ដោយ ម៉ៅ សុធានី
2022.07.01
RFA

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ។ រូប៖ ហ្វេសប៊ុកគ.ជ.ប
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ សំរាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប កាលពីថ្ងៃទី៣០ ខែមិថុនា ឲ្យដឹងថា ការកំណត់យកថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា នេះ គឺអនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសេចក្ដីសម្រេចលេខ ៤៦ ចុះថ្ងៃទី២៩ ខែមិថុនា របស់រដ្ឋាភិបាលកម្ពុជា។
ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គឺជាអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ គ.ជ.ប ឲ្យដឹងដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលកន្លងផុតទៅថ្មីៗនេះ គ.ជ.ប និងរដ្ឋាភិបាលលោក ហ៊ុន សែន ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ សង្គមស៊ីវិល និងបក្សនយោបាយមួយចំនួនថា ការបោះឆ្នោតនេះ មិនបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។ ភាពមិនប្រក្រតីទាំងនោះ រួមមាន វត្តមានអាជ្ញាធរនៅក្នុងបរិវេណនៃការិយាល័យបោះឆ្នោត មេភូមិឬមេឃុំ អង្គុយចាំកត់ឈ្មោះអ្នកមកបោះឆ្នោត និងបិទទ្វារការិយាល័យមុនដំណើរការរាប់សន្លឹកឆ្នោត ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។