តុលាការ និងច្បាប់ ព័ត៌មានជាតិ
លោក ណាត សុភាព | ០១ សីហា ២០២២ | ម៉ោង ១៧:៤៧
VOD

អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ លោក នល់ ពង្សធិរិទ្ធ នៅមុខច្រកចូលទៅស្នាក់ការគណបក្សភ្លើងទៀន អំឡុងពេលគណបក្សនេះធ្វើសមាជកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក នល់ ពង្សធារិទ្ធ – កំហែង ជ័យ)
សមត្ថកិច្ចរាជធានីភ្នំពេញ បានឱ្យដឹងថា សំណុំរឿងក្រុមជនដៃដល់បង្កហិង្សាលើសកម្មជនបក្សភ្លើងទៀនមួយរូប ក្នុងខណ្ឌពោធិ៍សែនជ័យ ក្រុមការងារជំនាញមិនទាន់បញ្ជូនទៅតុលាការនៅឡើយ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកភស្តុតាងនិងជនល្មើស។
មន្ត្រីផ្នែកព្រហ្មទណ្ឌនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ លោក ឡេង វាសនា បានប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា សំណុំរឿងលោក នល់ ពង្សធិរិទ្ធ អនុប្រធានគណបក្សភ្លើងទៀន ប្រចាំខណ្ឌពោធិ៍សែនជ័យ និងជាអតីតមន្ត្រីសន្តិសុខអន្តរាគមន៍ពិសេសរបស់លោក សម រង្ស៊ី ត្រូវបាននាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី៣ បញ្ជូនមកដល់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីចុងសប្ដាហ៍មុននេះ។ លោកបន្តថា ក្រោយពីទទួលបានសំណុំរឿងនេះ ក្រុមការងារជំនាញនឹងបន្តធ្វើការស្រាវជ្រាវរកមុខសញ្ញាជនល្មើសបន្ថែមទៀត ដើម្បីចាប់យកមកផ្ដន្ទាទោសតាមច្បាប់ និងផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ ។
លោកមានប្រសាសន៍ថា៖ «សំណុំរឿងនេះនៅលើដៃយើង [អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ] ដោយសារតែយើងនៅស្រាវជ្រាវរកមុខសញ្ញាជនដៃដល់។ យើងអត់ទាន់កំណត់ថា អ្នកណាជាអ្នកប្រព្រឹត្តនៅឡើយទេ។ បើសិនជាយើងកំណត់មុខសញ្ញាបាន បានយើងអនុវត្តបន្ថែមទៀត។ ឥលូវយើងកំពុងស្រាវជ្រាវ»។
សមត្ថកិច្ចរូបនោះបញ្ជាក់ថា ដើមចមដែលនាំឱ្យសមត្ថកិច្ចមិនទាន់បញ្ជូនសំណុំរឿងទៅស្នងការ ដោយសារភស្តុតាងដែលសមត្ថកិច្ចប្រមូលបានតាមរយៈកាមេរ៉ាសុវត្ថិភាពនោះ ថតជាប់ស្លាកលេខម៉ូតូរបស់ក្រុមជនដៃដល់មិនច្បាស់ ទើបបង្កការលំបាកដល់ការស្វែងរកជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់។
វីអូឌី មិនអាចសុំការបញ្ជាក់ពីលោក នល់ ពង្សធិរិទ្ធ អនុប្រធានគណបក្សភ្លើងទៀនប្រចាំខណ្ឌពោធិ៍សែនជ័យ បានទេ នៅថ្ងៃនេះ។ ប៉ុន្តែលោកធ្លាប់ប្រាប់វីអូឌីថា កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ មានក្រុមជនដៃដល់ចំនួន៦នាក់ និងគូកនចាំបិទផ្លូវជាច្រើននាក់ទៀត បាននាំគ្នាជិះម៉ូតូតាមវាយលោក ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកអះអាងថា ទីតាំងវាយដំរូបលោកនោះនៅក្បែរទីកន្លែងប្រជុំគណបក្ស បណ្ដាលឱ្យលោករងរបួសចំកញ្ចឹងក ស្មាស្ដាំ សៀតផ្កាខាងស្ដាំ និងវាយត្រូវចំពីក្រោយបណ្ដាលឱ្យបែកក្បាលធ្ងន់ធ្ងរ ដេរអស់១២ថ្នេរ ថែមទៀតផង។ លោកបញ្ជាក់ថា ក្រោយរងអំពើហិង្សានៅថ្ងៃដដែលនោះ គាត់បានដាក់ពាក្យប្ដឹងទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី៣ ដោយភ្ជាប់ជាមួយភស្តុតាងជាវីដេអូជនល្មើសប្រើហិង្សា និងស្លាកលេខម៉ូតូ ដើម្បីជំរុញទៅសមត្ថកិច្ចជួយស្វែងរកចាប់ក្រុមជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ខណៈរឿងនេះ លោកថា កើតចេញពីរឿងនយោបាយ មិនមែនជារឿងឯកជននោះទេ។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ មានប្រសាសន៍ថា សំណុំរឿងហិង្សាលើសកម្មជនបក្សប្រឆាំង កើតចេញពីជម្លោះនយោបាយច្រើនជាងរឿងបុគ្គល ហើយលោកមិនមានជំនឿលើសមត្ថកិច្ចក្នុងការស្វែងរកចាប់ខ្លួនក្រុមជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់នោះទេ។
លោកមានប្រសាសន៍ថា៖ «មកទល់ពេលនេះ មិនទាន់មានអ្នកណាមួយត្រូវបានរកឃើញ ហើយត្រូវបានផ្ដន្ទាទោស! យើងមិនសង្ឃឹមទេ ដូចករណី ជាមួយតុលាការ បើអ្នកនយោបាយ សកម្មជនដែលមានរឿងអ្វីហើយ ឱ្យតែកាត់ទោសពីសាលាដំបូងហើយ តុលាការសាលាឧទ្ធរណ៍ និងតុលាការកំពូល គេកាត់ដូចៗគ្នា មិនឃើញខុសគ្នាផង»។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បង្ហាញការងឿងឆ្ងល់ថា ភស្តុតាងនិងវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព ដែលចាប់បានស្លាកលេខម៉ូតូរបស់ជនដៃដល់ គួរណាស់តែសមត្ថកិច្ចស្រាវជ្រាវចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់បាន ប៉ុន្តែអាជ្ញាធរបែរជាអះអាងថា មិនទាន់មានភស្តុតាងគ្រប់គ្រាន់សម្រាប់កំណត់មុខសញ្ញាជនល្មើសទៅវិញ។
មន្ត្រីសិទ្ធិមនុស្សរូបនេះសង្កេតឃើញថា អំពើហិង្សាកើតលើសកម្មជនបក្សប្រឆាំង លោក នល់ ពង្សធិរិទ្ធ នេះ បានកើតឡើងចំនួន២លើកមកហើយ ប៉ុន្តែជនល្មើសមិនទាន់ត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោសនៅឡើយ។
លោកមានប្រសាសន៍ថា៖ «បើសិនជាបញ្ហាជាច្រើនមិនត្រូវបានដោះស្រាយ ហើយស្វែងរកជនដៃដល់ឃើញទេ វាបង្កើតនូវវប្បធម៌និទណ្ឌភាព ដែលវាធ្វើឱ្យប៉ះពាល់ដល់ដំណើរការ ឬប្រព័ន្ធយុត្តិធម៌និងការស្វែងរកយុត្តិធម៌នៅក្នុងសង្គម ក៏ដូចជាការធានាពីកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងសង្គម»។
កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ លោក នល់ ពង្សធិរិទ្ធ ក៏ធ្លាប់ត្រូវបានក្រុមជនមិនស្គាល់មុខវាយឱ្យរង្គើធ្មេញមុខស្ទើរតែបាក់ចំនួន៥ និងត្រូវចំក្បាលម្តងមកហើយ ស្ថិតនៅម្តុំខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប៉ុន្តែអំពើហិង្សាកាលណោះ លោកមិនបានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចនោះឡើយ ដោយត្រូវភៀសខ្លួនទៅប្រទេសថៃមួយរយៈសិន។
លោក សំ សុគង់ មេធាវីការពារសិទ្ធិឱ្យគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ បានថ្លែងកាលពីអំឡុងពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២នេះថា មានជនរងគ្រោះមិនតិចជាង៣០នាក់ទេ ដែលត្រូវបានគេលបវាយប្រហារ ហើយសកម្មភាពបែបនេះបានកើតឡើងជាញឹកញាប់ ជាពិសេសនៅក្រោយពេលដែល «គណបក្សសង្រ្គោះជាតិ» ត្រូវបានតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧មក។ លោកកត់សម្គាល់ថា អំពើហិង្សាភាគច្រើនទៅលើសកម្មជនបក្សប្រឆាំង ត្រូវបានជនមិនស្គាល់មុខលបវាយពីក្រោយ ហើយជួនកាលវាយដោយចំពោះមុខក៏មាន។
បើតាមការបញ្ជាក់របស់លោកមេធាវី សំ សុគង់ ក្នុងចំណោមការប្រើប្រាស់ហិង្សាទាំងជាង៣០ករណីនេះ មានប្រមាណ១០សំណុំរឿង គឺជាហិង្សាក្នុងកម្រិតធ្ងន់ធ្ងរបំផុត រហូតបណ្តាលឱ្យជនរងគ្រោះត្រូវពិការអស់មួយជីវិត។ លោកថា ជនរងគ្រោះទាំងនោះបានដាក់បណ្តឹងជាហូរហែទាំងក្នុងដំណាក់កាលនគរបាលយុត្តិធម៌ និងតុលាការ ប៉ុន្តែគ្រប់ករណីមិនដែលឃើញមានចំណាត់ការ ឬមានការឆ្លើយតបបែបណា ជុំវិញបណ្តឹងទាំងនោះនៅឡើយទេ ក្នុងរយៈពេលជិត៥ឆ្នាំមកនេះ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។