2022.08.01
RFA

អគារធំនៃសាលារាជធានីភ្នំពេញ។ រូប៖ ពលរដ្ឋ
គណបក្សនយោបាយ និងសង្គមស៊ីវិល រិះគន់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលមានចំនួនច្រើនក្នុងនោះអភិបាលរងរាជធានីភ្នំពេញ មានចំនួន៩ រូប។ពួកគាត់ ចាត់ទុកថា ចំនួនអភិបាលរងរាជធានីភ្នំពេញដ៏ច្រើននេះ គឺជាការបង្ហិនថវិកាជាតិ តាមរយៈការចំណាលើប្រាក់ខែរបស់ពួកគេ ប៉ុន្តែពុំសូវមានប្រសិទ្ធិភាពការងារនោះទេ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានបង្ហោះសារលើហ្វេសប៊ុក (Facebook) នៅថ្ងៃទី៣១ កក្កដា ថា នៅក្នុងស្ថាប័នរាជរដ្ឋាភិបាលបច្ចុប្បន្ន មានឧបនាយករដ្ឋមន្ត្រីដល់ទៅ១០រូប រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្នុងក្រសួងនីមួយៗទាំង ២៨ក្រសួង ពី១០ ទៅ២០រូប។ សម្រាប់នៅថ្នាក់ក្រោមជាតិវិញ អភិបាលរងរាជធានី-ខេត្តមានចំនួន៩រូបជាមធ្យម ហើយអភិបាលរងក្រុង ស្រុក ខណ្ឌ ក៏ច្រើនសម្បើមណាស់ដែរ។ គណបក្សនេះ បន្តថា តួនាទីស្នងការរងនគរបាលវិញ យ៉ាងតិចក៏មានចំនួនពី ១០ ទៅ ២០ រូប ដែរ នៅក្នុងរាជធានី-ខេត្តទូទាំងប្រទេស។នេះមិនទាន់គិតដល់អគ្គនាយករង និងអនុប្រធាននាយកដ្ឋានច្រើនស្អេកស្កះនៅតាមក្រសួងមន្ទីរនីមួយៗផង។មន្ត្រីទាំងអស់ សុទ្ធតែទទួលប្រាក់ខែចេញពីថវិកាជាតិ ហើយថវិកាជាតិ ពី ៨ ទៅ ៩ពាន់លានដុល្លារ ក្នុង១ឆ្នាំៗបានមកភាគច្រើនលើសលប់ពីការបង់ពន្ធរបស់រាស្រ្តខ្មែរ និងការខ្ចីបុលពីបរទេស ហើយអ្នកជំនាន់ក្រោយមានកាតព្វកិច្ចត្រូវសង់បំណុលបរទេសទាំងអស់នោះវិញ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ថា ស្ថាប័ន រាជរដ្ឋាភិបាល គួរតែកាត់បន្ថយចំនួនឧបនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង អភិបាលរង ស្នងការរង អនុប្រធានមន្ទីរ និងអនុប្រធាននាយកដ្ឋាន មកត្រឹមតែ៣រូបដូចគោលនយោបាយរបស់ខ្លួន។ គណបក្សនយោបាយ ផ្សេងទៀត និងសង្គមស៊ីវិល ក៏រិះគន់ថា រដ្ឋបាលក្បាលធំដូចសព្វថ្ងៃនេះ គឺគ្រាន់ជាការចែកការងារគ្នាធ្វើ ដើម្បីចាយវាយថវិកាជាតិខ្ជះខ្ជាយតែប៉ុណ្ណោះ ខណៈកម្ពុជា ជាប្រទេសក្រីក្រ។
ប្រតិកម្មរបស់បក្សនយោបាយនិងសង្គមស៊ីវិលនេះ គឺបន្ទាប់ពីមានការចែកចាយរូបភាពរចនាសម្ព័ន្ធរបស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះអភិបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង។អភិបាលរងទាំង៩រូបវិញមាន៖ លោក ស៊ុយ សេរិទ្ធ លោក កើត ឆែ អ្នកស្រី កែវ សុខពិសី លោក មាន ចាន់យ៉ាដា លោក នួន ផារ័ត្ន លោក ហួត ហៃ លោក សុខ ពេញវុធ លោក ឃ្លាំង ហួត លោក ហ៊ុន សុរិទ្ធី។ ក្រុមថ្នាកដឹកនាំសាលារាជធានីភ្នំពេញទាំងនេះក៏មានកេរ្តិ៍ឈ្មោះអាស្រូវរឿងរំលោភសិទ្ធិមនុស្សដែរតាមរយៈការដឹកនាំកម្លាំងសន្តិសុខទៅបង្ក្រាបលើពលរដ្ឋដែលតវ៉ាអហិង្សាដូចពលរដ្ឋរងគ្រោះដីធ្លី កម្មករ សកម្មជនសិទ្ធិមនុស្សនិងក្រុមគ្រួសារសកម្មជននយោបាយជាដើម។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។