សង្គម​ស៊ីវិល​ថា កម្ពុជា​ទំនង​មិន​អាច​រើខ្លួន​រួច​ពី​បញ្ជី​ប្រផេះ​នៃ​ប្រទេស​លាង​លុយ​កង្វក់​ទេ

ដោយ ម៉ៅ សុធានី
2023.01.28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សង្គម​ស៊ីវិល​ថា កម្ពុជា​ទំនង​មិន​អាច​រើខ្លួន​រួច​ពី​បញ្ជី​ប្រផេះ​នៃ​ប្រទេស​លាង​លុយ​កង្វក់​ទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​សមាជវិសាមញ្ញ​គណបក្សប្រជាជនកម្ពុជា នៅ​ថ្ងៃទី២៨ ខែ​មករា ឆ្នាំ​២០២៣។ រូប៖ ​ហ្វេសប៊ុក​លោក ហ៊ុន សែន


មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា កម្ពុជា​ទំនង​មិន​អាច​រើខ្លួន​រួចផុត​ពី​បញ្ជី​ប្រផេះ​នៃ​ប្រទេស​មាន​ហានិភ័យ​ខ្ពស់​ខាង​លាង​លុយ​កង្វក់ ឬ​ការ​សម្អាត​លុយ​របស់​អង្គការ​អន្តរជាតិ​សម្រាប់​ឆ្នាំ​២០២៣​នោះ​ទេ​។ ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ដោះស្រាយ និង​ឆ្លើយតប​នឹង​ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ​(FATF) ​រួច​ហើយ ដើម្បី​ឱ្យ​កម្ពុជា​រួច​ផុត​ពី​បញ្ជី​ប្រផេះ​ប្រទេស​ដែល​មាន​ហានិភ័យ​ខាង​លាង​លុយ​កង្វក់

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​បារម្ភ​ថាបើ​ស្ថានភាព​នេះ​បន្ត​អូស​បន្លាយ​តទៅ​ទៀត នឹង​ជះឥទ្ធិពល​ដល់​ពាណិជ្ជកម្ម ការផ្ទេរ​ចរន្ត​សាច់ប្រាក់​ជាពិសេស​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​អន្តរជាតិ​ស្អាតស្អំ​មិន​ហ៊ាន​មក​បណ្ដាក់ទុន​នៅ​កម្ពុជា។ ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ (FATF) នឹង​សម្រេច​វាសនា​កម្ពុជា​នៅ ខែមីនា ឬ មេសា រឿង​ប្រទេស ដែល​មាន​ហានិភ័យ​ខ្ពស់​ខាង​លាង​លុយ​កង្វក់

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍ថា ពលរដ្ឋ​ទូទៅ​មិន​ចង់​ឃើញ​កម្ពុជា​ជាប់​ឈ្មោះ​នៅក្នុង​បញ្ជី​ប្រផេះ ឬ​បញ្ជីខ្មៅ​របស់​អន្តរជាតិ​នោះ​ទេ​។ លោក​ថា កម្ពុជា​អាច​ពិបាក​ទទួល​បាន​ពិន្ទុ​ល្អ​សម្រាប់​ឆ្នាំ​បន្ទាប់​ទៀត ព្រោះ​រដ្ឋាភិបាល​ហាក់​ពុំ​ទាន់​ដោះស្រាយ​មន្ទិលសង្ស័យ​ធ្វើ​ឱ្យ​ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ​ជឿទុក​ចិត្ត​បាន​នៅឡើយ។

លោក ស៊ឹង សែនករុណា៖ «កម្ពុជា​ត្រូវ​អនុវត្ត​ធ្វើ​យ៉ាងណា​ឱ្យ​គេ​មាន​ការ​ជឿជាក់​បាន​អំពី​ការ​ទប់ស្កាត់ អំពី​ការ​ត្រួតពិនិត្យ​ទៅលើ​ប្រព័ន្ធ​លំហូរ​សាច់ប្រាក់​ដែល​លំហូរ​ចុះឡើង​ដោយ​សុចរិត​ភាព ប្រាក់​ដែល​ទទួល​បាន​ពី​ជំនួញ​ជួញដូរ​បាន​មក​ពី​ភាព​ត្រឹមត្រូវ​ដោយ​មិនមែន​ទទួល​បាន​ពី​បទ​ឧក្រិដ្ឋ​ហ្នឹង គឺ​សំខាន់​ណាស់ អ៊ីចឹង​ផ្ទុយទៅវិញ​ខ្ញុំ​មិនទាន់​មាន​សង្ឃឹម​ទេ​ដោយសារតែ​បញ្ហា​នៅ​កម្ពុជា​នៅតែ​មាន​មន្ទិលសង្ស័យ ហើយ​អន្តរជាតិ​មិន​មាន​ភាព​ទុកចិត្ត​បាន​ទេ ទាក់ទង​នឹង​ប្រព័ន្ធ​ត្រួតពិនិត្យ​រឿង​តម្លាភាព​ទាំងអស់​នេះ»។

ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់​ពី​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​លោក វង្សី វិស្សុត ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ស្ដីពី ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​២៥ ខែ​មករា ដោយ​លោក​អះអាង​ថា រដ្ឋាភិបាល​បាន​ខិតខំ​ប្រឆាំង​នឹង​ការ​លាង​លុយ​កង្វក់​។ លោក​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ឆ្លើយ​តប និង​បំពេញ​កាតព្វកិច្ច​តាម​ផែនការ​សកម្មភាព​រួច​ហើយ ហើយ​ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ (FATF)​ ក៏បាន​ចុះ​មក​ធ្វើ​អធិការកិច្ច​នៅ​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ​រួចហើយ​ដែរ​។ លោក​សង្ឃឹម​ថា កម្ពុជា​អាច​រួច​ផុត​ពី​បញ្ជី​ប្រផេះ​នៅ​ខែ​មីនា ឬ​ខែមិថុនា​ខាងមុខ​នេះ។

កាលពី​ខែ​មីនា​ឆ្នាំ​២០២២​កន្លង​ទៅ អង្គការ​ឃ្លាំមើល​អំពើ​លាងលុយកខ្វក់​លើ​ពិភពលោក ឈ្មោះ​ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ​ (FATF) ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ (Paris) ​ប្រទេស​បារាំង​ (France) បាន​បន្ត​ដាក់​កម្ពុជា​ក្នុង​ «​បញ្ជី​ប្រផេះ​» ​នៃ​ក្រុម​ប្រទេស​មាន​ហានិភ័យ​ខាង​អំពើ​លាងលុយកខ្វក់ ដែល​ពិភពលោក​ត្រូវ​បង្កើន​ការ​តាមដាន។

កម្ពុជា​បាន​បរាជ័យ​ជិត ៤​ឆ្នាំ​មកនេះ ដោយ​មិនអាច​ចេញ​ពី «​បញ្ជី​ប្រផេះ​» ​នៃ​ក្រុម​ប្រទេស​មាន​ហានិភ័យ​ខាង​អំពើ​លាងលុយកខ្វក់។ នៅ​រយៈពេល​ចុងក្រោយ​នេះ កម្ពុជា​ត្រូវ​បាន​ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ​ (FATF)​ ចោទប្រកាន់​ថា ខកខាន​មិន​អាច​បំពេញ​បាន​តាម​ផែនការ​សកម្មភាព​ដែល​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​បាន​ដាក់ចេញ​ឱ្យ​អនុវត្ត​សម្រាប់​សម្អាត​សាច់ប្រាក់​នោះ​ទេ។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា សង្កេត​ឃើញ​ថា បញ្ហា​ដែល​កម្ពុជា​ជាប់​ជា​ប្រទេស​លាង​លុយ​កង្វក់​ជា​រឿង​ធ្ងន់ធ្ងរ​ជាង​បញ្ហា​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ៊ីប៊ីអេ (EBA) និង​ជីអេសភី (GSP) ​ទៅទៀត។ លោក​ថា​បញ្ហា​ទាំងនេះ គឺ​អាស្រ័យ​លើ​ចំណាត់ការ និង​កិច្ច​សហ​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ជាមួយ​ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ ដើម្បី​ឆ្លើយតប​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​លាង​លុយ​នៅ​កម្ពុជា​។ ទោះ​យ៉ាងណា លោក​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ធ្វើ​ការងារ​លើ​រឿង​នេះ​ដែរ ប៉ុន្តែ​លោក​ថា សកម្មភាព​នោះ​មិនទាន់​ឆ្លើយតប​ឱ្យ​បាន​ពេញលេញ​នៅ​ឡើយ​ទេ ដែល​ធ្វើ​ឱ្យ​កម្ពុជា​អាច​ពិបាក​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ពី FATF​ខាងមុខ​នេះ។

លោក ឯម សុវណ្ណារ៉ា៖ «កិច្ចការ​ហ្នឹង​រដ្ឋាភិបាល​គួរ​មានការ​វិធានការ​លឿន​ហើយ​តឹងរ៉ឹង​ជាង​ហ្នឹង​តិច​ទៀត ដើម្បី​កសាង​ភាព​ជឿជាក់​ទៅលើ​អង្គ​ហិរញ្ញវត្ថុ​អន្តរជាតិ​ឱ្យ​គេ​មើលឃើញ​អំពី​ការ​ប្ដេជ្ញាចិត្ត​របស់​យើង​ហ្នឹង ការ​ខិតខំ​របស់​យើង​បើសិន​យើង​ធ្វើការ​ក្នុង​កិច្ច​សហប្រតិបត្តិការ​នៅ​កម្រិត​មួយ​នៅឡើយ ខ្ញុំ​គិតថា​យើង​(​កម្ពុជា​) ពិបាក​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ពី​អង្គការ​ហិរញ្ញវត្ថុ​អន្តរជាតិ​ហ្នឹង​ណាស់​បាទ»។

ប្រទេស​កម្ពុជា បាន​រួច​ផុត​ពី​បញ្ជី​ប្រផេះ​នៃ​ប្រទេស​លាង​លុយ​កខ្វក់​នេះ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ កាលពី​ឆ្នាំ​២០១៩ អង្គការ​ឃ្លាំមើល​អំពើ​លាងលុយកខ្វក់​នៅ​លើ​ពិភពលោក​ឈ្មោះ​ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ (The Financial Action Task Force)​ បាន​ដាក់​កម្ពុជា​ចូលក្នុង​បញ្ជី​ប្រផេះ​ជាថ្មី​ម្ដងទៀត​។ ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​របប​ឯក​បក្ស បាន​ជាប់​ឈ្មោះ​ជា ​«​ឋានសួគ៌​» ​នៃ​កន្លែង​លាងលុយកខ្វក់​នៅ​លើ​ពិភពលោក ហើយ​ដែល​ក្រុម​អ្នកមាន​លុយ​មានអំណាច​ខ្មែរ​ឃុបឃិត​គ្នា​ប្រមូល​លុយ​ដែល​បាន​មក​ពី​អំពើពុករលួយ និង​អំពើ​ឧក្រិដ្ឋ​នានា​បង្វិល​យក​ទៅ​លាក់​ទុក​នៅ​ក្រៅ​ប្រទេស។ វិស័យ​ដែល​រង​ហានិភ័យ​ខ្ពស់​ខាង​អំពើ​លាងលុយកខ្វក់​នៅ​កម្ពុជា រួមមាន វិស័យ​ធនាគារ ហិរញ្ញវត្ថុ វិស័យ​សំណង់ អចលនទ្រព្យ និង​វិស័យ​កាស៊ីណូ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "សង្គម​ស៊ីវិល​ថា កម្ពុជា​ទំនង​មិន​អាច​រើខ្លួន​រួច​ពី​បញ្ជី​ប្រផេះ​នៃ​ប្រទេស​លាង​លុយ​កង្វក់​ទេ"

  1. Anonymous says:

    Cambodia is not just in the dark list it may isolate from world community if HUN SEN still in powers . we knew world community seem to be get sick and tie to work with HUN SEN Government witch came from the killing field . can every one see in 2022 most world leaders talk direct to HUN SEN to change be for election 2023. too bad so sad this evil HUN SEN the powers hunger rather die he rather lost EBA,GSP, or even isolate from the world just only HUN SEN main supporter CHINA and his former boss Vietnam , Lao , may be some country that they do not care too much about Democracy . we know no matter what Cambodia by HUN SEN will still alive but people may live poorly . Cambodia the country for sell can some one see what else can HUN SEN sell please take a look >> HUN SEN ..KBOTH CHEATH by sign and gave some Islands to Vietnam not even that Vietnam stole more land along the border and gave a lot of land concession for 99 years . HUN SEN did not care he destroy every thing forest, gold mind, and some other mineral to CHINA that CHINA take it out every day, not even that HUN SEN sell land and land concession to Chinese to build their tall building every where inside Cambodia . the wars is the riches and this high officers in CPP trying to escaped their families to the out side world and some Cambodian gone out from their nation to look for work . We already know it will not that long Cambodia will be just the name

  2. Anonymous says:

    please look the ugly monster that came from killing field . OH….GOD this evil not just ugly from out side but inside of him was so ugly