ដោយ សេក បណ្ឌិត
2020-12-15
RFA

ផលិតផលស្រាស ដែលអាជ្ញធរប្រមូលបាន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។ រូប៖ នគរបាលជាតិ
អាជ្ញាធរខេត្តកំពង់ឆ្នាំង និងសមត្ថកិច្ចពាក់ព័ន្ធសម្រេចបិទកន្លែងផលិតស្រា និងកន្លែងស្តុកទុកលក់ ១ពាន់ ៦រយកន្លែង (១.៦០០) កាលពីថ្ងៃទី១៤ ធ្នូ ជាមួយគ្នានោះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបិតស្រា និងលក់ស្រាចំនួនជាង ១០នាក់ និងមនុស្សចំនួន ៦នាក់ផ្សេងទៀតត្រូវបញ្ជូនទៅតុលាការ។
អ្នកទាំងនោះ មានជាប់ពាក់ព័ន្ធនឹងការផលិតស្រាខុសច្បាប់ដែលបណ្ដាលឲ្យមនុស្ស ៨នាក់ស្លាប់ កាលពីអំឡុងចុងខែវិច្ឆិកាកន្លងទៅ។
កាសែតក្នុងស្រុក ដកស្រង់សម្ដីស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង គឺលោក អៀរ ប៊ុន ធឿន មកចុះផ្សាយនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឲ្យដឹងថា៖ ក្នុងពេលចុះត្រួតពិនិត្យទីតាំងផលិតស្រា ដែលសមត្ថកិច្ចសង្ស័យថា ធ្វើឡើងដោយខុសច្បាប់នោះ សមត្ថកិច្ចដកហូតស្រាចំនួនជិត ៤ពាន់ (៣៨៩៥) លីត្រ និងជាង ៥៣២កាន ឬពីដុង មេស្រាស ៧៥លីត្រ មេដំបែមួយកញ្ចប់ និងមេស្រាកាច់កន្លះលីត្រ។
លោក អៀរ ប៊ុន ធឿន បញ្ជាក់ឲ្យដឹងទៀតថា ក្រុមសមត្ថកិច្ចជំនាញបានរកឃើញសារធាតុនៅក្នុងស្រាស ស្រាថ្នាំទាំងនោះ មានជាតិមេតាណុលកម្រិត ១៤.១៥% ដែលជាកម្រិតមួយលើសពីធម្មតា ដែលច្បាប់ និងអ្នកជំនាញអនុញ្ញាតនោះ ជាច្រើនភាគរយ។
គេហទំព័រនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) របស់ក្រសួងពាណិជ្ជកម្ម កាលពីដើមខែធ្នូ បានឲ្យដឹងថា មន្ត្រីជំនាញសហការជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំ បានចុះទៅពិនិត្យនៅទីតាំងកើតហេតុ ស្ថិតក្នុងភូមិជីប៉្រង ឃុំជៀប ស្រុកទឹកផុស និងសិប្បកម្មផលិតស្រា ចំនួន ៨កន្លែងម្ដងរួចមកហើយ ដើម្បីយកសំណាកមកធ្វើតេស្ត ឬពិសោធ។
លទ្ធផលតេស្តបង្ហាញថា សំណាកស្រាស ៥គំរូ ក្នុងចំណោមសំណាក ១៦គំរូ មានផ្ទុកសារធាតុមេតាណុលចន្លោះពី ១០,៥ ទៅ ១៧,២៥ភាគរយ ដែលលើសពីកម្រិតអនុញ្ញាត ដែលមានត្រឹមតែ ០,១៥% ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។