កូវីដ-១៩ | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ០៧ សីហា ២០២១ |ម៉ោង ១០:៥៨
VOD

សមត្ថកិច្ចកម្ពុជាដាក់ឧបករណ៍ត្រួតពិនិត្យកម្ដៅលើអ្នកដំណើរ ដើម្បីបង្ការការរាលដាលកូវីដ១៩ នៅព្រលានយន្តហោះ អំឡុងវិបត្តិកូវីដ១៩ ឆ្នា២០២០។(ក្រសួងសុខាភិបាលកម្ពុជា)
ក្រសួងសុខាភិបាលបានលុបចោលបំរាមហាមឃាត់អ្នកធ្វើដំណើរជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ដែលមកពីប្រទេសឥណ្ឌាចូលមកកម្ពុជាវិញ បន្ទាប់ពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅឥណ្ឌាបានធូរស្រាល។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកធ្វើដំណើរជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ដែលមកពីប្រទេសឥណ្ឌាចូលកម្ពុជា អាចធ្វើដំណើរចូលមកប្រទេសកម្ពុជាជាធម្មតាវិញបាន ចាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ នេះតទៅ។ ក្រសួងសុខាភិបាលបញ្ជក់ថា ការដកបំរាមហាមឃាត់ពីប្រទេសឥណ្ឌានេះ គឺដោយសារស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បានធូរស្រាលឡើងវិញ។
គួររំលឹកថា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសមួយដោយហាមឃាត់ការធ្វើដំណើរចូលមកប្រទេសកម្ពុជាចំពោះជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌារយៈពេល៣សប្តាហ៍មុន ហាមចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក។ ការហាមឃាត់នេះ ដោយសារប្រទេសឥណ្ឌា បាននឹងកំពុងផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី «ដែលតា» ដែលសម្លាប់មនុស្សរាប់លាននាក់។
បច្ចុប្បន្នជំងឺកូវីដ-១៩ ដែលមានប្រភពចេញពីប្រទេសឥណ្ឌាបានឆ្លងទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត ខណៈកម្ពុជាបានរកឃើញជំងឺកូវីដ-១៩ បំប្លែងថ្មីនេះ ចំនួន ៣២៧ នាក់ ចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។