កម្ពុជា-នយោបាយ
07/04/2023 – 08:02
ដោយ៖ ជួប នរក្សា
RFI

លោក កឹម សុខា ប្រធានគណបក្សប្រឆាំងជួបពិភាក្សាជាមួយអ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោក មុននឹងចេញទៅសវនាការនៅរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។ AP – Heng Sinith
មកដល់ពេលនេះ សាលាដំបូងរាជធានីភ្នំពេញ បានទទួលនូវពាក្យប្តឹងជំទាស់របស់លោក កឹម សុខា ទៅនឹងសាលក្រមដែលតុលាការជាន់ទាបសម្រេចឲ្យអ្នកនយោបាយបក្សប្រឆាំងជាប់ឃុំ២៧ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។ តាមការបញ្ជាក់ គឺសាលាដំបូងភ្នំពេញបាននិងកំពុងពិនិត្យពីបណ្តឹងជំទាស់សាលក្រមរបស់លោក កឹម សុខា មុននឹងរុញឡើងទៅសាលាឧទ្ធរណ៍ដើម្បីបន្តនីតិវិធី។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រនេះ លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា សាលាដំបូងរាជធានីភ្នំពេញ បានទទួលនូវពាក្យបណ្តឹងជំទាស់របស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ ទៅនឹងសេចក្តីសម្រេចសាលក្រមរបស់ចៅក្រមសាលាដំបូង កាលពីថ្ងៃទី០៣មីនា ដែលតម្រូវឲ្យមេដឹកនាំអតីតបក្សប្រឆាំង ជាប់ឃុំចំនួន២៧ឆ្នាំ ពីបទក្បត់ជាតិ។
បើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ គឺតុលាការបានត្រៀមនឹងបញ្ជូនពាក្យជំទាស់នឹងកាន់សាលាឧទ្ធរណ៍ នៅពេលដែលពិនិត្យរួចរាល់។
លោក អាង ឧត្តម មេធាវីការពារក្តីរបស់លោក កឹម សុខា បញ្ជាក់ថា លោក កឹម សុខា បានដាក់ពាក្យប្តឹងជំទាស់ទៅនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ តាំងពីថ្ងៃទី៣០មីនា ក្រោយពេលដែលអយ្យការបានអនុញ្ញាតឲ្យលោកបានជួបក្រុមមេធាវី។ លោក អាង ឧត្តម បញ្ជាក់បន្ថែមថា ការប្តឹងជំទាស់ទៅនឹងសាលក្រមនោះ គឺលោក កឹម សុខា បានដាក់ពាក្យប្តឹងជំទាស់ទាំងស្រុងទៅនឹងសេចក្តីសម្រេច ដែលឲ្យលោកជាប់ឃុំចំនួន២៧ឆ្នាំ នៅក្នុងបទល្មើសឃុបឃិតជាមួយរដ្ឋបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល។
គួរកត់សម្គាល់ថា សាលក្រមរបស់សាលាដំបូងរាជធានីភ្នពេញ បានប្រកាសតាំងពីថ្ងៃទី០៣មីនា គឺមានពេលមួយខែសម្រាប់ឲ្យលោក កឹម សុខា អាចប្តឹងជំទាស់នៅឯសាលាឧទ្ធរណ៍។ យ៉ាងណាមិញ សំណុំរឿងនេះ នៅមិនទាន់ឈានទៅដល់សាលាឧទ្ធរណ៍នៅឡើយ គិតមកដល់ថ្ងៃសុក្រទី០៧មេសានេះ។ តែយ៉ាងនេះក្តី លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានអះអាង ការប្តឹងជំទាស់នៅសាលាឧទ្ធរណ៍អាចធ្វើទៅបាន ដោយមិនមានភាពយឺតយ៉ាវឡើយ។
គួរជម្រាបថា សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រម ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ សម្រេចផ្តន្ទាទោស លោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស។ សិទ្ធបោះឆ្នោត សិទ្ធឈរឈ្មោះបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយ ត្រូវដកជាស្ថាពរ។ សាលាក្រមដដែលនេះ បានតម្រូវឲ្យ លោក កឹម សុខា នៅតែក្នុងបរិវេណផ្ទះរបស់លោក មិនត្រូវជួបបុគ្គលណាម្នាក់ ដោយផ្ទាល់ ឬប្រយោល ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញា៕
KIM SOKHA seem to be so skinny right now I understand it is too long to be patient . I will say it’s OK if you still want to be guilty as your enemy said .