ដោយ ហេង រស្មី
2020-12-13
RFA

គំនរកម្ទេចកំទីពីផ្ទះបាក់បែក ដែលអាជ្ញាធរយកគ្រឿងចក្រកាយបំផ្លាញចោល ដើម្បីយកដីធ្វើផ្លូវ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

រូប៖ ពលរដ្ឋ
អាជ្ញាធរស្រុកភ្នំស្រួចបានដាក់គ្រឿងចក្រ និងកងកម្លាំងប្រដាប់អាវុធ ចុះឈូសកម្ទេចផ្ទះមួយខ្នង និងដំណាំរបស់ពលរដ្ឋ ចំនួន៣គ្រួសារ ដើម្បីអភិវឌ្ឍន៍គម្រោងផ្លូវល្បឿនលឿន នៅចំណុចភូមិពាមទុង ឃុំត្រែងត្រយឹង។ ពលរដ្ឋសោកស្ដាយចំពោះទង្វើអាជ្ញាធរខេត្តកំពង់ស្ពឺដែលឈូសឆាយមុនដោះស្រាយផលប៉ះពាល់។
ពលរដ្ឋ រងផលប៉ះពាល់និយាយថា ពួកគេខកចិត្ត ចំពោះទង្វើអាជ្ញាធរ ដែលចុះឈូសផ្ទះនិងដំណាំរបស់ពួកគាត់ចោល ហើយដាក់សម្ពាធមិនឲ្យតវ៉ា មិនឲ្យប្រើកាមេរ៉ាថត និងមិនព្រមដោះស្រាយឲ្យត្រឹមត្រូវជូនពួកគាត់។
លោក មៀច លាងសេង ដែលអាជ្ញាធរបានឈូសផ្ទះចោល រៀបរាប់ថា លោកគ្មានលទ្ធភាពតតាំងឬស្រែកតវ៉ាទេ ព្រោះកាលថ្ងៃចុះរុះរើនោះ អាជ្ញាធរ បានពង្រាយកងកម្លាំង ប្រហែល ៥០នាក់ ប្រដាប់ដោយអាវុធវែងគ្រប់ដៃ មកពីគ្រប់អង្គភាពនៅខេត្តកំពង់ស្ពឺ ដើម្បីត្រៀមបង្ក្រាបការតវ៉ារបស់ពលរដ្ឋ។
លោកប្រាប់ថា អ្នកតវ៉ា ច្រើនគ្រួសារបានត្រឹមឈរពីចម្ងាយ ស្រក់ទឹកភ្នែកមើលអាជ្ញាធរឈូសកម្ទេចផ្ទះខ្លួនឯង និងដំណាំចោល។ លោកបន្តថា ផ្ទះឈើដែលអាជ្ញាធរបានយកគ្រឿងចក្រមកឈូសរំលើងកម្ទេច កាលពីថ្ងៃទី៨ ធ្នូ នោះ ជាញើសឈាមមួយជីវិតរបស់លោក និងប្រពន្ធ នាំគ្នាធ្វើស្រែរាប់ឆ្នាំ ទម្រាំសន្សំបានលុយធ្វើផ្ទះឲ្យកូនៗ ស្នាក់នៅ។ ប៉ុន្តែចុងក្រោយ អាជ្ញាធរ បានឈូសកម្ទេចនិងកាយដីលុបផ្ទះឈើនោះចោលទាំងស្រុង។
លោកអះអាងថា ក្នុងផ្ទះនោះ មានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសម្ភារៈផ្ទះបាយ និងមានទ្រុងមាន់មួយដែលជាទ្រព្យសម្បត្តិរបស់អ្នកស្រែចម្ការ។ លោកឲ្យដឹងថា ក្រោយការឈូសឆាយនោះ លោកបាននាំប្រពន្ធ និងកូន៥នាក់ ទៅរស់នៅបណ្ដោះអាសន្ន ក្នុងព្រះវិហារគ្រឹះសាសនា នៅក្នុងភូមិ៖ «ថ្ងៃទី ២៧ (វិច្ឆិកា)យើងដាក់ពាក្យស្នើសុំសម្របសម្រួលយកលុយនៅសាលាខេត្តហ្នឹង។ ប៉ុន្តែគេអត់ឲ្យទៅសម្របសម្រួលទេ ស្រាប់តែចេញគ្រឿងចក្រមក មានប៉ូលិសអន្តរាគមន៍ពីខេត្ត ហើយនិងប៉ូលិសស្រុក ប៉ូលិសឃុំ រួមគ្នាប្រហែល៥០នាក់។ មកតាំងពីមន្ត្រីរាជការ ឃុំ ស្រុក ខេត្ត ហ្នឹង ហើយឡានប្រហែលជា ២០គ្រឿង ច្រើនដែរឡាន។ យកកម្លាំងសុទ្ធតែប្រដាប់អាវុធ មកទប់ទល់នឹងប្រជាពលរដ្ឋពីរ បី នាក់ហ្នឹង។ ពីរ បី បួន ប្រាំ គ្រួសារហ្នឹង យើងដៃទទេ។ អត់ហ៊ាន(តវ៉ា)ទេ។ (អាជ្ញាធរ) អាវុធ ពេញដៃហ្នឹង យើងគ្រាន់តែថត គេមិនឲ្យថតផង។ លួចថតបានខ្លះដែរ។ ខ្ញុំនៅព្រះវិហារគ្រឹះសាសនា ក្នុងភូមិ»។
លោក មៀច លាងសេង និយាយបន្តថា ក្នុងពេលឈូសឆាយនោះ គ្មានអាជ្ញាធរមូលដ្ឋាន ណាម្នាក់ មកជួយសម្រួលទេ គឺមានតែកងកម្លាំងប្រដាប់អាវុធ មកស្រែកសម្លុតគំរាម បណ្ដេញអ្នកភូមិចេញ កុំឲ្យតវ៉ា។ លោកថា អាជ្ញាធរមិនទាន់បានដោះស្រាយសំណើរបស់ក្រុមពលរដ្ឋឡើយមុនការឈូសកម្ទេចផ្ទះ និងដំណាំរបស់លោកនេះ។
លោកឲ្យដឹងទៀតថា ក្រោយការឈូសកម្ទេចផ្ទះ និងកម្ទេចផលដំណាំអ្នកភូមិរួច អាជ្ញាធរនៅមិនទាន់អភិវឌ្ឍទីនោះបន្តទៀតទេ ដោយទុកចោលសិន។ បុរសវ័យ ៥៥ឆ្នាំរូបនេះ ថា គ្រួសាររបស់លោកអស់ជំនឿលើអាជ្ញាធរហើយ ដូច្នេះ លោកលែងពឹងពាក់សុំអាជ្ញាធរដោះស្រាយទៀតហើយ តែស្នើសុំសង្គមស៊ីវិល ជួយធ្វើជាតំណាងក្នុងការចរចាវិញ៖ «ខ្ញុំបានដាក់តែម្ដងទេ។ ដាក់ពាក្យសុំសម្របសម្រួលសុំថវិកាហ្នឹង តែម្ដងទេ ហើយបើសិនយើងដាក់ទៀត ក៏អត់បានផលអ្វីដែរ ព្រោះ យើងដាក់ម្ដងហើយ គេអត់ឲ្យតម្លៃយើងផង អត់រកដំណោះស្រាយឲ្យផង។ ខ្ញុំមានតែដាក់ពាក្យទៅអាដហុក (Adhoc) វិញ ដើម្បីឲ្យអាដហុក សម្របសម្រួលជាមួយអាជ្ញាធរ យកប្រាក់ហ្នឹង មកដោះស្រាយជីវភាព»។
អាជ្ញាធរខេត្តកំពង់ស្ពឺ បានដាក់គ្រឿងចក្រចុះឈូសឆាយដី នៅភូមិពាមទុង ជាបន្តបន្ទាប់ ចាប់តាំងពីដើមខែធ្នូមក ដើម្បីអភិវឌ្ឍគម្រោងផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅកំពង់ផែ ក្រុងព្រះសីហនុ។
អាជ្ញាធរខេត្តអះអាងថា ក្នុងគម្រោងផ្លូវល្បឿនលឿនឆ្លងកាត់ស្រុកភ្នំស្រួច និងស្រុកសំរោងទង មានពលរដ្ឋ ជាងបីពាន់(៣ ១២៧)គ្រួសារ រងផលប៉ះពាល់ ហើយពលរដ្ឋភាគច្រើនបានយល់ព្រមទទួលយកសំណងសមរម្យ គឺនៅសល់ពលរដ្ឋតិចតួចគ្រួសារបំផុត ដែលមិនព្រមទទួលយកសំណង។
ទោះជាយ៉ាងណា ក្រុមពលរដ្ឋដែលមិនព្រមទទួលយកសំណង អះអាងថា អាជ្ញាធរផ្ដល់សំណងមិនសមរម្យ ទើបពួកគេប្រកែកមិនព្រមទទួល។ ពលរដ្ឋ៤គ្រួសារ នៅភូមិពាមទុង អះអាងថា អាជ្ញាធរ បានផ្ដល់សំណងក្នុងមួយម៉ែត្រការ៉េ តម្លៃ ១ដុល្លារ ទៅ៤ដុល្លារ តាមប្រភេទដីកសិកម្ម និងដីលំនៅឋាន។
ពួកគេអះអាងថា តម្លៃមួយម៉ែត្រការ៉េ ១ដុល្លារ ទៅ៤ដុល្លារនេះ ជាតម្លៃមិនសមរម្យ ទាបជាងទីផ្សារខ្លាំង ដែលមិនអាចទទួលយកបាន។ ពួកគេទាមទារឲ្យដោះស្រាយសាថ្មី ព្រោះតម្លៃដី ទាបពេក ពួកគេមិនអាចយកទៅទិញដី និងធ្វើផ្ទះកន្លែងផ្សេងរស់នៅបានទេ។
ពលរដ្ឋរងផលប៉ះពាល់ទាំង៤គ្រួសារ ចង់ឲ្យអាជ្ញាធរដោះស្រាយសិន មុនឈូសឆាយផ្ទះ និងដំណាំ របស់ពលរដ្ឋ។ ប៉ុន្តែ អាជ្ញាធរមិនយល់ព្រមទេ និងមិនបានឆ្លើយតបផ្លូវការលើសំណើរបស់ពលរដ្ឋនោះឡើយ។ ក្នុងលិខិតជូនដំណឹង ចុះថ្ងៃទី២០ វិច្ឆិកា អាជ្ញាធរអះអាងថា ការឈូសកម្ទេចទ្រព្យសម្បត្តិទាំងឡាយ នឹងធ្វើឡើងតាមការកំណត់ នៅដើមខែធ្នូ ហើយប្រសិនបើពលរដ្ឋ មិនព្រមរុះរើតាមការកំណត់មុនខែធ្នូទេ អាជ្ញាធរ នឹងមិនផ្ដល់សំណងឡើយ នៅពេលដាក់គ្រឿងចក្រចុះរុះរើ។
អាជ្ញាធរក៏ព្រមានថា នឹងប្រើវិធានការច្បាប់ ប្រសិនបើពលរដ្ឋ ហ៊ានធ្វើសកម្មភាពរារាំងអាជ្ញាធរ នៅពេលចុះអភិវឌ្ឍផ្លូវល្បឿនលឿននោះ។ តែយ៉ាងណា អាជ្ញាធរបើកផ្លូវឲ្យពលរដ្ឋប្ដឹងទៅតុលាការបើមិនពេញចិត្តនឹងវិធានការរបស់អាជ្ញាធរ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់អាស៊ីសេរី ថ្ងៃទី១២ ធ្នូ ថា អាជ្ញាធរ នៅតែគិតគូរដល់ពលរដ្ឋរងផលប៉ះពាល់ និងនៅតែផ្ដល់សំណងឲ្យតាមការវាយតម្លៃរបស់ក្រុមហ៊ុនឯករាជ្យ ដែលចុះវាយតម្លៃកន្លងមក។ លោកអះអាងថា ការវាយតម្លៃផ្ដល់សំណងគឺសុក្រឹត្យ ហើយពលរដ្ឋច្រើនលើសលប់ បានទទួលយករួចហើយ៖ «យើងខិតខំរុញឲ្យលឿន ឲ្យទាន់ធ្វើម្ដេច ឲ្យតែគាត់យល់ព្រមទទួលយក សំណងតាមអ្វីដែលយើង set (គោលការណ៍) តាមក្រុមការងារឯករាជ្យដែលគេចុះធ្វើហ្នឹង។ គាត់យកតាមហ្នឹង យើងប្រគល់ជូនគាត់ហើយ ឲ្យតែគាត់ចូលរួមជាមួយយើង។ បើគាត់ចង់បានលឿន គ្រាន់តែគាត់ចូលរួមជាមួយអាជ្ញាធរទៅ។ បើគាត់អត់ព្រមចូលរួម តើយើងធ្វើម្ដេចធ្វើម្ដេចធ្វើបានលឿន។ បាទ! យើងធ្វើយ៉ាងណា ដើម្បីឲ្យគាត់ទទួលយកអ្វី តាមទីផ្សារសេរី ទាំងដី ទាំងដើមឈើ ទាំងអស់ហ្នឹង»។
ផ្ទុយពីការអះអាងនេះ សង្គមស៊ីវិលឃ្លាំមើលសិទ្ធិមនុស្ស ហៅការផ្ដល់សំណងនេះ ថា មិនសមរម្យ ទើបពលរដ្ឋមិនអាចទទួលយកបាន និងហៅការឈូសកម្ទេចផ្ទះពលរដ្ឋ ថា ជាការបណ្តេញចេញដោយបង្ខំដែលជាទង្វើរំលោភសិទ្ធិមនុស្ស។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត សង្កេតឃើញថា វិបត្តិដីធ្លីនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយវិវត្តន៍កាន់តែអាក្រក់ទៅ។ លោក ថា វិវាទដីធ្លីស្ទើរគ្រប់កន្លែង គឺអាជ្ញាធរ មិនបានផ្ដល់ដំណោះស្រាយប្រសើរសម្រាប់ពលរដ្ឋឡើយ មានតែការដាក់គោលការណ៍បង្ខំ ឲ្យទទួលយក និងបណ្ដេញចេញដោយបង្ខំ។
អ្នកឃ្លាំមើលសិទ្ធិដីធ្លីរូបនេះ បន្តថា ការរុញឲ្យពលរដ្ឋប្ដឹងអាជ្ញាធរតាមផ្លូវតុលាការ ជារឿងអវិជ្ជមានសម្រាប់ពលរដ្ឋ និងមិនបានឈ្នះអាជ្ញាធរឡើយ។ លោកថា ផលលំបាកនៃការរំលោភសិទ្ធិដីធ្លីទាំងឡាយ នឹងធ្លាក់លើពលរដ្ឋ។ លោកថា ការមិនព្រមដោះស្រាយឲ្យមានសំណងសមរម្យគឺជាការបង្ខំឲ្យពលរដ្ឋដើរចេញ ទាំងទឹកភ្នែក ដោយគ្មានជម្រើស៖ «អ៊ីចឹង បានថា សរុបសេចក្ដីមកវិញ ប្រជាពលរដ្ឋបច្ចុប្បន្ននេះ ខ្ញុំឃើញដំណោះស្រាយដីធ្លីធ្លាក់ចុះមែនទែន។ ប្រជាពលរដ្ឋហ្នឹង គាត់តែងតែសម្ដែងនូវការអស់សង្ឃឹមមិនដឹងទីពឹងអ្នកណា។ រាល់ថ្ងៃគាត់ស្រែកចុះស្រែកឡើង ស្រែកទៅ នាយករដ្ឋមន្ត្រី ដូចទេវតា គាត់អត់លឺ។ តែមិនដឹងធ្វើម្ដេច មានតែស្រក់ទឹកភ្នែក ដើរចេញ»។
រដ្ឋាភិបាល កំពុងសាងសង់ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា និងចំណាយថវិកាសាងសង់សរុបប្រមាណពីរពាន់លានដុល្លារអាមេរិក។ គម្រោងនេះសាងសង់ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់របស់រដ្ឋចិន (CRBC) ហើយគ្រោងបញ្ចប់សាងសង់នៅខែកញ្ញា ឆ្នាំ២០២២។
គិតត្រឹមខែវិច្ឆិកា ផ្លូវល្បឿនលឿន សាងសង់សម្រេចបានជិត៣០ (២៧%) ភាគរយហើយ។ គេហទំព័រក្រសួងសាធារណការនិងដឹកជញ្ជូន ចុះផ្សាយថា ក្រុមហ៊ុនចិន នឹងខិតខំសាងសង់ឲ្យបានចប់តាមផែនការនៅខែកញ្ញា ឆ្នាំ២០២២ ហើយរដ្ឋាភិបាល កំពុងចរចាជាមួយក្រុមហ៊ុនវិនិយោគមួយទៀត ដើម្បីសាងសង់ផ្លូវល្បឿនលឿនខ្សែទី២ ពីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។