កសិករ​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ត្អូញត្អែរ​អំពី​ផលដំណាំ​លក់​បាន​ថោក

ដោយ មួង ណារ៉េត
2020-12-16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កសិករ​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ត្អូញត្អែរ​អំពី​ផលដំណាំ​លក់​បាន​ថោក

បន្លែ​របស់​កសិករ​នៅស្រុក​ស្អាង ខេត្ត​កណ្ដាល Photo: RFA


ប្រជាកសិករ​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល ដែល​ប្រកប​មុខរបរ​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ដូចជា​ស្ពៃ និង​សណ្ដែក​ជាដើម​នោះ ត្អូញត្អែរ​អំពី​ការ​លក់​ផលដំណាំ​របស់​ពួកគាត់​បាន​តម្លៃ​ថោក ដោយសារ​ស្រេច​តែ​ឈ្មួញ​កំណត់​តម្លៃ ព្រោះ​គ្មាន​ទីផ្សារ​ច្បាស់លាស់​។ ក្រសួង​កសិកម្ម ថា បន្លែ​ចុះថោក និង​គ្មាន​ទីផ្សារ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ និង​ការ​ដាំដុះ​លើស​តម្រូវការ និង​មិន​អនុវត្ត​តាម​ស្តង់ដារ​បន្លែ​សុវត្ថិភាព។

កសិករ​នៅ​ភូមិ​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​ស្អាង ខេត្ត​កណ្ដាល​បាន​ដាំ​ដាំ​ណាំ​មួយ​ចំនួន រួមមាន​បន្លែ​ស្ពៃ​គ្រប់​ប្រភេទ ជី សណ្ដែក ព្រមទាំង​មើម​ប៉ិកួៈ និង​ឆៃថាវ​ជាដើម ដើម្បី​លក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។ ក៏ប៉ុន្តែ​កសិករ​នៅ​ស្រុក​ស្អាង តែងតែ​ត្អូញត្អែរ​ស្ទើ​រៀងរាល់​ឆ្នាំ​ថា ពួកគេ​មានការ​ពិបាក ព្រោះ​ផលដំណាំ​ទាំងនេះ លក់​មិនដែល​បាន​ថ្លៃ​នោះ​ទេ ដោយសារ​ការ​នាំ​ចូល​បន្លែ​ច្រើន​ហួសហេតុ​ពី​ប្រទេស​វៀតណាម។

កសិករ​មួយ​រូប​នៅ​ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង លោក ទិត រី ប្រាប់​អាស៊ីសេរី​ថា លោក បាន​ដាំ​ស្ពៃ ចង្កឹះ​លើ​ផ្ទៃដី​ជិត​កន្លះ​ហិកតារ ដោយ​សង្ឃឹមថា នឹង​លក់​បាន​តម្លៃ​ថ្លៃ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​នៅ​ពេល​ប្រមូល​ផល​ស្រាប់តែ​គ្មាន​ទីផ្សារ ហើយ​លក់​បាន​តម្លៃ​ថោក​ជា​ខ្លាំង​។ លោក ទ​ត រី បញ្ជាក់​ថា ស្ពៃ​ចង្កឹះ​មួយ​គីឡូ​លក់​បាន​តម្លៃ​ត្រឹម​៣​រយ​(៣០០)​រៀល ដូច្នេះ​មិន​អាច​រួច​ចំណាយ​ថ្លៃ​ដើមឡើយ​។ លោក​ថា ប្រសិនបើ​មួយ​គីឡូ​មានតម្លៃ​ចាប់ពី​១​ពាន់​រៀល​ទៅដល់ ១៥០០​រៀល​ទើប​អាច​ចំណេញ​បាន​សមរម្យ​។ កសិករ​រូប​នេះ យល់ថា ការ​លក់​បន្លែ​បាន​តម្លៃ​ថោក​នេះ បណ្ដាល​មក​ពី​ការ​នាំចូល​បន្លែ​គ្រប់​ប្រភេទ​ពី​ប្រទេស​វៀតណាម និង​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ធ្វើ​ឱ្យ​មនុស្ស​មិនសូវ​ហ៊ាន​ដើរ​ផ្សារ​ទិញ​បន្លែ និង​បិទ​កម្មវិធី​រៀបការ​ជាដើម «អ្នកធ្វើ​ចម្ការ​ភាគច្រើន ១០​ខាត​ទាំង​១០ ដោយសារ​វា​មិន​មាន​តម្លៃ​នៅ​ក្នុង​ទីផ្សារ​។ បន្លែ​ស្រុក​យើង​ដាំ​បាន​ថោក ដោយសារ​ចេះតែ​នាំមក​ពី​គេ​។​សំណូមពរ កុំ​ឱ្យ​នាំមក​ពី​គេ បើ​នាំ​មកពី​គេ​អ៊ីចឹង បន្លែ​ខ្មែរ​ងាប់​អស់ហើយ​។ ប្រជាជន​ខ្មែរ​យើង ដាំ​ជី​ថ្នាំ​ថ្លៃ ដល់​តែ​បាន​ទិន្នផល​មក​ថោក ដល់​អ៊ីចឹង​ប្រជាជន​ម្នាក់ៗ ត្រូវការ​ខ្ចី​លុយ​គេ ឬ​លក់​ដី​ហើយ​ចំណាកស្រុក»។

កសិករ​មួយ​រូប​ទៀត រស់នៅ​ឃុំ​ត្រើយ​ស្លា គឺ​លោក ម៉ាង ភីយ៉ា រៀបរាប់​ថា លោក បាន​ដាំ​ជី​តាំងឱ​លើ​ផ្ទៃដី​ជិត​កន្លះ​ហិកតារ ប៉ុន្តែ​លក់​បាន​តម្លៃ​ទាប​ដូច​កសិករ​ដទៃ​ទៀត​ដែរ​។ លោក​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល បិទ​ការ​នាំចូល​បន្លែបង្ការ​ពី​ប្រទេសជិតខាង ឬ​អនុញ្ញាត​ឱ្យ​នាំចូល​តែ​បន្លែ​ណា​ដែល​កម្ពុជា ខ្វះខាត ដើម្បី​ឱ្យ​កសិករ​ខ្មែរ​អាច​មាន​ទីផ្សារ​លក់​បន្លែ​ទូលំទូលាយ និង​បាន​តម្លៃ​សមរម្យ​ឡើងវិញ៖ «​បន្លែ​ថោក​នៅ​ស្រុក​យើង​នេះ ដោយសារ​ការ​នាំ​ចូល​វា​ហួសហេតុ​។ ឧទាហរណ៍​ថា បន្លែ​ក្នុងស្រុក​យើង​១០០​ភាគរយ ប្រើ​បានតែ​២០​ភាគរយ​ទេ ហើយ​ការ​នាំ​ចូល​ដល់ ទៅ​៨០​ភាគរយ អ៊ីចឹង​ធ្វើ​ឱ្យ​ផលិតផល​ក្នុងស្រុក លក់​ម៉េច​ចេញ ហើយ​ការ​ប្រ​គួ​ត​ប្រជែង​ជាមួយ​គេ ម៉េច​ឈ្នះ​គេ ។ វៀតណាម​នាំចូល​ខ្មែរ​យើង​សម្ភារៈ​ផលិត​គេ​ថោក​ទាំងអស់ គេ​លក់​ក្រោម​តម្លៃ​ទីផ្សារ ក៏​គេ​ចំណេញ​ដែរ តែ​ខ្មែរ​យើង​ទិញ​សម្ភារៈ​គេ​មួយ​ចប់​មិន​ចឹ​ង ពេល​យើង​យក​ទៅ​ប្រកួត​ប្រជែង​ជាមួយ​គេ លក់​តម្លៃ​ដូច​គេ​ម៉េច​កើត ។ ហេតុនេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ខ្មែរ​យើង​ខាត​និង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​សព្វគ្រប់​នោះ»។

កសិករ​មួយ​ចំនួន​ទៀត បានសម្រេច​ភ្ជួរ​បន្លែ​ចោល ឬ​យក​ទៅ​ឱ្យ​ជ្រូក​ស៊ី ព្រោះថា ទោះបីជា​ពួកគេ​ដឹក​បន្លែ​ទៅ​លក់​នៅ​ទីផ្សារ​ដើម​គ​ក្នុង​ក្រុងភ្នំពេញ ក៏​មិន​មាន​អ្នកទិញ ព្រមទាំង​មិន​អាច​ទូទាត់​ថ្លៃ​ដឹកជញ្ជូន​បាន​ឡើយ។

ទាក់ទង​នឹង​បញ្ហា​តម្លៃ​កសិកម្ម​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​មន្ទីរ​កសិកម្ម​នៅ​ខេត្ត​កណ្តាល លោក លោក ប៊ុនទួន ស៊ីមូណា និង​អ្នកនាំពាក្យ​ក្រសួងកសិកម្ម លោក ចាន់ ហេង បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម កញ្ញា សឹង សុផារី ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ។

ទោះជា​យ៉ាងណា ក្រសួង​កសិកម្ម កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា ការណ៍​ដែល​កសិករ​នៅ​ស្រុក​ស្អាង ពិបាក​រក​ទីផ្សារ​លក់​ដំណាំ​បន្លែ និង​មានតម្លៃ​ទាប​នេះ ដោយសារ​ពួកគេ​ដាំ​ដុះ​មិនបាន​ចូលរួម​នៅ​ក្នុង​បណ្ដុំ​អាជីវកម្ម​ឬ​សហគមន៍​កសិកម្ម និង​មិនបាន​អនុវត្ត​តាម​គោលការណ៍​ស្តង់ដារ​បន្លែ​មាន​សុវត្ថិភាព​ណាមួយ​។ ម្យ៉ាងទៀត ក្រសួង ពិនិត្យ​ឃើញ​ថា កសិករ​ដាំ​ដុះ​ក្នុង​ពេល​តែមួយ​ធ្វើ​ឱ្យ​បរិមាណ​បន្លែ​ច្រើន​លើស​ពី​តម្រូវការ ហើយ​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ជួប​បញ្ហា​ជំងឺ​កូវីដ ធ្វើ​ឱ្យ​តម្លៃ​ធ្លាក់​ចុះ​។ ទោះជា​យ៉ាងណា ក្រសួង មិន​បាន​បកស្រាយ​អំពី​ផល​ប៉ះពាល់​បណ្ដាល​មក​ពី​ការ​នាំចូល​បន្លែ​ពី​ប្រទេសជិតខាង​នោះ​ទេ​។ ទន្ទឹម​គ្នា​នេះ ក្រសួង​កសិកម្ម ក៏បាន​អំពាវនាវ​ដល់​ប្រជាកសិករ​ទាំងអស់​ចូលរួម​ដាំ​ដុះ​បន្លែ​តាម​ស្តង់ដារ​សុវត្ថិភាព ចូលរួម​ក្នុង​បណ្ដុំ​អាជីវកម្ម​ផលិត​បន្លែ និង​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ «CAMAgriMarket App» ដើម្បី​ងាយស្រួល​ក្នុង​ការ​រៀបចំ​ផែនការ​ផលិតកម្ម​តាម​ប្រភេទ​បន្លែ តាម​រដូវ​កាល​ដាំ​ដុះ និង​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ ដោយ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​វិស័យ​ឯកជន ដើម្បី​ធានា​គុណភាព សុវត្ថិភាព និង​និរន្តរភាព​ទីផ្សារ។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេង សាវឿន មាន​ប្រសាសន៍​ថា បញ្ហា​ទីផ្សារ និង​តម្លៃ​ផលិតផល​កសិកម្ម​ទាប​នេះ កើតឡើង​ស្ទើរ​រាល់​ឆ្នាំ មិនមែន​ទើបតែ​កើតឡើង​ក្នុង​ពេល​មាន​ជំងឺ​កូវីដ​នោះ​ទេ ដូច្នេះ​ទាមទារ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ និង​ការ​ចុះអនុវត្ត​សកម្មភាព​ជួយ​កសិករ​ជាក់ស្ដែង​។ លើស​ពី​នេះ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ការ​នាំចូល​បន្លែ​ពី​ប្រទេសជិតខាង​ឱ្យ​មាន​ប្រសិទ្ធភាព បើ​ពុំ​នោះ​ទេ ទីផ្សារ​សម្រាប់​លក់​ផលិតផល​កសិករ​របស់​កសិករ​ខ្មែរ នៅតែ​តូច​ចង្អៀត​ដដែល «​សម្រាប់​ខ្ញុំ ការ​លើក​ឡើង​គ្រាន់តែ​ជា​ទិសដៅ​បង្ហាញ​នៅ​លើ​ឯកសារ​មួយ ប៉ុន្តែ​យុទ្ធសាស្ត្រ​ជាក់ស្ដែង​ក្នុង​ការ​ចុះទៅ​ជួប​ថា​តើន​រណា​ឬក៏​មាន​ធនធានមនុស្ស​បែប ណា ដើម្បី​ទៅ​ជួប​ពន្យល់​ដល់​កសិករ​ទាំងអស់ ជាពិសេស​នៅ​តំបន់​គោលដៅ​ឱ្យ​គាត់​បាន​យល់​ហើយ​រៀបចំ​ជា​ក្រុម​ជា​បណ្ដាញ​ជា​សហគមន៍ ក្នុង​ដំណើរការ​រៀបចំ​។ ខ្ញុំ​គិត​ថា បើ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​ប្រកាស​ព័ត៌មាន​ដោយ​មិន​គាំទ្រ​ទៅលើ​ធនធានមនុស្ស ធនធាន​បច្ចេកទេស ហើយ​នឹង​ការ​ចុះ​ជួប​ដើម្បី​ស្វះស្វែង​ជជែក​ពិភាក្សា​ក្នុង​ការ​រៀបចំ​ក្រុម​ឱ្យ​បាន​ជាប់​លាប់​នោះ​ទេ ខ្ញុំ​គិត​ថា បញ្ហា​នៅតែ​បន្ត​កើតមាន បើ​ទោះបី​ជា​មាន​សេចក្តី​ប្រកាស​ព័ត៌មាន​បែប​ណា​ក៏​ដោយ​ចុះ»។

កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បង្កើន​ការ​ដាំដុះ​ដំណាំ​កសិកម្ម និង​ការ​ចិញ្ចឹម​សត្វ ដើម្បី​បម្រើ​ឱ្យ​ទីផ្សារ​ក្នុងស្រុក​ទាំងអស់ ដោយសារ​ដែល​មិន​មានការ​នាំចូល​ទំនិញ បន្លែ​បង្កា​មក​កម្ពុជា​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ។ លោក​ថែម​ទាំង​បង្ហាញ​មោទនភាព​ថា ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩​នេះ នឹង​ក្លាយ​ជា​ឱកាស​មួយ ធ្វើ​ឱ្យ​វិស័យ​កសិកម្ម​នឹង​មាន​ការ​កើន​ឡើង​ខ្លាំង ទោះបីជា​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​ធ្លាក់​ចុះ​ក៏ដោយ​។ ទោះជា​យ៉ាងណា នៅ​ពេល​ប្រជាពលរដ្ឋ ខិតខំ​ដាំ​ដុះ​ដំណាំ​គ្រប់​ប្រភេទ រហូត​បាន​ផល​នោះ ស្រាប់តែ​ប្រជាកសិករ​ភាគច្រើន នៅតែ​ត្អូញត្អែរ​អំពី​បញ្ហា​គ្មាន​ទីផ្សារ​សម្រាប់​លក់ និង​លក់​បាន​តម្លៃ​ទាប​ជាដើម ខណៈ​បន្លែ​ផ្លែ​ឈើ​ត្រី​សាច់ នៅតែ​នាំចូល​ពី​ប្រទេសជិតខាង​ដដែល។

របាយការណ៍​របស់​​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ (CPS) បង្ហាញ​ថា ក្នុង​មួយ​ថ្ងៃ គឺ​ប្រទេស​កម្ពុជា នាំចូល​បន្លែ​ជា​មធ្យម​២០០ ទៅ​៤០០​តោន ហើយ​កម្ពុជា​ត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ​២០០​លាន​ដុល្លារ​ក្នុង ១​ឆ្នាំ​។ បន្លែ​ទាំងនេះ​ភាគច្រើន​នាំចូល​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles