ការ​តស៊ូ​អំណត់ និង​ចិត្ត​ស្រឡាញ់​ម្ដាយ​ជំរុញ​ឱ្យ​ស្ត្រី​ពិការ វិត ចន្ថា ក្លាយជា​ម្ចាស់​មេដាយមាស

ដោយ សុជីវី
2023.06.17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ការ​តស៊ូ​អំណត់ និង​ចិត្ត​ស្រឡាញ់​ម្ដាយ​ជំរុញ​ឱ្យ​ស្ត្រី​ពិការ វិត ចន្ថា ក្លាយជា​ម្ចាស់​មេដាយមាស

កីឡាការិនី វិត ចន្ថា ពេលប្រកួត​​លោត​ចម្ងាយ នៅពហុកីឡដ្ឋានជាតិ​មរតកតេជោ ក្នុង​ការ​ប្រកួត​កីឡា​អាស៊ានបារ៉ាហ្គេម កាលពី៤ មិថុនា ២០២៣។ AKP


កីឡាការិនី វិត ចន្ថា ដែល​ពិការ​ជើង​ម្ខាង​ទទួល​បាន​មេដាយមាស​៣ ក្នុង​វិញ្ញាសា​រត់ និង​លោត​ចម្ងាយ នៅក្នុង​ការប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម (ASEAN PARA GAME) លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កាល​ពី​ពេល​ថ្មីៗ​នេះ។

កីឡាការិនី វិត ចន្ថា បាន​តស៊ូ​ជម្នះ​ការ​លំបាក​ទាំងឡាយ រួម​ទាំង​ពិការភាព​ផង ទើប​អាច​បាន​ជ័យជម្នះ នៅ​ពេល​នេះ។ តើ​ស្ត្រី​ពិការ​ជើង​រូប​នេះ​បាន​តស៊ូ​យ៉ាងណា​ខ្លះ នៅ​ពីក្រោយ​ជ័យជម្នះ ដែល​មនុស្ស​គ្រប់គ្នា​បានឃើញ​នេះ?

អ្នកស្រី វិត ចន្ថា តែង​បង្ហូរ ទឹកភ្នែក នៅ​ពេល​ដែល​រម្លឹក​ពី​ការ​តស៊ូ រហូត​បាន​ជោគជ័យ ជា​ម្ចាស់​មេដាយមាស នៅ​ពេល​នេះ ដោយសារតែ​ជីវិត​របស់​កីឡាការិនី​រូប​នេះ​បាន​ឆ្លងកាត់​ការ​លំបាក​ច្រើន​រាប់​មិន​អស់។

ស្ត្រី​ពិការ​ជើង​ម្ខាង​វ័យ ៤០ ឆ្នាំ រូប​នេះ​ទន្ទេញ​ដដែលៗ​ថា ទឹកចិត្ត​ស្រឡាញ់​ម្ដាយ និង​ចង់​ជួយ​សម្រាល​បន្ទុក​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ ជាហេតុ​ផល​ចម្បង ដែល​ជំរុញ​អ្នកស្រី​ឱ្យ​ខំប្រឹង​ជម្នះ​ឧបសគ្គ​ទាំងឡាយ។

អ្នកស្រី វិត ចន្ថា៖ «អ្វី​ដែល​ឱ្យ​បង​ឆ្ពោះ​ទៅ​មុខ​គឺ​ម្ដាយ​របស់​បង​។ បង​ឃើញ​ពី​ភាព​លំបាក​របស់​គាត់​។ បង​តែង​គិតថា​តើ​បង​ធ្វើ​ម៉េច មានគំនិត​គិតថា​តើ​អ្វី​ទៅ​ធ្វើ​ឱ្យ​ខ្ញុំ​ជួយ​ម្ដាយ​ខ្ញុំ​បាន​។ តើ​អ្វី​ទៅ​ដែល​អាច​ឱ្យ​ម្ដាយ​ខ្ញុំ​មានមុខ មាន​មាត់​ក្នុង​សង្គម​។ តែ​បង​មិនដឹង​ថា ត្រូវធ្វើ​យ៉ាងម៉េច​ដែរ រីឯ​ខ្លួន​បង​ក៏​តែង​ត្រូវ​គេ​ពេបជ្រាយ​មាក់ងាយ​ថា​ពិការ ធ្វើ​អី​មិនកើត ដើរ​មិនទាន់​គេ យក​ទៅ​ណា​នាំ​តែ​ខ្មាស​គេ»។

បើទោះជា​យ៉ាងណាក្ដី​ស្រ​ម៉ៃ​ថា ចង់​សាង​កេរ្តិ៍ឈ្មោះ លើកមុខ​មាត់​ម្ដាយ​នេះ​បាន​កប់​បាត់​រាប់​សិប​ឆ្នាំ ដោយសារតែ​អ្នកស្រី ត្រូវ​រ៉ាប់រង​ជួយ​ចិញ្ចឹម​ប្អូនៗ​ទាំង​នាក់។ នៅ​ពេល​ដែល​រម្លឹក​ថា ភាព​ជោគជ័យ​របស់​ខ្លួន​បាន​មក​ដោយសារ​ទឹកចិត្ត​ស្រឡាញ់​ម្ដាយ ពិការភាព​របស់ អ្នកស្រី វិត ចន្ថា ក៏​កើតឡើង​ដោយសារតែ​ស្រឡាញ់​ម្ដាយ​ដែរ។ អ្នកស្រី​រម្លឹក​ថា កាល​នៅ​អាយុ ១២ ឆ្នាំ ម្ដាយ​អ្នកស្រី​ធ្វើ​ការងារ​នៅក្នុង​ឡឥដ្ឋ​មួយ​កន្លែង គឺ​ម៉ាស៊ីន​កិន​ដីឥដ្ឋ​នៅ​ឡឥដ្ឋ​នោះ​ហើយ ដែល​បាន​កិន​ដាច់​ជើង​ខាងស្ដាំ​របស់​អ្នកស្រី។

vithchantha1.jpg
កីឡាការិនី វិត ចន្ថា ពេលប្រកួតលោតចម្ងាយ នៅពហុកីឡដ្ឋានជាតិ​មរតកតេជោ ក្នុង​ការ​ប្រកួត​កីឡា​អាស៊ានបារ៉ាហ្គេម កាលពី៤ មិថុនា ២០២៣។ រូប៖ ហ្វេសប៊ុក ​Asian Para Games 2023

អ្នកស្រី វិត ចន្ថា៖ «គាត់​ធ្វើ​តែ​គាត់​ទេ តែ​បង​អាណិត​ម៉ែ បង​ទៅ​ជួយ​គាត់​។ គាត់​ចេះតែ​ប្រាប់​ថា កុំ​ធ្វើ ខ្លាច​រអិល​ដៃ​រអិល​ជើង​។ តែ​ដូច​ថា​គាត់​ធ្វើ​ហត់​ណាស់ គេ​មាន​ប្ដី គេ​ជួយ​ប្រពន្ធ​គេ។ គេ​មានកូន​ធំៗ គេ​ជួយ​ម៉ែ​គេ តែ​ម៉ែ​បង​មានតែ​ម្នាក់ឯង​។ បង​ចេះតែ​លួច​ទៅ​ជួយ​គាត់ គាត់​អត់​ដឹង​អី​ណា​។ ដល់​តែ​បង​ចូល​ជើង​ដាច់​អ៊ីចឹង​បង​ស្រែកហៅ​គាត់​ថា​ម៉ែ​។ បង​ហៅ​ម៉ែ​អ៊ីចឹ​ង​គាត់​ឃើញ​បង​ចូល​ម៉ាស៊ីន គាង​ក៏​សន្លប់​តូង តែ​បង​អត់​សន្លប់ បង​អត់​យំ​ទេ​។ តែ​ពេល​គេ​បង្វិល​ជើង​ចេញពី​ម៉ាស៊ីន បាន​យំ​វា​ឈឺ​ពេក ហើយ​ស្រែក​ហៅ​ម៉ែៗ ជួយ​កូន​ផង​ម៉ែ»។

ក្រោយ​ធ្លាក់​ខ្លួន​ពិការ អ្នកស្រី វិត ចន្ថា នៅតែ​តស៊ូ​ជួយ​ម្ដាយចិញ្ចឹម​ប្អូន​តទៅទៀត នៅ​ភូមិកំណើត គឺ​ភូមិ​អង្គ​តាប៉ុក ឃុំ​ជើងរាស់ ស្រុក​ឧត្ដុង្គ ខេត្ត​កំពង់ស្ពឺ។ នាង​ធ្វើ​ការងារ​គ្រប់យ៉ាង​មិន​រើស​ឱ្យ​តែ​អាច​រក​ប្រាក់​បាន រាប់​តាំងពី​ដើរ​បេះ​បន្លែ ស៊ីឈ្នួល​លាងចាន និង​ស៊ីឈ្នួល​ធ្វើ​ការងារ​ផ្ទះ​ជាដើម​ពោល​គឺ​មិន​ដែល​បោះបង់ បើ​ទោះជា​ពិការ​ជើង​ម្ខាង​ក៏ដោយ។

ក្រោយ​មក វិត ចន្ថា ធ្វើ​ការងារ​តាម​ផ្ទះ​គេ​ជាប់លាប់​នៅ​ភ្នំពេញ​។ ការងារ​នេះ​អាច​ឱ្យ​ចន្ថា​មាន​ប្រាក់​ជួយ​ម្ដាយ ដែល​លក់​នំ​បញ្ចុក​បាន​ព្រឹក​ខ្វះ​ល្ងាច​នៅ​ស្រុកកំណើត​។ ប៉ុន្តែ​គឺ​រហូតដល់​ប្អូនប្រុស​ទាំង​៤ មានការ​ងារ​ធ្វើ​ទើប អ្នកស្រី វិត ចន្ថា ចាប់ផ្ដើម​គិត​ពី​អនាគត គឺ​គិត​ឆ្ងាយ​ពី​ជីវភាព​គ្រួសារ ដែល​ធ្លាប់តែ​អត់ឃ្លាន​តាំងពី​កុមារ។

អ្នកស្រី វិត ចន្ថា៖ «អ៊ីចឹង​អត់​គិត​ស្រម៉ៃ​អី​ទេ ស្រម៉ៃ​តែ​ថា បើ​មាន​បាយ​ហូប​សុទ្ធ​ម្ដង​មិនដឹង​ឆ្ងាញ់​យ៉ាងម៉េច បើ​មានតែ​បាយ​លាយ​លាយ​ដំឡូង​រាល់​តែ​ថ្ងៃ។ តែ​នៅ​ពេល​ដែល​ប្អូន​គាត់​ធំ គាត់​មាន​ការងារ គាត់​ធ្វើ​សំណង់​ខ្លះ​អី​ខ្លះ​ក្នុង​ចិត្ត​ក៏​គិត​ថា ទៅណា​ក៏​នៅតែ​គេ​ថាឱ្យ​ខ្លួនឯង​ពិការ​ទៅណា​ដើរ​ជាមួយ​ពិបាក​អីចេះ អីចុះ​។ គិត​ខ្លួនឯង​ថា ធ្វើ​ម៉េច​ឱ្យ​គេ​ដឹង​ថា ខ្ញុំ​មិនមែន​ជា​បន្ទុក​ក្នុង​គ្រួសារ ឬ​មិនមែន​ជា​មនុស្ស ដែល​អត់​ប្រយោជន៍​ទេ​។ គង់​ថ្ងៃ​ណាមួយ ខ្ញុំ​នឹង​ធ្វើ​ឱ្យ​គាត់​ដឹង​ពី​សមត្ថភាព​ខ្ញុំ»។

កីឡាជនពិការ​បាន​ធ្វើ​ឱ្យ​ក្ដី​ស្រម៉ៃ​របស់ អ្នកស្រី វិត ចន្ថា ក្លាយជា​ការពិត គឺ​ស្វែងរក​កេរ្តិ៍ឈ្មោះ កិត្តិយស​ជូន​ម្ដាយ។

អ្នកស្រី រម្លឹក​ទៀត​ថា ពេល​ចូល​ហាត់​កីឡា កាលពី​ឆ្នាំ​២០១៥ អ្នកស្រី​បាន​លាឈប់​ពី​ការងារ​ជា​កម្មករ​រោងចក្រ​កាត់ដេរ និង​ងាក​ទៅ​រៀន​កាត់ដេរ​សំលៀកបំពាក់ និង​លាងចាន​នៅ​កន្លែង​លក់​បាយ ដើម្បី​មាន​ពេល​ហ្វឹកហាត់។

រាប់​ចាប់តាំងពី​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ធំៗ រហូត​មក​ដល់​ពេលនេះ អ្នកស្រី វិត ចន្ថា ឈ្នះ​ការ​ប្រកួត​ជាច្រើន និង​បាន​មេដាយមាស​ចំនួន​៥ ហើយ​។ ក្នុង​នោះ​មេដាយមាស​៣​ទទួល​បាន​ក្នុង​ការ​ប្រកួត​នៅពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី១២ កាលពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៩ ខែមិថុនា​។ វិញ្ញាសា​ចំនួន​៣ ដែល​អ្នកស្រី វិត ចន្ថា បាន​ជ័យជម្នះ​នោះ​រួមមាន​៖ លោត​ចម្ងាយ T64 រត់​ចម្ងាយ ៤០០ ម៉ែត្រ និង​រត់​ចម្ងាយ ២០០ ម៉ែត្រ​។ កាលពី​ឆ្នាំ​២០១២២ អ្នកស្រី​ទទួល​បាន​មេដាយមាស ២ លើ​វិញ្ញាសា​រត់ និង​លោត​ចម្ងាយ​នៅក្នុង​ការប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី១១ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

គ្រូបង្វឹក​ម្នាក់​របស់ អ្នកស្រី វិត ចន្ថា លោក ផៃ សុខ ឱ្យដឹង​ថា អ្នកស្រី វិត ចន្ថា មិនដែល​ធ្វើ​ឱ្យ​គ្រូបង្វឹក​ខកចិត្ត​ទេ​រាប់​តាំង​ពី​ភាព​ក្លាហាន តស៊ូ អំណត់ ការ​ប្ដេជ្ញាចិត្ត ការប្រកួត និង​ការ​ប្រឹងប្រែង​ហ្វឹកហាត់។


អ្នកស្រី វិត ចន្ថា៖ «ជីវិត​គាត់​គឺ​ចេះ​តស៊ូ​ណាស់ គ្រូ​ដាក់​ដំបូន្មាន​ប៉ុណ្ណា ហើយ​ទី​២ រក្សា​នូវ​ការ​ហ្វឹកហាត់ គឺ​ការ​ហ្វឹកហាត់​របស់​គាត់​គឺ​តស៊ូ​មែន​គ្រូ​ដាក់​កម្មវិធី​យ៉ាងម៉េច​ក៏​អាច​ធ្វើ​បាន​គ្រប់ៗ​ទាំងអស់​។ ដូច្នេះ​គ្រូ​បាន​ប្រាប់​គាត់​ថា អនាគត​ភ្លឺស្វាង​ហើយ»។

ម្ចាស់​មេដាយមាស វិត ចន្ថា ផ្ដាំផ្ញើ​ទៅ​យុវតី​ជំនាន់​ក្រោយ​ថា ដើម្បី​បាន​ជោគជ័យ ចាំបាច់​ត្រូវ​កំណត់​គោលដៅ​ឱ្យ​ជាក់លាក់ ប្រឹងប្រែង​តស៊ូ ដើម្បី​ខ្លួនឯង និង​មនុស្ស​ជាទី​ស្រឡាញ់ កុំ​អស់​សង្ឃឹម និង​មិន​ត្រូវ​បោះបង់​ខ្លួនឯង។

អ្នកស្រី វិត ចន្ថា៖ «មានចិត្ត​តស៊ូ ក្លាហាន​ឡើង ទោះជា​យើង​មិន​មាន​មិន​បាន ក៏​យើង​បាន​បញ្ចេញ​ពី​ឆន្ទៈ ដែល​យើង​ខំ​ប្រឹងប្រែង តស៊ូ ជា​គំរូ​ដល់​ប្អូន ជា​គំរូ​ដល់​បងប្អូន ដែល​មាន​ពិការភាព​ដទៃ​ទៀត​។ ខ្ញុំ​ចង់ឱ្យ​ពួកគាត់​រឹងមាំ​ដូច​ខ្ញុំ​។ ខ្ញុំ​អត់​ចង់ឱ្យ​គាត់​ទន់ជ្រាយ​ទេ​។ ការ​ទន់ជ្រាយ​មិនអាច​ជួយ​អី​បានទេ គឺ​មានតែ​ធ្វើ​ឱ្យ​យើង​តូច​ចិត្តនឹង​ខ្លួនឯង ថា ពិការ​​អញ្ចេះ​អញ្ចុះ​ទៅវិញ​ទេ អា​ទន់ជ្រាយ​ហ្នឹង​។ សម្រាប់​ខ្ញុំ ខ្ញុំ​អត់​យក​ពិការភាព​ដាក់​មុខ​ទេ គឺ​ខ្ញុំ​គិតតែ​ខំប្រឹង»។

ពេលនេះ​អ្នកស្រី វិត ចន្ថា បាន​រៀបការ​ជាមួយ​កីឡាករ​ជា​ជន​ពិការ​មួយ​រូប​ដែរ និង​មានកូន​ម្នាក់​ជា​ចំណងដៃ​។ ជា​ម្ដាយ​ម្នាក់ ដែល​បាន​ឆ្លង​កាត់​ជីវិត​តស៊ូ ការ​លំបាក​ជាច្រើន​នេះ អ្នកស្រី វិត ចន្ថា មាន​បំណង​ប្រាថ្នា​មួយ​ថែមទៀត គឺ​ចង់ឱ្យ​កូន​មាន​ចំណេះដឹង និង​មាន​ការងារ​ធ្វើ​អាច​ចិញ្ចឹម​ខ្លួន​បាន ដោយ​មិន​ពិបាក​វេទនា​ដូច​ជីវិត​របស់​អ្នកស្រី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles