ដំរី​ឈ្មោល​ឯកោ​នៅ​​ប្រទេស​ប៉ាគីស្ថាន ឈ្មោះ ខាវ៉ាន់ ត្រូវ​បាន​នាំ​មក​លែង​ឱ្យ​រស់​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​​នៅ​កម្ពុជា

ដោយ សុជីវី
2020-12-02
RFA

ដំរី​ឈ្មោល​ឯកោ​នៅ​​ប្រទេស​ប៉ាគីស្ថាន ឈ្មោះ ខាវ៉ាន់ ត្រូវ​បាន​នាំ​មក​លែង​ឱ្យ​រស់​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​​នៅ​កម្ពុជា

ដំរី​ឈ្មោល​ឯកោបំផុតនៅ​ប្រទេស​ប៉ាគីស្ថាន ឈ្មោះ ខាវ៉ាន់ ​ត្រូវ​អង្គការ​អភិរក្ស​សត្វ​ នាំ​មក​ដល់​កម្ពុជា ​នៅ​​ថ្ងៃ​ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ រូប៖ ទំព័រព័ត៌មាន Reuter


ដំរី​ឈ្មោល ឈ្មោះ ខាវ៉ាន់ (Kaavan) ដែល​ទើប​នាំ​ពី​ប្រទេស​ប៉ាគីស្ថាន (Pakistan) មក​កម្ពុជា ​កំពុង​ស្ថិត​ក្រោម​ការ​ថែទាំ​ពី​អង្គការ​អភិរក្ស​ដែន​ជម្រក​សត្វព្រៃ​កម្ពុជា​ហៅ​កាត់​ថា CWS ដើម្បី​ឱ្យ​ស៊ាំ​នឹង​បរិស្ថាន​ថ្មី​មួយ​រយៈ​សិន មុននឹង​លែង​ឱ្យ​រស់​នៅ​ក្នុង​ព្រៃ​ធម្មជាតិ។

ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​នេះ​ឱ្យ​ដឹង​ថា នៅ​ជម្រក​បណ្ដោះ​អាសន្ន ដែល​គេ​រៀបចំ​នៅ​ភាគ​ពាយ័ព្យ ខេត្ត​សៀមរាប ខាវ៉ាន់ បាន​ជួប​ប្រាស្រ័យ​ជា​លើក​ដំបូង​ជាមួយ​ដំរី​ញី​ឈ្មោះ Dy Poh ។

ព័ត៌មាន​ពី​ក្រសួង​បរិស្ថាន​អោយ​ដឹង​ថា នៅ​ពេល​ខាវ៉ាន់​ស៊ាំ​នឹង​បរិយាកាស​រស់នៅ​ថ្មី​នេះ អង្គការ CWS នឹង​នាំ​ខាវ៉ាន់ អោយ​ទៅ​រស់​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព ក្នុង​ខេត្ត​ឧត្តរមានជ័យ។ អង្គការ CWS នឹង​បន្ត​ថែទាំ​ដំរី​ខាវ៉ាន់ រួម​នឹង​ជាមួយ​ដំរីញីចំនួន៣​ក្បាល ដែល​មក​ពី​ខេត្ត​មណ្ឌលគិរី ក្នុង​នោះ​ក៏​មាន​ដំរី Dy Poh ដែរ។

ដំរី​ខាវ៉ាន់ ដែល​គេ​ចាត់​ទុក​ថា​ជា​ដំរី​ឯកា​បំផុត​ត្រូវ​អង្គការ​អភិរក្ស​សត្វ​នាំ​ពី​ប្រទេស​ប៉ាគីស្ថាន មក​ដល់​កម្ពុជា​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី៣០ ខែ វិច្ឆិកា។

ក្រុម​អ្នក​ការពារ​សិទ្ធិ​របស់​សត្វ រួម​ជាមួយ​អ្នក​ចម្រៀង​អាមេរិកកាំង អ្នកស្រី ស៊ែរ (Cher) ផង​បាន​ធ្វើ​យុទ្ធនាការ​ជា​ច្រើន​ឆ្នាំ ឱ្យ​ដោះលែង​ដំរី​ខាវ៉ាន់ ពី​សួន​សត្វ​ក្នុង​ក្រុង Islamabad និង​នាំ​ដំរី​មួយ​នេះ​មក​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles