ដើម្បីពង្រីកមហិច្ឆតារបស់ខ្លួនក្នុងការពង្រីកអំណាចរបស់ចិននៅលើសាកលលោក។
នៅថ្ងៃទី២៣ តុលា ខាងមុខនេះដែរ ក្រុមអង្គការសង្គមស៊ីវិលប្រមាណ ១ពាន់នាក់ក៏គ្រោងប្រារព្ធពិធីរំលឹកខួបលើកទី២៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា នៅឯទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យមេដឹកនាំរបបក្រុងភ្នំពេញ និងអ្នកនយោបាយវិលមកគោរពកិច្ចព្រមព្រៀងនេះឡើងវិញ។
មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតការបោះឆ្នោតនៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិល នឹងដាក់ញត្តិទៅប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នេះទាំងអស់ ដើម្បីឲ្យជួយជំរុញដល់មេដឹកនាំកម្ពុជា ងាកមកគោរពស្មារតីនៃកិច្ចព្រមព្រៀងនេះឡើងវិញ នៅក្នុងពេលមេដឹកនាំខ្មែរកំពុងតែបែកបាក់គ្នានេះ៖ «ក្រោយកិច្ចព្រមព្រៀងថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំងអស់បានចូលមកចរចាជជែកគ្នារកដំណោះស្រាយប្រទេសជាតិឆ្នាំ១៩៩៣ និងចូលរួមសម្របសម្រួលឲ្យមានការជជែកគ្នាឡើងវិញឲ្យស្ដារប្រទេសជាតិ នៅក្នុងរដ្ឋធម្មនុញ្ញនេះមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធក្នុងដំណាក់កាលនោះ សម្រាប់ជជែកពីការស្ដារលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតនិងសិទ្ធិមនុស្សមានចែងផ្សេង។ ក្នុងនោះក៏ មានប្រទេសក្នុងពិភពលោកចូលរួមជាសាក្សីជាតឹកតាងក្នុងនោះដែរ។ យើងសង្ឃឹមថា រដ្ឋាភិបាលមិនបោះបង់ចោលគោលការណ៍នេះទេ ទោះបីថាមតិថាមាននិន្នាការទៅរកកុម្មុយនិស្តក្ដី»។
នៅក្នុងគម្រោងប្រារព្ធពិធីនេះ សង្គមស៊ីវិលក៏មិនភ្លេចស្នើទៅថ្នាក់ដឹកនាំរបបក្រុងភ្នំពេញឲ្យដាក់បញ្ចូលឡើងវិញនូវថ្ងៃ២៣ ខែតុលា ជាថ្ងៃឈប់សម្រាកបុណ្យជាតិ ដើម្បីលើកតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលកម្ពុជាជាប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ។
អ្នកជំនាញខាងភូមិសាស្ត្រនយោបាយយល់ថា រដ្ឋាភិបាលកម្ពុជាត្រូវប្រឹងប្រែងពង្រឹងឯកភាពផ្ទៃក្នុង និងកសាងសង្គមដ៏រឹងមាំមួយលើមាគ៌ាប្រជាធិបតេយ្យ គោរពរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទើបប្រទេសមហាអំណាចមិនមានលេសក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬដាក់សម្ពាធលើកម្ពុជាឱ្យធ្វើតាមការចង់បានរបស់ពួកគេ ហើយកម្ពុជាអាចចៀសផុតពីការជាន់ដានប្រវត្តិសាស្ត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកទោសនយោបាយ និងអ្នកទោសមនសិការ ជួបការលំបាកខ្លាំង ដោយសារទឹកជំនន់ចូលដល់ពន្ធនាគារព្រៃស
- លោក កឹម សុខា បន្តចុះផ្តល់ជំនួយដល់ពលរដ្ឋ ក្រោយលោក ហ៊ុន សែន ហាមមិនឱ្យអាជ្ញាធររារាំង
- ប្រពន្ធសមាជិកបក្សប្រឆាំងប្ដឹងទៅតុលាការ និងអង្គការយូនីសេហ្វ រឿងអាជ្ញាធរឃុំខ្លួន និងធ្វើទារុណកម្មកុមារា កាក់ សុវណ្ណច្ឆ័យ
- អាជ្ញាធរខេត្តបន្ទាយមានជ័យរារាំងមិនឲ្យលោក កឹម សុខា ចុះចែកអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់
- ខួប ៨ឆ្នាំ ព្រះបាទ នរោត្តម សីហនុ សោយទិវង្គត៖ ជម្លោះនយោបាយបន្តរ៉ាំរ៉ៃ ដោយគ្មានអ្នកមានលទ្ធភាពសម្រួលបាន
- អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ដោះលែងលោក ជុំ សារ៉ាត់ សកម្មជនបក្សប្រឆាំង
- អ្នកសង្កេតការណ៍ថា កម្ពុជាត្រូវពង្រឹងផ្ទៃក្នុងជាងពឹងមហាអំណាច ដើម្បីរក្សាអធិបតេយ្យជាតិ
- ប្រពន្ធសកម្មជនបក្សប្រឆាំង ស្នើសុំព្រះមហាក្សត្រ ដោះលែងសកម្មបក្សប្រឆាំង
- អាជ្ញាធរខេត្តត្បូងឃ្មុំដោះលែងសកម្មជនបក្សប្រឆាំង ៥នាក់ ក្រោយធ្វើកិច្ចសន្យាឈប់ពាក់អាវយឺតមានពាក្យស្លោក អរគុណសន្តិភាព តែត្រូវគោរពច្បាប់
- កម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាផ្លូវការជាមួយចិន
I can see that sing said free KIM SOKHA as we know right now KIM SOKHA seem to be getting some free from HUN SEN but this is what we knew the trick that evil HUN SEN used to play . I understand more about the whole situation right now I just want every one following that action a bit more to see if KIM SOKHA still keep up his word. we Cambodian clearly knew all about HUN SEN he is an evil KBOTH CHEATH indeed no question to ask.