ដោយ នៅ វណ្ណារិន
2023.04.06
RFA

រដ្ឋបាលក្រុងប៉ោយប៉ែត។ រូប៖ ហ្វេសប៊ុករដ្ឋបាលក្រុងប៉ោយប៉ែត
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរិះគន់អាជ្ញាធរខេត្តនេះថា អសមត្ថភាពក្នុងការគ្រប់គ្រងភូមិឃុំមានសុវត្ថិភាព។ ប្រតិកម្មរបស់ពលរដ្ឋនេះ ធ្វើឡើងបន្ទាប់ពីមានការបាញ់បោះបណ្ដាលឱ្យយុវជនម្នាក់របួសធ្ងន់ កាលពីព្រឹកថ្ងៃទី៥ មេសា ហើយអាជ្ញាធរមិនទាន់ចាប់ជនដៃដល់មកផ្ដន្ទាទោសបាននៅឡើយ។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតលើកឡើងថា សព្វថ្ងៃនេះពួកគាត់រស់នៅដោយការភ័យខ្លាច ព្រោះមានការបាញ់បោះដោយសេរី និងមានចោរលួចម៉ូតូរបស់ពលរដ្ឋជាបន្តបន្ទាប់។
ប្រជាពលរដ្ឋរស់នៅសង្កាត់ប៉ោយប៉ែត លោកស្រី សរ សុជាតិ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ មេសាថា មួយរយៈនេះការកាន់កាំភ្លើងបាញ់បោះនៅទីសាធារណៈ និងចោរលួចទ្រព្យសម្បត្តិកើតមានជាញឹកញយ ហើយអាជ្ញាធរពាក់ព័ន្ធហាក់មិនអើពើចាត់វិធានការទៅជនប្រព្រឹត្តនោះទេ។ លោកស្រីបញ្ជាក់ថា លោកស្រីនិងប្រជាពលរដ្ឋដទៃទៀតកំពុងព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។
លោកស្រី សរ សុជាតិ៖ «ខ្ញុំមានការភ័យព្រួយខ្លាំងព្រោះអាយុជីវិតមនុស្សមិនអាចដាក់លក់នៅលើទីផ្សារបានទេ។ កាលណាបាញ់បោះរបួសស្លាប់ហើយគឺស្លាប់ហើយ បើរបួសក៏អត់ដឹងទៅរកសំណងនៅណាដែរ បានតែព្យាបាលក៏ព្យាបាលលុយខ្លួនឯងទៀត។ អីចឹងក្ដីបារម្ភគឺខ្ពស់មែនទែន ខ្ញុំសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធបង្កើន ការប្រុងប្រយ័ត្នឱ្យបានខ្ពស់មើលថែអាយុជីវិតប្រជាពលរដ្ឋ»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋនៅក្រុងប៉ោយប៉ែតម្នាក់ទៀត លោក ឆេង ប៊ុនហាក់ ថ្លែងថា ការរស់នៅសព្វថ្ងៃនេះពលរដ្ឋហាក់គ្មានសុវត្ថិភាពនោះទេ ដោយសារតែមនុស្សមួយចំនួនកាន់កាំភ្លើងបាញ់បោះ និងមានករណីចោរលួចម៉ូតតាមផ្ទះតែងកើតមានជាញឹកញាប់ នៅតំបន់ព្រំដែនក្រុងប៉ោយប៉ែត។ លោកមើលឃើញថា បញ្ហាទាំងនេះកើតឡើងដោយសារការអនុវត្តច្បាប់របស់អាជ្ញាធរធូររលុង។
លោក ឆេង ប៊ុនហាក់៖ «ដល់ពេលឃើញមានការបាញ់បោះអីចឹងមានការភិតភ័យមិនថាខ្ញុំ មិនថាគេវាមានការភិតភ័យដែរ ដោយសារតែអសន្តិសុខក្នុងឃុំសង្កាត់។ អ៊ីចឹងខ្ញុំស្នើទៅអាជ្ញាធរហើយ ភូមិឃុំដែលមានសុវត្ថិភាពហ្នឹងសូមឱ្យមានការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងដើម្បីឱ្យមានសុវត្ថិភាពប្រជាពលរដ្ឋទាំងអស់គ្នា»។
ប្រជាពលរដ្ឋទាំងនោះសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធឱ្យដាក់ពង្រាយកងកម្លាំងយាមការពារនៅតាមមូលដ្ឋានឱ្យបានជាប្រចាំ ដើម្បីរក្សាសន្តិសុខសង្គម។
ការលើកឡើងរបស់ប្រជាពលរដ្ឋនេះកើតមានបន្ទាប់ពីខ្មាន់កាំភ្លើងបានបាញ់កាំភ្លើងខ្លី២គ្រាប់ត្រូវចង្កេះយុវជនម្នាក់ដែលកំពុងជិះម៉ូតូនៅសង្កាត់ផ្សារកណ្ដាល បណ្ដាលឱ្យរបួសធ្ងន់កាលពីព្រឹកថ្ងៃទី៥មេសា ហើយមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់ជនដៃដល់មកផ្ដន្ទាទោសបាននៅឡើយ។ ប្រជាពលរដ្ឋឱ្យដឹងថា កាលពីចុងឆ្នាំ២០២២មានករណីបាញ់បោះចំនួនពីរលើកនៅក្រុងប៉ោយប៉ែត ហើយកាលពីយប់ថ្ងៃទី៥ មេសា ក៏មានករណីចោរប្លន់ម៉ូតូមួយគ្រឿងនៅសង្កាត់ប៉ោយប៉ែតដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡោះ និងអធិការរងនគរបាលក្រុងប៉ោយប៉ែត លោក ព្រហ្ម ពិសិទ្ឋ ដើម្បីសុំអត្ថាធិប្បាយជុំវិញការបាញ់បោះនេះបានទេ នៅថ្ងៃទី៦ មេសា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែចៅសង្កាត់ ផ្សារកណ្ដាល លោក ស្រិល អិន ប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីថា ករណីបាញ់បោះនៅសង្កាត់ផ្សារកណ្ដាល ពិតជាកើតមានប្រាកដមែន ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវលើរឿងនេះ។
លោក ព្រហ្ម ពិសិទ្ឋ៖ «គ្រាន់តែដឹងលឺថាក្រោយរួចហើយបានដឹង។ ជំនាញប៉ូលិសជាអ្នកស្រាវជ្រាវរកមុខសញ្ញា ខាងសង្កាត់មិនទាន់ដឹងថាមុខសញ្ញាយ៉ាងម៉េចផង»។
កន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ឱ្យដឹងថា ក្នុងឆ្នាំ២០២២ រដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តយុទ្ធនាការប្រតិបត្តិការព្រមៗគ្នា ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រុមក្មេងទំនើងតាមសហគមន៍ រួមទាំងបទល្មើសផ្សេងៗទៀត ហើយការអនុវត្តធ្វើឡើងយ៉ាងផុលផុស និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។
ទោះជាយ៉ាងណា ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី កត់សំគាល់ថា បញ្ហាអសន្តិសុខនៅតំបន់ព្រំដែនកើតឡើង ដោយសារតែនៅតំបន់នេះសំបូរទៅដោយកាស៊ីណូ និងល្បែងស៊ីសងខុសច្បាប់ ស្របពេលដែលអាជ្ញាធរអនុវត្តច្បាប់ធូររលុង។
លោក ឌិន ពុទ្ធី៖ «អាគោរពតួនាទីវាផ្សេង ប៉ុន្តែថាមិនដឹងមានអីនៅពីក្រោយខ្នងវាខ្លាច អ្នកមានអំណាចមិនគោរពតួនាទីវាទៅជាយកតួនាទីទៅប្រើប្រាស់កាងការពារអ្នកខិលខូចទៅវិញ ដើម្បីបានលុយកាក់អាហ្នឹងគឺជាអំពើពុករលួយហើយ។ ប៉ុន្តែគ្រាន់តែថា អាអំពើពុករលួយហ្នឹងគឺយើងមើលអត់ដឹង ដោយសារតែមានអំពើពុករលួយជាប្រព័ន្ធនឹងហើយដែលធ្វើឱ្យមានអំពើអនាចារ ហើយវាទៅជាអត់មានភូមិឃុំមានសុវត្ថិភាពបន្តទៅទៀត។ ព្រោះដោយសារតែមន្ត្រីអនុវត្តច្បាប់ហ្នឹងបែរទៅជាយកអំណាចរបស់ខ្លួនទៅកាងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនអីចឹងទៅ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា ដើម្បីដោះស្រាយបញ្ហាអាជ្ញាធរពាក់ព័ន្ធគួរតែរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងបិទបនល្បែងស៊ីសងខុសច្បាប់ទាំងអស់។ លោកបញ្ជាក់ថា ប្រសិនបើអាជ្ញាធរមិនដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាពទេនោះនឹងធ្វើឱ្យពលរដ្ឋរស់នៅតំបន់ព្រំដែនថៃមួយនេះកាន់តែរងគ្រោះដោយសារការបាញ់បោះ និងរស់នៅដោយការភ័យខ្លាចបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
YES …every Cambodian have the right to worry this is under AH CHESSTU ieading the nation