កញ្ញា សេង ធារី ដែល​កំពុង​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ មាន​សុខភាព​ចុះ​ខ្សោយ​ខ្លាំង

ដោយ សុជីវី
2023.07.25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កញ្ញា សេង ធារី ដែល​កំពុង​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ មាន​សុខភាព​ចុះ​ខ្សោយ​ខ្លាំង

(រូបឯកសារ) ឆ្វេង៖ កញ្ញា សេង ធារី នៅក្នុងពន្ធនាគារ​ខេត្តព្រះវិហារ កាល​ពី​ថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០២២ និង​ស្ដាំ៖ កញ្ញា សេង ធារី តែង​ខ្លួន​ជា​ធីតា​សេរីភាព ក្នុង​ពេល​តវ៉ា​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៤ ខែមិថុនា ឆ្នាំ២០២២ ប្រឆាំង​នឹង​ការ​ផ្ដន្ទាទោស​កញ្ញា។ រូបពីពលរដ្ឋ


មន្ត្រី​សិទ្ធិ​មនុស្ស និង​សាច់ញាតិ​ព្រួយ​បារម្ភ​ចំពោះ​កញ្ញា សេង ធារី ដែល​មាន​សុខភាព​ចុះ​ខ្សោយ​ខ្លាំង​ក្នុង​ពេល​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ជា​ច្រើន​ថ្ងៃ​នៅ​ក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ។ ទោះ​យ៉ាង​ណា មន្ត្រី​ជាន់​ខ្ពស់​ពន្ធនាគារ​អះអាង​ថា​កញ្ញា សេង ធារី មិន​មាន​បញ្ហា​សុខភាព​គួរ​ឱ្យ​បារម្ភ​នោះ​ទេ។

សកម្មជន​សិទ្ធិ​មនុស្ស កញ្ញា សេង ធារី បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​អស់​រយៈ​ពេល ៩ថ្ងៃ​ហើយ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ។ មន្ត្រី​សិទ្ធិ​មនុស្ស និង​សាច់ញាតិ​ថា​ការ​តស៊ូ​មតិ​ដោយ​អត់​អាហារ​បាន​ធ្វើ​ឱ្យ​កញ្ញា​ជួប​ការ​លំបាក​ជាច្រើន​ក្នុង​ពន្ធនាគារ ដែល​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ដោយសារ​រាងកាយ​ចុះ​ខ្សោយ។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា ឱ្យ​ដឹង​ថា មេធាវី​របស់​សមាគម​បាន​ចូល​ជួប​សួរ​សុខទុក្ខ និង​ពិនិត្យ​មើល​ស្ថានភាព របស់​កញ្ញា សេង ធារី នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា។ លោក​បន្ត​ថា​កញ្ញា សេង ធារី បាន​កោ​សក់​សា​ជា​ថ្មី ប៉ុន្តែ​បញ្ហា​ដែល​គួរ​ឱ្យ​បារម្ភ​នោះ​គឺ​កញ្ញា​មាន​សុខភាព​ខ្សោយ​ខ្លាំង ចំណែក​រូបរាង​កាយ​ស្គម និយាយ​ស្ដី​ខ្សាវៗ និង​អារម្មណ៍​មិន​សូវ​នឹងន​ដោយសារ​កញ្ញា​មិន​បាន​ហូប​អាហារ​ក្នុង​អំឡុង​ពេល​ធ្វើ​កូដកម្ម​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​នេះ។ លោក​បញ្ជាក់​ថា​កញ្ញា​នៅតែ​រក្សា​ជំហរ​ស្មារតី​រឹងមាំ​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​ដដែល ពីព្រោះ​សកម្មភាព​របស់​នាង​កន្លងមក​ជា​ការប្រើប្រាស់​សិទ្ធិ​សម្ដែង​មតិ​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដើម្បី​ឱ្យ​សង្គម​មាន​សេរីភាព និង​យុត្តិធម៌​ពិត​ប្រាកដ។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បារម្ភ​ពី​សុខ​ទុក្ខ​កញ្ញា សេង ធារី ដែល​ជាប់​ឃុំ​ដោយ​អយុត្តិធម៌ និង​ចង់ឲ្យ​រដ្ឋាភិបាល​ប្រគល់​សេរីភាព​ជូន​នាង​វិញ ពីព្រោះ​ការ​បន្ត​ឃុំខ្លួន​កញ្ញា​ដូច្នេះ​មិន​ផ្ដល់​ផល​ចំណេញ​ដល់​រដ្ឋាភិបាល​នោះ​ឡើយ។

លោក នី សុខា៖ «សកម្មភាព​របស់​កញ្ញា សេង ធារី គឺ​ខ្ញុំ​មើល​ឃើញ​ថា មាន​ការ​លះបង់​កម្រិត​មួយ​ខ្ពស់​ណាស់ គាត់​លះបង់​ដោយ​កោរសក់ គាត់​លះបង់​ដោយ​បង្អត់​អាហារ​នេះ​ជា​ការ​លះបង់​ធំ​ធេង ហើយ​ខ្ញុំ​គិត​ថា ការ​លះបង់​ទាំង​នោះ​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា រដ្ឋាភិបាល​មិន​បាន​អនុវត្ត​តាម​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​យើង អីចឹង​វា​ធ្វើ​ឱ្យ​មាន​ការរិះគន់​ពី​មតិ​ជាតិ​និង​អន្តរជាតិ»

កញ្ញា សេង ធារី ធ្វើ​កូដកម្ម​បង្អត់​អាហារ​រយៈពេល ១០ថ្ងៃ គឺ​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី១៧ ខែកក្កដា និង​បញ្ចប់​នៅ​ថ្ងៃ​ទី២៦ ខែកក្កដា ដើម្បី​ជា​សារ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ សិទ្ធិ​នយោបាយ ហើយ​ដោះ​លែង​កញ្ញា និង​អ្នកទោស​នយោបាយ​ផ្សេង​ទៀត។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា អះអាង​ថា​មកដល់​ពេលនេះ​ការ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​របស់ កញ្ញា សេង ធារី មិន​មាន​បញ្ហា​សុខភាព​នោះ​ទេ។ លោក​ឱ្យ​ដឹង​ថា គ្រូពេទ្យ​បាន​ពិនិត្យ​សុខភាព​កញ្ញា​ចំនួន ២ដង​ក្នុង​មួយ​ថ្ងៃ និង​ត្រៀម​ថ្នាំ​ពេទ្យ​សម្ភារៈ​ជួយ​សង្គ្រោះ​ជា​ដើម ខណៈ​មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ទើប​ចូល​សួរ​សុខទុក្ខ​កញ្ញា​នៅ​ថ្ងៃ​ទី២៤ ខែកក្កដា។  

លោក នុត សវនា៖ «របប​អាហារ​អី​យើង​ដាក់​ជូន​គាត់​រាល់​ថ្ងៃ តែ​គ្រាន់​ថា​គាត់​ហូប ឬ​មិន​ហូប​ជា​រឿង​របស់​គាត់ ប៉ុន្តែ​ស្ថានភាព​សុខភាព​គាត់​ទូទៅ​ដូចជា​អត់​មាន​បញ្ហា​អ្វី​នោះ​ទេ ហើយ​គាត់​ទើប​ជួប​មន្ត្រី​ស្ថានទូត​កាល​ពី​ម្សិល​មិញ​ទេ»

ទោះយ៉ាងណាក្ដី បង​ប្រុស​កញ្ញា សេង ធារី គឺ​លោក សេង ម៉ារឌី ថ្លែង​ថា លោក​សោកស្ដាយ​ចំពោះ​អាជ្ញាធរ​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី២២ ខែកក្កដា​មិន​អនុញ្ញាត​ឱ្យ​លោក​ចូល​សួរ​សុខទុក្ខ​ប្អូនស្រី​ដែល​កំពុង​ធ្វើ​កូដកម្ម​បង្អត់​អាហារ ដោយ​សារ​ មន្ត្រី​ពន្ធនាគារ​ថា​មិន​ធ្វើការ​នៅ​ថ្ងៃសៅរ៍​ទេ។ លោក​ព្រួយ​បារម្ភ​ថា​ការ​បង្អត់​អាហារ​ជា​ច្រើន​ថ្ងៃ​មក​នេះ​នៅ​ក្នុង​ពន្ធនាគារ​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​កញ្ញា សេង ធារី ធ្ងន់ធ្ងរ។ លោក​ឱ្យ​ដឹង​ថា​លោក​នឹង​ចុះ​ទៅ​សួរ​សុខទុក្ខ​ប្អូនស្រី​នៅ​ថ្ងៃ​ទី២៦ ខែកក្កដា ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ធ្វើ​កូដកម្ម​បង្អត់​អាហារ។

លោក សេង ម៉ារឌី៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​មែនទែន ទាក់ទង​ពី​បញ្ហា​សុខភាព​របស់​គាត់ ដោយ​គាត់​មិន​សូវ​មាន​សាច់​ដល់​អត់​អាហារ ១០ថ្ងៃ​នេះ ជា​ការ​ព្រួយ​បារម្ភ​អំពី​សុខភាព​គាត់ ប៉ុន្តែ​ជំហរ​របស់​គាត់​រឹង​មាំ​ដដែល»

មេធាវី និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​កញ្ញា សេង ធារី ធ្លាប់​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ម្ដង​រួច​ហើយ​កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២២។ កញ្ញា​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៦ឆ្នាំ ពី​បទ​ចោទ​រួម​គំនិត​ក្បត់ ក្នុង​សំណុំ​រឿង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ២០១៩ និង​បាន​បញ្ជូន​កញ្ញា​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ដាច់​ស្រយាល​ក្នុង​ខេត្ត​ព្រះវិហារ​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "កញ្ញា សេង ធារី ដែល​កំពុង​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ មាន​សុខភាព​ចុះ​ខ្សោយ​ខ្លាំង"

  1. Anonymous says:

    a special force can be use if it come to a dangerous situation . HUN NAL should be a wear that how many time the US give him a hurst MASSAGE already .