គណបក្សនយោបាយ ព័ត៌មានជាតិ
លោក យាង សុជាមេត្តា | ២៩ កក្កដា ២០២២ | ម៉ោង ១៥:២៥
VOD

ព្រឹកថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០២២ ថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រោយការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ និងពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំក្រុង-ស្រុក នៅទីស្នាក់ការគណបក្សប្រចាំខេត្តកំពង់ធំ។ (ហ្វេសប៊ុក៖ គណបក្សខ្មែរស្រឡាញ់ជាតិ)
គណបក្សខ្មែរស្រឡាញ់ជាតិ ប្រកាសរំលាយខ្លួនឯង ដើម្បីចុះចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
គណបក្សខ្មែរស្រឡាញ់ជាតិ ដែលមានក្បាលម៉ាស៊ីនដឹកនាំមានសមាសភាពចម្រុះចេញពី «គណបក្ស សមរង្ស៊ី» ផង និង «គណបក្សសិទ្ធិមនុស្ស» ផងនេះ គឺស្ថិតក្នុងចំណោមគណបក្សនយោបាយចំនួន៧ ដែលបានចុះឈ្មោះចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមបឹ្រក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ បើទោះជាថ្នាក់ដឹកនាំគណបក្សនេះអះអាងថា គោលនយោបាយបក្សនេះមិនសូវជាខុសពីគណបក្សសង្រ្គោះជាតិដែលត្រូវបាន តុលាការរំលាយក្ដី តែគណបក្សនេះមិនទទួលបានអាសនៈឃុំសង្កាត់ណាមួយនៅក្នុងការបោះឆ្នោតក្នុងពេលកន្លងទៅនោះទេ។
ការសម្រេចរំលាយខ្លួនឯងនៅពេលនេះ ត្រូវបានប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជីវ កក្តា លើកហេតុផលថា ដោយសារតែមើលឃើញការដឹកនាំត្រឹមត្រូវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលគណបក្សគ្មានហេតុផលអ្វីត្រូវធ្វើការប្រឆាំងទៅនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបន្តទៅទៀតនោះឡើយ។
លោក ជីវ កក្តា បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានយ៉ាងដូច្នេះថា៖ «ដោយសារយើងខ្ញុំមើលឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាមានសន្តិភាព ការអភិវឌ្ឍ និងអនាគតរុងរឿង ជាពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺបង្ហាញយ៉ាងច្បាស់អំពីការគិតគូរផលប្រយោជន៍របស់ជាតិជាធំ។ ដូច្នេះ ពុំមានហេតុផលណាមួយដែលយើងខ្ញុំនៅបន្តប្រឆាំងនឹងការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាតទៅទៀត»។
ក្រៅពីប្រកាសរំលាយខ្លួនឯងនៅពេលនេះ គណបក្សខ្មែរស្រឡាញ់ជាតិ មិនត្រឹមតែអំពាវនាវឱ្យសមាជិកបក្សរបស់ខ្លួនគ្រប់ជាន់ថ្នាក់ចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានោះទេ តែថែមទាំងអំពាវនាវឱ្យសមាជិកគាំទ្របក្សប្រឆាំង ឬកំពុងស្ថិតនៅក្នុងបក្សប្រឆាំង នាំគ្នាចូលរួមរស់ជាមួយគណបក្សកាន់អំណាចផងដែរ។
វីអូឌី មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជីវ កក្តា និងអនុប្រធានគណបក្សនេះ លោក កង គឹមហាក់ បាននៅឡើយទេ នៅថ្ងៃទី២៩ ខែកក្កដានេះ ដោយសារទូរសព្ទពុំអាចទាក់ទងបាន។
គណបក្សខ្មែរស្រឡាញ់ជាតិ គឺជាគណបក្សនយោបាយដំបូងគេ ដែលត្រូវបានបង្កើតឡើងដោយមានក្បាលម៉ាស៊ីនដឹកនាំមានប្រភពចេញមកពីគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ហើយដែលបានប្រកាសរំលាយខ្លួនឯងចាប់តាំងពីមានគណបក្សតូចៗបំបែកចេញពីគណបក្សសង្រ្គោះជាតិត្រូវបានបង្កើតឡើង ដើម្បីចូលរួមប្រកួតប្រជែងនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាមក។
បើទោះជាបានប្រកាសរំលាយខ្លួនឯង និងបានថ្លែងកោតសរសើរការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនេះក្តី គេនៅចាំបានថា ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីពេលកន្លងទៅ ថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ មិនបានពេញចិត្តនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានោះឡើយ និងបានប្រកាសថា គណបក្សរបស់ខ្លួនជាអ្នកបន្តដំណើររបស់គណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយទៀតផង៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។