សុខភាព
15 ធ្នូ 2020
ហ៊ុល រស្មី
វីអូអេខ្មែរ

ភ្នំពេញ — លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានប្រកាសថា កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ប្រមាណ១លានដូស ប៉ុន្តែលោកថា វ៉ាក់សាំងនេះ ត្រូវតែទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។
ថ្លែងទៅកាន់ប្រជាពលរដ្ឋខ្មែរ ដែលមានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា (TVK) និងទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃអង្គារនេះ លោក ហ៊ុន សែន មានប្រសាសន៍ថា រហូតមកដល់ពេលនេះ លោកមិនទាន់អាចបញ្ជាក់បានទេថា វ៉ាក់សាំងដែលត្រូវនាំយកមកកម្ពុជានោះ ផលិតដោយប្រទេសណា និងមកដល់កម្ពុជានៅពេលណាទេ។ ក៏ប៉ុន្តែលោកថា កម្ពុជានឹងផ្អែកតាម យន្តការកូវ៉ាក់ (Covax) ដើម្បីទិញវ៉ាក់សាំងចាក់ឲ្យពលរដ្ឋកម្ពុជាដោយមិនគិតប្រាក់។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «រៀបចំតាមរយៈយន្តការកូវ៉ាក់សម្រាប់២០ភាគរយ ធ្វើលិខិតស្នាមរួចអស់ហើយ ទិញថែមតាមរយៈកូវ៉ាក់…១លានដូសក៏បានបញ្ជាទិញរួចហើយ តែត្រង់ថាមកដល់ពេលណា ខ្ញុំឆ្លើយអត់ទាន់បាន ព្រោះសុំបញ្ជាក់ថា កម្ពុជាទទួលទិញតែវ៉ាក់សាំងរបស់ប្រទេសណាដែលមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ កម្ពុជានឹងមិនយកពលរដ្ឋរបស់ខ្លួនធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុន ឬប្រទេសណានោះទេ»។
កូវ៉ាក់ គឺជាមជ្ឈមណ្ឌលនៃក្រុមអ្នកស្រាវជ្រាវរកការផលិត និងអភិវឌ្ឍមធ្យោបាយធ្វើតេស្ត និងបង្កើតឲ្យមានភាពដែលអាចទទួលបានដោយសមធម៌នូវការព្យាបាលជំងឺកូវីដ១៩ និងវ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ។ អង្គការសុខភាពពិភពលោក ក៏ជាផ្នែកមួយនៃក្រុមអ្នកស្រាវជ្រាវនេះដែរ ហើយកម្ពុជា គឺប្រទេសមួយក្នុងចំណោមប្រទេសមានចំណូលទាបចំនួន៩២ ដែលទទួលបានការគាំទ្រពីមជ្ឈមណ្ឌលនេះ។ កូវ៉ាក់បានសន្យាថា នឹងផ្តល់វ៉ាក់សាំងឲ្យកម្ពុជា២០ភាគរយនៃប្រជាជនសរុប។
នៅក្នុងការថ្លែងរយៈពេលជិត៤ម៉ោង លោក ហ៊ុន សែន លើកឡើងថា បើមិនមានវ៉ាក់សាំងដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកទេ ការប្រើប្រាស់ម៉ាស់ត្រូវតែបន្ត និងបង្កើនវិធានការការពារ ជាជាងយកវ៉ាក់សាំងពីបណ្តាប្រទេសដែលបានដាក់វ៉ាក់សាំងរបស់ខ្លួនឲ្យប្រើប្រាស់ តែមិនមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
លោកបន្ថែមថា៖ «អ៊ីចឹង សុខចិត្តរង់ចាំ អង្គុយរង់ចាំ ហើយសុខចិត្តពាក់ម៉ាស់។ អង្គុយរង់ចាំប្រសើរជាងភាពមិនច្បាស់លាស់»។
បើតាមលោក ហ៊ុន សែន ប្រទេសដែលបានផលិតវ៉ាក់សាំង និងដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងទាំងនោះ រួមមានចិន រុស្សី សហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ជាដើម។
លោកបញ្ជាក់ទៀតថា ការទទួលស្គាល់ជាអន្តរជាតិទៅលើវ៉ាក់សាំងរបស់ប្រទេសណាមួយនោះ អាចនឹងធ្វើឡើងក្នុងខែមករាខាងមុខ។ លោកក៏សូមអភ័យទោសចំពោះប្រទេសនានា ដែលកម្ពុជាមិនព្រមយកវ៉ាក់សាំងដែលផលិតរួចហើយ តែគ្មានការទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោក។
លោក ហ៊ុន សែន ថ្លែងថា៖ «និយាយយ៉ាងដូច្នេះ សូមអភ័យទោសពីប្រទេសនានា ក្រែងគេថាម៉េច អញមិនទាន់បាន គេក៏មិនទាន់ទទួលស្គាល់ អញយកទៅចាក់ហើយ បែរជាថាធ្វើតេស្ត មិនមែនទេ តែនេះគឺករណីដាច់ដោយឡែករបស់កម្ពុជាតែប៉ុណ្ណោះ»។
កាលពីសប្តាហ៍មុន ប្រធានផ្នែកកិច្ចការនយោបាយស្ថានទូតចិន លោក Wang Dexin បានបង្ហើបឲ្យដឹងថា មន្ត្រីទូតចិនកំពុងធ្វើការទំនាក់ទំនងជាមួយភាគីកម្ពុជា ទាក់ទងនឹងវ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩ ផលិតដោយប្រទេសចិន។ ក៏ប៉ុន្តែក្រុមមន្ត្រីសុខាភិបាលកម្ពុជា មិនមានការបំភ្លឺណាមួយទៅលើទំនាក់ទំនងនេះទេ។
លោក ទឹម វរ៉ា នាយកប្រតិបត្តិគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាពប្រាប់ VOA ថា ការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក មានភាពចាំបាច់ ដើម្បីធានាថា វ៉ាក់សាំងដែលយកមកប្រើនោះ មិនបង្កហានិភ័យដល់សុខភាពរបស់ពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «យើងត្រូវទិញឱសថណាដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកចឹង បានយើងយកមកប្រើប្រាស់ជាផ្លូវការបាន ហើយគេមានការធានាត្រឹមត្រូវ។ នៅពេលណាដែល WHO គាត់ទទួលស្គាល់ បានន័យថា គេមានការធ្វើតេស្តអីត្រឹមត្រូវ ជឿជាក់ច្រើន»។
លោកបង្ហាញជំនឿថាមន្ត្រីសុខាភិបាលកម្ពុជា បានត្រៀមរួចរាល់ក្នុងប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នេះ ដោយហេតុថានឹងមានការផ្តល់វគ្គបណ្តុះបណ្តាលដល់ក្រុមបុគ្គលិកសុខាភិបាលនៅពេលទទួលបានវ៉ាក់សាំង។
អង្គការសុខភាពពិភពលោកបានបង្ហើបឲ្យដឹងកាលពីសប្តាហ៍មុនថា វ៉ាក់សាំង ទំនងមកដល់កម្ពុជាដំបូងនៅខែមីនា ឆ្នាំ២០២១ខាងមុខ។ ក៏ប៉ុន្តែអង្គការអន្តរជាតិនេះ មិនបានបញ្ជាក់ពីប្រភពនៃវ៉ាក់សាំងថាផលិតចេញពីប្រទេសណាទេ។
លោក ហ៊ុន សែន លើកឡើងថា កម្ពុជាក៏បានត្រៀមបម្រុងថវិកាប្រមាណ១០០ ទៅ២០០លានដុល្លារ ដើម្បីឆ្លើយតបនឹងតម្រូវការវ៉ាក់សាំង បន្ថែមនឹងជំនួយចំនួនប្រមាណ៥៣៨លានដុល្លារ ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ ក្នុងនោះមានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារអភិវឌ្ឍន៍ជប៉ុន JICA។
បើតាមលោក ហ៊ុន សែន គិតត្រឹមថ្ងៃអង្គារទី១៥ ខែធ្នូ ថវិកាប្រមូលបានដើម្បីទិញវ៉ាក់សាំង មានប្រមាណ៤៨លានដុល្លារអាមេរិក៕
Finally Mr Hun Sen is changing his leadership style to become a leader who cares about people life ?. This is the time that all Cambodia people stand together to build our country and nobody loves our nation than Cambodian?? ourselves.
Cambodia is so rich and the devil leader is so smart . I knew this animal is so dump the rich nation like Cambodia UN will help and they will give this Vaccine for free but do not believe this evil he just acting to be Cambodian GOD of cause this nation just about no money to pay for HUN SEN’s personal military right now . HUN SEN worry about every one rising up and take him to face justice on what he has done to this nation.