តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ញឹម សុខន |០៣ ធ្នូ ២០២០ |ម៉ោង ១១:២៧
VOD

ទិដ្ឋភាពនៅពីមុខសាលាដំបូងខេត្តកំពត កាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ សាលាដំបូងខេត្តកំពត Kampot provincial court of the first instance)
មេធាវីការពារក្តីឱ្យអតីតគណបក្សប្រឆាំង ឱ្យដឹងថា តុលាការខេត្តកំពត នៅថ្ងៃព្រហស្បតិ៍នេះ បានលើកពេលជំនុំជម្រះសំណុំរឿងកូនក្តី៤រូប ដោយសារចៅក្រមកាន់សំណុំរឿងជាប់ធ្វើចត្តាឡីស័កឬដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាពពាក់ព័ន្ធកូវីដ១៩។
តាមដីកាកោះ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពត លោក ខា ដែនណា បង្គាប់ឱ្យជនជាប់ចោទជាសកម្មជនបក្សប្រឆាំងចំនួន៤នាក់ ចូលទៅកាន់សាលាដំបូងខេត្តកំពត នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក ដើម្បីជំនុំជម្រះពីបទ មិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ ប្រឆាំងសាលដីកាតុលាការកំពូល ប្រមូលផ្តុំញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅស្រុកឈូក ខេត្តកំពត កាលពីឆ្នាំ២០១៩។
លោក សំ សុគង់ មេធាវីការពារក្តីឱ្យសកម្មជនអតីតបក្សប្រឆាំង មានប្រសាសន៍ថា សំណុំរឿងនេះត្រូវបានតុលាការសម្រេចពន្យារពេលបើកសវនាការជំនុំជម្រះហើយ ដោយសារចៅក្រម ជាប់ធ្វើចត្តាឡីស័កក្រោយពីមានព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។
លោកថា៖ «ថ្ងៃនេះ [កូនក្តី] ត្រូវចូល៤នាក់ មាន ង៉ែត ឃុច, នុត ពេជ្យ, សាង ចំរើន និង ហេង សែ ជាប់ចោទ ទី១ បទញុះញង់ ទី២ មិនគោរពទៅតាមសេចក្តីសម្រេចរបស់តុលាការ»។
បើតាមលោក សំ សុគង់ សមាសភាពជំនុំជម្រះលើសំណុំរឿងនេះមានលោក គាំ គង្គា ជាចៅក្រមជំនុំជម្រះ លោក ខា ដែនណា ជាតំណាងអយ្យការ និងលោកស្រី សាន់ ដារ៉ា ជាក្រឡាបញ្ជីសវនាការ។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកការជំនុំជម្រះអតីតសកម្មជន និងមន្ត្រីអតីតបក្សប្រឆាំងសរុបជិត១៤០នាក់ ពាក់ព័ន្ធបទចោទដូចគ្នា។ ប៉ុន្តែក្រោយសាកសួរមួយព្រឹក សំណុំរឿងត្រូវបានតុលាការលើកយកទៅសវនាការបន្តនៅដើមឆ្នាំ២០២១៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។