ដោយ មាន ឫទ្ធិ
2022.08.01
RFA

យុវជន យឿង ខាយ (ឆ្វេង) និងយុវជន ថាច់ កឿង ដែលត្រូវអាជ្ញាធរវៀតណាម ចាប់ខ្លួន នាទីក្រុងហូជីមិញ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋ
អាជ្ញាធរវៀតណាម បានដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមពីរនាក់ មកវិញហើយ កាលពីម៉ោងយប់១១យប់ ថ្ងៃទី៣០ខែកក្កដា បន្ទាប់ពីចាប់ឃុំខ្លួនពួកគេអស់ប្រមាណ៩ម៉ោង។ យុវជន យឿង ខាយ និងយុវជន ថាច់ កឿង ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួននៅព្រឹកថ្ងៃទី៣០ ខែកក្កដា ក្នុងបំណងរារាំងមិនឲ្យពួកគាត់ទាំងពីររូប ជួបមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងព្រៃនគរ។
អាជ្ញាធរវៀតណាមជាច្រើននាក់ បានឡោមព័ទ្ធចាប់យុវជនទាំងពីរនាក់នៅកន្លែងផ្សេងៗគ្នា។ យុវជន យឿង ខាយ បានបង្ហោះវីដេអូ ក្នុងបណ្ដាញសង្គម ( Facebook)បង្ហាញ ប៉ូលិសវៀតណាមពីរនាក់ បានជិះម៉ូតូតាមលោកពីក្រោយ ហើយមានបំណងធាក់ផ្តួលម៉ូតូលោកឲ្យដួលទៀតផង។
បច្ចុប្បន្នយុវជន យឿង ខាយ និងយុវជន ថាច់ កឿង កំពុងស្នាក់នៅកន្លែងមានសុវត្ថិភាព ក្រោយត្រូវបានប៉ូលិសវៀតណាមដោះលែង។ ពាក់ព័ន្ធរឿងនេះ យុវជនខ្មែរក្រោម លោក តោ ហ្វាងចឿង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ៣១ ខែកក្កដានេះ វៀតណាមបានដោះលែងយុវជនខ្មែរក្រោមទាំងពីរនាក់ឲ្យមានសេរីភាពឡើងវិញ ក្រោយពីបានសួរចម្លើយ និងឆែកទូរស័ព្ទរបស់ពួកគេ អស់ជាច្រើនម៉ោង។ លោកថា ទង្វើរបស់វៀតណាមនេះ ធ្វើឡើងដើម្បីបំបាក់ស្មារតីខ្មែរក្រោមកុំឲ្យហ៊ានងើបឡើងទាមទារសិទ្ធិជនជាតិដើម៖«ទង្វើដែលអាជ្ញាធរវៀតណាម បានចាប់យុវជនខ្មែរក្រោមពីរនាក់ មិនបានធ្វើឲ្យខ្មែរក្រោម ភ័យខ្លាចបាក់ស្បាតអ្វីទេ គឺមានតែការស្អប់ របបផ្ដាច់ការមិនគោរពសិទ្ធិមនុស្ស ដូច្នោះបងប្អូនបានឃើញអំពើដ៏ព្រៃផ្សៃនេះ។»
ជុំវិញការបន្តធ្វើទុក្ខបុកម្នេញយុវជនខ្មែរក្រោមពីសំណាក់វៀតណាមនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានថ្កោលទោសសកម្មភាពរំលោភសិទ្ធិមនុស្សខ្មែរក្រោមនេះដែរ។ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា ស្នើឲ្យវៀតណាមគោរពពាក្យសន្យាចំពោះមុខសហគមន៍អន្តរជាតិដែលប្រទេសនេះបានសន្យាថា គោរពសិទ្ធិមនុស្ស៖«រដ្ឋាភិបាលតែងតែអះអាងថា រដ្ឋាភិបាលវៀតណាម គោរពសិទ្ធិមនុស្ស ចំពោះជនជាតិនៅក្នុងប្រទេសវៀតណាម ប៉ុន្តែផ្ទុយទៅវិញ ខ្មែរក្រោមជាជនជាតិដើម ជាម្ចាស់ស្រុកឲ្យតែយុវជនហ៊ានងើបឡើងតស៊ូមតិ អាជ្ញាធរវៀតណាមតែងតែគំរាមកំហែង និងសំឡុតបំភ័យ នេះជាអំពើយុត្តិធម៌ប្រកាន់ពូជសាសន៍ដល់ខ្មែរក្រោមដែលជាម្ចាស់ស្រុក។»
យុវជន យឿង ខាយ និងយុវជន ថាច់ កឿង ជាអ្នកសកម្មជនសិទ្ធិមនុស្ស និងសិទ្ធិការងារ។ ពួកគេបានធ្វើការងារជួយលើកស្ទួយសិទ្ធិខ្មែរក្រោម តាមរយៈការពន្យល់និងចែកចាយឯកសារសិទ្ធរបស់អង្គការសហប្រជាជាតិ។
ពួកគេក៏ធ្លាប់ត្រូវបានអាជ្ញាធរវៀតណាម គំរាមកំហែង ធ្វើទុក្ខបុកម្នេញ និងឃាត់ខ្លួនទៅសួរនាំជាបន្ទាប់ និងរងការផាកពិន័យជាច្រើនរយដុល្លារ ដោយសារតែសកម្មភាពតស៊ូមតិរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។