ការងារ ព័ត៌មានជាតិ
កញ្ញា ប៉ា សុខេង | ០១ កក្កដា ២០២២ | ម៉ោង ១១:៥៣
VOD

កូដករណាហ្គាវើលដ៍ប្រមាណ១០០នាក់ ទៅតាមដានញត្តិរបស់ពួកគេដែលបានស្នើដល់ប្រមុខរដ្ឋាភិបាលនិងស្ថាប័នរដ្ឋសភា ព្រមទាំងស្នើជាថ្មីឱ្យពន្លឿនការរកដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
កូដករណាហ្គាវើលដ៍ប្រមាណ១០០នាក់ នៅព្រឹកថ្ងៃសុក្រនេះ បានទៅប្រមូលផ្ដុំគ្នានៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងរដ្ឋសភា ដើម្បីតាមដានញត្តិរបស់ពួកគេដែលបានស្នើដល់ប្រមុខរដ្ឋាភិបាលនិងស្ថាប័នមួយនេះ ព្រមទាំងស្នើជាថ្មីឱ្យពន្លឿនការរកដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បានលើកឡើងថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្រុមកូដករណាហ្គាវើលដ៍បានទៅដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងរដ្ឋសភា ដើម្បីសុំអន្តរាគមន៍ដោះស្រាយវិវាទការងារឱ្យបានឆាប់ ប៉ុន្តែគិតមកដល់ព្រឹកថ្ងៃសុក្រនេះ ពួកគាត់នៅមិនទាន់ទទួលបានការឆ្លើយតបណាមួយពីស្ថាប័នទាំង២នេះនៅឡើយ ទើបពួកគាត់នាំគ្នាទៅតាមដានញត្តិដែលបានញត្តិ។
កញ្ញាបន្តថា រយៈពេលជាង៦ខែមកហើយដែលកូដករណាហ្គាវើលដ៍បានធ្វើកូដកម្មតវ៉ាទាមទាររកដំណោះស្រាយវិវាទការងារ ក្រោយថៅកែបានបញ្ឈប់ពួកគេទាំងអយុត្តិធម៌ និងមិនអនុលោមតាមច្បាប់។ កញ្ញាបន្ថែមថា ការជួបចរចាចំនួន១២ដងរវាងតំណាងកូដករ តំណាងសហជីព និងតំណាងក្រុមហ៊ុន ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ ក៏នៅតែពុំទាន់មានលទ្ធផលជាវិជ្ជមាននៅឡើយ ដែលករណីនេះពួកគេនៅតែទទូចសុំឱ្យរដ្ឋាភិបាល និងរដ្ឋសភា ជួយពន្លឿនការដោះស្រាយឱ្យបានឆាប់។
បើតាមកញ្ញា ឈឹម ស៊ីថរ ការតាមដានញត្តិនៅព្រឹកនេះ ខាងខុទ្ទកាល័យនាយករដ្ឋមន្ត្រីគ្រាន់តែប្រាប់ថានឹងពាំនាំញត្តិនោះទៅថ្នាក់លើដើម្បីពិនិត្យ។
ចំណែកប្រធានផ្នែកជំនួយការនៃគណៈកម្មការទី១រដ្ឋសភា លោក ផាត់ សុផាន់ណា មានប្រសាសន៍ថា ក្រោយរដ្ឋសភាបានទទួលញត្តិរបស់ក្រុមកូដករកាលពីថ្ងៃទី២០ ខែមិថុនានោះ គណៈកម្មការទី១ បានប្រជុំ និងផ្ញើលិខិតទៅស្ថាប័នជំនាញ និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឱ្យពិនិត្យលើសំណើរបស់កូដករ និងធ្វើការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ។
លោកថា៖ «ខាងគណៈកម្មការ [ទី១ នៃរដ្ឋសភា] បានបញ្ជូនលិខិត [ការស្នើរបស់កូដករ] ហ្នឹងទៅឯកឧត្តម ប៊ិន ឈិន! និងមួយទៀត គឺយើងបានបញ្ជូនទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ [លោក អ៊ិត សំហេង] បញ្ជូនបានពីរករណីហ្នឹង […] ដូច្នេះបងប្អូនកម្មករអាចទៅសួរនាំនៅក្រសួង ដែលខាងគណៈកម្មការបានបញ្ជូនទៅ»។
បើតាមក្រុមកូដករ ប្រសិនបើមិនមានដំណោះស្រាយណាមួយទេ ពួកគាត់នឹងបន្តការតស៊ូមតិនិងតវ៉ារហូតដល់មានដំណោះស្រាយសមរម្យសម្រាប់ពួកគាត់។
វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍នេះបានកើតឡើងអស់រយៈពេលជាង១ឆ្នាំមកហើយ ក្រោយពេលដែលក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
what can this evil monster leader do if this is just a small problem he can not solving ???????