ដោយ សេក បណ្ឌិត
2022.06.29
RFA

លោក សុន ឆ័យ អនុប្រធានបក្សភ្លើងទៀន ក្នុងពេលឃោសនារកសំឡេងឆ្នោត កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន
មេធាវីការពារក្ដីឱ្យអនុប្រធានបក្សភ្លើងទៀន លោក សុន ឆ័យ ដាក់ពាក្យពន្យារពេលចូលបំភ្លឺនៅតុលាការក្នុងសប្ដាហ៍នេះ តាមការកោះហៅរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសារតែកូនក្ដីរបស់លោកមានភារកិច្ចនៅក្រៅប្រទេសនៅឡើយ។ សង្គមស៊ីវិលថា ការប្ដឹងរបស់គណបក្សប្រជាជនកម្ពុជា កន្លងមកនេះជារឿងមិនត្រឹមត្រូវ។
ការកោះហៅលោក សុន ឆ័យ ឱ្យចូលបំភ្លឺរបស់តុលាការនេះ គឺក្រោយពីមានការប្ដឹងរបស់បក្សប្រជាជនកម្ពុជា ពាក់ព័ន្ធការរិះគន់របស់លោក សុន ឆ័យ ជុំវិញការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កន្លងទៅថ្មីនេះថា មិនប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
មេធាវីការពារក្ដីឱ្យ លោក សុន ឆ័យ គឺ ជួង ជូងឺ ប្រាប់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការនាព្រឹកថ្ងៃទី២៩ ខែមិថុនានេះថា កូនក្ដីរបស់លោកមិនអាចចូលបំភ្លឺតាមការកោះហៅរបស់តុលាការក្នុងសប្ដាហ៍នេះបានទេ ក្រោយពីមានការប្ដឹងពីគណបក្សប្រជាជនកម្ពុជា ដោយសារតែកូនក្ដីរបស់ខ្លូនមិនបានស្ថិតក្នុងស្រុកនៅឡើយ៖ «ខ្ញុំដាក់ពាក្យពន្យារពេលការចូលស្រាយបំភ្លឺរបស់ឯកឧត្តម សុន ឆ័យ ដែលថា តំណាងអយ្យាការអមសាលាដំបូងបានកោះហៅឧត្តម សុន ឆ័យ ឱ្យចូលមកស្រាយបំភ្លឺនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក ដោយសារឧត្តម សុន ឆ័យ អត់មានវត្តមាននៅក្នុងប្រទេសទេ គាត់កំពុងមានភារកិច្ចនៅក្រៅប្រទេស រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ទើបឧត្តម សុន ឆ័យ ត្រឡប់មកស្រុកខ្មែរវិញ ដូច្នេះគាត់សុំឱ្យខ្ញុំជាមេធាវីដាក់ពាក្យពន្យារពេលការចូលស្រាយបំភ្លឺរបស់គាត់»។
លោក មេធាវី ជូង ជូងឺ បន្តថា ការកោះហៅលោក សុន ឆ័យ នេះ គឺពាក់ព័ន្ធនឹងការប្ដឹងរបស់លោក គី តិច ដែលទទួលការផ្ដល់សិទ្ធិពីលោក សាយ ឈុំ ដែលជាអនុប្រធានបក្សប្រជាជនកម្ពុជា ប្ដឹងលោក ស៊ុន ឆ័យ អនុប្រធានបក្សភ្លើងទៀន ក្រោយពីលោករិះគន់ពីដំណើរការបោះឆ្នោត កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅនេះ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុច គឹមឡុង ដើម្បីបញ្ជាក់បានទេ នៅថ្ងៃទី២៩ ខែមិថុនានេះ ដោយសារទូរស័ព្ទចូលតែគ្មានអ្នកទទួល។ ចំណែកតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក ជា ម៉េត ក៏មិនអាចទាក់ទងបាន។
ចំណែកអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរីថា ការប្ដឹងផ្តល់របស់បក្សកាន់អំណាចកន្លងទៅនេះ ហាក់ដូចជាមិនសមទំនងក្នុងនាមជាអ្នកនយោបាយនោះទេ។ លោកបន្តថា ជារឿងធម្មតាទៅហើយ សឹងតែគ្រប់អាណត្តិនៃការបោះឆ្នោត អ្នកនយោបាយដែលចូលរួមប្រកូតប្រជែង បើសិនជាឃើញថា ដំណើរការបោះឆ្នោតមិនមានភាពប្រក្រតី គឺត្រូវតែមានការរិះគន់ ដើម្បីឱ្យមានភាពល្អប្រសើរ។ ដូច្នេះលោកថា មិនមែនកំហុសនោះទេ ក្នុងការរិះគន់របស់បក្សភ្លើងទៀន។ លោកស្នើដល់អ្នកនយោបាយថា គួរតែមានភាពចាស់ទំក្នុងការជជែកគ្នា ល្អជាជាងការប្ដឹងផ្ដល់ដើម្បីតែការឈ្នះចាញ់៖ «ពាក់ព័ន្ធវិវាទនយោបាយនេះ យើងតែងតែឃើញកើតមានឡើងស្ទើរតែរាល់ពេលអាណត្តិនៃការបោះឆ្នោតមកដល់ម្ដងៗ វិលចុះតែប៉ុណ្ណឹង។ អ៊ីចឹង ដើម្បីបញ្ចប់នូវវប្បធម៌នេះ ខ្ញុំយល់ថា អ្នកនយោបាយគួរតែចាស់ទំនយោបាយហើយ ព្រោះវាកើតច្រើនហើយ។ យើងអាចយកទម្លាប់ការជជែកគ្នារកដំណោះស្រាយ នូវអ្វីដែលជាការរកឃើញ ឬមិនរកឃើញហ្នឹង យកមកជែកគ្នា ដើម្បីរកដំណោះស្រាយ ធ្វើយ៉ាងណាការកែប្រែ និងការទម្រង់ក្នុងការបោះឆ្នោត ឱ្យក្លាយជាការបោះឆ្នោតមួយ ដែលអាចទទួលយកបានពីគ្រប់ភាគី»។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ កាលពីថ្ងៃទី១៤ ខែមិថុនា បែរជាត្រូវបានគណបក្សប្រជាជនកម្ពុជាយប្ដឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញថា ការរិះគន់រឿងបោះឆ្នោតរបស់លោក ស៊ុន ឆ័យ ធ្វើឱ្យប៉ះពាល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ថែមទាំងទាមទារសំណងជំងឺចិត្តចំនួន ១លានដុល្លា និងតម្រូវឱ្យលោកសុំទោសសុំជាសាធារណៈ។
ចំណែកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ក៏បានប្ដឹងលោក សុន ឆ័យ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ។ អ្នកដែលបានដាក់ពាក្យប្ដឹងនោះគឺ អ្នកនាំពាក្យ គ.ជ.ប លោក ឌឹម សុវណ្ណារុំ និងអគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា ដែលជាមន្រ្តីស្និទ្ធជាមួយនឹងរដ្ឋាភិបាល លោក ហ៊ុន សែន។ នៅក្នុងពាក្យបណ្ដឹងរបស់ខ្លួនចុះកាលពីថ្ងៃទី១៧ ខែមិថុនា ថា ការថ្លែងរបស់លោក សុន ឆ័យ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថាប័នជាតិមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។