2021-09-17
RFA

គ្រឿងចក្ររបស់អាជ្ញាធរខេត្តព្រះវិហារ ឈូសឆាយផ្ទះពលរដ្ឋ នៅក្នុងភូមិភារកិច្ច សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ កាលពីថ្ងៃទី ១៥ កញ្ញា ២០២១។ រូប៖ អាដហុក ព្រះវិហារ
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលរិះគន់អាជ្ញាធរខេត្តព្រះវិហារថា យកកម្លាំងប្រដាប់អាវុធរាប់រយនាក់និងគ្រឿងចក្រឈូសឆាយ បំផ្លិចបំផ្លាញលំនៅឋានពលរដ្ឋជាច្រើនខ្នងដោយគ្មានដំណោះស្រាយសមរម្យនោះទេ។ ពួកគាត់ថា អាជ្ញាធរបានចុះអនុវត្តដីកាដកហូតរបស់រដ្ឋបាលខេត្តព្រះវិហារដោយមិនបានផ្តល់ដំណឹងប្រាប់ពលរដ្ឋឱ្យត្រៀមលក្ខណៈរុះរើដោយខ្លួនឯងនោះទេ ធ្វើឱ្យពួកគាត់ជួបលំបាក បាត់បង់ទីជម្រក។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋឱ្យដឹងនៅថ្ងៃទី១៧ ខែកញ្ញាថា អាជ្ញាធរខេត្តព្រះវិហារបានបញ្ជូនកម្លាំងប្រដាប់អាវុធរាប់រយនាក់ និងគ្រឿងចក្រជាច្រើនគ្រឿង ឈូសឆាយផ្ទះសម្បែងពលរដ្ឋជិត ១០០ខ្នង ឋិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ។ ក្រៅពីនេះ អាជ្ញាធរបានបិទផ្លូវចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ១៧ ខែកញ្ញា ដោយហាមឃាត់មិនឱ្យអ្នកកាសែត និងពលរដ្ឋចេញចូលតំបន់នោះទេ។
មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តព្រះវិហារលោក ឡោ ចាន់ ហួសចិត្តនៅគ្រាដែលអាជ្ញាធរខេត្តនេះ បានបញ្ជូនកម្លាំងសមត្ថកិច្ចយ៉ាងច្រើនលើសលុបដើម្បីគំរាមកំហែង ឈូសកម្ទេចផ្ទះពលរដ្ឋទាំងតូចធំអស់ជិត ១០០ខ្នង ធ្វើឱ្យពលរដ្ឋបាត់បង់ទីជម្រក និងខ្លះទៀតរស់នៅតាមចិញ្ចឹមផ្លូវ។ លោកបញ្ជាក់ថា អាជ្ញាធរកំពុងអនុវត្តដីកាដកហូតដីនៅតំបន់នោះ ពីអ្នកភូមិ ដោយគ្មានដំណោះស្រាយសមរម្យនោះទេ។ លោកយល់ថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាល៖ «គេមិនមែនរកដំណោះស្រាយដោយសន្តិវិធី គេមិនមែនយកបញ្ហាដាក់លើតុ ដើម្បីពិភាក្សានេះ គេទៅគេធ្វើ គេមិនបានរកដំណោះស្រាយអត់មានទេ គឺគេប្រើកម្លាំងកម្ទេចយកតែម្តង»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ក្នុងពេលអាជ្ញាធររុះរើ សមត្ថកិច្ចបានដកហូតទូរសព្ទដៃរបស់ពលរដ្ឋម្នាក់ មិនឱ្យថតរូបភាព និងរារាំងអ្នកសារព័ត៌មានមិនឱ្យចូលទៅតំបន់នោះទៀតផង។ លោកថា ពលរដ្ឋជិត ១០០គ្រួសារ ដែលអាជ្ញាធររុះរើលំនៅឋាននោះ ភាគច្រើនជាពលរដ្ឋក្រីក្រ ដូច្នេះអាជ្ញាធរគួរតែផ្តល់ឱកាសឱ្យពួកគាត់ រុះរើដោយស្ម័គ្រចិត្ត និងដោយសន្តិវិធី៖ «អ្នកខ្លះពុំមានដីទេ និងអ្នកខ្លះដី បែរជាអាជ្ញាធរកម្ទេច ដោយមិនទុកឱ្យរើដោយស្ម័គ្រចិត្ត ហើយមិនទុកពេល ដើម្បីឱ្យពួកគាត់ដោះស្រាយដោយសន្តិវិធី។ នេះហើយ ដែលជាការរំលោភសិទ្ធិ និងជាការបណ្តេញចេញដោយខុសច្បាប់»។
អាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះពីអភិបាលរងខេត្តព្រះវិហារ ទទួលបន្ទុកដោះស្រាយជម្លោះដីធ្លីនេះគឺលោក អ៊ុង វុឌ្ឍី បាននៅឡើយទេ នៅថ្ងៃទី១៧ ខែកញ្ញា ព្រោះទូរសព្ទហៅចូល តែគ្មានអ្នកលើក។ ចំណែកអភិបាលក្រុងព្រះវិហារលោក ប៉ុក ងួន បដិសេធបំភ្លឺរឿងនេះ ដោយលោកថាកំពុងជាប់រវល់។
ប៉ុន្តែកន្លងទៅ អ្នកភូមិថា អាជ្ញាធរក្រុង និងខេត្ត ធ្លាប់ចុះជួបក្រុមពលរដ្ឋឱ្យបញ្ឈប់ការសង់សំណង់ និងរស់នៅ លើដីនៅតំបន់នោះ ដែលឋិតក្នុងដីកាដកហូត របស់រដ្ឋបាលខេត្តព្រះវិហារ។ ប៉ុន្តែពលរដ្ឋបានស្នើឱ្យអាជ្ញាធរខេត្តផ្តល់ដីសម្បទានសង្គមកិច្ចចែកជូនពលរដ្ឋក្រីក្រ មុននឹងបណ្តេញពួកគាត់ចេញ ព្រោះអ្នកភូមិដែលតាំងទីលំនៅតំបន់នោះ ជាពលរដ្ឋក្រីក្រ ខ្វះដីរស់នៅ។
ពលរដ្ឋមួយរូប គឺលោក ទឹម បូណា ប្រាប់អាស៊ីសេរីថា អ្នកភូមិខ្លះមានដីក្បាល ៦ម៉ែត្រ ដល់ ២០ម៉ែត្រ បណ្តោយ ៣០ម៉ែត្រ ដល់ ៥០ម៉ែត្រ ជាដីប្រភេទលំនៅឋាន។ លោកទទួលស្គាល់ថា ពលរដ្ឋភាគច្រើន បានបង្ខំចិត្តមកតាំងទីលំនៅដោយខុសច្បាប់ ប៉ុន្តែពួកគាត់ជាពលរដ្ឋក្រីក្រ ខ្វះខាតដីរស់នៅ ដូច្នេះអាជ្ញាធរគួររតែផ្តល់ដីសម្បទានសង្គមកិច្ច ដើម្បីផ្តល់លទ្ធភាព ឱ្យពួកគាត់រស់នៅចិញ្ចឹមជីវិត៖ «ពលរដ្ឋគាត់លម្អក់នៅ ដើម្បីដំណោះស្រាយពីព្រោះគាត់ គឺជាបុគ្គលដែលអត់អ៊ីចឹង។ អ៊ីចឹងគាត់មិនចង់រុះរើទេ រង់ចាំអាជ្ញាធរនឹងមានដំណោះស្រាយណាមួយសមគួរ ដើម្បីឱ្យពួកគាត់រស់នៅបាន។ ហេតុនេះហើយ ដែលគាត់មិនព្រមដើរចេញទៅ គេអនុវត្តច្បាប់»។
ទោះយ៉ាងណា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សលោក ឡោ ចាន់ ឱ្យដឹងថា អ្នកភូមិបានតាំងទីលំនៅក្នុងតំបន់នោះជាបន្តបន្ទាប់តាំងពីទសវត្សរ៍ទី ៩០ ដូចនេះលោកថាអាជ្ញាធរគួរតែផ្តល់ដំណោះស្រាយសមរម្យ និងដោយសន្តិវិធី មិនគួរឈូសឆាយលំនៅឋានពួកគាត់ដូច្នោះទេ។ លោកបន្ថែមថា អាជ្ញាធរបានអនុវត្តដីកាដកហូត រយៈពេល៣ថ្ងៃកន្លងមកនេះ ពុំមានប៉ះទង្គិចដោយហិង្សាជាមួយក្រុមពលរដ្ឋនោះទេ ព្រោះពលរដ្ឋភាគច្រើនមិនហ៊ានងើបតវ៉ាប្រឆាំងនោះឡើយ ដោយខ្លាចក្រែងអាជ្ញាធរចាប់ដាក់ពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
HUN NAL should think his time is coming look every bad thing come every day from every province the sign is showing the end time . HAS…. the evil monster showing his color to make every one see after he hiding for so many decade . I knew the evil will have his own day soon every one will see