កូរ៉ូណាវីរុស | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា |០៣ ធ្នូ ២០២០ |ម៉ោង ១០:៤៩
VOD

ទិដ្ឋភាពពីមុខអគារកាណាឌីយ៉ា ក្នុងក្រុងភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ)
រដ្ឋាភិបាលកម្ពុជាបានសម្រេចបិទអគារកាណាឌីយ៉ា និងធនាគារចំនួន២ជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញបុគ្គលិកធនាគារ២រូបមានផ្ទុកកូវីដ១៩។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញមនុស្ស២នាក់ថែមទៀតដែលបានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានបុរសម្នាក់អាយុ២៣ឆ្នាំបម្រើការនៅធនាគារចិន ស្ថិតនៅក្នុងអគារកាណាឌីយ៉ា និងនារីកម្ពុជាម្នាក់ទៀតអាយុ២១ឆ្នាំដែលបម្រើការងារនៅធនាគារ កាថេ យូណៃធីត នៅរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបិទអគារកាណាឌីយ៉ាទាំងមូល ក្នុងនោះមានទាំងធនាគារចិនដែលមានការិយាល័យស្ថិតក្នុងអគារកាឌីណាយ៉ាផងដែរ និងធនាគារ កាថេ យូណៃធីត បន្ទាប់ពីរកឃើញករណីទាំង២នេះ។
បើតាមក្រសួងសុខាភិបាល បុរសកម្ពុជាដែលត្រូវបានរកឃើញឆ្លងកូវីដ១៩នោះ ធ្លាប់បានប៉ះពាល់ជាមួយស្ត្រីវ័យ៣៦ឆ្នាំ ដែលត្រូវបានរកឃើញឆ្លងកូវីដ១៩ កាលពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លងមកនេះ ហើយនារីកម្ពុជាដែលបម្រើការងារនៅធនាគារ កាថេ យូណៃធីត ស្ថិតនៅផ្លូវសម្ដេចប៉ាន ក្នុងខណ្ឌដូនពេញ គឺជាប្អូនស្រីបង្កើតរបស់បុរសកម្ពុជាខាងលើនេះ។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន សុំមិនធ្វើអត្ថាធិប្បាយ ដោយថា ជាប់រវល់ប្រជុំ។
បើតាមសេចក្ដីប្រកាសក្រសួងសុខាភិបាល ឱ្យដឹងថា គិតម៉ោង៧ព្រឹក ថ្ងៃទី៣ ខែធ្នូនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៣១នាក់ ក្នុងនោះព្យាបាលសះស្បើយ ចំនួន៣០៤នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន២៧នាក់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។