ព័ត៌មានជាតិ | វប្បធម៌
លោក សូរ្យ ជ័យឧត្ដម |១៤ ធ្នូ ២០២០ |ម៉ោង ១៣:៥០
VOD

ភ្ញៀវទេសចរធ្វើដំណើរទស្សនាប្រាសាទអង្គរវត្ត កាលពីខែតុលា ឆ្នាំ២០១៨។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាលរបស់លោកប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិរក្សតំបន់រមណីយដ្ឋានអង្គរ ដោយថា អង្គរវត្តជាគោលដៅទេសចរណ៍លេខ១លើពិភពលោក។
លោកនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ បានលើកឡើងបែបនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃនេះ ចំខួប ២៨ឆ្នាំ នៃថ្ងៃដែលរមណីយដ្ឋានអង្គររបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន រៀបរាប់ថា៖ «រដ្ឋាភិបាលកម្ពុជាបានបេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ»។
សំណេរលើទំព័រហ្វេសប៊ុករៀបរាប់បន្តថា៖ «បច្ចុប្បន្ន អង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍លេខ១នៅលើពិភពលោក ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់មកទស្សនា និងបានស្គាល់ពីសម្បត្តិវប្បធម៌ប្រទេសកម្ពុជា»។
តំបន់អង្គរវត្តដែលប្រមូលទៅដោយប្រាង្គប្រាសាទជាង ១ ០០០ នៅក្នុងខេត្តសៀមរាប ត្រូវបានចាត់ថ្នាក់ជាតំបន់ទាក់ទាញទេសចរណ៍លំដាប់ទី១ នៅក្នុងបញ្ជីតំបន់ទេសចរណ៍៥០០កន្លែងនៅលើពិភពលោក របស់ទស្សនាវដ្ដី Lonely Planet កាលពីឆ្នាំ២០១៥កន្លងមកនេះ។
តួលេខរបស់គ្រឹះស្ថានអង្គរ បង្ហាញថា ភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ មានចំនួនជាង២លាន៥៩ម៉ឺននាក់ កាលពីឆ្នាំ២០១៨ ដោយមានកំណើន៥,៤៥ភាគរយ បើធៀបនឹងតួលេខនៅឆ្នាំ២០១៧ ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិចូលទស្សនាតំបន់បេតិកភណ្ឌមួយនេះ បានធ្លាក់ចុះមកនៅត្រឹមជាង២លាន២០ម៉ឺននាក់វិញ កាលពីឆ្នាំ២០១៩កន្លងមកនេះ ដោយបានធ្លាក់ចុះ១៤,៨៦ភាគរយបើធៀបនឹងមួយឆ្នាំមុន។
សម្រាប់ឆ្នាំ២០២០ ដែលពិភពលោកប្រឈមមុខនឹងការវាយប្រហារពីជំងឺកូវីដ១៩នោះ ភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់អង្គរក្នុងរយៈពេល១១ខែកន្លងមកនេះ បានធ្លាក់ចុះដល់ទៅ៧៩,៩៩ភាគរយ បើធៀបនឹងតួលេខក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះជាយ៉ាងណា តំបន់រមណីយដ្ឋានអង្គររបស់កម្ពុជា មិនស្ថិតនៅក្នុងបញ្ជីតំបន់ទេសចរណ៍៥០កន្លែងនៅលើពិភពលោកដែលមានភ្ញៀវទេសចរចូលទស្សនាច្រើនបំផុតនោះឡើយ។
ក្នុង បញ្ជីរបស់ទស្សនាវដ្ដី Travel & Leisure របស់អាមេរិក តំបន់ផ្សារបុរាណ Grand Bazaar ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ជាប់ចំណាត់ថ្នាក់លេខ១ ជាតំបន់ដែលទទួលបានភ្ញៀវទេសចរច្រើនបំផុត រហូតដល់ជាង៩១លាននាក់ក្នុងមួយឆ្នាំ ខណៈសំណង់ប្រាសាទបុរាណ Taj Mahal របស់ឥណ្ឌា ស្ថិតនៅចំណាត់ចុងក្រោយគេនៃបញ្ជីនោះ ដែលមានភ្ញៀវទេសចរចូលទស្សនាចន្លោះពី៧ទៅ៨លាននាក់ក្នុងមួយឆ្នាំៗ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
I knew who was KBOTH CHEATH it was that evil monster how can this evil take Cambodian treasury as the income from ANKOR to be rich or to holding his powers . I knew it is shameful to that evil toward their blood nation