អ្នក​ឃ្លាំ​មើល​សង្គម​រិះគន់​ការ​តែងតាំង​សាច់​ញាតិ និង​បក្ខពួក​របស់​ថ្នាក់​ដឹក​នាំ​គ្រាក់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល

ដោយ នៅ វណ្ណារិន
2023.04.06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ឃ្លាំ​មើល​សង្គម​រិះគន់​ការ​តែងតាំង​សាច់​ញាតិ និង​បក្ខពួក​របស់​ថ្នាក់​ដឹក​នាំ​គ្រាក់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល

​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​លោក​ ថោង ខុន។ រូប៖ គេហទំព័រ CPP


មន្ត្រី​គណបក្ស​ប្រឆាំង​រិះគន់​ការ​តែងតាំង​សាច់ញាតិ និង​បក្ខពួក​របស់​មេ​ដឹក​នាំ​គ្រាក់ៗ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ថា នឹង​ធ្វើ​ឱ្យ​យុវជន​ដែល​មាន​សមត្ថភាព​បាត់​បង់​ឱកាស​ក្លាយ​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​ស្ថាប័ន​ជាតិ។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កូន​ប្រុស​បង្កើត​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន ឡើង​តំណែង​កាន់​តែ​ធំ​បន្ទាប់​ពី​ឪពុក។

មន្ត្រី​បក្ស​ប្រឆាំង​ និង​មន្ត្រី​សង្គម​ស៊ីវិល​​ក្តី​បារម្ភ​ថា បញ្ញវន្ត​និង​យុវជន​ខ្មែរ​ជាច្រើន​ដែល​មាន​សមត្ថភាព​អាច​កាន់​ការ​ប្រទេសជាតិ នឹង​បាត់​បង់​ឱកាស​ដោយ​សារ​តែ​ ​មន្ត្រី​គណ​បក្ស​កាន់​អំណាច​ធំៗ​​​ផ្ដល់​តួនាទី​គ្រាក់ៗ​ដល់​សាច់​សាលោហិត​របស់​ខ្លួន​ឱ្យ​ដឹកនាំ​តាម​ស្ថាប័ន​សំខាន់ៗ​ តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន ថ្លែង​ថា លោក​មិន​ចម្លែក​ចិត្ត​នោះ​ទេ នៅ​ពេល​ឃើញ​មន្ត្រី​បក្ស​កាន់​អំណាច​ដំឡើង​តំណែង​កូនចៅ​របស់​ខ្លួន​ឱ្យ​មាន​ឋានៈ​ខ្ពស់ ពីព្រោះ​តែ​ពួក​គេ​យក​គំរូ​តាម​លោក ហ៊ុន សែន ដែល​លើក​បន្តុប​កូន​ប្រុស​គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​បន្ត​ពី​លោក។ លោក​ថា លោក ហ៊ុន សែន ទំនង​ខ្លាច​ក្រែង​កូន​លោក​​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​មិន​មាន​មន្ត្រី​ណា​គាំទ្រ ​ឬ​អាច​ធ្វើ​ឱ្យ​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​មិន​ស្ថិតស្ថេរ​ ដូច្នេះ​លោក​ខិតខំ​ដំឡើង​តំណែង​មន្ត្រី​គ្រាក់ៗ​នៅ​ក្បែរ​ខ្លួន​លោក ដើម្បី​អាច​ជួយ​រក្សា​អំណាច​របស់​លោក។

លោក អ៊ុំ សំអាន៖ «ក្រសួង​មន្ទីរ​នីមួយៗ​គួរ​តែ​ជ្រើស​រើស​មន្ត្រី​ដែល​មាន​សមត្ថភាព​ដែល​មាន​ចំណេះ​ដែល​មិន​តែងតាំង​ក្នុង​នាម​ក្រុម​គ្រួសារ​និយម​បក្ខពួក​និយម​អ៊ីចឹង​ទើប​ប្រទេស​យើង​អាច​អភិវឌ្ឍន៍​ជឿនលឿន​ទៅ​មុខ​ បើ​មិន​អ៊ីចឹង​ទេ វា​មាន​អំពើ​ពុក​រលួយ​ទំនាស់​ផល​ប្រយោជន៍​ដល់​អ៊ីចឹង​ទៅ វា​មាន​ភាព​អយុត្តិធម៌​ដល់​មន្ត្រី​មួយ​ចំនួន​មាន​សមត្ថភាព​ និង​ចំណេះ​ ត្រូវ​តែ​បក្ខពួក​និយម​ ក្រុម​គ្រួសារ​និយម​ទើប​អាច​ប្រទេស​យើង​រីក​ចម្រើន​បាន បើ​មិន​អ៊ីចឹង​ទេ​ប្រទេស​យើង​នៅ​តែ​មាន​អំពើ​ពុករលួយ​ទូទាំង​ប្រទេស»

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី កាល​ពី​ថ្ងៃទី២៨ ខែ​មីនា ​បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​កូន​ប្រុស​បង្កើត​របស់​លោក ​ថោង ខុន គឺ​លោក​ ​ថោង រដ្ឋសក្តិ ឱ្យធ្វើ​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​ទេសចរណ៍​ តាម​ការ​ស្នើសុំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅពីការ​តែងតាំង​លោក ថោង រដ្ឋសក្តិ នៅ​មាន លោក ណេប សាមុត ជា​រដ្ឋលេខាធិការ​ ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ និង​ អាំង សុវណ្ណរ័ត្ន ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ទេសចរណ៍ ​និង​ លោក ជុក ជំនោរ ជា​អគ្គនាយក​នៃ​​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ ​និង​សហប្រតិបត្តិការ​អន្តរ​ជាតិ​ផង​ដែរ។

ទាក់ទិន​រឿង​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​លោក​ ថោង ខុន ដើម្បី​ស្រាយ​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃទី៥ មេសា។

លោក ថោង រដ្ឋសក្តិ ធ្លាប់​ជា​អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ក្រសួង​ទេសចរណ៍​មុន​ពេល​ឡើង​កាន់​តំណែង​កៀក​នឹង​ឪពុក​របស់​លោក។

ទោះ​ជា​យ៉ាងណា​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ​លោក កើត សារ៉ាយ មាន​ប្រសាសន៍​ថា ​លោក​លើក​ទឹកចិត្ត​ឱ្យ​ដល់​យុវជន​ដែល​មាន​សមត្ថភាព​ចូល​រួម​អភិវឌ្ឍន៍​តាមរយៈ​ការ​បម្រើការ​នៅ​តាម​ស្ថាប័ន​ជាតិ​ ​ប៉ុន្តែ​លោក​យល់ថា​តែងតាំង​តែ​សែស្រឡាយ​ បង​ប្អូន​គ្រួសារ​ ឬ​បក្ខពួក​ខ្លួន​ឯង​បែប​នេះ បង្ក​ឱ្យ​មាន​អំពើ​ពុក​រលួយ​គ្មាន​តម្លាភាព​ បញ្ហា​គ្រួសារ​និយម ​និង​មាន​ទំនាស់​ផល​ប្រយោជន៍​ក្នុង​ស្ថាប័ន​រដ្ឋ។ លោក​បារម្ភ​ចំពោះ​ជោគ​វាសនា​ប្រទេស​ជាតិ​នៅ​ពេល​ធនធាន​មនុស្ស​ត្រូវ​បាន​ផាត់​ចេញ​ ហើយ​យុវជន​អ្នក​តូចតាច​លែង​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន។

លោក កើត សារ៉ាយ៖ «រាជ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ដុសក្អែល​ទៅ​ហើយ​កាលណា​ដែល​ដុស​ក្អែល​មន្ត្រី​ខិល​ខូច​មន្ត្រី​ដែល​ប្រមូល​ក្រុម​គ្រួសារ​បក្ខពួក​និយម​ដាក់​ហ្នឹង បាន​វា​បើក​ឱកាស​ឱ្យ​យុវជន ឬ​ធនធាន​ដែល​មាន​ចំណេះដឹង​ពិត​ប្រាកដ​ពួកគាត់​អាច​បញ្ចេញ​សមត្ថភាព​នៅ​ក្នុង​កសាង​ប្រទេស​ជាតិ»

លោក ថោង រដ្ឋសក្តិ មិន​ទាន់​លេច​លឺ​រឿង​អាស្រូវ​ដូច​ឪពុក​លោក​គឺ​លោក ថោង ខុន ដែល​មាន​​ការ​រិះគន់​ថា​ជាប់​ពាក់ព័ន្ធ​រឿង​បាត់​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាសាទ​អង្គរ ដែល​ធ្វើ​ឱ្យ​បាត់​ចំណូល​ជាតិ និង​មាន​ការ​កោះ​ហៅ​អញ្ជើញ​ពី​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​ ប៉ុន្តែ​លោក​បដិសេធ​ថា លោក​មិន​ពាក់​ព័ន្ធ​រឿង​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​នោះ​ទេ។

ការ​ដាក់​បញ្ចូល​បក្ខ​ពួក​របស់​គណបក្ស​កាន់អំណាច​ទៅ​ក្នុង​ជួរ​ដឹកនាំ​រដ្ឋាភិបាល​ និង​ស្ថាប័ន​រដ្ឋ​ថ្នាក់​ក្រោម​ជាតិ​ កើន​ឡើង​កាន់​តែ​ខ្លាំង​ ក្រោយ​ពេល​ប្រទេស​កម្ពុជា​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ឯក​បក្ស ​ជា​ពិសេស​មាន​លោក ហ៊ុន សែន ជា​គំរូ​ក្នុងការ​​លើក​កន្តុប​កូន​របស់​លោក។​ កូនចៅ​និង​សាច់​ញាតិ​របស់​មេដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​តែង​តាំង​ជា​មេទ័ព​ ​មេ​ប៉ូលិស​ រដ្ឋ​លេខាធិការ​ អនុ​រដ្ឋ​លេខាធិការ ​អគ្គនាយក​ អគ្គនាយក​រង​ អភិបាល​ខេត្ត ​អភិបាល​រង​ខេត្ត ​ហើយ​ទាប​បំផុត​ក៏​ត្រឹម​អភិបាល​ស្រុក​ដែរ។ ពួក​គេ​ខ្លះ​រស់​នៅ​ ​និង​រៀន​សូត្រ​នៅ​ក្រៅ​ប្រទេស​ រួច​ត្រឡប់​មកកាន់​តំណែង​គ្រាក់ៗ​ដែល​ឪពុក​ម្តាយ​លើក​បន្តុប​ឱ្យ​ ដោយ​គ្មាន​អតីតភាព​ការងារ​ ឬ​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​ត្រឹម​ត្រូវ​ឡើយ។

ជាក់ស្ដែង​ កូនប្រុស​របស់​លោក ហ៊ុន សែន ទាំង​៣នាក់​ គឺ​មាន​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត ​និង​លោក ហ៊ុន ម៉ានី ព្រមទាំង​កូន​ប្រសា​របស់​លោក​ គឺ​លោក ឌី វិជ្ជា និង​លោក សុខ ពុទ្ធិវុធ សុទ្ធ​តែ​ត្រូវ​បាន​ដំឡើង​តួនាទី​ធំៗ​សំខាន់ៗ​ក្នុង​ស្ថាប័ន​ស៊ីវិល និង​ស្ថាប័ន​កងទ័ព។ លើស​ពី​នេះ​ លោក​​ ហ៊ុន សែន ក៏​កំពុង​រៀប​ចំ​ផ្ទេរ​អំណាច​ឲ្យ​កូន​ច្បង​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត ដើម្បី​ស្នង​តំណែង​បន្ត​ផង​ដែរ។

រីឯ​រដ្ឋមន្ត្រី​មហាផ្ទៃ​ ​លោក ស ខេង ក៏​មាន​កូន​ប្រុស​ឈ្មោះ ស សុខា ឡើង​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ កូន​ប្រុស​ពៅ​ឈ្មោះ ស រដ្ឋា មាន​ឋានន្តរសក្ដិ​ជា​ឧត្ដម​សេនីយ៍​ឯក​ផ្កាយ​ ៣ ​និង​ក្មួយៗ ​របស់​លោក​ ក៏​ជា​មន្ត្រី​ជាន់​ខ្ពស់​ប៉ូលិស​ផង​ដែរ។

ចំណែក​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​មាន​កូន​ប្រុស​ឈ្មោះ សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ ស្រប​ពេល​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន មាន​កូន​ប្រសា​ឈ្មោះ វង សូត ជា​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច។ លោក ស៊ុយ សែម រដ្ឋមន្ត្រី​រ៉ែ និង​ថាមពល​ ​មាន​កូន​ប្រុស​ឈ្មោះ ស៊ុយ ឌីម៉ង់ គឺ​ជា​រដ្ឋលេខាធិការ​ក្រសួង​នោះ​ដែរ។

ទន្ទឹម​គ្នា​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក ឱម យ៉ិនទៀង ក៏​មាន​កូន​ប្រុស ២នាក់​ ​ឈ្មោះ យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា ជា​ជំនួយការ​នៃ​អង្គភាព​មួយ​នេះ​ ដែល​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ក្រោយ​មក​លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ត្រូវ​បាន​ដំឡើង​ឋានៈ​ទៅជា​អនុ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ ហើយ​ថ្មីៗ​នេះ​កូន​ប្រុស​បង្កើត​របស់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារា គឺ​លោក ផារា មង្គល ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ដែន​ដី ដែល​ជា​តំណែង​បន្ទាប់​ពី​ឪពុក។ ទន្ទឹម​នឹង​នេះ​ក្រសួង​ស្ថាប័ន​ជាតិ​ផ្សេង​ទៀត​ក៏​មាន​ការ​អនុវត្ត​ស្រដៀងៗ​ គ្នា​នេះ​ដែរ។

មន្ត្រី​បក្ស​ប្រឆាំង ​និង​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កែទម្រង់​ច្បាប់​មួយ​ចំនួន​ដើម្បី​ទប់​ស្កាត់​ការ​ផ្ទេរ​តំណែង​ ឬ​ការ​តែងតាំង​តែ​សែស្រឡាយ​គ្នា​ឯង​ធ្វើ​ឱ្យ​យុវជន ​ឬ​អ្នក​ក្រីក្រ​គ្មាន​ឱកាស​អាច​បំពេញ​ការងារ​កំពូល​ក្នុង​ស្ថាប័ន​ជាតិ ហើយ​ប្រទេស​ជាតិ​ប្រឈម​នឹង​ទំនាស់​ជាតិ​សាសន៍​ឯង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អ្នក​ឃ្លាំ​មើល​សង្គម​រិះគន់​ការ​តែងតាំង​សាច់​ញាតិ និង​បក្ខពួក​របស់​ថ្នាក់​ដឹក​នាំ​គ្រាក់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល"

  1. Anonymous says:

    we can say in the SIHANOU regime the communist POL POT took the story about the rich and the poor as their weapon after SIHANOU regime gone with sadness all the rich was murder and the high educated people also murder till 1979 every one is clean only AH CHESSTU left just like HUN NAL . it is so sad in HUN NAL regime the rich is so rich but only among HUN NAL party but about high educated people seem to be so low it only compare with AH CHESSTU HUN NAL that all