ជម្លោះព្រំដែន | ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
លោក ញឹម សុខន |១៤ ធ្នូ ២០២០ |ម៉ោង ១៨:០៦
VOD

ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រឃុំប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តរតនគិរី-Provincial administration of Ratanakiri)
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា ខេត្តភាគឦសានរបស់កម្ពុជា នឹងប្រឈមមុខនឹងអសន្តិសុខព្រំដែននិងលំហូរជនជាតិវៀតណាម មករស់នៅស្របច្បាប់បន្ថែមទៀតនៅទឹកដីកម្ពុជា បើរដ្ឋាភិបាលមិនដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ។
ចលនានិស្សិត លើកឡើងបែបនេះ ៥ថ្ងៃក្រោយពីមេដឹកនាំកម្ពុជាបានអនុម័តលើឯកសារមួយចំនួនស្តីពីការអនុវត្តផែនការមេ ជំរុញដល់ការពន្លឿនការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម សម្រាប់ឆ្នាំ២០២០-២០៣០។
ចលនាមួយនេះ និយាយក្នុង សេចក្តីថ្លែងការណ៍ នៅថ្ងៃនេះថា គម្រោងអភិវឌ្ឍន៍ជាប់ព្រំដែននៃប្រទេសទាំង៣ ជាគ្រោះអាសន្នទៅថ្ងៃអនាគតសម្រាប់ប្រទេសកម្ពុជា ដូចជា អសន្តិសុខព្រំដែន លំហូរជនជាតិវៀតណាមចូលកាន់កាប់ខេត្តទាំងបួននៅភាគឦសាន និងការបាត់បង់ធនធានធម្មជាតិដូចជាព្រៃឈើ រ៉ែ ជាដើម។
កិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណ ត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ១៩៩៩ សំដៅដល់ការអភិវឌ្ឍលើ១៣ខេត្ត ក្នុងនោះ កម្ពុជាបានដាក់បញ្ចូលខេត្ត៤នៅភាគឦសាន រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី មានប្រជាជនប្រមាណជា៥០ម៉ឺននាក់ ខណៈប្រទេសឡាវវិញ បានដាក់បញ្ចូលខេត្ត៤ រួមមាន ខេត្តអាតាពើ ចំប៉ាសាក់ សាលាវ៉ាន់ សេកុង មានប្រជាជនប្រមាណ៧០ម៉ឺននាក់ ហើយវៀតណាម បានដាក់បញ្ចូលខេត្តចំនួន៥ គឺខេត្តយ៉ាឡាយ កនតុម ដាឡាត់ ដាណាង និងប៊ិញភឿក មានប្រជាជន៧លាននាក់។
ប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល និយាយបន្ថែមថា ការអភិវឌ្ឍរួមគ្នានៅតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយវៀតណាម ស្របគ្នាទៅនឹងការគ្រប់គ្រងរដ្ឋរបស់កម្ពុជាបច្ចុប្បន្ន នៅមានកម្រិតទាប មានអំពើពុករលួយច្រើន រួមទាំងជម្លោះនយោបាយមិនទាន់ត្រូវបានដោះស្រាយផងនោះ លោកថា កម្ពុជាអាចនឹងជាន់ដានចាស់នៃការបាត់បង់ទឹកដីទៅប្រទេសជិតខាងមួយនេះ។
លោក ទូច វិបុល និយាយថា៖ «យើងដឹងទាំងអស់គ្នាហើយថា កម្ពុជាតែងតែធ្វើការអះអាងនានា ប៉ុន្តែយើងឃើញលទ្ធផលជាក់ស្តែង កម្ពុជាតែងតែទទួលរងនូវការបាត់បង់ទឹកដីរបស់ខ្លួន ដោយសារតែមហិច្ឆតារបស់យួន គឺជាប់មិនដាច់ទេក្នុងការលេបត្របាក់ទឹកដីខ្មែរយើង»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានច្រានចោលការលើកឡើងបែបនេះ ដោយចាត់ទុកថា ជាការលើកឡើងគួរឱ្យខ្មាសអៀនមួយ ខ្វះការសិក្សាស្រាវជាវក្នុងនាមជានិស្សិត។
លោកគូសបញ្ជាក់ថា ការអភិវឌ្ឍនៅតំបន់ត្រីកោណ គ្មានហានិភ័យដល់ព្រំដែនទេ តែវាបានជំនួសមកវិញនូវតំបន់សេដ្ឋកិច្ចពិសេស ផ្លាស់ប្តូរទំនិញ ព្រោះកម្ពុជាបានកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយវៀតណាមបានជាង៨០ភាគរយហើយ។
លោក ផៃ ស៊ីផាន ប្រាប់ថា៖ «ឧទាហរណ៍ជាក់ស្តែង យើងបាន [បោះបង្គោលបាន] ៨៤ភាគរយ រួចស្រេចទៅហើយ។ ជាមួយឡាវ ក៏យើងមានដែរ។ អាហ្នឹង យើងរក្សាស្ថិរភាពហើយ និងកិច្ចសហប្រតិបត្តិការបង្កើតបាននូវខ្សែខណ្ឌសីមាដែលជាដែនអធិបតេយ្យភាពរបស់យើង»។
កិច្ចព្រមព្រៀងនេះ ត្រូវបានសភាកម្ពុជាអនុម័តយល់ព្រមអំឡុងដើមឆ្នាំ២០១៨ ដែលពេលនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានឡើងការពារថា វាជាការបង្កើនសកម្មភាពពាណិជ្ជកម្ម សម្រួលបម្លាស់ទីទំនិញនៃប្រទេសទាំងបីក្នុងតំបន់ត្រីកោណ និងបង្កើនលក្ខខណ្ឌអនុគ្រោះ ដើម្បីសម្រួលដល់លំហូរពាណិជ្ជកម្មនិងវិនិយោគ។
អ្នកសិក្សាស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា បើគេមើលពីមុំសេដ្ឋកិច្ច ការអភិវឌ្ឍនេះ ជាតំបន់សេដ្ឋកិច្ចសម្រាប់ប្រទេសទាំង៣ តែបើគេមើលមុំនយោបាយវិញ បញ្ហាវានឹងលេចឡើងនូវក្ដីបារម្ភដូចក្រុមលោក ទូច វិបុល ព្រោះការអនុវត្តច្បាប់អន្តោប្រវេសន៍កន្លងទៅ ត្រូវបានភាគីម្ខាងមើលឃើញថា គ្មានប្រសិទ្ធភាពនិងពុករលួយ។
លោក សេង សារី ប្រាប់ថា៖ «ជាដំណោះស្រាយ ខ្ញុំមើលឃើញថា ការអនុវត្តច្បាប់អន្តោប្រវេសន៍ដែលយើងមានស្រាប់ហ្នឹងឱ្យមានប្រសិទ្ធភាព ធ្វើម៉េចធ្វើឱ្យប្រជាជននិងអ្នកនយោបាយហ្នឹងមានអារម្មណ៍ស្ងប់ ទី១។ ទី២ អាតម្លាភាពនៃការអនុវត្តច្បាប់ហ្នឹង ត្រូវកាត់បន្ថយអំពើពុករលួយ។ ជួនកាលអន្តោប្រវេសន៍មួយចំនួន គ្រាន់តែបង់លុយឱ្យអាជ្ញាធរតាមព្រំដែនហ្នឹង ក៏គាត់អាចចូលមកបានដែរ។ កត្តាទាំងអស់នេះ វាបានធ្វើឱ្យមានការព្រួយបារម្ភ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់សមភាគីឡាវនិងវៀតណាម កាលពីថ្ងៃពុធសប្ដាហ៍មុនថា កម្ពុជាបានវិនិយោគនូវទឹកប្រាក់ដល់ទៅ ៣,១៤៦ពាន់លានដុល្លាររួចហើយ គិតមកដល់ត្រឹមខែតុលាឆ្នាំនេះ ដែលទឹកប្រាក់នេះត្រូវបានវិនិយោគទៅលើគម្រោង ៨៦ នៅក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
come on Cambodia YOUN call Vietnamese or Vietcong want more land be nice to them OK . if Cambodian just need land to put their ten to live just like HUN SEN villas just kick them out to live some where or run away to live and work in Thailand