សហគមន៍​មួយ​នៅ​ខេត្ត​បាត់ដំបង​ចិញ្ចឹម​ឃ្មុំ​យក​ទឹក​លក់​​ទទួល​បាន​ជោគជ័យ ក្រោយ​ពេល​សាកល្បង​អស់ ២ឆ្នាំ

ដោយ សេក បណ្ឌិត
2020-12-15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហគមន៍​មួយ​នៅ​ខេត្ត​បាត់ដំបង​ចិញ្ចឹម​ឃ្មុំ​យក​ទឹក​លក់​​ទទួល​បាន​ជោគជ័យ ក្រោយ​ពេល​សាកល្បង​អស់ ២ឆ្នាំ

សកម្មភាព​ប្រជាពលរដ្ឋ​​ចិញ្ចឹម​ឃ្មុំ នៅ​ឃុំ​ស៊ុង ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ២០២០។ រូប៖ ផ្ដល់​ដោយ​សហគមន៍​ចិញ្ចឹម​ឃ្មុំ​ភូមិ​កញ្ចាំង ឃុំ​ស៊ុង ស្រុក​សំឡូត ខេត្ត​បាត់ដំបង


ប្រជាពលរដ្ឋ​​មួយ​ក្រុម​នៅ​ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង​បង្កើត​សហគមន៍​ចិញ្ចឹម​ឃ្មុំ​​ផលិត​យក​ទឹក​លក់​​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​ ដោយ​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​។​ ពលរដ្ឋ​ទាំង​នេះ​ទទួល​បាន​ជោគជ័យ​ បន្ទាប់​ពី​ពួកគាត់​សាកល្បង​ចិញ្ចឹម​​ឃុំ​អស់​​រយៈ​ពេល​ប្រមាណ​ ២ឆ្នាំ​។ ​តើ​ពលរដ្ឋ​ទាំង​នោះ​ចិញ្ចឹម​ឃ្មុំ​ដោយ​របៀបណា​​ទើប​បាន​ជោគជ័យ​បែប​នេះ​?

សហគមន៍​ចិញ្ចឹម​ឃុំ​នេះ ​ស្ថិត​នៅ​ក្នុង​​ភូមិ​កញ្ចាំង​ ឃុំ​ស៊ុង ស្រុក​សំឡូត​ ដែល​មាន​ចំងាយ​ប្រមាណ​ ៦០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​បាត់ដំបង។ ពលរដ្ឋ​មាន​គ្នា​ ៣​នាក់​​​បាន​សហការ​គ្នា​ចិញ្ចឹម​ឃ្មុំ​តាំង​ពី​ចុង​ឆ្នាំ​២០១៨​ រហូត​មក​ ​បន្ទាប់​ពី​ពួកគេ​បាន​រៀនសូត្រ​​ជា​មួយ​​អង្គការ​អឹមជេភី (M.J.P) របស់​តារាភាពយន្ត​ លីវូដ (Hollywood) អ្នកស្រី អែន​ជេលីណា ជូលី Angelina Jolie ដែល​បាន​​ណែនាំ​ពួកគាត់​ឱ្យ​ចេះ​វិធី​ចិញ្ចឹម​ឃ្មុំ​ជា​លក្ខណៈ​​គ្រួសារ​នេះ​ឡើង។

​​​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​កញ្ចាំង​ លោក​ស្រី​ ជ័យ​ រ៉ង​ ថ្លែង​ថា ​​ពួក​លោក​ស្រី​​សហការ​គ្នា​ ៣នាក់​​ចិញ្ចឹម​ឃ្មុំ​​ចំនួន ​២០​កេស​ ដោយ​ចំណាយ​អស់​ដើម​ទុន​​ប្រហែល​ ២ពាន់​ដុល្លារ​អាមេរិក។​លោក​បន្ត​ថា ​​​​​ថវិកា​មួយ​ចំនួន​​អង្គការ​អឹមជេភី (M.J.P)​​ ឱ្យ​ខ្ចី​ធ្វើ​ដើម​ទុន​​ និង​មួយ​ចំនួន​ទៀត​​ជា​​ប្រាក់​ផ្ទាល់​ខ្លួន​របស់​ពួក​លោក​ស្រី​។ លោក​ស្រី​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​ពូក​លោក​ស្រី​​ប្រមូល​ផល​ទឹក​ឃ្មុំ​​បាន ​៨០​លីត្រ ​បន្ទាប់​ពី​ពួក​គាត់​​បាន​សាកល្បង​​​ចិញ្ចឹម​ឃ្មុំ​អស់​រយៈ​ពេល​ប្រហែល​ ២​ឆ្នាំ​​រួច​មក​។​ លោក​ស្រី​​ប្រាប់​ថា ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​​ពួក​លោក​ស្រី​ផលិត​ទឹក​ឃ្មុំ​បាន​ច្រើន​ ដោយសារ​តែ​ពួក​គាត់​​​​សាកល្បង​ចិញ្ចឹម​ឃ្មុំ​​​ជា​បន្ត​បន្ទាប់​មក​ ជា​ពិសេស​គឺ ​​ចេះ​​រក​កន្លែង​​​​​ដើម​ឈើ​​ដែល​មាន​ផ្កា​ល្អ​ដើម្បី​​ឱ្យ​ឃ្មុំ​ផលិត​ទឹក​​​​ឃ្មុំ​បាន​ច្រើន៖ «យើង​ខ្លាច​ស្រមោច​ខ្លាច​អង្ក្រង​អី​ដែរ​ ប៉ុន្តែ​ឧស្សាហ៍​មើល​វា​ កុំ​ឱ្យ​វា​មាន​អង្ក្រង​មាន​ឪម៉ាល់​ ហើយ​ដាក់​កន្លែង​ម្លប់​​កុំ​ឱ្យ​មាន​ពន្លឺ​ថ្ងៃ​ចំ​រន្ធ​វា​។​ ក្នុង​ចិត្ត​គិត​ថា ​ទោះ​បី​​វា​ជួប​នឹង​បញ្ហា​ខ្លះ​​ក៏​ដោយ​ក៏​ចេះ​តែ​ប្រឹង​ទៅ​ ដោយសារ​វា​ស្រួល​​ជាង​យើង​ដើរ​ឆ្ងាយ​ប្រៀបធៀប​​យើង​ដាំ​ចំការ​មួយ​ហិកតារ​ក៏​យើង​ដើរ​ដាំ​ឆ្ងាយ​ដែរ ហើយ​វា​ហត់​វា​ក្ដី​ទៀត»

លោក​ស្រី​ឱ្យ​ដឹង​ទៀត​ថា ​នៅ​ស្រុក​សំឡូត​មាន​ប្រជាពលរដ្ឋ​​ចិញ្ចឹម​ឃ្មុំ​ចំនួន ​១៨​គ្រួសារ​ ​បាន​បង្កើត​ជា​សហគមន៍​ចិញ្ចឹម​ឃ្មុំ​ ​ក្នុង​នោះ​ពួក​លោកស្រី​មាន​គ្នា​ ៣នាក់​ទទួល​បាន​ជោគជ័យ​ជាង​គេ។​លោក​ស្រី​និយាយ​ថា ការ​ទទួល​ផ្លែផ្កា​នេះ​ ដោយ​សារ​ពួកគាត់​សហការ​គ្នា​បាន​ល្អ​ គឺ​ឧស្សាហ៍​ថែ​សង្កេត​មើល​​ឃ្មុំ​ និង​យល់​​ពី​របៀង​​ជ្រើសរើស​ដើម​ឈើ​ដែល​មាន​ផ្កា​ល្អ​ដើម្បី​ដាក់​ចិញ្ចឹម​ឃ្មុំ​ឱ្យ​ឆាប់​ទទួល​បាន​​ផល​​​យ៉ាង​យូរ​ ១០​ថ្ងៃ​ប៉ុណ្ណោះ៖ «រដូវប្រាំង​ហ្នឹង​លឿន​ទេ​ ប៉ុន្តែ​​នៅ​ពេល​ចប់​រដូវ​តាង៉ែន​ ទាល់​តែ​យើង​រក​កន្លែង​ដាក់​ផ្សេង​ទៀត​ យើង​ដាក់​នៅ​ចម្ការ​ដំឡូងមី​ កៅស៊ូ​ អី​វិញ​។​ ​តែ​ដាក់​ក្នុង​ចម្ការ​កៅស៊ូ​អាច​យឺត​ជាង​តាង៉ែន​បន្តិច បើ​ចម្ការ​តាង៉ែន ១០ថ្ងៃ​បាន​កោះ​ម្ដង​ហើយ​។យើង​ខំ​ព្យាយាម​ថា​ ធ្វើ​អ្វី​មួយ​យើង​អត់​មើល​ថែ​វា​ក៏​អត់​បាន​សម្រេច​បាន​ជោគជ័យ​ដែរ​ អីចឹង​​ទាំង​ថែទាំ​​រួម​ផ្សំ​នឹង​យើង​ពេញ​ចិត្ត​វា​ យើង​ចេះ​តែ​ខំប្រឹង​ទៅ»

Bee_Keeping_in_Samlaut_120320_1.jpg
សកម្មភាព​ប្រជាពលរដ្ឋ​​ចិញ្ចឹម​ឃ្មុំ នៅ​ឃុំ​ស៊ុង ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ​អ្នក​ចិញចឹម​ឃ្មុំ

លោក​ស្រី​បន្ថែម​ថា ការ​ចិញ្ចឹម​ឃ្មុំ​នេះ​ផ្ដល់​ប្រយោជន៍​ទាំង​អ្នក​ចិញ្ចឹម​អាច​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន និង​ជួយ​ឱ្យ​ដើម​ឈើ​របស់​កសិករ​កាន់​ផ្លែ​បាន​ច្រើន ដោយ​សារ​តែ​ឃ្មុំ​បាន​ក្រេប​លំអង​ផ្កា​នៅ​ក្នុង​ចម្ការ។ ប្រជាពលរដ្ឋ​ទាំង​នេះ​​យក​កេះ​ឃុំ​ទៅ​ដាក់​ចិញ្ចឹម​នៅ​ក្នុង​​ព្រៃ​សហគមន៍​ដែល​ពួកគាត់​ការពារ និង​នៅ​តាម​ចម្ការ​តាង៉ែន និង​ដើម​ឈើ​ហូប​ផ្លែ​របស់​កសិករ​នៅ​ស្រុក​សំឡូត។

​កសិករ​ដាំ​តាង៉ែន​នៅ​ឃុំ​ស៊ុង​ម្នាក់ លោក គាន វ៉ាន់នី និយាយ​ថា តាង៉ែន​របស់​លោក​២​ហិកតារ​កាន់​ផ្លែ​បាន​ល្អ​ បន្ទាប់​ពី​​សហគមន៍​​បាន​ដាក់​ចិញ្ចឹម​ឃ្មុំ​នៅ​ទី​នោះ​​​ប្រមាណ ​១០​ថ្ងៃ​។ ​លោក​ប្រាប់​ថា ​កាល​ពី​មិនទាន់​មាន​​ការ​ចិញ្ចឹម​ឃ្មុំ​​​ចម្ការ​តាង៉ែន​របស់​លោក ​ផ្កា​​មិន​សូវ​កាន់​ផ្លែ​នោះ​ទេ​​ ​​ហើយ​​ចំណាយ​អស់​​ប្រាក់​​​ច្រើន​ដើម្បី​ទិញ​ថ្នាំ​បាញ់​ជំនួយ​​​ឱ្យ​​​មាន​ផ្លែ​ច្រើន៖ «ចម្ការ​ខ្ញុំ​ ដាក់​តែ​ម្ដង​ទេ​ ដល់​ពេល​​ខ្ញុំ​ចាប់​ផ្ដើម​បញ្ជា​ឱ្យ​បាន​ផ្កា​ចាំ​ខ្ញុំ​ហៅ​គាត់​មក​ដាក់​ទៀត​ ។​ព្រោះ​អី​កាល​លើក​មុន​ខ្ញុំ​មិន​ដែល​បាន​ទំនាក់ទំនង​បង្អូន​​ណា​ដែល​មាន​ឃ្មុំ​​ឃើញ​ថា​សហគមន៍​មាន​ឃ្មុំ​ខ្ញុំ​ឱ្យ​មក​ដាក់​ហ្នឹង​ មើល​ទៅ​លទ្ធផល​វា​ល្អ​គ្រាន់​បើ​ វា​បាន​ថែម​ក្ដឹប​ច្រើន​ វា​អាច​មាន​ផ្កា​ញី​វា​ច្រើន»

ទឹក​ឃ្មុំ​ដែល​ប្រជាពលរដ្ឋ​ផលិត​បាន​ភាគច្រើន​ពួកគាត់​លក់​នៅ​ក្នុង​សហគមន៍​តម្លៃ ៧ម៉ឺន​រៀល​ (៧០.០០០) ក្នុង​មួយ​លីត្រ និង​ចែកចាយ​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​បាត់ដំបង។

​ទាក់​ទង​​រឿង​នេះ​មេភូមិ​​កញ្ចាំង​ អ្នក​ស្រី ស៊ួ ហឿន​ ប្រាប់​អាស៊ី​សេរី​ថា ​ការ​ចិញ្ចឹម​ឃ្មុំ​នេះ​​​មាន​អត្ត​ប្រយោជន៍​​ច្រើន​ដល់​សង្គម​ មាន​ដូច​ជា​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​មាន​របរ​​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​ ដោយ​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ និង​ជួយ​ការពារ​ព្រៃឈើ​នៅ​តំបន់​នោះ​ឱ្យ​បាន​គង់វង្ស​។ ​​អ្នក​ស្រី​បន្ត​ថា ​​​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ដែល​អ្នក​ស្រី​គ្រប់​គ្រង​​មាន ២គ្រួសារ​បាន​ជោគជ័យ​​ពី​របរ​​ចិញ្ចឹម​ឃ្មុំ​នេះ​ ហើយ​អ្នក​ស្រី​​​​គាំទ្រ​​នឹង​ពលរដ្ឋ​ប្រកប​របរ​នេះ៖ «ឮ​សូរ​គាត់​មាន​សមាជិក​ច្រើន​ទៀត​ដែរ​ គ្រាន់​តែ​ខ្ញុំ​អត់​ទាន់​បាន​ជួប​ការ​ធ្វើ​របស់​​ពួក​គាត់​បាន​កម្រិត​ណា​ តែ​បើ​ពួក​ ២​នាក់​ហ្នឹង​ខ្ញុំ​ដឹង​ថា​ គាត់​បាន​ជោគជ័យ​។​ ឃើញ​អត់​ធ្វើ​​ដូច​ថា​ គាត់​ស្វះស្វែង​ដើរ​រក​កន្លែង​ដាក់​ឱ្យ​​ឃ្មុំ​វា​ផលិត​ទឹក​បាន​រាល់​ខែ​បោះ​គាត់​ដែរ​។ ខែ​ស្វាយ​គាត់​ទៅ​ដាក់​ចម្ការ​ស្វាយ​ទៅ ដល់​តាង៉ែន​​ដែល​គេ​ផ្កា​គាត់​ទៅ​ទាក់ទង​ជា​មួយ​ម្ចាស់​ចម្ការ​គេ គេ​ជួយ​មើល​ជួយ​ថែ​ឱ្យ​គាត់​ដែរ​ហ្នឹង»

គ្រូ​បង្គោល និង​ជា​បុគ្គលិក​អង្គការ​អឹមជេភី (M.J.P)​ម្នាក់ លោក កែវ សុធន់ ប្រាប់​អាស៊ី​សេរី​ថា លោក​នៅ​តែ​បន្ត​បង្រៀន​ពលរដ្ឋ​ទាំង​នោះ​ជា​រៀងរាល់​ខែ ដើម្បី​ឱ្យ​ពួកគាត់​ចេះ​ចិញ្ចឹម​ឃ្មុំ​ផលិត​ទឹក​បាន​ច្រើន​។​ ​លោក​បន្ត​ថា ពូជ​ឃ្មុំ​ដែល​ប្រជាពលរដ្ឋ​យក​ទៅ​ចិញ្ចឹម​នោះ​នាំ​ចូល​ពី​​ក្រៅ​ប្រទេស​ ហើយ​យក​មក​បង្កាត់​ជា​មួយ​ឃ្មុំ​ព្រៃ​នៅ​កម្ពុជា​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា គោល​បំណង​នៃ​ការ​បង្រៀន​ពលរដ្ឋ​នេះ ដោយសារ​ចង់​ឱ្យ​សហគមន៍​ការពារ​ព្រៃ​ឈើ​ទាំង​នោះ​មាន​ការងារ​ធ្វើ​រក​ប្រាក់​ចំណូល​ក្នុង​ព្រៃ​តំបន់​ពួក​គាត់​គ្រប់គ្រង​ ដើម្បី​ឱ្យ​ពួកគាត់​នៅ​ការពារ​ព្រៃ​ជាប់​លាប់ ​និង​ជួយ​​ឱ្យ​ដើម​ឈើ​ដំណាំ​ហូប​ផ្លែ​របស់​កសិករ​នៅ​តំបន់​នោះ​ហុច​ផល​បាន​ច្រើន។ លោក​បន្ត​ថា រដូវ​សំបូរ​ផ្កា​ឈើ​ ប្រសិន​បើ​ឃ្មុំ​កើត​ល្អ​​​​ឃ្មុំ​មួយ​កេស អាច​ប្រមូល​ផល​ម្ដង​បាន​ទឹក​ឃ្មុំ​ពី ៣ ទៅ ៥លីត្រ៖ «ទឹក​ឃ្មុំ​គាត់​ពាក្យ​ថា​ទឹក​ឃ្មុំ​ចិញ្ចឹម​តាម​ពិត ជា​ទឹក​ឃ្មុំ​ធម្មជាតិ​១០០​ភាគ​រយ​ ព្រោះ​មិន​បាន​ដាក់​សារធាតុ​គីមី​នៅ​ក្នុង​ហ្នឹង​ទេ​ ហើយ​មាន​យក​មក​លាយ​អី​ទេ។​​ទឹក​ឃ្មុំ​ហ្នឹង​យក​ពី​ចម្ការ​ភ្លាម គឺ​យើង​បាន​បង្រៀន​គាត់​​ក្នុង​ត្រង​ការ​ចម្រោះ​វគ្គ​ទី​១​ វគ្គ​ទី​២​ ហើយ​ច្រក​ជា​ដប​បិត​ជា​ផ្លាក​តែ​ម្ដង ហើយ​ដាក់​អាសយដ្ឋាន​របស់​គាត់​ ហើយ​គាត់​បាន​លក់​ជូន​ទៅ​ដល់​អតិថិជន​ដែល​បាន​កុម្ម៉ង់​ទិញ»

លោក​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃ​ក្រុម​ពលរដ្ឋ​ទាំង​នេះ​ចេះ​ផលិត​ពូជ​ឃ្មុំ​ដោយ​ខ្លួន​ឯង ដែល​ធ្វើ​ឱ្យ​ពួកគាត់​​ពង្រីក​​បរិមាណ​ឱ្យ​កាន់​ច្រើន​បាន​ ដោយ​ចំណាយ​អស់​ដើម​ទុន​តិច​ជាង​មុន​ ហើយ​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​មុខ។

អ្នក​ចិញ្ចឹម​ឃុំ​ទាំង​នោះ​រំពឹង​ថា ក្នុង​រដូវ​ប្រាំង​ឆ្នាំ​នេះ ក្រុម​របស់​ពួកគាត់​មាន​គ្នា ៣នាក់ នឹង​អាច​រក​ប្រាក់​ចំណូល​​បាន​ប្រមាណ ២ពាន់​ដុល្លារ (២.០០០) ក្នុង​មួយ​ខែ​ពី​របរ​ចិញ្ចឹម​ឃ្មុំ​នេះ។ ពួក​គាត់​គ្រោង​ពង្រីក​ការ​ចិញ្ចឹម​ឃ្មុំ​របស់​ខ្លួន​ឱ្យ​បាន​ច្រើន​កេស​បន្ថែម​ទៀត ដើម្បី​លក់​ទឹក​ឃ្មុំ​​រក​ប្រាក់​ចំណូល​ឱ្យ​បាន​កាន់តែ​ច្រើន ដោះ​ស្រាយ​ជីវភាព​គ្រួសារ ដោយ​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ចោល​ផ្ទះ​សម្បែង និង​អាច​ជួយ​ឱ្យ​ពួកគាត់​មាន​លទ្ធភាព​នៅ​ការពារ​ព្រៃឈើ​​ក្នុង​សហគមន៍​ឱ្យ​បាន​គង់វង្ស​ជាង​មុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles