ដោយ ទីន ហ្សាការីយ៉ា
2021-08-06
RFA

ក្រុមស្ត្រីថ្ងៃសុក្រ និងជាប្រពន្ធមន្ត្រីបក្សប្រឆាំង តវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ហើយរងរបួសដោយសារការប្រើកម្លាំងហិង្សារបស់កងសន្តិសុខ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ក្រុមគ្រួសារសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំ ផ្អាកប្រមូលផ្ដុំគ្នាតវ៉ានៅថ្ងៃសុក្រទី៦ សីហានេះ ដោយសារបញ្ហាសុខភាព ជាពិសេស មុខរបួសដែលបង្កឡើងដោយក្រុមសន្តិសុខសាលារាជធានីភ្នំពេញកាលពីសប្ដាហ៍មុននោះ មិនទាន់ជាសះស្បើយនៅឡើយ។
សមាជិកក្រុមស្ត្រីថ្ងៃសុក្រ និងជាប្រពន្ធមន្ត្រីបក្សប្រឆាំងកំពុងជាប់ឃុំ លោកស្រី ព្រុំ ចាន់ថា ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីនៅឈឺក្នុងខ្លួន ហើយអ្នកខ្លះទៀតមុខរបួសនៅហើមនៅឡើយ ដូច្នេះក៏សម្រេចផ្អាកការតវ៉ានៅសប្ដាហ៍នេះ។ លោកស្រីបញ្ជាក់ថា ក្រុមលោកស្រីនឹងប្រមូលផ្ដុំគ្នាតវ៉ាជាថ្មីទៀតនៅពេលជាពីរបួស និងពេលមានសវនាការសំណុំរឿងសមាជិកបក្សប្រឆាំង៖«ខ្ញុំដឹងថា បើទៅត្រូវរងការបង្ក្រាបដោយហិង្សាដាក់លើពួកខ្ញុំហើយ មិនដែលអត់ទេ ប៉ុន្តែខ្ញុំនៅតែតស៊ូទៅមុខជានិច្ច។ ខ្ញុំអត់មានដកថយទេ ដោយសារបើខ្ញុំមិនក្រោក មិនឈរទេ គ្មានអ្នកណាដែលទាមទារដើម្បីក្រុមគ្រួសារពួកខ្ញុំនោះទេ។ និយាយទៅ នៅតែបន្តការរកដំណោះស្រាយទៀត អត់មានឈប់ទេ ទាល់តែមានដំណោះស្រាយជូនក្រុមគ្រួសារពួកខ្ញុំតែម្ដង»។
ក្រុមស្ត្រីថ្ងៃសុក្រតែងនាំគ្នាប្រមូលផ្ដុំលើកបដា និងស្រែកតវ៉ា នៅខាងមុខតុលាការ និងទីតាំងមួយចំនួនទៀត ដើម្បីទាមទារឱ្យអាជ្ញាធរដោះលែងគ្រួសារពួកគាត់ដែលកំពុងជាប់ឃុំដោយអយុត្តិធម៌។ ក៏ប៉ុន្តែការប្រមូលផ្ដុំជាហូរហែមកនោះ ត្រូវបានក្រុមអាជ្ញាធរ និងកងសន្តិសុខសាលារាជធានីភ្នំពេញ តាមបំបែក និងប្រើហិង្សាលើពួកគាត់រហូតដល់មានរបួសស្នាម។
អាជ្ញាធរអះអាងដដែលៗថា ការរារាំងក្រុមស្ត្រីថ្ងៃសុក្រមិនឱ្យតវ៉ានេះ គឺដោយសារពួកគាត់មិនបានសុំការអនុញ្ញាត តែអាជ្ញាធរមិនបកស្រាយពីការប្រើហិង្សាលើអ្នកតវ៉ាដោយសន្តិវិធីទាំងនោះទេ។ ក្រុមអ្នកការពារសិទ្ធិមនុស្សបានចាត់ទុកទង្វើហិង្សារបស់អាជ្ញាធរលើក្រុមស្ត្រីថ្ងៃសុក្រនេះថា ជាអំពើល្មើសច្បាប់ និងជាការប្រើអំណាចដោយបំពាន ដែលត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។