តុលាការ និងច្បាប់ នយោបាយ ព័ត៌មានជាតិ
លោក ញឹម សុខន | ៣០ មិថុនា ២០២២ | ម៉ោង ១៧:៥៤
VOD

កញ្ញា សេង ធារី ឈរនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ ស្នើរដ្ឋាភិបាលកម្ពុជា ពិនិត្យឡើងវិញករណីផ្តន្ទាទោសទ្រង់ទ្រាយធំជាថ្មីទៀតទៅលើក្រុមអ្នកនយោបាយជំទាស់ចំនួន ៤៣នាក់ រួមទាំងស្ត្រីខ្មែរសញ្ជាតិអាមេរិក កញ្ញា សេង ធារី នាពេលថ្មីៗនេះ ដោយសម្អាងថា វិធាននោះមិនបានភ្ជាប់កាតព្វកិច្ចនៃការគោរពសិទ្ធិមនុស្សអន្តរជាតិ និងលំហនយោបាយពហុបក្ស។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃពុធម្សិលមិញថា
ការកាត់ទោសក្រុមអ្នកនយោបាយបក្សប្រឆាំងចំនួន ៤៣នាក់ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់តុលាការកម្ពុជា ជាការកាត់ទោសទ្រង់ទ្រាយធំលើកទី៣ ជុំវិញការចោទពីបទ «ញុះញង់ និងរួមគំនិតក្បត់»។
លោកសម្អាងថា ការជំនុំជម្រះរបស់តុលាការកម្ពុជានេះ មានលំនាំនយោបាយ និងជាកំហុសឆ្គងដែលរដ្ឋាភិបាល ត្រូវពិនិត្យឡើងវិញ ដើម្បីធានាថា ដំណើរការរបស់តុលាការនាពេលអនាគត ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ។ បន្ថែមពីនេះ លោកថា ជនជាប់ចោទទាំងអស់នោះ មានការជាប់ពាក់ព័ន្ធទៅនឹងគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំង អំឡុងពេលបោះឆ្នោតឆ្នាំ២០១៧។
លោកវិទិត មុនតាប៊ន បន្តថា៖ «រដ្ឋាភិបាលមិនត្រឹមតែមានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការការពារសិទ្ធិជនជាប់ចោទប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ស្របតាមកតិកាសញ្ញាអន្តរជាតិ និងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានផងដែរ។ សិទ្ធិនេះមានសារៈសំខាន់ចំពោះនយោបាយពហុបក្ស»។
តែយ៉ាងណា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល លោក កត្តា អ៊ន បានច្រានចោលការលើកឡើងនេះ។ អ្នកនាំពាក្យរូបនេះ សម្អាងថា ការលើកឡើងរបស់អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិនេះ មិនឆ្លុះបញ្ចាំងការពិតពីចំណាត់ការរបស់តុលាការកម្ពុជាទេ។ លោកថា អ្វីដែលតុលាការបានសម្រេច គឺធ្វើឡើងដើម្បីពង្រឹងនីតិរដ្ឋ មិនមែនជាការគំរាមកំហែងដល់លំហនយោបាយពហុបក្សឡើយ។
លោកថា៖ «អ្វីដែលជាការលើកឡើងនេះ គឺការសម្តែងនូវភាពគ្មានមូលដ្ឋានច្បាស់លាស់ នៅក្នុងបរិបទក្នុងសង្គមកម្ពុជា»។
ប៉ុន្តែ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មើលឃើញថា ការលើកឡើងរបស់អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ ស្របគ្នាទៅនឹងប្រព័ន្ធច្បាប់នៅកម្ពុជា ដែលមិនទាន់ឯករាជ្យ ហើយបញ្ហានេះជំរុញឱ្យមានការកាត់ទោស និងយាយីជាបន្តបន្ទាប់ ទៅលើក្រុមអ្នកនយោបាយជំទាស់។
លោកថា៖ «បើយើងពិនិត្យទៅលើស្មារតីច្បាប់ ក៏ដូចជាគោលការណ៍សិទ្ធិមនុស្ស គោលការណ៍សកល ក៏ដូចជារដ្ឋធម្មនុញ្ញប្រទេសកម្ពុជាយើងឃើញថា ទាំងមតិជាតិ និងអន្តរជាតិ ទាំងអ្នកឯកទេសច្បាប់ជាតិអន្តរជាតិមួយចំនួន គេបានមើលឃើញថារឿងហ្នឹងវាបានរំលោភគោលការណ៍សិទ្ធិមនុស្សហើយ មិនមែនជាការអនុវត្តច្បាប់ទេ»។
លោកថា កម្ពុជាអាចនឹងបន្តខាតបង់ បើអាជ្ញាធររដ្ឋ នៅតែមិនទទួលស្គាល់ការពិត ដើម្បីធ្វើការកែលម្អស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលគេមើលឃើញថា បានធ្លាក់ចុះច្រើនឆ្នាំមកនេះនោះ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា កម្ពុជា ជាប្រទេសហត្ថលេខី នៃសមាជិកអង្គការសហប្រជាជាតិ ហើយទទួលស្គាល់សេចក្តីប្រកាសរួម ស្តីពីសិទិ្ធមនុស្ស នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៩២ ដែលការណ៍នេះលោកថា កម្ពុជាមានកាតព្វកិច្ចអនុវត្តតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងសិទ្ធិមនុស្ស តបតាមកតិកាសញ្ញាអន្តរជាតិនានា។
លោកថា៖ «អ្នកនយោបាយកម្ពុជា បើកាលណានៅប្រកាន់គោលការណ៍នេះ ខ្ញុំថាមិនអាចដោះស្រាយបាន ឬក៏ចូលទៅក្នុងសហគមន៍អន្តរជាតិឱ្យបានពេញលេញទេ ដូច្នេះកម្ពុជាអាចនឹងឈានទៅរកវិបត្តិ ពីការយល់ផ្នែកច្បាប់នេះខុសគ្នា អាហ្នឹងទី១។ ទី២អាចធ្វើឱ្យសហគមន៍អន្តរជាតិហ្នឹងដកប្រព័ន្ធអនុគ្រោះដែលឱ្យកម្ពុជាកន្លងមក ហើយអាភាពយល់ស្មើមុខស្មើមាត់គ្នាលើឆាកអន្តរជាតិ ក៏ត្រូវកាត់បន្ថយដែរ បើសិនជាអ្នកនយោបាយនៅតែប្រកាន់ស្តង់ដារបែបកម្ពុជាហ្នឹង»។
សហភាពអឺរ៉ុប កាលពីចុងឆ្នាំ២០២០ បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាង លើកលែងតែអាវុធហៅ (EBA)» ២០ភាគរយពីកម្ពុជា មុនកាលកំណត់ ដោយសម្អាងថា សិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិការងារ ជាដើម ត្រូវបានរំលោភបំពានជាប្រព័ន្ធ។
នៅប៉ុន្មានខែមុននេះ សភាអឺរ៉ុប ក៏បានព្រមានថ្មីទៀតថា កម្ពុជាអាចនឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះទាំងស្រុង បើក្រោយការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ លំហប្រជាធិបតេយ្យនៅកម្ពុជានៅតែបន្តរួមតូច៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។