ដោយ សុ ជីវី
2022.08.01
RFA

ឆ្នេរសមុទ្ររាម ស្ថិតនៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលក្រុមហ៊ុនឯកជនកំពុងបូមខ្សាច់ លុបឆ្នេររំលោភយកដីឆ្នេរ។ រូប៖ បណ្តាញសង្គម
សកម្មជនបរិស្ថាន និងសង្គមស៊ីវិលរិះគន់អភិបាលស្រុកព្រៃនប់ខេត្តព្រះសីហនុដែលបណ្ដោយឱ្យក្រុមឈ្មួញអចលទ្រព្យលុបដីឆ្នេរសមុទ្ររាម ដែលជាប់នឹងរង្វង់មូលព្រះសេវៈ លក់ចេញជាដីឡូដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ ការរិះគន់នេះក្រោយពីពួកគេមើលឃើញថា អាជ្ញាធរពាក់ព័ន្ធមិនអើពើទប់ស្កាតការលុបឆ្នេរសមុទ្រនេះឱ្យបានត្រឹមត្រូវឡើយ។
សកម្មជនបរិស្ថាន និងសង្គមស៊ីវិល លើកឡើងថា ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ អាចនឹងក្លាយជាដីគោកនៅពេលដ៏ខ្លីខាងមុខ ប្រសិនបើអាជ្ញាធរនៅតែបណ្ដែតបណ្ដោយឱ្យជនខិលខូចចាក់ដីលុបឆ្នេរដូចបច្ចុប្បន្ននោះ។
មន្ត្រីជាន់ខ្ពស់ផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃសមាគមបណ្ដាញយុវជនកម្ពុជាហៅកាត់ថា CYN លោក ម៉ា ចិត្រា ឱ្យដឹងថាការលុបឆ្នេរសមុទ្រនៅកម្ពុជាហាក់ដូចជាធ្វើតាមតែអំពើចិត្តរបស់អ្នកមានអំណាចដោយមិនបានគិតឱ្យបានស៊ីជម្រៅជុំវិញបញ្ហាប៉ះពាល់ដល់បរិស្ថាន។ លោកមើលឃើញថាបើសិនជាបញ្ហានេះនៅតែបន្តកើតមានជាហូរហែបែបនេះនឹងធ្វើឱ្យខូចសោភ័ណភាពឆ្នេរ រួមនឹងសម្បត្តិសាធារណៈដែលអាជ្ញាធរពាក់ព័ន្ធគួរតែត្រូវបានថែរក្សាជារួមមិនគួរលក់ឱ្យក្រុមឯកជនណាមួយនោះទេ៖«ចំពោះខ្ញុំយល់ថាវាពុំគួរចាំបាច់អ៊ីដល់ថ្នាក់វិនិយោគតំបន់ឆ្នេរឱ្យឯកជនធ្វើជាដីឡូឬសាងសង់ជាផ្ទះទេគួរតែទុកឆ្នេរសមុទ្រដើម្បីជាប្រយោជន៍សាធារណៈវិញល្អជាង ហើយបើអាចគួរតែធ្វើឱ្យឆ្ងាយពីឆ្នេរសមុទ្រហ្នឹងយ៉ាងហោចណាស់ក៏គួរបាន៣០ម៉ែត្រនោះដែរ។ ចន្លោះ៣០ម៉ែត្រអាចធ្វើផ្លូវតាមមាត់សមុទ្រឬក៏ទុកឆ្នេរសម្រាប់ឱ្យសាធារណៈជនបានទស្សនាផងដែរ»។
ចំណែកសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិដែលធ្លាប់ជាប់ពន្ធនាគារកន្លងទៅ គឺកញ្ញា ឡុង គន្ធា លើកឡើងថា បញ្ហាលុបឆ្នេរឬបឹងធម្មជាតិនេះជារឿងធម្មតាទៅហើយ បើទោះបីជាដឹងថាការលុបបឹង ឬឆ្នេរផ្សេងៗកន្លងមករងផលប៉ះពាល់ជាហូរហែក៏ដោយ។ កញ្ញាអះអាងថា អាជ្ញាធរគួរតែគិតឡើងវិញដើម្បីផ្លាស់ប្ដូរឥរិយាបថក្នុងការអភិវឌ្ឍបំផ្លាញសម្បត្តិធម៌ជាតិនេះ ព្រោះទង្វើទាំងនោះផ្ដល់នូវគំរូអាក្រក់ដល់ឈ្មួញរកស៊ីមួយចំនួននៅពេលបច្ចុប្បន្ន៖«សម្រាប់ខ្ញុំការអភិវឌ្ឍបែបហ្នឹងវាមិនមែនជាការអភិវឌ្ឍមួយដែលវាមាននិរន្តភាពនោះទេ ហើយវាជាគំរូអត់ល្អទេដែលអ្នកដែលគាត់រំលោភយកទ្រព្យសម្បត្តិរបស់រដ្ឋ រំលោភយកដីឆ្នេរទាំងអស់ហ្នឹងបែរជាគាត់អត់ត្រូវបានមានចំណតការណាមួយពីភាគីរដ្ឋាភិបាល ឬក៏ពីខាងផ្លូវច្បាប់ទាំងដែលគាត់ធ្វើខុសច្បាប់ជារួចផុតពីការអនុវត្តច្បាប់។ អ៊ីចឹងវាមានអារម្មណ៍ថា វាទៅជាគំរូមួយដល់អ្នកផ្សេងទៀតដែលគាត់មានលុយមានអំណាចយកទ្រព្យសម្បត្តិរបស់រដ្ឋហ្នឹង។
ឆ្លើយតបនឹងបញ្ហាខាងលើកនេះអភិបាល ស្រុកព្រៃនប់ លោក ស កក្កដា ប្រាប់វិទ្យុអាស៊ីសេរី យ៉ាងខ្លីថា លោកមិនដឹងរឿងលុបឆ្នេរអ្វីនោះទេ ព្រោះមិនមែនជាកិច្ចការងាររបស់លោក៖« ការងារទាំងអស់នេះបងអាចខលទៅសួរគេបានសួរម្ចាស់ដីឡូ ព្រោះឃើញគេមកសួរខ្ញុំដែរ។ អាចសួរអ្នកបង្ហោះលើគណនីហ្វេសប៊ុកថាគាត់បានដីមកពីណាបង្ហោះហ្នឹង»។
ជុំវិញការរិះគន់នេះ វិទ្យុអាស៊ីសេរីនៅមិនទាន់ទាក់ទងអភិបាលខេត្ត ព្រះសីហនុ លោក កួច ចំរើន ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញពីការលុបឆ្នេរនេះបាននៅថ្ងៃទី៣១កក្កដា ដោយហៅទូរសព្ទចូលទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ច្បាប់ភូមិបាល មាត្រា១៦ ចែងថា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមិនអាចលក់ដូរ យកធ្វើជាកម្មសិទ្ធិបានឡើយ ហើយកម្មសិទ្ធិនៃទ្រព្យទាំងនោះក៏មិនអាចកំណត់អាជ្ញាយុកាលបានដែរ។ លើសពីនេះ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គឺបានរាប់បញ្ចូលនូវទ្រព្យសម្បត្តិទាំងឡាយណាដែលកើតចេញពីធម្មជាតិ ដូចជា ព្រៃឈើ ផ្លូវទឹកដែលនាវា ក្បូនចេញចូលបាន បឹងធម្មជាតិ ច្រាំងទន្លេ ប្រឡាយ ស្ទឹង សមុទ្រ ជាដើម។
តែយ៉ាងណាសកម្មជន និងសង្គមស៊ីវិលមើលឃើញថា ទោះបីជាច្បាប់ចែងនៅលើក្រដាសយ៉ាងនេះក្តី ប៉ុន្តែ សកម្មភាពលុបបឹងធម្មជាតិ ច្រាំងទន្លេ ព្រែក ប្រឡាយទឹក ស្ទឹង រហូតដល់ឆ្នេរសមុទ្រផងនោះ កើតមានជាហូរហែទាំងក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្ត មានទាំងការលុបដែលផ្តល់ដោយអាជ្ញាធររដ្ឋាភិបាល និងការលុបរំលោភពីសំណាក់បុគ្គលឯកជន។
ការលុបឆ្នេរសមុទ្រនៅក្នុងខេត្តព្រះសីហនុនេះមិនមែនទើបតែកើតមាននោះទេ ដូចជានៅចំណុចឆ្នេរព្រែកត្រែង កាលពីខែកញ្ញា ឆ្នាំ២០១៨ ក៏មានការលុបឆ្នេរពីសំណាក់ក្រុមហ៊ុនរបស់អ្នកស្រី ជឹង សុភាព ភរិយារបស់ឧកញ៉ា ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាដែរ។
នៅចុងឆ្នាំ២០១៨ដដែល អតីតអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ធ្លាប់បានស្នើទៅឧកញ៉ាម្នាក់ទៀតឱ្យបញ្ឈប់សកម្មភាពចាក់ដីបំពេញតាមដងព្រែកកោះខ្យង ក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ «រាម» ស្ថិតនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ ជាបន្ទាន់ ដោយថា ការចាក់ដីនោះ ធ្វើឱ្យខូចទីជម្រាល ប៉ះពាល់ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ឆ្នេរ ប៉ុន្តែ អតីតអភិបាលខេត្តរូបនោះ និងអភិបាលខេត្តបច្ចុប្បន្ន មិនទាន់មានវិធានការច្បាប់ដល់ពួកគេទាំងនោះទេ។
នៅក្រុងព្រះសីហនុឯណោះវិញ ឆ្នេរសមុទ្រនៅជាប់នឹងរង្វង់មូលព្រះថោងតោងស្បៃកំពុងតែរងការចាក់ដីអភិវឌ្ឍន៍ដែលមានទំហំដីជិត៣០គីឡូម៉ែត្រ៤ជ្រុង និងជម្រៅ៥ម៉ែត្រចុះក្រោយ ដែលបង្កឱ្យប៉ះពាល់ដល់មុខរបរប្រជានេសាទរាប់រយគ្រួសារ និងប៉ះពាល់សម្រស់ឆ្នេរធម្មជាតិ។ ការលុបឆ្នេរសមុទ្រនេះទំនងជាសាងសងកំពង់ផែ និងអាគារធំៗ ដែលមានការវិនិយោគដោយជនជាតិចិនជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។