ដោយ ជីវិតា
2020-12-01
RFA

សកម្មភាពរង់ចាំធ្វើតេស្តរកជំងឺកូវីដ-១៩ កាលពីពេលកន្លងទៅ។ រូបពីហ្វេសប៊ុក
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ៣នាក់ថ្មីទៀតដែលជាករណីនាំចូលពីបរទេស។ ដោយឡែក ការឆ្លងនៅក្នុងសហគមន៍ ក្រសួងមិនទាន់រកឃើញករណីថ្មីទៀតនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី២ ធ្នូ។
ក្រសួងឱ្យដឹងតាមសេចក្ដីប្រកាសព័ត៌មានថា គិតចាប់តាំងពីថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃទី០១ ធ្នូ ក្រសួងបានធ្វើតេស្តសំណាកវិភាគរបស់មនុស្សជាង ៨ពាន់នាក់ហើយ (៨.២១២) ដែលពាក់ព័ន្ធនឹងព្រឹត្តិការរីករាលដាលក្នុងសហគមន៍ ២៨ វិច្ឆិកា ក្នុងនោះរកឃើញ១៧ នាក់ កើតជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលបានជ្រើសយកទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើតេស្តអ្នកពាក់ព័ន្ធជាមួយអ្នកឆ្លងដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកា រួមមាន ក្រសួងមហាផ្ទៃ សម្រាប់មន្ត្រីរាជការ បរិវេណផ្សារអ៊ីអន១ សម្រាប់ប្រជាពលរដ្ឋទូទៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់គ្រូ សិស្ស និងអាណាព្យាបាលសាលាអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែក្រោម និងនៅពន្ធនាគារព្រៃស ជាដើម។
ទោះជាយ៉ាងណា ក្រសួងសុខាភិបាលបានសម្រេចបើកដំណើរការផ្សារទំនើបអ៊ីអន១ (AEON) ទីដែលអ្នកជំងឺម្នាក់បានទៅញ៉ាំអាហារ និងទិញអីវ៉ាន់ នោះឡើងវិញហើយនៅថ្ងៃទី០២ ធ្នូ ក្រោយពីធ្វើតេស្តលើមនុស្សជាង៣ ពាន់នាក់ តែមិនមានអ្នកឆ្លង។
គិតត្រឹមព្រឹកថ្ងៃទី២ ខែធ្នូ កម្ពុជា មានអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន ៣២៩នាក់ ក្នុងនោះអ្នកបានជាសះស្បើយមានចំនួន ៣០៤នាក់ និងអ្នកកំពុងនៅសម្រាកព្យាបាលមានចំនួន ២៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។