ទំនាក់ទំនងអន្តរជាតិ ព័ត៌មានជាតិ
លោក សូត សុខប្រាថ្នា | ០១ សីហា ២០២២ | ម៉ោង ១៥:០០
VOD

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ជួបប្រជុំទ្វេភាគីជាមួយលោក Antony Blinken រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក ក្នុងឱកាសនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។ (ហ្វេសប៊ុក៖ ក្រសួងការបរទេសកម្ពុជា)
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អែនតូនី ប្លីងខិន (Antony J. Blinken) គ្រោងធ្វើដំណើរមកប្រទេសកម្ពុជាជាលើកដំបូង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក-អាស៊ាន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសុក្រ បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក អែនតូនី ប្លីងខិន គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក-អាស៊ាន កិច្ចប្រជុំកំពូលរដ្ឋមន្រ្តីការបរទេសអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន។ នៅក្នុងកិច្ចប្រជុំទាំងនេះ លោក ប្លីងខិន នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះមជ្ឈភាពអាស៊ាន និងការអនុវត្តប្រកបដោយជោគជ័យនៃទស្សនវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
សេចក្តីប្រកាសព័ត៌មានបន្តថា៖ «លោករដ្ឋមន្ត្រី Blinken នឹងលើកឡើងអំពីការដោះស្រាយបញ្ហាឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បញ្ហាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ បញ្ហាវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ឬភូមា និងបញ្ហាសង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែនផងដែរ»។
ប្រភពដដែលបន្តថា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិករូបនេះ ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ដើម្បីពិភាក្សាពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវទំនាក់ទំនងទ្វេភាគីរបស់សហរដ្ឋអាមេរិកជាមួយកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបន្តថា ដំណើរទស្សនកិច្ចដែលគ្រោងធ្វើឡើងពីថ្ងៃទី២ រហូតដល់ថ្ងៃទី១១ ខែសីហានេះ ក្រៅពីកម្ពុជា លោក Blinken នឹងត្រូវបន្តដំណើរទៅកាន់ប្រទេសហ្វីលីពីន អាហ្វ្រិកខាងត្បូង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសរវ៉ាន់ដា (Rwanda) ផងដែរ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។