ដោយ សុជីវី
2021-09-17
RFA

រូបតំណាង បង្ហាញអំពីក្រុមស្ត្រីរើសអេតចាយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានកូនតូច និង (ស្ដាំ) ពលការិនីរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ ដែលមានផ្ទៃពោះ ចេញតវ៉ាអំពីលក្ខណ្ឌការងារ កាលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ក្រុមអង្គការសង្គមស៊ីវិលការពារសិទ្ធិការងារសម្រាប់ស្ត្រី ទាំងនៅក្នុង និងក្រៅប្រព័ន្ធអំពាវនាវដល់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធ បង្កើតគោលនយោបាយជាតិគាំពារមាតុភាព សម្រាប់ស្ត្រីគ្រប់រូប ដោយគ្មានការរើសអើង។ ការអំពាវនាវនេះបន្ទាប់ពីអង្គការអុកស្វាម (Oxfam) បានបិទបញ្ចប់យុទ្ធនាការតាមអនឡាញ ឬហៅថា យុទ្ធនាការឌីជីថល (Digital) ស្ដីពី “កិច្ចគាំពារមាតុភាព”។
ក្រុមអង្គការសង្គមស៊ីវិលអំពាវនាវជាថ្មីម្ដងទៀតដល់សាធារណជន និយោជក និងម្ចាស់អាជីវកម្ម និងអ្នកបង្កើតគោលនយោបាយជាតិ រួមគ្នាធានាឱ្យបានថា ស្ត្រីកម្មករទាំងអស់ អាចទទួលបានការគាំពារមាតុភាពគ្រប់ៗ គ្នា ក្នុងនោះ ក៏ត្រូវរាប់បញ្ចូលទាំងស្ត្រី ដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែរ។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា កិច្ចគាំពារមាតុភាពគួរតែត្រូវរដ្ឋាភិបាលធានាផ្ដល់ឱ្យស្ត្រីគ្រប់រូបរួមទាំងស្ត្រីក្នុងវិស័យសេវាកម្មកម្សាន្តដែរ។ អ្នកស្រីពន្យល់ថា កិច្ចគាំពារមាតុភាព គឺរាប់ចាប់តាំងពីមុនពេលស្ត្រីមានផ្ទៃពោះ ពេលមានផ្ទៃពោះ ពេលសម្រាលកូន និងក្រោយពេលសម្រាល។ ប៉ុន្តែអ្នកស្រីថា រហូតមកដល់បច្ចុប្បន្ន ស្ត្រីក្នុងវិស័យសេវាកម្មកម្សាន្តមិនទទួលបានកិច្ចគាំពារទេ នៅគ្រប់ដំណាក់កាលទាំងអស់នេះ៖ «ស្ត្រីផ្នែកសេវាកម្មកម្សាន្តភាគច្រើនមានវ័យក្មេង ប៉ុន្តែយើងមិនឃើញស្រីណាមួយធ្វើការនៅពេល ដែលគាត់មានផ្ទៃពោះទេ ដោយសារទី១ និយោជករើសអើងរួចទៅហើយទី១ គឺមានផ្ទៃពោះមិននាំសំណាង ឬនាំចង្រៃ។ ដំណាក់កាលទី២ អ្នកខ្លះគាត់យកកូនចេញ ដោយសារតែគាត់ចង់បានការងារ។ យើងសង្វេគខ្លាំងណាស់ គឺគាត់ត្រូវបង្ខំចិត្ត នៅពេលគាត់ទៅធ្វើការពេលយប់គាត់អត់មានអ្នកមើលកូន គឺគាត់ចាក់សោកូនចោលក្នុងបន្ទប់ ដើម្បីគាត់ទៅធ្វើការ ដោយអត់មាននរណាជួយមើល មានន័យថា គាត់ទាល់ដៃទាល់ជើង។ គាត់ទិញនំអីទុកឱ្យកូនញ៉ាំទម្រាំគាត់បានត្រឡប់មកវិញ។ ការទទួលខុសត្រូវរបស់ម្ដាយ ភាគច្រើនគេបន្ទោសមកពីម្ដាយ តែបើខ្ញុំវិញ ខ្ញុំបន្ទោសរដ្ឋ»។
បើតាមអ្នកស្រី អ៊ូ ទេពផល្លីន ស្ត្រីធ្វើការនៅផ្នែកសេវាកម្ម កម្សាន្តជាច្រើនម៉ឺននាក់ពុំបានការគាំពារពីរដ្ឋាភិបាលទេ ទាំងក្នុងស្ថានភាពនៅមុន និងក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩។
ចំណែកប្រធានសមាគមប្រជាធិបតេយ្យ ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា ក្រុមស្ត្រីធ្វើការងារផ្នែកក្រៅប្រព័ន្ធផ្សេងទៀត ដូចជា អ្នកលក់ដូរតាមផ្លូវ អ្នកអូសរទេះ អ្នករើសសំរាមជាដើម ភាគច្រើន ក៏មិនទទួលបានការគាំពារពីរដ្ឋាភិបាលដែរ។ លោកថា ក្នុងវិបត្តិជំងឺកូវីដ-១៩ នេះ អ្នកភាគតិច ដែលធ្លាប់ទទួលបានប័ណ្ណសមធម៌សម្រាប់ការពិនិត្យសុខភាព ឆ្លងទន្លេដោយមិនបង់ប្រាក់ ទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល នោះ ក៏អាជ្ញាធរពាក់ព័ន្ធមិនបានផ្ដល់ឱ្យពួកគេតទៅទៀតដែរ៖ «តាមការមើលឃើញ កញ្ចប់ថវិការដ្ឋប្រចាំឆ្នាំ ដែលរដ្ឋរៀបចំ មិនមានរំលេច កញ្ចប់គាំពារសម្រាប់ស្ត្រីក្នុងវិស័យក្រៅប្រព័ន្ធទេ ចំណុចទី១។ ចំណុចទី២ ដោយសារគេថា ពួកយើងក្រៅប្រព័ន្ធអត់បានបង់លុយចូល ប.ស.ស ដូចអ្នកក្នុងប្រព័ន្ធ ហេតុដូច្នេះហើយ ជាបញ្ហាមួយ ដែលយើងមិនបានទទួលកញ្ចប់ថវិកាគាំពារមាតុភាព ផ្សេងៗ ទៀត គាំពារសុខភាព គាំពារកូនតូចៗ របស់គាត់ អត់មានមជ្ឈមណ្ឌលថែទាំកូន ថែទាំក្មេងអីហ្នឹង»។
កាលពីថ្ងៃទី១៥ ខែកញ្ញា អង្គការអុកស្វាមបានបញ្ចប់យុទ្ធនាការ ដែលមានចំណងជើងថា “កិច្ចគាំពារមាតុភាព” បន្ទាប់ពីបានផ្សព្វផ្សាយយ៉ាងទូលំទូលាយលើបញ្ហាកិច្ចគាំពារមាតុភាពនៅក្នុងតំបន់អាស៊ាន។ យុទ្ធនាការនេះចាប់ផ្ដើមនៅក្នុងទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា។ យុទ្ធនាការនេះគាំទ្រដល់ស្ត្រីកម្មករក្រៅប្រព័ន្ធ និងស្ត្រី ដែលមានរបរចិញ្ចឹមជីវិត ដោយខ្លួនឯង ដែលមានចំនួនប្រមាណ ៩០% នៃស្ត្រីក្នុងកម្លាំងពលកម្មនៅកម្ពុជា។ អង្គការនេះបញ្ជាក់ថា ពួកគេមិនទទួលបានអត្ថប្រយោជន៍ លើកិច្ចគាំពារមាតុភាពនោះទេ ដែលធ្វើឱ្យពួកគេក្លាយជាជនងាយរងគ្រោះដោយសារជំងឺ និងភាពក្រីក្ររ៉ាំរ៉ៃ។

តាមរយៈយុទ្ធនាការនេះ អង្គការអុកស្វាម និងដៃគូ មានបំណងបំផុសការចូលរួមរបស់សាធារណជន និយោជក និងម្ចាស់អាជីវកម្ម អ្នកបង្កើតគោលនយោបាយជាតិ ដើម្បីរួមគ្នាជជែកពិភាក្សាអំពីការធានាឱ្យបានថា ស្ត្រីកម្មករទាំងអស់ក្នុងប្រទេស កម្ពុជាអាចទទួលបានការគាំពារមាតុភាពគ្រប់ៗគ្នា។ បន្ទាប់ពីដំណើរការអស់រយៈពេលជាង ៣ខែ កន្លងទៅនេះ យុទ្ធនាការនេះបានផ្សព្វផ្សាយទៅដល់អ្នកប្រើប្រាស់បណ្ដាញសង្គមជិត ៣លាននាក់។
នាយិកាអង្គការអុកស្វាម (Oxfam) អ្នកស្រី លឹម សូលីន មានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការនេះថា កិច្ចគាំពារមាតុភាព គឺជាបញ្ហាមួយ ដែលមានផលប៉ះពាល់ដល់យើងទាំងអស់គ្នា។នៅពេលដែលអ្នកម្ដាយ បងប្អូនស្រី និងស្ត្រីជាភរិយាមានសុខភាពល្អ និងមានសុវត្ថិភាព ពួកយើងក៏មានសុខភាពល្អ និងមានសុវត្ថិភាពដូចគ្នាដែរ។ ប៉ុន្តែនៅពេលពួកគាត់ឈឺមានរបួសនៅកន្លែងធ្វើការ ឬធ្លាក់ចូលទៅក្នុងភាពក្រីក្រ ដោយសារតែយើងមិនគាំទ្រពួកគាត់ ក្នុងអំឡុងពេលពួកគាត់ពពោះ សម្រាលកូន និងចិញ្ចឹមបីបាច់កូន នោះគ្រួសារ និងសង្គមក៏រងការឈឺចាប់ដូចគ្នាដែរ។
នៅក្នុងរឿងនេះ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោក ឌិត ចនណារិទ្ធ អះអាងប្រាប់អង្គការអុកស្វាម (Oxfam) ថា កិច្ចគាំពារមាតុភាព ជាពិសេស សម្រាប់ស្ត្រីក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលបច្ចុប្បន្ននេះ ស្ថិតក្នុងរបៀបវារៈចម្បងមួយនៃប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា មានដូចជា កម្មវិធីឧប្បត្តិសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោយអាយុ ២ឆ្នាំ។
បើទោះជាយ៉ាងណាក្រុមអង្គការសង្គមស៊ីវិល មើលឃើញថា មិនគ្រប់គ្រាន់នៅឡើយទេ ព្រោះពលរដ្ឋជាពិសេសស្ត្រីជាច្រើន ក្នុងផ្នែកក្រៅប្រព័ន្ធ ដែលជួបការលំបាកបាត់បង់ការងារ នៅមិនទាន់ត្រូវបានបញ្ចូលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រដ្ឋាភិបាល។
អ្នកស្រី អ៊ូ ទេពផល្លីន លើកឡើងថា នៅពេលរដ្ឋាភិបាលមិនទាន់មានគោលនយោបាយជាតិគាំពារមាតុភាពជាក់លាក់សម្រាប់ស្ត្រីគ្រប់រូបនេះ អ្នកស្រីជំរុញឱ្យរដ្ឋាភិបាលប្រើប្រាស់ក្របខ័ណ្ឌច្បាប់ ដែលមានស្រាប់ពិសេស គឺច្បាប់ការងារ។ លើសពីនេះអ្នកស្រីស្នើអាជ្ញាធរពាក់ព័ន្ធបង្កើតមតេយ្យសហគមន៍សម្រាប់កុមារ ដោយគ្មានការរើសអើង ដែលអាចឱ្យម្ដាយគ្រប់រូបមានលទ្ធភាពទៅធ្វើការ ដោយមានទំនុកចិត្តពីសុវត្ថិភាពរបស់កូនៗ៖ «អ៊ីចឹងរដ្ឋត្រូវតែបកមកវិញ សេវារបស់រដ្ឋហ្នឹងត្រូវតែមានសុវត្ថិភាព ហើយកសាងទំនុកចិត្តធ្វើឱ្យពលរដ្ឋទុកចិត្តបាន មត្តេយ្យសហគមន៍នៅតាមមូលដ្ឋាន នៅតាមឃុំ–សង្កាត់ ពីព្រោះយើងមើលឃើញឃុំ–សង្កាត់មាន តែបែរជាអត់បានដើរតួនាទីជិតស្និទ្ធជាមួយពលរដ្ឋ ធ្វើសេវាកម្មណាមួយ ដែលពលរដ្ឋ គឺឃុំ–សង្កាត់ធ្វើតែរឿងបោះឆ្នោត រឿងរបស់បក្សអីវិញ»។
ចំណែកលោក វន់ ពៅ វិញ លោកស្នើរដ្ឋាភិបាលកំណត់កម្រិតជីវភាពរបស់ពលរដ្ឋឱ្យបានត្រឹមត្រូវ ដើម្បីឱ្យស្ត្រី ដែលក្រីក្រពិតប្រាកដ អ្នកដែលធ្វើការនៅផ្នែកក្រៅប្រព័ន្ធបានទទួលអត្ថប្រយោជន៍ ឱ្យសមស្របនឹងពាក្យថា ពួកគេមិនត្រូវបានទុកចោល៖ «ហ្នឹងហើយរដ្ឋត្រូវកំណត់ថា តើមនុស្សហ្នឹងនៅកម្រិតជីវភាពណា? រដ្ឋត្រូវមានការសិក្សាស្រាវជ្រាវមួយ ដើម្បីវាយតម្លៃពីកម្រិតជីវភាពពលរដ្ឋ ដែលកម្រិតណារដ្ឋមិនគិតតម្លៃ កម្រិតណាដែលរដ្ឋត្រូវឱ្យបង់លុយបដិភាគខ្លះ ដើម្បីទទួលបានកិច្ចគាំពារសង្គម? មួយទៀត ត្រូវមានកញ្ចប់ថវិកាទាក់ទងនឹងកិច្ចគាំពារសង្គម និងគាំពារមាតុភាពឱ្យបានច្បាស់»។
រដ្ឋមន្ត្រីក្រសួងផែនការធ្លាប់បញ្ជាក់ថា ក្នុងវិបត្តិជំងឺកូវីដ-១៩ មានការប៉ាន់ប្រមាណថា កម្មករដែលបម្រើការងារក្នុងវិស័យក្រៅប្រព័ន្ធប្រមាណជា ៦,១ លាន នាក់បានបាត់បង់ការងារ ឬប្រឈមនឹងការបាត់បង់ការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។