អ្នករាយការណ៍ពិសេសយកកង្វល់របស់គណបក្សភ្លើងទៀនទាក់ទងនឹងសមាសភាព គ.ជ.ប ទៅសួរនាំមន្ត្រី

កម្ពុជា-នយោបាយ
23/08/2022 – 07:50
ដោយ៖ ជួប នរក្សា
RFI

លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា និងលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត © សហការី


លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានជួបជាមួយលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពិថ្ងៃទី២២សីហាម្សិលមិញ។ ក្នុងជំនួបជាលើកទី២ ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក វិទិត មុនតាប៊ន បានចោទសួរពីការបោះឆ្នោតឃុំ-សង្កាត់ ដែលទើបកន្លងផុត។ ហើយជាពិសេសគឺសមាភាពរបស់ គ.ជ.ប បច្ចុប្បន្ន ដែលជាការស្នើសុំដោយផ្ទាល់ពីគណបក្សភ្លើងទៀន។ 

មិនភ្លេចនោះទេ សម្រាប់លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានស្នើសុំលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់អំពីបញ្ហាសមាសភាព គ.ជ.ប ដែលមិនគួរជ្រើសរើសចេញពីគណបក្សនយោបាយ បញ្ហាគណៈកម្មាការការិយាល័យបោះឆ្នោតដែលគួរមានសមាសភាពចម្រុះ បញ្ហាកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតតាមទម្រង់១១០២ និងបរិយាកាសទាំងមុនពេល ក្នុងពេល និងក្រោយពេលការបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសលទ្ធផលព័ត៌មានរបស់ គ.ជ.ប។

សំណើដែលលោក​ វិទិត មុនតាប៊ន សុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជាក់ពេលនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងទៅតាមកង្វល់របស់គណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួន ដែលបារម្ភអំពីសមាសភាព គ.ជ.ប នាពេលបច្ចុប្បន្ន ភាគច្រើនជាបុគ្គលមកពីគណបក្សប្រជាជនកម្ពុជា។ ពេលជាមួយគ្នានេះ សំណើរបស់លោក វិទិត មុនតាប៊ន ក៏ធ្វើឡើង ក្រោយអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរូបនេះ បានជួបជាមួយក្បាលម៉ាស៊ីនគណបក្សភ្លើងទៀន កាលពីថ្ងៃអាទិត្យ ដើម្បីស្វែងយល់ពីដំណើរបោះឆ្នោតកម្ពុជាកន្លងទៅ។

បើតាមការគូសបញ្ជាក់របស់ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន គឺក្នុងជំនួបជាមួយលោក វិទិត មុនតាប៊ន ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបានប្រាប់ពីសភាពការណ៍នៃការបោះឆ្នោតឃុំ-សង្កាត់ ការប្រព្រឹត្តទៅនៃការបោះឆ្នោត និងក្តីកង្វល់របស់គណបក្សភ្លើងទៀន ចំពោះសមាសភាពរបស់ គ.ជ.ប បច្ចុប្បន្ន ដែលបក្សប្រឆាំងមួយនេះ យល់ថា គួរតែមានការកែទម្រង់។

នៅចំពោះមុខសំណើរបស់លោក វិទិត មុនតាប៊ន ទៅតាមកង្វល់របស់គណបក្សនយោបាយ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អះអាងថា សមាសភាព គ.ជ.ប កន្លងមកនិងបច្ចុប្បន្ន ត្រូវបានរៀបចំឡើងតាមបញ្ញត្តិរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ បើតាមលោក ប្រាជ្ញ ចន្ទ ការបោះឆ្នោតឃុំ-សង្កាត់កន្លងទៅថ្មីៗនេះ បានប្រព្រឹត្តទៅដោយជោគជ័យ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលជាការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស។

ក៏ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតកន្លងទៅនេះ មានគណបក្សមួយចំនួនសម្តែងភាពមិនពេញចិត្ត ដ្បិតមានបញ្ហាមួយចំនួនកើតឡើង ដូចជាការបិទទ្វារការិយាល័យ ដែលគណបក្សទាំងនោះយល់ថា មិនសេរី និងយុត្តិធម៌។ លើសពីនេះ គណបក្សមួយចំនួន រួមទាំងគណបក្សភ្លើងទៀន កំពុងបារម្ភសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ គឺសមាសភាពរបស់គ.ជ.ប ដែលពួកគេទាំងនោះកំពុងទាមទារឲ្យមានការកែទម្រង់ ឲ្យដូចសមាសភាព គ.ជ.ប កាលពីឆ្នាំ២០១៤៕

What Next?

Recent Articles

One Response to "អ្នករាយការណ៍ពិសេសយកកង្វល់របស់គណបក្សភ្លើងទៀនទាក់ទងនឹងសមាសភាព គ.ជ.ប ទៅសួរនាំមន្ត្រី"

  1. Anonymous says:

    nothing is true for this thieve regime . I knew already of what they are going to say >> not reflecting the the true situation in Cambodia << HAS it is so funny