ដោយ មាន ឫទ្ធិ
2021-09-16
RFA

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និង (ស្ដាំ) លោក ឡុង រី មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ពេលជជែកតទល់គ្នាក្នុងកិច្ចប្រជុំផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ តាមប្រព័ន្ធហ្ស៊ូម (Zoom) កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ហើយលោក ហ៊ុន សែន លបចូលរួម។ រូប៖ ហ្វេសប៊ុក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងជាថ្មីទៀតថា គ្មានទេ ការចរចារកដំណោះស្រាយនយោបាយជាមួយគណបក្សសង្គ្រោះជាតិ បើទោះជាលោកលួចចូលក្នុងកិច្ចប្រជុំតាមប្រព័ន្ធហ្ស៊ូម (Zoom) ជាមួយសកម្មជនគណបក្សសង្គ្រោះជាតិកាលពីថ្មីៗ នេះក្ដី។ មេដឹកនាំរបបឯកបក្សរូបនេះ និយាយថា ការលួចចូលក្នុងប្រជុំនេះគ្រាន់តែជាការប្រាប់ឲ្យដឹងថា នៅកន្លែងណាក៏មានមនុស្សរបស់លោកដែរ ហើយបើចង់ចាប់អ្នកណា គឺលោកត្រូវចូលទៅកន្លែងនោះ។ ទោះយ៉ាងណាក្ដី អ្នកវិភាគ និងសកម្មជនបក្សប្រឆាំងនៅតែយល់ថា ខ្មែរនឹងអាចនិយាយគ្នា និងរួមគ្នាដោះស្រាយបញ្ហាជាតិ។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ទទួលស្គាល់ថា លោកពិតជាបានលួចចូលក្នុងកិច្ចប្រជុំជាមួយសកម្មជនគណបក្សសង្គ្រោះជាតិដែលភាគច្រើនកំពុងរស់នៅប្រទេសថៃនោះមែន។ លោក ហ៊ុន សែន ឲ្យដឹងទៀតថា នេះមិនមែនជាសញ្ញានៃចរចានោះទេ ប៉ុន្តែ គ្រាន់តែលោកចង់ផ្ដល់សញ្ញាទៅសកម្មជនទាំងនោះ កុំធ្វើសកម្មភាពប្រឆាំងនឹងលោក ដែលលោកហៅថា ប្រឆាំងផលប្រយោជន៍ជាតិ ព្រោះនៅកន្លែងណាក៏មានមនុស្សរបស់លោកដែរ។
លោក ហ៊ុន សែន លើកឡើងយ៉ាងដូច្នេះថា «សូមឈប់ស្រមើស្រមៃថា បក្សដែលតុលាការរំលាយនឹងរស់ឡើងវិញ។ ហ៊ុន សែន នឹងលើកលែងទោសឲ្យ។ ហ៊ុន សែន នឹងបើកការចរចារកដំណោះស្រាយនយោបាយ ហ៊ុន សែន ខ្លាចអន្តរជាតិ។ លោកថ្លែងទៀតថា របបលោកកំពុងបោះជំហានទៅរកការបោះឆ្នោតឃុំសង្កាត់ និងតំណាងរាស្ត្រនៅពេលខាងមុខ ដោយមានការចូលរួមពីគណបក្សចាស់ និងថ្មីជាច្រើន។
លោក ហ៊ុន សែន លើកឡើងដូច្នេះ តាមរយៈការឆ្លើយឆ្លងគ្នាជាមួយអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកថ្ងៃទី១៦ ខែកញ្ញា។ លោកព្រមានសកម្មជនបក្សប្រឆាំងថា តាមចាប់ពួកគេត្រូវចូលដល់កន្លែង ទើបចាប់បាន។
ជុំវិញការលើកឡើងរបស់លោក ហ៊ុន សែន បែបនេះ សកម្មជនគណបក្សសង្គ្រោះជាតិលោក នាង សុឃុន ដែលបានចូលរួមក្នុងកិច្ចប្រជុំពេលលោក ហ៊ុន សែន លួចចូលរួមដែរនោះនិយាយថា វិបត្តិនយោបាយគង់នឹងមានថ្ងៃចរចារវាងខ្មែរ និងខ្មែរ។ លោកព្រួយបារម្ភថា បើភាគីលោក ហ៊ុន សែន ឬគណបក្សកាន់អំណាចអូសបន្លាយការចរចាតទៅទៀត នឹងធ្វើប្រទេសកម្ពុជាឬពលរដ្ឋកម្ពុជា រងគ្រោះកាន់តែធ្ងន់ធ្ងរ៖ «គិតអត់មានទៅអាក្រក់ល្អអីអត់មានអ្នកណាថោកអ្នកណាថ្លៃ ព្រោះពេលខ្លះយើងឃើញមេដឹកនាំលើពិភពលោក មើលវៀតណាមសត្រូវជាមួយអាមេរិកស៊ីសាច់ហុតឈាម ប៉ុន្តែ គេអាចបង្វិលអាចបង្វែរពីសត្រូវក្លាយជាមិត្តបាន ចុះហេតុអីយើងក្នុងនាមជាខ្មែរដូចគ្នាឈាមជ័រជាខ្មែរតែមួយហេតុមិនអាចនិយាយគ្នាបាន»។
ទាក់ទងការគំរាមរបស់លោក ហ៊ុន សែន វិញ សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀតលោក តោ និមល ដែលកំពុងភៀសខ្លួននៅប្រទេសថៃ ប្រាប់វិទ្យុអាស៊ីសេរីថា ចាប់តាំងពីថ្ងៃលោក ហ៊ុន សែន លួចចូលប្រជុំតាមហ្ស៊ូម (Zoom) នោះមក មានជនមិនស្គាល់មុខមកតាមឃ្លាំមើលលោកដល់កន្លែងស្នាក់នៅ។ លោកឲ្យដឹងទៀតថា ពេលកើតមានរឿងបែបនេះ លោកបានរាយការណ៍ទៅអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន និងអង្គការដៃគូឲ្យដឹងរឿងនេះ៖ «ឥឡូវនេះ គេចាំក្រោមហ្នឹងឲ្យតែចុះគ្រឹបគេដើរថតពឹបចូលមកដល់ជិតយើងគេអាចនឹងក្រៀកយើងទៀតហើយ ខ្ញុំឃើញព្រឹត្តិការណ៍កើតហ្នឹង ដូចមុនថ្ងៃ ៩ វិច្ឆិកា ដែលគេតាមចាប់ខ្ញុំរយៈពេលមួយអាទិត្យមុនអ៊ីចឹងណា»។
កាលពីថ្ងៃទី៩ ខែកញ្ញា លោក ហ៊ុន សែន បានលួចចូលរួមក្នុងកិច្ចប្រជុំផ្ទៃរបស់គណបក្សសង្គ្រោះជាតិតាមអនឡាញ ហ៊្សូម (Zoom)។ កិច្ចប្រជុំនោះដឹកនាំដោយលោក ឡុង រី និងមានការចូលរួមពីសកម្មជនគណបក្សសង្គ្រោះជាតិជាង ១០នាក់ទៀត ដែលភាគច្រើនកំពុងរស់នៅប្រទេសថៃ។លោក ហ៊ុន សែន ឲ្យដឹងទៀតថា នេះមិនមែនជាលើកទី១ ទេ ដែលលោកលួចចូលស្ដាប់ក្នុងកិច្ចប្រជុំរបស់គណបក្សសង្គ្រោះជាតិ។
ជុំវិញរឿងនេះអ្នកវិភាគនយោបាយ បណ្ឌិត សេង សារី យល់ថា នេះជាការបន្ទាបខ្លួនរបស់លោក ហ៊ុន សែន ដែលទំនងជាដើម្បីស្វែងរកចរចាជាមួយគណបក្សប្រឆាំងដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយ។ លោកបន្តថា ការបដិសេធរបស់លោក ហ៊ុន សែន ថា គ្មានការចរចានោះ គឺគ្រាន់តែល្បិចនយោបាយ ដើម្បីរក្សាកិត្តិយស និងតម្លៃរបស់លោក ហ៊ុន សែន៖ «ខ្ញុំនៅតែរក្សាការវិភាគរបស់ខ្ញុំអំពីការចូលប្រជុំហ្ស៊ូមដែលមានអ្នកលួចបោះលីងឲ្យហ្នឹងលួចបោះតំណ ភ្ជាប់ឲ្យហ្នឹងជាចេតនាស្វែងរកការចរចា»។
សកម្មជនគណបក្សសង្គ្រោះជាតិ ទទូចឱ្យរបបលោក ហ៊ុន សែន គួរគិតពីឯកភាពជាតិជាធំ និងរកដំណោះស្រាយនយោបាយឲ្យបានឆាប់រហ័ស ដើម្បីរួមគ្នាជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាអយុត្តិធម៌សង្គមនានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សុំផ្ដាំទៅបងប្អូនខ្មែរទាំងឡាយណាដែលប្រើទូរស័ព្ទដៃហើយមិនចង់អោយគេដឹងពីតំបន់ឈរជើងរបស់លោកអ្នកសូមបិទ(Locatoin)ពីទូរស័ព្ទដៃរបស់លោកអ្នកដើម្បីជាស់វាងការបង្ហាញពីតំបន់លោកអ្នកកំពុងឈរជើង។
who care about you HUN NAL right now you are lucky if they are not trying to eat you alive. I knew you so clear that you rather die if you lost your powers from the give of your Vietcong boss. may I ask you a question how many more Cambodia do you want to kill ??one million, two million. or all of them please answer my question _____________ I knew some thing coming down soon