លោក ហ៊ុន សែន សម្រេច​ឲ្យ​សិស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំ២០២០ ជាប់​ទាំង​អស់​ដោយ​គ្មាន​ការ​ប្រឡង

ដោយ វែន សុមេធ
2020-12-15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន សម្រេច​ឲ្យ​សិស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំ២០២០ ជាប់​ទាំង​អស់​ដោយ​គ្មាន​ការ​ប្រឡង

វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​នៅ​បន្ត​បិទ​ទ្វារ​នៅ​ឡើយ នៅ​ថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ២០២០ រូប៖ ពលរដ្ឋ


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត​ឲ្យ​សិស្ស​ថ្នាក់​ទី១២ ទាំង​អស់ ក្នុង​ឆ្នាំ​សិក្សា ២០១៩-២០២០ ជាប់​បាក់​ឌុប​ទាំង​អស់ ដោយ​មិនបាច់​ប្រឡង​នៅ​ដើម​ឆ្នាំ​ក្រោយ​នោះ​ទេ។ គ្រូបង្រៀន និង​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល គួរ​ធ្វើ​ការ​ស្ទាប់​ស្ទង់​មតិ​សាធារណជន​ទូទៅ​មួយ​ជា​មុន​សិន ដើម្បី​កុំ​ឲ្យ​រង​ការ​រិះគន់ និង​គុណភាព​អប់រំ​ធ្លាក់​ចុះ។

ការ​សម្រេច​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​ក្នុង​ការ​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គមហ្វេសប៊ុក រយៈពេល​ជិត​៤​ម៉ោង នៅ​ថ្ងៃ​ទី​១៥ ធ្នូ។ លោក​យក​ហេតុ​ផល​ថា ការមិន​ប្រឡង​ថ្នាក់​ទី១២ នេះ​ ដើម្បី​​បង្ការ​​ការ​​ឆ្លង​​ជំងឺ​​កូវីដ១៩ ក្នុង​​សហគមន៍។

លោក ហ៊ុន សែន លើក​ឡើង​ថា លោក​មិន​ខ្វល់​ពី​ការ​រិះគន់​ពី​ក្រុម​មនុស្ស​មួយ​ចំនួន​តូច​នោះ​ទេ ព្រោះ​ថា គ្មាន​ជម្រើស​អ្វី​ល្អ​ប្រសើរ​ជាង​នេះ​ឡើយ។ លោក​បញ្ជាក់​ថា​ រដ្ឋាភិបាល​ មិន​ទុក​ឲ្យ​​សិស្ស​ឆ្លង​ជំងឺ​កូវីដ-១៩ ដែល​អាច​កើត​ចេញ​ពី​ការ​រៀប​ចំ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​បាន​ឡើយ៖ «ខ្ញុំ​ពិត​ជា​ឃើញ​ការ​លំបាក ការមិន​បាន​ប្រឡង បែរ​ជា​អ្នក​នេះ​បាន​ជាប់​ អ្នក​នោះ​ធ្លាក់។ ខ្ញុំ​ឃើញ​ការ​លំបាក។ បើ​លំបាក​អ៊ីចឹង ឲ្យ​ជាប់​ទាំង​អស់​គ្នា​ម្ដង​ទៅ​ វា​ឆាប់​ចប់។ ដើម្បី​ឲ្យ​ក្មេង​សប្បាយ​ ហើយ​មួយ​ថ្ងៃ​ៗ ស្រ​ស្រាក់​ស្រ​ស្រាំ មួយ​ថ្ងៃ​ភ័យ​ ប្រឡង​ក៏​មក​ប្រឡង​មិន​ជាប់​ដែរ អា​ខ្លះ​វា​ភ័យ។ និយាយ​អ៊ីចឹង​​ថា​ ខ្ញុំ​លូកលាន់​កិច្ច​ការ​ប្រឡង​ឯណា​ទៀតហើយ។ ខ្ញុំ​ប្រមើល​ទុក​ជាមុន​នឹង​មាន​ប្រតិកម្ម​ហើយ យក​ស្អី​ធ្វើ​ម៉ែត្រ​វាស់ ​ប្រឡង​ឆមាស យក​មក​ធ្វើ​មូលដ្ឋាន។ គ្នា​ប្រឹង​រៀន​ណាស់ ប៉ុន្តែ​ដោយ​សារ​កូវីដ​នេះ»។

អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា លោក រស់ សុវាចា ប្រាប់​អាស៊ី​សេរី​ដោយ​ខ្លី​ថា ក្រសួង​គោរព​និង​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​លោក​បដិសេធ​មិន​ធ្វើ​ការ​បកស្រាយ​ទាក់​ទង​នឹង​ការ​ចាត់​និទ្ទេស​របស់​សិស្ស​ម្នាក់​ៗ​ ថា​ តើ​ត្រូវ​ពិនិត្យ​មើល​លើ​អ្វី​នោះ​ទេ៖ «ខ្ញុំ​សូម​ជម្រាប​ជូន​ថា​ ក្រសួង​អប់រំ​យុវជន​និង​កីឡា គោរព​ទទួល​អនុសាសន៍​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​សម្រាប់​ពិភាក្សា​ផ្ទៃ​ក្នុង​ក្រសួង​ រួច​នឹង​ជម្រាប​ជូន​ករណី​នេះ ក្នុង​ពេល​ឆាប់ៗ»។

គ្រូបង្រៀន​ម្នាក់ ក្នុង​ខេត្ត​តាកែវ លោក មាស ម៉ុង ឲ្យ​ដឹង​ថាសិស្ស​ភាគ​ច្រើន​ដែល​ប្រឹង​ប្រែង​រៀន​សូត្រ​ដើម្បី​ប្រឡង មិន​សប្បាយ​ចិត្ត​នឹង​ការ​សម្រេច​នេះ​ទេ រីឯ​សិស្ស​ដទៃ​ទៀត​ដែល​ចូល​ចិត្ត​ដើរ​លេង​ច្រើន បែរ​ជា​សាទរ​ចំពោះ​ការ​សម្រេច​ឲ្យ​ពួក​គេ​ជាប់​បាក់ឌុប​ដោយ​ស្វ័យប្រវត្តិ​ទៅ​វិញ។

លោក​បន្ត​ថា ត្បិត​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​ចូល​ក្នុង​សហគមន៍​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​ការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​នេះ អាច​ធ្វើ​ទៅ​បាន​ ប្រសិន​បើ​អនុវត្ត​ទៅ​តាម​វិធាន​អនាម័យ​របស់​ក្រសួង​សុខាភិបាល ដោយ​ពិនិត្យ​មើល​កម្ដៅ រក្សា​គំលាត​អង្គុយ​ប្រឡង​ក្នុង​បន្ទប់​ ហើយ​សិស្ស​ប្រឡង​នៅ​តាម​មណ្ឌល​រៀង​ៗ​ខ្លួន ដោយ​គ្មាន​ឆ្លង​ទៅ​មណ្ឌល​ផ្សេង។

គ្រូ​បង្រៀន​រូប​នេះ យល់​ថា​ការ​ឲ្យ​សិស្ស​ជាប់​ស្វ័យ​ប្រវត្តិ​បែប​នេះ អាច​ធ្វើ​ឲ្យ​គុណភាព​ការអប់រំ​ធ្លាក់​ចុះ៖ «និទ្ទេស​នេះ បើ​សិន​ជា​យក​ពិន្ទុ​ឆមាស គឺ​មាន​តែ​យក​សរុប​ចូល​គ្នា ហើយ​ចេញ​មក ឧទាហរណ៍​ថា ពិន្ទុ​សិស្ស​ហ្នឹង​៥០​ បើ​សិន​គាត់​បាន​ពិន្ទុ​៤៥​ ឲ្យ​គាត់​បាន​និទ្ទេស​អេ​អ៊ីចឹង​ទៅ។ បើ​មិន​កំណត់​និទ្ទេស​ទេ ឲ្យ​ជាប់​ធ្លាក់ ជា​រឿង​មួយ​ដូច​ពិបាក​ទទួល​យក​ណាស់។ ព្រោះ​សិស្ស​នៅ​តាម​សាលា​ វា​មាន​សិស្ស​ខ្លះ​ខ្លាំង សិស្ស​ខ្លាំង​ដូច​គ្នា។ សិស្ស​បើ​គាត់​ប្រឡង​ពិតប្រាកដ ក៏​គាត់​បាន​និទ្ទេស​អេ​ដែរ​ ដូច​ខ្ញុំ​នៅ​នេះ​វិញ គាត់​ខ្លាំងៗ ណាស់»។

កាល​ពី​ថ្ងៃ​ទី៨ ធ្នូ កន្លង​ទៅ ប្រធាន​សមាគម​គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា លោក ហេង វ៉ាន់ដា បាន​ស្នើ​សុំ​ក្រសួង​អប់រំ ​ឲ្យ​បេក្ខជន​ប្រឡង​បាក់ឌុប​ ជាប់​ដោយ​ស្វ័យប្រវត្តិ​ ឬ​យក​ពិន្ទុ​មធ្យម​ថ្នាក់​ទី​១២ ដើម្បី​កំណត់​ជាប់ ​ឬ​ធ្លាក់​ ដោយ​មិន​ចាំបាច់​ប្រឡង​ ព្រោះ​ភ័យ​ខ្លាច​អំពី​ការ​រាតត្បាត​​ជំងឺ​កូវីដ-១៩។

ទាក់​ទង​នឹង​រឿង​នេះ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មាន​ប្រសាសន៍ ការ​សម្រេច​ឲ្យ​សិស្ស​ជាប់​បាក់​ឌុប​ភ្លាម ៗ បែប​នេះ ហាក់​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​ណា​មួយ រវាង​ការ​សម្រេច​របស់​នាយករដ្ឋមន្ត្រី និង​ការសម្រេច​បែប​បច្ចេកទេស​របស់​ក្រសួង​អប់រំ​ថា តើ​គួរ​ប្រើ​យន្ត​ការ​អ្វី​ដើម្បី​កំណត់​និទ្ទេស​សិស្ស។

លោក​រំពឹង​ថា ក្រសួង​នឹង​នៅ​តែ​ឈរ​លើ​គោល​ការណ៍​កែ​ទម្រង់​ប្រព័ន្ធ​អប់រំ​ អស់​រយៈពេល​ជាង ៧ឆ្នាំ​កន្លង​មក​នេះ ក្រោម​ពាក្យ​ស្លោក​ថា “អ្នក​ចេះ គឺ​ជាប់” ដើម្បី​ផ្ដល់​យុត្តិធម៌​រវាង​សិស្ស​ខ្លាំង និង​សិស្ស​ខ្សោយ បើ​ទោះ​បី​ជា​ឆ្នាំ​សិក្សា​នេះ មិន​មាន​ការ​ប្រឡង​ក៏​ដោយ៖ «នៅ​ពេល​ដែល​មាន​ការ​បង្កើត​យន្តការ​បន្ទាន់​ណា​មួយ ដើម្បី​ឆ្លង​តប​ទៅ​ជាមួយ​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី គេ​ត្រូវ​ពិនិត្យ​មើល​ដែរ ថា​តើ​របៀប​នៃ​ការ​ឆ្លើយ​តប​បែប​បច្ចេកទេស​ពី​ក្រសួង​អប់រំ។ ហើយ​ទី២ ទុក​ពេល​វេលា​មួយ​សមរម្យ ដើម្បី​ស្វែង​យល់​ ចំណាប់​អារម្មណ៍​ឬ​ក៏​ការ​ចង់​បាន​របស់​សិស្ស​ពូកែ និង​សិស្ស​ដែល​រៀន​​កម្រិត​មធ្យម។ ពួក​គេ​មាន​ផ្នត់​គំនិត​ ឬ​ក៏​ការ​គិត​បែប​ណា​ដើម្បី​ឆ្លើយ​តប​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី។ ជា​ទម្រង់​នៃ​ការ​សម្រេច​ចិត្ត​មួយ​បែប​ការ​ចូល​រួម​ វា​ក៏​អាច​រួម​ចំណែក​នឹង​ផ្ដល់​តម្លៃ​សញ្ញាប័ត្រ​នៅ​ឆ្នាំ​នេះ​ផង​ដែរ»។

បើ​តាម​តួ​លេខ​ក្រសួង​អប់រំ​បង្ហាញ​ថា បេក្ខជន​ដែល​ត្រូវ​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំ​នេះ មាន​ចំនួន​ជាង ១២​ម៉ឺន​នាក់ (១២១.២០១) ក្នុង​នោះ​បេក្ខនារី​មាន​ជាង ៦ម៉ឺន​នាក់ (៦៣.៩៣៧)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន សម្រេច​ឲ្យ​សិស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំ២០២០ ជាប់​ទាំង​អស់​ដោយ​គ្មាន​ការ​ប្រឡង"

  1. Anonymous says:

    HUN SEN can only make those young Cambodian LNGOUNG like him