សេរីភាពប្រមូលផ្តុំ ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ១៧ មករា ២០២៣ | ម៉ោង ១១:១៥
VOD

សង្គមស៊ីវិល និងអ្នកគាំទ្រផ្សេងទៀត ចូលរួមពិធីរម្លឹកខួប ១៨ ឆ្នាំនៃឃាតកម្មលើមេដឹកនាំសហជីព លោក ជា វិជ្ជា ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ (ត្រាន់ តិចសេង)
សាលារាជធានីភ្នំពេញ អនុញ្ញាតឱ្យក្រុមសហជីពរៀបចំពិធីរម្លឹកខួប ១៩ឆ្នាំ នៃការបាញ់សម្លាប់អតីតប្រធានសហជីព លោក ជា វិជ្ជា ខណៈសំណុំរឿងនេះ សមត្ថកិច្ចមិនទាប់ចាប់ឃាតកពិត និងអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មនេះយកមកផ្តន្ទាទោសបាននៅឡើយ។
កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានដាក់លិខិតមួយទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជូនដំណឹងពីការជួបជុំគ្នាដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ។
លិខិតនេះបានលើកឡើងថា លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្រាប់យ៉ាងសាហាវព្រៃផ្សៃបំផុត កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅមុខតូបលក់កាសែត ក្បែរវត្តលង្កា រាជធានីភ្នំពេញ។
លិខិតដដែលបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំ សមាជិកសហជីព និងក្រុមគ្រួសារ សាច់ញាតិប្រមាណ១៥០នាក់នឹងជួបជុំគ្នាដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅកន្លែងតម្កល់រូបសំណាក ក្បែរវត្តលង្កា ជិតវិមានឯករាជ្យ និងជិតភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
ក្នុងលិខិតចុះថ្ងៃទី១៣ ខែមករា រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យក្រុមសហជីពជួបជុំគ្នាដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា ប៉ុន្តែត្រូវគោរព និងអនុវត្តតាមកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញនាពេលកន្លងមក ហើយសហជីពត្រូវសហការជាមួយអាជ្ញាធរ ដើម្បីធានានូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈផងដែរ។
លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឃាតកបាញ់ចំសៀតផ្កា និងដើមទ្រូង ដេកស្លាប់ក្នុងថ្លុកឈាម កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅតូបលក់កាសែតមួយ ក្រោយវត្តលង្កា រាជធានីភ្នំពេញ។ ការបាញ់សម្លាប់លោក ជា វិជ្ជា ពេលនោះកើតមានឡើង បន្ទាប់ពីលោកបានទទួលរងការគំរាមសម្លាប់ និងការគំរាមកំហែងជាបន្តបន្ទាប់ពីជនមិនស្គាល់មុខ ចំពោះសកម្មភាពសហជីពរបស់លោកដើម្បីការពារប្រយោជន៍និងសិទ្ធិសេរីភាពកម្មករ។
រយៈពេល១៩ឆ្នាំមកនេះ អាជ្ញាធរនៅមិនទាន់បាននាំខ្លួនឃាតកពិតប្រាកដ និងអ្នកបញ្ជានៅពីក្រោយខ្នងយកមកផ្តន្ទាទោសនោះទេ ក្រៅតែពីជនសង្ស័យពីររូប គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលសង្គមស៊ីវិល និងសហជីពហៅថា ជាឃាតកសិប្បនិមិត្តតែប៉ុណ្ណោះ។
ប៊ន សំណាង និង សុក សំអឿន ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន២០ឆ្នាំ ពីបទ «ឃាតកម្មដោយចេតនា» លើលោក ជា វិជ្ជា តែត្រូវបានតុលាការកំពូលដោះលែង និងរួចផុតពីការចោទប្រកាន់វិញ កាលពីខែកញ្ញា ឆ្នាំ២០១៣ ក្រោយពីពួកគេត្រូវជាប់ពន្ធនាគារសរុបជាង៥ឆ្នាំ ដោយគ្មានកំហុស៕
- កម្មករកម្មការិនី, កម្មកររោងចក្រ, ច្បាប់សហជីព, ជា វិជ្ជា, មេដឹកនាំសហជីព, សហជីព, សហជីពឯករាជ្យ, សិទ្ធិកម្មករ
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។