ដោយ ទីន ហ្សាការីយ៉ា
2022.08.22
RFA

លោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង។ រូប៖ ហ្វេសប៊ុកលោក កឹង ឃន
មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជន មិនទាន់ស្ងប់ចិត្តនៅឡើយទេ ទាក់ទិនករណីរដ្ឋាភិបាល បានដំឡើងតំណែងស្នងការខេត្តស្វាយរៀង លោក កឹង ឃន ដែលមានរឿងអាស្រូវពុករលួយដុះស្លែ និង បក្ខពួកនិយមជាដើម។ ពួកគេអំពាវនាវឱ្យរដ្ឋាភិបាល គួរតែ ពិនិត្យមើល និងដោះស្រាយអំពើពុករលួយរបស់ស្នងការរូបនេះ ឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមាន ដល់សន្តិសុខសង្គម និងពលរដ្ឋ។
មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជន បារម្ភថា ការដំឡើងតំណែង មន្ត្រីខិលខូច ដែលមានរឿងអាស្រូវអំពើពុករលួយ គឺជាប្រថ្នូរអាក្រក់ ជះឥទ្ធិពលមិនល្អដល់សង្គមជាតិ។
កាលពីសប្ដាហ៍មុន (១៨ សីហា) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យផ្ទេរមុខតំណែង នគរបាលជាតិ ដោយតែងតាំងស្នងការនគរបាលខេត្តស្វាយរៀង លោក កឹង ឃន ទៅជាអគ្គស្នងការរងនគរបាលជាតិ ។
យុវជនរស់នៅក្រុងបាវិត ខេត្តស្វាយរៀង លោក ឯក សុខសុវណ្ណ ចង់ឃើញស្ថាប័ននគរបាលជាតិ អនុវត្តតួនាទីភារកិច្ច មានតម្លាភាព និងស្មោះត្រង់ ក្នុងការតែងតាំងមន្ត្រីមានសមត្ថភាពគ្រប់គ្រាន់ បម្រើជាតិ និងពលរដ្ឋ ឱ្យរីកចម្រើន និងគ្មានអំពើពុករលួយ។ លោកយល់ថា បើរដ្ឋាភិបាលមិនបោសសំអាតមន្ត្រីខិលខូច និងលុបបំបាត់អំពើពុករលួយ ពី ស្ថាប័ននគរបាលនោះទេ ពលរដ្ឋនៅតែសង្ស័យ និងមិនទុកចិត្តរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយលុបបំបាត់អំពើពុករលួយ៖ «ស្នងការមកថ្មី ខ្ញុំគិតថា ធ្វើម៉េចឱ្យល្អជាងអ្នកចាស់ កុំឱ្យមានរឿងអាស្រូវដូចអ្នកចាស់ ធ្វើម៉េចកុំឱ្យកូនចៅប្តឹងផ្តល់។ កុំឱ្យមានទំនាស់ផលប្រយោជន៍ណាមួយ ធ្វើឱ្យសង្គមជាតិ មិនអាចអភិវឌ្ឍន៍ទៅបាន។
កាលពីដើមឆ្នាំ ២០១៩ នគរបាលខេត្តស្វាយរៀងជិត ៥៧នាក់ បានចុះហត្ថលេខាលើលិខិតអនាមិក ប្ដឹងស្នងការខេត្តស្វាយរៀង លោក កឹង ឃន លើកទីមួយ ដោយចោទថា ប្រព្រឹត្តអំពើពុករលួយ និងបានប្រើអំណាចគំរាមកំហែងជេរប្រមាថមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន។ លិខិតអនាមិកបញ្ជាក់ថា លោក កឹង ឃន មានលុយរាប់សិបលានដុល្លារ និងទ្រព្យសម្បត្តិមហាសាលមិនប្រក្រតីដោយសារអំពើពុករលួយជាច្រើនឆ្នាំមកហើយ។ ក៏ប៉ុន្តែមកទល់ពេលនេះ រដ្ឋាភិបាលនៅមិនទាន់ជួយរកយុត្តិធម៌ឲ្យមន្ត្រីនគរបាលទាំងនោះនៅឡើយទេ។
នគរបាលខេត្តស្វាយរៀងម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះ និងសំឡេង ព្រោះបារម្ភពីសុវត្ថិភាពឱ្យដឹងថា មានភាពមិនប្រក្រតីជាច្រើន ក្នុងពេលស្នងការរូបនេះកាន់តំណែងជាង ១០ឆ្នាំកន្លងទៅ រួមមាន ការគាបសង្កត់ ធ្វើបាបកូនចៅថ្នាក់ក្រោម ផ្លាស់ប្ដូរតួនាទី នគរបាលតាមអំពើចិត្ត និងបញ្ជូនបងប្អូនសាច់ញាតិ ធ្វើការនៅកន្លែងធំៗ ជាដើម។ លោកបន្តថា ពួកគាត់អស់ជំនឿចិត្តលើការដឹកនាំរបស់ស្នងការរូបនេះជាយូរមកហើយដោយមិនហ៊ានប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅថ្នាក់លើខ្លាចក្រែងប៉ះពាល់សុវត្ថិភាព។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ផ្តល់ទស្សនៈថា រដ្ឋាភិបាលគួរតែថ្លឹងថ្លែងឱ្យបានល្អិតល្អន់ ចំពោះការតែងតាំងមុខតំណែង ស្នងការខេត្តនីមួយៗ ប្រសិនបើរើសមនុស្សមានសមត្ថភាព អនុវត្តតួនាទីល្អ និងស្មោះត្រង់ នឹងជួយពលរដ្ឋ រួមទាំងសង្គមជាតិបានច្រើន។ លោកបន្តថា ប៉ុន្តែផ្ទុយមកវិញ បើការតាំងមន្ត្រីរូបណាមួយ គិតពីផលប្រយោជន៍ផ្ទាល់ខ្លួន នឹងខាតបង់ច្រើនដល់រដ្ឋ និងសង្គមជាតិ៖ «ពាក់ព័ន្ធអំពើពុករលួយ ខ្វះតម្លាភាព ឬភាពមិនប្រក្រតីណាមួយនោះ គួរតែមានការដាក់ទោសទណ្ឌ កុំឱ្យមានការយកគំរូតាម។ បើចង់ឱ្យមន្ត្រីធ្វើការមានប្រសិទ្ធភាព ទាល់តែយើងរឹតបន្តឹងវិន័យ ក្រិត ក្រម និងការអនុវត្តច្បាប់ហ្នឹងដែរ។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ដើម្បីសុំការឆ្លើយបំភ្លឺជុំវិញការដំឡើងមុខតំណែងស្នងការរូបនេះ ប៉ុន្តែពុំមានអ្នកលើកទូរស័ព្ទ។
រីឯស្នងការនគរបាលខេត្តស្វាយរៀង លោក កឹង ឃន ក៏មិនអាចសុំការបំភ្លឺបានដែរ នៅថ្ងៃទី២២ សីហានេះ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា សង្កេតឃើញថា ព័ត៌មានពាក់ព័ន្ធរឿងអំពើពុករលួយរបស់ស្នងការរូបនេះ មិនត្រូវបានស៊ើបអង្កេតដោយយកចិត្តទុកដាក់ ដើម្បីចាត់វិធានការច្បាប់ ដែលជាដើមចម លើកទឹកចិត្តឱ្យមានអំពើពុករលួយ ក្នុងជួរសមត្ថកិច្ចកាន់តែរីកធំឡើង។ លោកយល់ថា រដ្ឋាភិបាលគួរតែស៊ើបអង្កេតឱ្យត្រឹមត្រូវ មុននឹងដំឡើងតួនាទី និងឋានៈ ទៅឱ្យសមត្ថកិច្ចណាមួយ៖ «ប្រសិនជាអ្នកប្រព្រឹត្តអំពើពុករលួយវាពាក់ព័ន្ធទៅនឹងផលប្រយោជន៍បក្ខពួកនិយមទាំងអស់នេះ មិនត្រូវបានចាត់វិធានការវាហាក់បីដូចជា យើងមានការលើកទឹកចិត្តឱ្យមានអំពើពុករលួយក្នុងជួរសមត្ថកិច្ចកម្ពុជាអ៊ីចឹង។
កាលពីឆ្នាំ២០២០ នគរបាលខេត្តស្វាយរៀងរាប់រយនាក់ បានសរសេរលិខិតអនាមិកជាលើកទី២ ចោទថា លោក កឹង ឃន បានប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹង ដឹកនាំបែបផ្ដាច់ការ និងបក្ខពួកនិយមជាដើម។ ស្នងការរូបនេះ បានប្រើអំណាចបញ្ជូនសាច់ញាតិបងប្អូនឱ្យគ្រប់គ្រងតាមច្រករបៀងព្រំដែន ដើម្បីប្រមូលលុយពីជនជាតិវៀតណាមរាប់ពាន់នាក់។ ទន្ទឹមនឹងនេះ មានរឿងអយុត្តិធម៌កើតមានជាច្រើនឆ្នាំមកហើយ ដោយគ្មានស្ថាប័នរដ្ឋាភិបាលណាដោះស្រាយនោះទេ បើទោះបីជា ពួកគេមានភស្តុតាងច្បាស់លាស់យ៉ាងណាក្ដី។
កាលពីខែកុម្ភៈ ឆ្នាំ ២០២២ នគរបាលខេត្តស្វាយរៀង ១៥១នាក់ បានសរសេរលិខិតអនាមិកលើកទី៣ ដោយបង្ហាញពីការកើតទុក្ខមិនសុខចិត្ត ចំពោះស្នងការខេត្តស្វាយរៀង លោក កឹង ឃន ដែលបានបញ្ជាឱ្យស្នងការរងកាត់ប្រាក់ខែមន្ត្រីថ្នាក់ក្រោមជិត ៤០០នាក់ ដោយក្នុងម្នាក់ៗ ចាប់ពី ២សែនរៀល (២០០.០០០) រហូតដល់ ៤លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។