លោក ហ៊ុន សែន៖ ទស្សនកិច្ចរបស់ ហ៊ុន ម៉ាណែត នៅវៀតណាមមិនមែនទៅសុំយោបល់វៀតណាមទេ

កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
23/08/2022 – 08:01
ដោយ៖ ញឹម សុផល
RFI

លោក ហ៊ុន ម៉ាណែត ធ្វើ​ទស្សនកិច្ចនៅប្រទេសមួយចំនួន © FB


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃអង្គារនេះ បានថ្លែងឲ្យដឹងថាដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក គឺមិនមែនទៅសុំយោបល់ពីវៀតណាម ឬសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីនោះទេ។ ការបញ្ជាក់របស់លោក ហ៊ុន សែន ដូច្នេះធ្វើឡើងបន្ទាប់ពីមានការលើកឡើងពីអ្នកវិភាគមួយចំនួនថាលោក ហ៊ុន ម៉ាណែត ឋានៈត្រឹមមនុស្សទី៣នៅក្នុងជួរកងទ័ព មិនមានហេតុផលអ្វីត្រូវទៅជួបជាមួយប្រធានាធិបតីវៀតណាមនោះទេ។

បន្ថែមពីលើសំណេរនៅលើហ្វេសប៊ុក ភ្ជាប់ជាមួយរូបភាពទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ដែលមានជំនួបជាមួយមន្ត្រី និងមេដឹកនាំជាន់ខ្ពស់នៅតាមប្រទេសផ្សេងៗគ្នាកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគតនោះ នៅវៀតណាម គឺតិចជាងទស្សនកិច្ចនៅជប៉ុន និងសិង្ហបុរី។

លោកថា ទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅជប៉ុន និងសិង្ហបុរី ក្រៅពីជំនួបជាមួយសមភាគីកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ត្រូវបានទទួលជួបជាមួយអគ្គបញ្ចាការកងទ័ព រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីការបរទេស នាយករដ្ឋមន្ត្រី ចំណុចទាំងអស់នេះលោក ហ៊ុន សែន មានការសោកស្តាយដែលអ្នកវិភាគមិនបានយកទស្សនកិច្ចនៅជប៉ុនមកវិភាគដូចវៀតណាម។

តាមលោក ហ៊ុន សែន កូនប្រុសច្បងរបស់លោក ត្រូវនាយករដ្ឋមន្ត្រីជប៉ុនអញ្ជើញ៣លើករួចមកហើយចាប់តាំងពីឆ្នាំ២០១១មក ខណៈលោក ហ៊ុន ម៉ាណែត ពេលនោះមិនមែនជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅឡើយ។ លោកនាយករដ្ឋមន្ត្រីចោទសួរថា តើ ហ៊ុន ម៉ាណែត ទៅទទួលបញ្ជាពីជប៉ុនដែរឬយ៉ាងណា?លោកថា បេក្ខភាពនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត មិនត្រូវការគាំទ្រពីប្រទេសណាទាំងអស់។

សូមរំលឹកថា ចាប់តាំងពីគណបក្សប្រជាជនកម្ពុជាប្រកាសថា លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត លោក ហ៊ុន ម៉ាណែត បានប្រឹងប្រែងធ្វើសកម្មភាពយ៉ាងច្រើនមិនលោះថ្ងៃទាំងសកម្មភាពជាមួយកងទ័ពក្នុងប្រទេស និងសកម្មភាពក្រៅប្រទេស រួមផ្សុំនឹងការជម្រុញពីឳពុករបស់លោក ខណៈដែលលក្ខណៈសម្បត្តិលោក ហ៊ុន ម៉ាណែត ត្រូវបានគេមើលឃើញថាសក្តិសមជាងបេក្ខជនផ្សេងទៀតនៅក្នុងជួរបក្សកាន់អំណាច។

ក៏ប៉ុន្តែក្នុងក្រសែភ្នែកគណបក្សប្រឆាំង និងអ្នកវិភាគនយោបាយមួយចំនួន តែងវាយម្លៃទាបពីលក្ខណៈសម្បត្តិលោក ហ៊ុន ម៉ាណែត។ ទោះយ៉ាងនេះក្តី លោក ហ៊ុន សែន បានប្រកាសចុងក្រោយនេះថា គ្មានអ្នកណាម្នាក់មិនចង់ឲ្យកូនរបស់ខ្លួនធ្វើធំនោះទេ។ លោកបញ្ជាក់ថា បើកូនរបស់លោកមិនគ្រប់លក្ខខណ្ឌ លោកមិនឲ្យគណបក្សប្រជាជន និងប្រទេសកម្ពុជាបំផ្លាញដោយដៃកូនរបស់លោកទេ គឺធានាធ្វើយ៉ាងណាឲ្យប្រទេសមានស្ថិរភាពបន្ត៕

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន៖ ទស្សនកិច្ចរបស់ ហ៊ុន ម៉ាណែត នៅវៀតណាមមិនមែនទៅសុំយោបល់វៀតណាមទេ"

  1. Anonymous says:

    every one knew all about it among CPP they also knew clearly